សៀមរាបៈ ក្នុង​រយៈពេល​ប្រមាណ​ ១៧ ​ឆ្នាំ​ ចាប់តាំងពី​ឆ្នាំ​ ២០០៤ រហូតដល់​ឆ្នាំ​ ២០២១ ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាំ​ដើមឈើ​ក្នុង​បរិវេណ​តំបន់​រមណីយដ្ឋាន​អង្គរ​បាន​ជាង​ ២ ​លាន​ដើម ក្នុង​គោលបំណង​លើកកម្ពស់​បរិស្ថាន សោភណភាព និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​មកលេង​កម្សាន្ត​នៅក្នុង​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ​។

លោក​ ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៩ កញ្ញាថា ​ក្នុងចំណោម​ដើមឈើ​ចម្រុះ​ទាំង​ជាង​ ២ ​លាន​ដើម​ដែល​ត្រូវបាន​ដាំ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ប្រភេទ​កូនឈើ​ប្រណីត ដូចជា ដើមឈើ​គ្រញូង បេង ធ្នង់ ច្រេស នាងនួន និង​កូនឈើ​ប្រភេទ​លេខ​ ១​។ រីឯ​ការដាំ​ដើមឈើ​លក្ខណៈ​ប្រពៃណី រួមមាន​ប្រភេទ​ដើម​រាំង ដើម​ស្តៅ ដើមអម្ពិល និង​ដើមត្នោត​។

ទោះបីជា​យ៉ាងណា លោក​ថា ក្នុង​ចំណោម​ដើមឈើ​ដែល​បាន​ដាំ​ទាំង​ជាង​ ២ ​លាន​ដើម​នេះ​ក៏មាន​ការ​ងាប់​ខ្លះ​ដែរ​។ ប៉ុន្តែ​ភាគរយ​នៃ​ការ​ងាប់​ទៅវិញ មាន​ចំនួន​តិច​បំផុត ដោយសារ​នៅ​តំបន់​អង្គរ​មាន​ប្រភពទឹក​គ្រប់គ្រាន់​ និង​ការដាំ​ទៅតាម​កាលវេលា​ដោយ​ចាប់ផ្តើម​ដាំ​ក្នុង​រដូវវស្សា​នីមួយៗ ជា​រដូវ​មាន​ភ្លៀង​គ្រប់គ្រាន់ និង​យកចិត្តទុកដាក់​ស្រោច​ទឹកជា​ប្រចាំ​នៅ​ទីតាំង​ណា​ដែល​គ្មាន​ប្រភពទឹក​។

លោក​ប្រាប់ថា ចំពោះ​ការដាំ​ដើមឈើ​ប្រមាណ​ជាង​ ២ ​លាន​ដើម​នេះ ជាពិសេស​ប្រភេទ​ឈើ​ប្រណីត និង​ឈើ​លេខ​ ១ ក្នុង​គោលបំណង​ដើម្បី​បន្តវេន ឬ​ជំនួស​ឱ្យ​ដើមឈើ​ដែល​ងាប់ និង​ត្រូវ​ដកហូត បន្ទាប់ពី​មាន​ហានិភ័យ​ខ្ពស់ ដូចជា​ប្រហោង​ក្នុង ដើម្បី​ការពារ​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ​ជាតិ​/​អន្តរជាតិ​ដែល​មកលេង​កម្សាន្ត ក៏ដូចជា​បញ្ចៀស​ការប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ និង​ឯកជន​។

