The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ម៉ម ប៊ុនហេង ​ប្រាប់​អភិបាល​រាជធានី-ខេត្ត​ជំរុញ​ការចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល​បង្ការ​ជំងឺ​កូវីដ




លោក​ ម៉ម ប៊ុនហេង ​ប្រាប់​អភិបាល​រាជធានី-ខេត្ត​ជំរុញ​ការចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល​បង្ការ​ជំងឺ​កូវីដ

Content image - Phnom Penh Post
រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ចុះ​ចែក​ឱសថ​បុរាណ​ចិន​ជូន​ដល់​ពលរដ្ឋ​។ រូបថត ក្រសួង​សុខាភិបាល

លោក​ ម៉ម ប៊ុនហេង ​ប្រាប់​អភិបាល​រាជធានី-ខេត្ត​ជំរុញ​ការចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល​បង្ការ​ជំងឺ​កូវីដ

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ប្រកាសប្រាប់​អភិបាល​រាជធានី-ខេត្ត​ទាំងអស់​ឱ្យ​ពង្រឹង​ការអប់រំ​ផ្សព្វផ្សាយ និង​ជំរុញ​ការចូលរួម​របស់​សហគមន៍​ក្នុង​ការអនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន បន្ទាប់ពី​ការឆ្លង​ជំងឺ​កូវីដ​ ១៩ មានការ​ហក់​ឡើងវិញ​នៅក្នុងពេល​ថ្មីៗ​នេះ​។ ​

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ១៨ ខែកញ្ញា បានប្រកាស​ប្រាប់​ដល់​អភិបាល​រាជធានី-ខេត្ត​ទាំង ២៥ ឱ្យ​ពង្រឹង​ការអប់រំ​ផ្សព្វផ្សាយ និង​ជំរុញ​ការចូលរួម​របស់​សហគមន៍​ក្នុង​ការអនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ក្រោយ​មានការ​ឆ្លង​ជំងឺ​កូវីដ ១៩ មានការ​ហក់​ឡើងវិញ​ក្នុង​រយៈពេល​ថ្មីៗ​នេះ​។

ក្នុង​លិខិត​ផ្ញើជូន​អភិបាល​រាជធានី-ខេត្ត​នៅថ្ងៃនេះ លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លើកឡើងថា ក្នុងពេល​កន្លងមក​ការងារ​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ មាន​លទ្ធផល​ល្អប្រសើរ រីឯ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក៏មាន​វឌ្ឍនភាព​គួរ​ជា​ទីមោទនៈ​។ ប៉ុន្តែ​ទោះបី​ប្រជាជន​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ក៏ដោយ ក៏​មិនត្រូវ​ភ្លេចខ្លួន​ក្នុង​ការការពារ​ការចម្លង​វីរុស​កូវីដ​ ១៩ នោះដែរ​។

លោក ម៉ម ប៊ុនហេង កត់សម្គាល់​ថា ក្នុងពេល​ថ្មីៗ​នេះ​មាន​ការហក់​ឡើងវិញ​នូវ​ការចម្លង​កូវីដ​ ១៩ នៅតាម​ខេត្ត​មួយចំនួន ដែល​តម្រូវឱ្យ​មាន​ការយកចិត្ត​ទុកដាក់​ជំរុញ​បន្ថែមទៀត​នូវ​ការបន្ត​ធ្វើ​យុទ្ធនាការ​អប់រំ​សុខភាព​ក្រោម​ប្រធានបទ «​រួមគ្នា​ទទួល​ខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ​ ១៩»​។

បើតាម​លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល យុទ្ធនាការ​អប់រំ​សុខភាព​នេះ​ត្រូវ​ប្រើប្រាស់​ខ្លឹមសារ​វិធានការ ៣ ការពារ និង ៣ កុំ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​ភូមិ-ឃុំ-សង្កាត់ ក្រុង-រាជធានី-ខេត្ត​នៅ​ទូទាំងប្រទេស និង​បង្កើន​ការទទួលខុសត្រូវ​របស់​បុគ្គល​លើ​ការថែទាំ​សុខភាព​ផ្ទាល់ខ្លួន និង​ជំរុញ​ការចូលរួម​របស់​សហគមន៍​ក្នុង​ការទប់ស្កាត់​ការចម្លង​វីរុស​កូវីដ- ១៩​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​ក្រើនរំឭក​ដល់​អាជ្ញាធរ​រាជធានី-ខេត្ត​ទាំងអស់ សូម​យកចិត្តទុកដាក់​ខ្ពស់​បន្តទៀត​អនុវត្ត​យុទ្ធនាការ​ជាតិ​រួមគ្នា​ទទួល​ខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ- ១៩ ឱ្យបាន​ខ្ជាប់ខ្ជួន​»​។

លោក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​អភិបាល​រាជធានី-ខេត្ត បន្ត​ការអប់រំ​ផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​យុទ្ធនាការ​ជាតិ​រួមគ្នា​ទទួលខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ ១៩ ដល់​បុគ្គល គ្រួសារ សហគមន៍ តាមរយៈ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​ដោយមាន​ការចូលរួម​ពី​សហគមន៍ ដូចជា​ការផ្សព្វផ្សាយ​តាមរយៈ​ឧគ្ឃោសនស័ព្ទ ការបិទ​តាំង​រូបភាព​ផ្ទាំង​ធំៗ ចែកចាយ ខិត្តប័ណ្ណ ការផ្សព្វផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ និង​បណ្តាញ​សង្គម​ដល់​ប្រជាជន​។

លោក ម៉ម ប៊ុនហេង ក៏បាន​រំឭក​ពី​ការអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​វិធានការ ៣ ការពារ ដែល​មាន​ការពាក់​ម៉ាស់ លាងដៃ​ឱ្យ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល និង ៣ កុំ គឺ​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញ-ចូល កុំ​ប៉ះពាល់​គ្នា​។ លោក​ថា វិធានការ​នេះ​នៅតែ​ចាំបាច់​បំផុត និង​ត្រូវអនុវត្ត​ជាប់​ជាប្រចាំ ទោះបី​បុគ្គល​ទាំងអស់​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ក៏ដោយ​។

លោក​ ម៉ម ប៊ុនហេង ក៏បាន​ណែនាំ​ឱ្យ​ចាត់វិធានការ​អប់រំ​ផ្សព្វផ្សាយ និង​តាមដាន​ជាប្រចាំ​លើ​ការអនុវត្ត​វិធានការ​សុខាភិបាល​នៅតាម​ទីតាំង​នានា ​ជាពិសេស​ទីតាំង​ដែលមាន​ហានិភ័យ​ខ្ពស់​ដូចជា ទីតាំង​មាន​មនុស្ស​ច្រើន​ជួបជុំគ្នា ទីតាំង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ និង​ទីតាំង​ដែលមាន​មនុស្ស​នៅ​ជិតៗ​គ្នា​) ដូចជា​ទីផ្សារ ទីប្រជុំជន ភោជនីយដ្ឋាន ទីកន្លែង​លក់​អាហារ ផ្សារ​ទំនើប រោងចក្រ ធនាគារ និង​កន្លែង​ប្រកប​អាជីវកម្ម​ផ្សេងៗ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