
គ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដដល់កុមារអាយុពី ៦ ឆ្នាំដល់ក្រោម ១២ ឆ្នាំ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១។ ហេង ជីវ័ន
ភ្នំពេញៈ ក្នុងរយៈពេល ២ ថ្ងៃ កុមារអាយុពី ៦ ឆ្នាំដល់ក្រោម ១២ ឆ្នាំចំនួនជាង ២៧ ម៉ឺននាក់ បានទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ក្រុមកុមារក្នុងវ័យទាំងនេះនៅទូទាំងប្រទេសកាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២១ កន្លងមក។
យោងតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសនៃក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៨ ខែកញ្ញា កុមារអាយុពី ៦ ឆ្នាំដល់ក្រោម ១២ ឆ្នាំចំនួន ២៧៦ ៦៨៦ នាក់ ឬស្មើនឹង ១៤,៥៨ ភាគរយធៀបនឹងគោលដៅជាង ១,៨ លាននាក់បានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល ២ ថ្ងៃកន្លងមកគឺថ្ងៃទី ១៧ និងទី ១៨ ខែកញ្ញា នៅទូទាំងប្រទេស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនាថ្ងៃប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់ក្រុមកុមារអាយុ ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ នៅវិមានសន្តិភាពពីថ្ងៃសុក្រសប្តាហ៍មុន ថា ក្រុមកុមារក្នុងវ័យនេះនៅកម្ពុជា ដែលនឹងត្រូវទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ បានប្រមាណជិត ១,៩ លាននាក់ ហើយការចាក់វ៉ាក់សាំងនេះក៏នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្តដដែល។
លោកបានមានប្រសាសន៍ថា៖ «យើងនៅតែប្រកាន់យកការចាក់វ៉ាក់សាំងតាមគោលការណ៍ស្ម័គ្រចិត្ត ដោយសារកុមារខ្លះនៅក្មេងពេកសុខភាពរបស់ពួកគេមិនគ្រប់គ្រាន់។
ការចាក់នេះ គឺត្រូវមានការយល់ព្រមពីឪពុកម្តាយពួកគេ ដូចនេះហើយវានៅមានភាពសាំញ៉ាំបន្តិចក្នុងការចាក់វ៉ាក់សាំងកុមារនេះ។ ក្រុមគ្រូពេទ្យត្រូវធ្វើការសម្ភាសក្មេងតាមរយៈឪពុកម្តាយរបស់ពួកគេជាមុនសិន»។
លោក ហ៊ុន សែន ក៏បានឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ. វ. ក-១៩) ពិនិត្យ និងត្រូវយកនូវស្តង់ដាមួយថា «បើចាក់វ៉ាក់សាំងដូសទី១ ទី២ ហើយ ត្រូវតែមានដូសទី៣»។
លោក ហ៊ុន សែន ថា៖ «យើងត្រូវយកស្តង់ដានេះ បើមិនដូច្នេះទេ វានឹងមិនមានភាពស៊ាំនៅក្នុងសហគមន៍»។
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ គ.វ.ក-១៩ និងក្រុមជំនាញវេជ្ជសាស្ត្រជាន់ខ្ពស់សិក្សាបន្ថែមលើលទ្ធភាពចាក់វ៉ាក់សាំងចំពោះកុមារដែលមានអាយុពី ៣ ឆ្នាំ ទៅ ៦ ឆ្នាំ ដែលមានចំនួនជាង ៩១ ម៉ឺននាក់ ហើយត្រូវរាយការណ៍ជូនលោកនៅពេលសិក្សារួច។