លោក​ថ្លែងថា​៖ «​យើង​ដាំ​ដើមឈើ​នេះ ដើម្បី​និរន្តរភាព​ព្រៃឈើ​នៅក្នុង​រមណីយដ្ឋាន​អង្គរ ហើយ​ដើមឈើ​ដែល​ត្រូវ​ដកចេញ​ ១ ​ដើម ឬ​ ២ ​ដើម វា​ជាការ​ចាំបាច់ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស និង​សង្គ្រោះ​ដល់​ទ្រព្យសម្បត្តិ​សាធារណៈ និង​ឯកជន​។ ម្យ៉ាងទៀត​ដើម្បី​រៀបចំ​នូវ​ទីកន្លែង​នេះ​ឱ្យ​មាន​ភាពទាក់ទាញ ព្រោះ​បើសិន​ជា​មាន​ករណី​ណា​កើតឡើង​ណាមួយ គេ​នឹង​បន្ទោស​ដល់​អាជ្ញាធរ​ជាតិ​អប្សរា មិនចេះ​មើល និង​បាត់បង់​ជំនឿ​ចិត្ត​នៃ​ការរៀបចំ​របស់​យើង​»​។

បើតាម​លោក​ ឡុង កុសល រមណីយដ្ឋាន​តំបន់​អង្គរ​ដែល​ត្រូវ​បានទទួល​ស្គាល់ ជា​បេតិកភណ្ឌ​ពិភពលោក​ដោយ​អង្គការ​យូណេស្កូ តាមរយៈ​ស្ថាប័ន​ជំនាញ​របស់គេ​គឺ​ត្រូវ​បានកំណត់​ជា​តំបន់​ដែលមាន​តម្លៃ​លេចធ្លោ​ជាសកល​សម្រាប់​មនុស្សជាតិ​ទាំងមូល​ (Outstanding Universal Value) រួមមាន បរិស្ថាន​ព្រៃឈើ​ធម្មជាតិ ប្រាង្គប្រាសាទ និង​សហគមន៍​មនុស្ស​។

លោក​បន្តថា ក្រៅពី​ការថែរក្សា​ដើមឈើ និង​ការដាំ​ដើមឈើ​ថ្មីៗ​បន្ថែម ដើម្បី​ចូលរួម​លើកកម្ពស់​គុណតម្លៃ នៃ​ភាពលេចធ្លោ​ជា​សកល​របស់​មនុស្សជាតិ​។ ម្យ៉ាងទៀត ព្រៃឈើ​ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​ការទាក់ទាញ​ទឹកភ្លៀង​ឱ្យ​ធ្លាក់ចុះ និង​ជ្រាប​ចូលទៅ​ក្រោម​ដី​ដែល​អាច​ចូលរួម​ទ្រទ្រង់​គ្រឹះ​របស់​ប្រាង្គប្រាសាទ​ឱ្យមាន​ភាពរឹងមាំ និង​ផ្តល់​ក្តីសប្បាយ​រីករាយ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ផ្សារភ្ជាប់​ជាមួយនឹង​សម្បត្តិ​វប្បធម៌​បេតិកភណ្ឌ​ពិភពលោក​។

លោក​ យិត ចាន់ដារដ្ឋ អគ្គនាយករង​ទទួលបន្ទុក​ការងារ​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ថ្ងៃទី​ ១៧ កញ្ញា ឱ្យដឹងថា អាជ្ញាធរ​ជាតិ​អប្សរា​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ការងារ​បរិស្ថាន ក៏ដូចជា​ការថែរក្សា​ដើមឈើ​នោះ គឺ​ការបង្កើត​ឱ្យ​មាន​ស្ថានីយ​បណ្ដុះ​កូនឈើ​រហូតដល់​ ១០ ​ទីតាំង​។ ជា​រៀងរាល់​ឆ្នាំ​ស្ថានីយ​ទាំងនោះ​បណ្តុះ​កូនឈើ​បាន​ប្រមាណ​ជាង​ ២០០ ០០០ ​ដើម​។ ចាប់តាំងពី​ឆ្នាំ​ ២០០៤ រហូតដល់​បច្ចុប្បន្ន អាជ្ញាធរ​ជាតិ​អប្សរា ក្រៅពី​ខិតខំ​ថែរក្សា និង​ព្យាបាល​ដើមឈើ​ដែលមាន​ស្រាប់ គឺ​បាន​ដាំ​ដើមឈើ​បន្ថែម​សរុប​ជាង​ ២ ​លាន​ដើម​មកហើយ​ក្នុង​តំបន់​អង្គរ​។

