ភ្នំពេញៈ ក្រសួង​ការងារ​ប្រកាស​ប្រាប់​ម្ចាស់​រោងចក្រ​សហគ្រាស​ឱ្យ​កម្មករ​សម្រាក​ដោយ​បាន​ប្រាក់​ឈ្នួល​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ៣ ​ថ្ងៃ ហើយ​កម្មករ​ដែល​ធ្វើការ​ក្នុង​ថ្ងៃ​សម្រាក​នេះ​ត្រូវ​ទទួលបាន​ប្រាក់​បន្ថែម​។

ក្រសួង​នេះ​បញ្ជាក់​ក្នុង​សេចក្តី​​ជូនដំណឹង​នៅ​ថ្ងៃទី​ ១៧ ខែ​​កញ្ញា​ថា​៖ «​សូម​ជម្រាបជូន​ដល់​​ម្ចាស់​ ឬ​នាយក​រោងចក្រ សហគ្រាស​ទាំងអស់ ដែល​ស្ថិតក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្តីពី​ការងារ​ត្រូវ​អនុញ្ញាតឱ្យ​កម្មករនិយោជិត​​ទាំងអស់​របស់ខ្លួន​ឈប់សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​»​។

ពិធីបុណ្យ​ភ្ជុំ​នឹងត្រូវ​ប្រារព្ធ​ធ្វើឡើង​រយៈពេល​ ៣ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ៥ ដល់​ថ្ងៃទី​ ៧ ខែតុលា​។

ក្រសួង​ការងារ​បញ្ជាក់ថា ម្ចាស់​រោងចក្រ​សហគ្រាស អាច​ពិភាក្សា​ជាមួយ​តំណាង​កម្មករ​ ដើម្បី​ផ្លាស់ប្តូរ​ការឈប់​សម្រាក​នេះ​នៅពេល​ណាមួយ​ផ្សេង​ករណី​មានការ​ព្រមព្រៀង​ពី​កម្មករ​។

ក្រសួង​បញ្ជាក់ថា រោងចក្រ​សហគ្រាស​ដែលមាន​អាជីវកម្ម​ជា​លក្ខណៈ​សកល ហើយ​ត្រូវ​ដំណើរការ​ជាប្រចាំ ហើយ​ការឈប់សម្រាក​បុណ្យ​របស់​កម្មករ​​ព្រម​គ្នា​ក្នុងពេល​តែមួយ​ដែល​ធ្វើឱ្យ​ខូច​ដំណើរការ ម្ចាស់​រោងចក្រ​ត្រូវ​បែងចែក​ឱ្យ​កម្មករ​បាន​ឈប់សម្រាក​ទៅតាម​ថ្ងៃបុណ្យ​នីមួយៗ​ដោយ​ផ្លាស់ប្តូរ​គ្នា ហើយ​រក្សាទុក​បញ្ជី​បែងចែក​នោះ​សម្រាប់​ការត្រួតពិនិត្យ​របស់​អធិការ​ការងារ​របស់​ក្រសួង​។

ក្រសួង​ថា​៖ «​កម្មករ​និយោជិត​​ដែល​ធ្វើការ​ថ្ងៃ​ឈប់​បុណ្យ​ភ្ជុំបិណ្ឌ​​នេះ​មាន​សិទ្ធិ​ទទួល​នូវ​ប្រាក់​បំណាច់​​បន្ថែម​ដែល​មាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើការ​ធម្មតា​»​។

ជាមួយ​គ្នា​នេះ​ក្រសួង​អំពាវនាវ​​ដល់​កម្មករ​ដែល​ឈប់​សម្រាក​ឱ្យ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ស្តីពី​ការការពារ​ការចម្លង​វីរុស​កូវីដ​ ១៩ និង​​ការពុល​ចំណី​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំ​វិធាន​សុខាភិបាល​។

លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពីថ្ងៃ​ទី​ ១៩ ខែកញ្ញា​ថា លោក​បារម្ភ​ពី​ការឆ្លង​ជំងឺ​​កូវីដ​ ១៩ ​ក្នុងអំឡុងពេល​ឈប់​សម្រាក​នេះ​។ ​លោក​ចោទសួរ​​ថា តើ​វិធានការ​ក្រសួង​សុខាភិបាល​ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ​នឹងត្រូវ​ធ្វើ​យុទ្ធនាការ​បន្ត​បែបណា​?

លោក​ថា​៖ «​ខ្ញុំ​ក៏​សាទរ​ចំពោះ​ការបើក​ឱ្យ​បងប្អូន​កម្មករ​នយោជិត​យើង​បាន​ឈប់សម្រាក​ពីព្រោះ​ពួកគាត់​ធ្វើការ​ជាច្រើន [​មក​] ​ហើយ ដោយសារតែ​ការឈប់​សម្រាក​បុណ្យ​យើង​មិនសូវ​ដែល​បាន​ឈប់​»​។

លោក ហ្វា សាលី ស្នើ​ដល់​កម្មករ​ដែល​បាន​ឈប់សម្រាក​រក្សា​គម្លាត​សុវត្ថិភាព​សង្គម ដើម្បី​ចៀសវាង​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ដល់​សមាជិក​គ្រួសារ​។ ​លោក​អំពាវនាវ​កម្មករ​ដែល​ត្រឡប់​ទៅ​ស្រុក​ត្រូវ​បញ្ចៀស​ «​ឱ្យ​ខាង​តែ​​បាន​» ​ការជិះ​តាក់ស៊ី​ប្រជ្រៀត​គ្នា​ ដើម្បី​ការពារ​សុវត្ថិភាព​៕