លោកបានបញ្ជាក់ថា៖ «នេះជាកិច្ចការទី១ ដែលនឹងត្រូវធ្វើនាពេលខាងមុខនេះ ហើយការងារនេះក៏ចាត់ទុកថាបានប្រគល់ទៅឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ា់ក់សាំងកូវីដ ១៩ និងអ្នកជំនាញជាន់ខ្ពស់ធ្វើកិច្ចការនេះផងដែរ ដែលអាចនឹងត្រូវប្រើប្រាស់វ៉ាក់សាំងប្រមាណជា ២ លានដូស»។
លោក ហ៊ុន សែន ថា ការចាក់វ៉ាក់សាំងទៅដល់កុមារអាយុនេះ គឺដើម្បីបានពួកគេទៅសិក្សានៅថ្នាក់កម្រិតមតេ្តយ្យបានដូចក្មេងធំៗដែរ។
លោកបញ្ជាក់ថា មិនមែនតែកម្ពុជាទេ ដែលបានចាក់វ៉ាក់សាំងសម្រាប់កុមារ ប៉ុន្តែក៏មានប្រទេសមួយចំនួនទៀតក៏បានធ្វើរួចហើយដែរ ដូចជា ប្រទេសចិន គុយបា អារ៉ាប់រួម ប៉េរូ អាសាល់វ៉ាឌ័រ អាល្លឺម៉ង់ បារ៉ែន ហើយប្រទេសអាមេរិក និងអ៊ីស្រាអែលក៏កំពុងសិក្សាពីការចាក់វ៉ាក់សាំងដល់កុមារផងដែរ។
លោក ហ៊ុន សែន ថ្លែងថា៖ «យើងត្រូវធ្វើការបោះជំហានទៅមុន ការពារកុមាររបស់យើង ការពារកូនចៅយើងឱ្យពួកគេរស់រានមានជីវិត ឱ្យពួកគេទទួលបានការថែទាំសុខភាពពីសំណាក់យើងជាមនុស្សចាស់ និងឱ្យពួកគេបានចូលសាលាដោយមានសុវត្ថិភាពទាំងគ្រូទាំងសិស្ស»។
ជាមួយគ្នានេះ លោកក៏បានលើកឡើងដែរថា លោកនឹងនៅតែបន្តតាមដានលើប្រសិទ្ធភាពនៃវ៉ាក់សាំង និងការអនុវត្តជាក់ស្តែងរបស់ពិភពលោកថាតើការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី៤ អាចនឹងតម្រូវឱ្យចាក់ឬអត់?
លោក ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី៤ អាចនឹងត្រូវចាក់ ឬមិនចាក់អាស្រ័យលើការវិវត្តរបស់វីរុសកូវីដ ១៩ និងប្រសិទ្ធភាពរបស់វ៉ាក់សាំង។
លោកថ្លែងថា៖ «យើងត្រូវតាមដានលើការងារនេះ ដោយការអនុវត្តជាក់ស្តែងរបស់ពិភពលោកជាមួយនឹងប្រសិទ្ធភាពវ៉ាក់សាំងដែលត្រូវបន្តផ្គួបផ្សំជាមួយនឹងការណែនាំពីអង្គការសុខភាពពិភពលោកផងដែរ។ ខ្ញុំបានដឹងថាមិត្តភក្តិបរទេសរបស់យើងមួយចំនួនបានដើរទៅដល់ដូសទី៤ រួចស្រេចទៅហើយ ប៉ុន្តែខ្ញុំសុំមិនបញ្ចេញថា តើជាប្រទេសណានោះទេ»។
លោក ហ៊ុន សែន បានបន្ថែមថា ប្រសិនបើមានតម្រូវការចាក់ដូសទី៤ មែន គឺតម្រូវឱ្យរដ្ឋាភិបាលត្រូវចំណាយលុយបន្តទៀតក្នុងការទិញវ៉ាក់សាំងសម្រាប់ចាក់ដល់ពលរដ្ឋដែលនេះជាករណីមួយដែលលោកចៀសមិនបាន ប៉ុន្តែបញ្ហានេះទាមទារឱ្យមានការសិក្សាការវិវត្តនាពេលខាងមុខទៀត។
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ប្រសិនបើសភាពការណ៍នៃស្ថានភាពរបស់វីរុសកូវីដ វិលមកជាល្អវិញ លោកនឹងសម្រេចឱ្យបើកដំណើរការអាជីវកម្ម ឬការងារផ្សេងៗទៀតទាំងអស់ឡើងវិញ។
នាថ្ងៃដដែលនោះ លោក ហ៊ុន សែន ក៏បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញសម្រាប់ពលរដ្ឋទូទៅអាយុពី ១៨ ឆ្នាំឡើងទៅផងដែរ ដោយរាជធានីភ្នំពេញ និងខេត្តកណ្តាលនឹងចាប់ផ្តើមចាក់មុនគេចាប់ពីខែតុលា តទៅ។