មួយវិញទៀត ក្នុង​ ១ ​ឆ្នាំៗ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាំ​កូនឈើ​លើ​ផ្ទៃដី​ទំនេរ​ក្នុង​រមណីយដ្ឋាន​អង្គរ​បាន​ប្រមាណ ជាង​ ២០ ០០០ ដើម​ និង​ជាង​ ១០០ ០០០ ដើម​ទៀត​បាន​ចែកចាយ​ដល់​សាធារណជន​គ្រប់ទិសទី ដែល​បានដាក់​ពាក្យស្នើសុំ​យក​ទៅ​ដាំ​ដោយ​ឥត​បង់ថ្លៃ​។ គោលបំណង សំខាន់​លើ​កិច្ចការងារ​នេះ គឺ​ដើម្បីឱ្យ​អង្គរ​មាន​ភាពបៃតង និង​បំផុសស្មារតី​ប្រជាពលរដ្ឋ​ឱ្យ​ស្រឡាញ់ និង​ការពារ​បរិស្ថាន​។ នេះ​បើតាម​លោក​ ចាន់ដារដ្ឋ​។

លោក​ថ្លែងថា​៖ «​ក្នុង​បេសកកម្ម​ថែរក្សា​ព្រៃឈើ​វិញ អាជ្ញាធរ​ជាតិ​អប្សរា​មាន​ក្រុម​ជំនាញ​សម្រាប់​ព្យាបាល​ដើមឈើ​ដែលមាន​ជំងឺ ឬ​ពុកផុយ​ជាដើម​។ ដើមឈើ​ខ្លះ​យើង​មើល​ពី​ខាងក្រៅ​ឃើញថា​នៅ​ល្អ​ស្អាត​ និង​ពុំមាន​ការខូចខាត​នោះទេ តែ​តាមពិត​ខាងក្នុង​ប្រហោង ពុកផុយ​ទៅហើយ​។ គោលដៅ​សម្រាប់​ការងារ​នេះ គឺ​ព្យាយាម​ទុក​ដើមឈើ​នោះ​ឱ្យអស់​លទ្ធភាព​មុននឹង​សម្រេច​ឈានដល់​ការកាត់​ដកហូត​ចេញ​ចៀសវាង​បង្ក​គ្រោះថ្នាក់​ដួលរលំ​សង្កត់​ប្រាសាទ​ ឬ​មនុស្ស ជាពិសេស​អ្នក​ដែល​មក​ទស្សនា​ប្រាសាទ​»​។

បើតាម​លោក​ យិត ចាន់ដារដ្ឋ ក្នុង​ ១ ​ឆ្នាំៗ​មាន​ដើមឈើ​ហានិភ័យ​មួយចំនួន ត្រូវបាន​កាត់​ក្រី និង​កាត់​ដកហូត​ចេញ​ដោយ​អ្នកជំនាញ និង​ជូនដំណឹង​ជូន​សាធារណជន​ជ្រាប​ជាមុន​ផងដែរ​។ ទោះជា​យ៉ាងណា ទាក់ទង​នឹង​ករណី​នេះដែរ​លោក​ច្រានចោល​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​ថា អាជ្ញាធរ​ជាតិអប្សរា មានបំណង​ធ្វើ​ជំនួញ​ដើមឈើ​ក្នុង​រមណីយដ្ឋាន​អង្គរ ដោយ​ធ្វើឱ្យ​ដើមឈើ​ងាប់ បន្ទាប់មក​កាត់​យក​លក់​។

លោក​ចាត់ទុក​ការផ្សព្វផ្សាយ​នេះ​ថា ប្រាសច្រាក​ពី​ការពិត​ជាក់ស្ដែង និង​ពុំបាន​យល់ដឹង​ពី​បច្ចេកទេស​នៃ​ការថែទាំ​ដើមឈើ ព្រោះ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់​លើ​កិច្ចការ​នេះ​៕