ត្បូងឃ្មុំៈ នគរបាល​ស្រុក​ក្រូច​ឆ្មារ​បញ្ជូន​ជន​សង្ស័យ​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ​នៅ​រសៀល​ថ្ងៃទី ២០ កញ្ញា​ បន្ទាប់ពី​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចាក់​គូ​ទំនាស់​បណ្ដាល​ឱ្យ​ស្លាប់​នៅ​ភូមិ​ផ្កាដូ​ង ឃុំ​ឈូក ស្រុក​ក្រូច​ឆ្មារ​ ខេត្ត​ត្បូង​ឃ្មុំ។

លោក ​វ៉ា សម្បត្តិ​ អធិការរង​ស្រុក​ក្រូច​ឆ្មារ​ឱ្យដឹង​នៅ​ថ្ងៃទី​ ២០​ កញ្ញា​ថា​ ជន​សង្ស័យ​ឈ្មោះ​ ប៊ុន​ថា ធឿន​ ភេទ​ប្រុស​អាយុ​ ៤៣ ​ឆ្នាំ មាន​លំនៅ​ក្នុង​ភូមិ​ផ្កាដូង ឃុំ​ឈូក​ ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ។ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ច​របស់​លោក​ប​ញ្ជូ​ន​ទៅ​សាលា​ដំបូង​ខេត្ត​ត្បូង​ឃ្មុំ​នៅ​រសៀល​ថ្ងៃទី ២០ កញ្ញា​។

លោក​បន្ត​ថា ​ជា​នីតិវិធី​គឺ​ជន​សង្ស័យ​ត្រូវ​បញ្ជូនទៅ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​រួច ​ទើប​បញ្ជូន​បន្តទៅ​តុលា​ការ​។

ប៉ុន្តែ​ដោយ​សារ​ស្ថាន​ភាព​ជំងឺ​កូ​វីដ​ផង​នោះ​ គឺ​សមត្ថ​កិច្ច​លោក​គ្រាន់តែ​ផ្ញើ​របាយ​ការណ៍​ និង​សុំ​គោល​ការណ៍​ពី​លោក​ស្នង​ការ​ខេត្ត​ត្បូងឃ្មុំ​ជាការ​ស្រេច​ហើយ​មិន​បាច់​បញ្ជូន​ជន​សង្ស័យ​ទៅ​ទេ​។

លោក​ថ្លែង​ថា៖​ «ដោយ​សារ​តែ​បែប​នេះហើយ​ទើប​យើង​បញ្ជូន​ជន​ល្មើស​ពី​ស្រុក​ចូល​តុលា​ការ​តែម្តង​»។

លោក​សម្បត្តិ​ ប្រាប់​តាម​សាក្សី​ថា​ នៅមុន​កើតយប់​ថ្ងៃទី ១៨​ កញ្ញា​ ជន​ល្មើស​បាន​ផឹកស្រា​ស្រវឹង​ខ្លាំង ​ហើយ​បាន​ទៅផ្ទះ​រករឿង​ប្រពន្ធ​បង្ក​ជា​ការឈ្លោះ​គ្នា​ផ្អើល​ដល់​អ្នក​ជិត​ខាង​។

លោក​បន្តថា ​ពេល​នោះ​បុរសរង​គ្រោះ​ឈ្មោះ ​មឿ​ន ប៊ុន​ថេ​ង អាយុ​ ៣៨ ឆ្នាំ ​ជា​ក្មួយ​ជីដូនមួយ​សាច់​ថ្លៃ​និង​​អ្នកភូមិ​បាន​ឃាត់បំបែក​គ្នា​ទៅផ្ទះ​រៀ​ងៗខ្លួន​អស់​ទៅ។ប៉ុន្តែ​មួយ​សម្ទុះ​ក្រោយ​មក​ស្រាប់តែ​គេ​ឃើញ​ជន​សង្ស័យ​ដើរ​ពី​ផ្ទះ​របស់​ខ្លួន​មក​ឈ្លោះ​ជា​មួយ​ជនរង​គ្រោះ​ម្តងទៀត​ហើយក៏​ទាញ​កន្ត្រៃ​ពី​ចង្កេះ​ចាក់​ត្រូវ​គល់​ក​ជន​រង​គ្រោះ ១​ កន្ត្រៃ​ ដួល​អុក​គូទ​ប្រកាច់​ស្លាប់​នៅ​នឹងកន្លែង​កើត​ហេតុ​តែម្ត​ង​។

លោក​សម្បត្តិ​ បញ្ជាក់​ថា ​ក្រោយ​សម្លាប់​ជនរ​ងគ្រោះ​មក​គឺ​ជន​សង្ស័យ​ក៏​មិន​បាន​រត់​ទៅ​ណា​ដែរ​ ព្រោះថា ​ខ្លួន​គាត់​ស្រវឹង​ស្រា​ជោក​ជាំ​ទៅហើយ​។ភ្លាមៗ​នោះ​ពលរដ្ឋ​បាន​ឃាត់​ជន​សង្ស័យ​ទុក​ហើយ​រាយ​ការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​ឈូក​ដើម្បី​ចុះ​អន្តរា​គមន៍​ឃាត់​ខ្លួន​ជន​សង្ស័យ​។

ដោយ​ឡែក​លោក​ គង់ សុវណ្ណ​វុ​ធ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ឈូក​បាន​ប្រាប់​នៅ​ថ្ងៃទី ២០​ កញ្ញា​ថា ​ករណីនេះ​មុនដំបូង​ជន​ល្មើស​បាន​ប្រកែក​ថា មិនបាន​ចាក់​សម្លាប់​ជនរ​ងគ្រោះ​​ទេ។ប៉ុន្តែ​ដោយ​សារ​ពេល​កើត​ហេតុ​ម្តាយ​និង​សាច់​ញាតិ​របស់​ជនរង​គ្រោះ​នៅ​ទី​កើត​ហេតុ​ទើប​ជន​ល្មើស​ទទួល​ស្គាល់ថា​​ជា​កន្ត្រៃ​របស់​គាត់​មែន។

លោក​បន្ត​ថា៖ «រឿងនេះ​ខាង​ប្រពន្ធ​របស់​ជនរង​គ្រោះ​បាន​ដាក់​ពាក្យប​ណ្តឹង​ហើយ។​ ករណី​នេះប្រសិនបើ​ខាង​ក្រុម​គ្រួសារ​របស់​ជនរ​ងគ្រោះ​មិន​ប្តឹង​ក៏​បណ្តឹង​កើត​ឡើងជា​ស្វ័យប្រ​វត្តិ​ដែរ​របស់​សមត្ថ​កិច្ច»៕