លោក ហ៊ុន សែន បានឱ្យដឹងថា សម្រាប់ខេត្តផ្សេងទៀតនឹងបន្តចាក់ជាបន្តបន្ទាប់ផងដែរ ដោយសារការចាក់នេះត្រូវគិតពីចន្លោះ ៤ ទៅ ៦ ខែ។ ដូចនេះ កម្ពុជាមិនត្រូវការវ៉ាក់សាំងគំហុកនោះទេ គឺត្រូវរុញទៅតាមដំណាក់កាល។
បើតាមលោក ហ៊ុន សែន នៅក្នុងខែកញ្ញានេះ វ៉ាក់សាំងកូវីដ ១៩ ប្រភេទស៊ីណូវ៉ាក់ ៩ លានដូសនឹងដឹកមកដល់កម្ពុជា ទាំងវ៉ាក់សាំងជាការបញ្ជាទិញ និងការផ្តល់ជូនពីសាធារណរដ្ឋប្រជាមានិតចិន។
លោកថា នៅថ្ងៃទី ២៤ ខែកញ្ញានេះ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៣ លានដូស នឹងមកដល់នៅថ្ងៃទី ២៦ ឬ ២៧ ខែកញ្ញា ចំនួន ៣ លានដូសទៀត ក៏នឹងមកដល់បន្ថែមដែរ។
លោក ហ៊ុន សែន បន្តថា៖ «វ៉ាក់សាំង ៦ លានដូសដែលនឹងមកដល់បន្ថែមនេះជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលហើយវ៉ាក់សាំងចំនួន ៣ លានដូសដែលរដ្ឋមន្ត្រីការបរទេសចិនសន្យាផ្តល់ឱ្យមកកម្ពុជាក៏នឹងដឹកមកដល់ឆាប់ៗផងដែរ»។
លោកក៏បានបញ្ជាក់បន្ថែមថា វ៉ាក់សាំងកូវីដ ១៩ នៅក្នុងឃ្លាំងបច្ចុប្បន្នមានចំនួនជាង ៤ លានដូស ហើយនៅថ្ងៃទី ១៧ ខែកញ្ញា វ៉ាក់សាំងចំនួន ៧៧ ៣ ៤៣៧ ដូសត្រូវបានផ្តល់សម្រាប់កុមារចំនួន ៣៨៦ ៧១៩ នាក់ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង។
សម្រាប់ការចាក់ដូសជំរុញលោក ហ៊ុន សែន បានបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង យកចិត្តទុកដាក់លើកម្មករធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកដឹកអីវ៉ាន់អនឡាញដែលពួកគាត់ត្រូវមានអាទិភាពចាក់ដូសជំរុញនេះ។
លោកបានថ្លែងថា៖ «ដូសទី ៣ ត្រូវតែជាដូសផ្តល់អាទិភាពសម្រាប់អ្នកដែលមានហានិភ័យដែលអាចឆ្លង និងចម្លងឱ្យអ្នកដទៃ។ និយាយរួមយើង មិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ទេ ហើយយើងក៏មិនរវល់ច្រើនដែរដោយសារយើងចាក់តែម្តងប៉ុណ្ណោះ»។
ជាការឆ្លើយតបនឹងការបញ្ជានេះ លោក ឃួង ស្រេង ក៏បានចេញសេចក្តីជូនដំណឹងភ្លាមៗផងដែរដោយរាជធានីភ្នំពេញនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសទី ៣ ឬដូសជំរុញជូនដល់បុគ្គលិក និងកម្មករ ដែលបម្រើការងារដឹកជញ្ជូនទំនិញម្ហូបអាហារ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធចាប់ពីថ្ងៃទី ១៨ ខែកញ្ញា ដើម្បីទប់ទល់នឹងមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា។
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី ១៧ ខែកញ្ញា ថា «(យុទ្ធនាការនេះ) សំដៅបង្កើតឱ្យបានភាពស៊ាំ សហគមន៍រឹងមាំពិតប្រាកដមួយដើម្បីទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta)»។
យុទ្ធនាការក៏មានគោលដៅ ដើម្បីត្រៀមលក្ខណៈសម្រាប់ការរស់នៅជាមួយជំងឺកូវីដ-១៩តាមបែបគន្លងប្រក្រតីភាពថ្មីក្នុងការឈានឆ្ពោះទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ៕