កំពង់ចាមៈ ប្រហិត​ក្ដាម និង​​សាច់មាន់​នាំចូល​ពី​ថៃ​អត់​ច្បាប់​ជាង​ ១៨ ​តោន ត្រូវបាន​សមត្ថកិច្ច​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ចាម បង្ក្រាប​ចាប់បាន​នៅ​ភូមិ​បាធាយ ឃុំ-ស្រុក​បាធាយ កាលពី​ថ្ងៃទី​ ១៨ ខែកញ្ញា ឆ្នាំ​ ២០២១​។

លោក ហ៊ុន សារ៉ាត់ អនុប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ​​ និង​ផលិតកម្ម​សត្វ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រហិត​សាច់ក្ដាម និង​សាច់មាន់​ទាំងនេះ​​ត្រូវបាន​គេ​នាំមក​ពី​ថៃ​តាម​ច្រក​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ​ដោយ​គ្មាន​លិខិត​នាំ​ចេញពី​ [​ថៃ​] និង​ប្រទេស​នាំចូល​ [​កម្ពុជា​] ​ទេ ក្នុង​​នោះ​ប្រហិត​សាច់​ក្ដាម​មាន​ ៧ ៥០៤ ​គីឡូ និង​ប្រហិត​សាច់មាន់​ ១០ ៩៥០ ​គីឡូ​។ ក្រោយ​ការបង្ក្រាប ប្រហិត​ទាំងនោះ​ត្រូវបាន​យកទៅ​ទុក​នៅ​ទីតាំង​ចត្តាឡីស័ក​សត្វ​របស់​ឣគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដើម្បី​ចាត់​វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក​ថា​៖ «​ពេលនេះ​ក្រុមមន្ត្រី​ជំនាញ​កំពុង​ពិសោធ​លើ​ផលិតផល​ប្រហិត​សាច់​ក្ដាម និង​សាច់មាន់​ទាំងនោះ​ ដើម្បី​ប្រាកដថា​គ្មាន​មេរោគ និង​សារធាតុ​គីមី ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​»​។

លោក​បន្ថែមថា​៖ «​តាម​មាត្រា​ ១១៥ ​នៃ​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ម្ចាស់​ទំនិញ​អាច​នឹងត្រូវ​ប្រឈម​ការផ្ដន្ទាទោស​ពី​ ២ ​ឆ្នាំ​ទៅ​ ៥ ​ឆ្នាំ និង​ផាកពិន័យ​ពី​ ១០ ​លាន​រៀល​ទៅ​ ៥០ ​លាន​រៀល​ក្នុងករណី​រកឃើញ​ថា​ទំនិញ​ទាំងនោះ មាន​សារ​ធាតុគីមី​ ឬ​ជំងឺឆ្លង​» ។

បើតាម​លោក ហ៊ុន សារ៉ាត់ មកទល់​ពេលនេះ ក្រុមមន្ត្រី​ជំនាញ​នៅ​មិនទាន់​រកឃើញ​ពីសារ​ធាតុគីមី ឬ​អតិសុខុមប្រាណ​​ណាមួយ​ដែល​អាច​បង្ក​ជា​ជំងឺ​ឆ្លង​ ឬ​ផលប៉ះពាល់​ជា​វិជ្ជមាន​ដល់​​សុខុមាលភាព​អ្នក​បរិភោគ និង​សត្វ​នៅក្នុង​ប្រភេទ​ទំនិញ​ទាំងនោះ​ [​ប្រហិត​សាច់​ក្ដាម និង​សាច់មាន់​] ​នៅឡើយ​ទេ​។

ជុំវិញ​ករណីនេះ ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែងរក​ការបំភ្លឺ​ពី​ម្ចាស់​ទំនិញ​ខាងលើនេះ​បាន​ទេពី​ថ្ងៃទី​ ១៩ កញ្ញា ខណៈ​លោក​ នង ម៉េងហ៊ាង ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ចាម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​វត្ថុតាង​ទាំងអស់​ត្រូវបាន​នាំ​​យកទៅ​រក្សាទុក​នៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​បញ្ជាក់ថា​៖ «​ក្រុម​ការងារ​ថ្នាក់​ខេត្ត​យើង គ្រាន់តែ​ជា​អ្នកចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​ប៉ុណ្ណោះ ដូច្នេះ​វត្ថុតាង​ជា​មធ្យោបាយ និង​ទំនិញ​ទាំងអស់​​ត្រូវបាន​បញ្ជូនទៅ​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដែលជា​ម្ចាស់​សាមី​ដើម្បី​ចាត់​វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​»​។

បើតាម​លោក ម៉េងហ៊ាង ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ប្រហិត​សាច់ក្ដាម និង​សាច់មាន់​ទាំងនោះ ក្រុម​ការងារ​របស់​លោក​បាន​ចំណាយពេល​ពេញ​ជិត​ពេញ​ ១ ​យប់ ទើប​អាច​ស្ទាក់​ចាប់បាន​៕