ភ្នំពេញៈ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (​ក.ប.ប) បាន​រឹបអូស​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនួន​ជាង ៧០០ ​គីឡូក្រាម នៅក្នុង​ផ្សារ​នានា​នៅតាម​ខេត្ត​ចំនួន​ ៩ នឹងធ្វើ​ការកម្ទេច​ចោល​នូវ​ទំនិញ​ទាំងនោះ​។

យោងតាម​សេចក្ដីរាយការណ៍​នៅលើ​ហ្វេសប៊ុក​របស់ ក.ប.ប កាលពី​ថ្ងៃទី​ ១៧ ខែកញ្ញា​ បាន​ឱ្យដឹងថា ផ្សារ​ទាំងនោះ​នៅក្នុង​ខេត្ត​កំពង់ចាម ព្រះសីហនុ កំពង់ឆ្នាំង បន្ទាយមានជ័យ និង​ត្បូងឃ្មុំ ដោយបាន​រកឃើញ​ទំនិញ​ចំនួន ៥៥៤ គីឡូក្រាម ដែល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​។ ចំណែក​នៅក្នុង​ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និង​ខេត្តមណ្ឌលគិរី បាន​រកឃើញ និង​ដកហូត​ទំនិញ​ចំនួន ២១០ ​គីឡូក្រាម​។

ហ្វេសប៊ុក​ដដែល​នេះ​បានឱ្យដឹងថា​៖ «​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខិតជិត​ចូលមក​ដល់ មន្ត្រី ក.ប.ប បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅតាម​បណ្ដា​ទីផ្សារ​នៅ​ទូទាំងប្រទេស​ក្នុង​គោលបំណង​ការពារ​ផលប្រយោជន៍​សុខភាព និង​សុវត្ថិភាព​របស់​អ្នកប្រើប្រាស់​»​។

អគ្គនាយកដ្ឋាន ក.ប.ប របស់​ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់ថា​៖ «​ទំនិញ​ខាងលើ គឺ​ត្រូវបាន​មន្ត្រី​ជំនាញ​ធ្វើ​ការដក​យកមក​រក្សា​ទុក និង​ទំនិញ​មួយចំនួន​ត្រូវបាន​ម្ចាស់​ទំនិញ​ស្ម័គ្រចិត្ត​ប្រគល់ជូន​មន្ត្រី​ជំនាញ ដើម្បី​ធ្វើការ​កម្ទេចចោល​»​។

មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​បញ្ជាក់ថា ក្នុងចំណោម​ទំនិញ​ដែល​ត្រូវបាន​ដកហូត​ភាគច្រើន​គឺ​គ្រឿងឧបភោគ​បរិភោគ ដែលមាន​ហានិភ័យ​ខ្ពស់​ដល់​អ្នកប្រើប្រាស់​ក្នុង​នោះ​ក៏មាន​អាល់កុល​ក្លែងក្លាយ (​មេតាណុល​) ​ចំនួន​ ១០៩ ​លីត្រ​៕