ភ្នំពេញៈ ឯកអគ្គរដ្ឋ​ទូតចិន​ប្រចាំ​កម្ពុជា ​លោក ​វ៉ាង វិនធាន ​បញ្ជាក់ថា ​ភាគី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​នឹង​ផ្តល់​ជំនួយ​ជា​វ៉ាក់​សាំង​កូវីដ១៩​ដល់​ប្រទេស​កម្ពុជា ​ដោយ​គ្មាន​ការកំណត់ ​និង​ត្រូវបាន​ធានា​គ្រប់​ពេលវេលា ​គ្រោយពី​ភាគី​ចិន​បាន​ប្រកាស​ថា​នឹង​ផ្តល់​ជំនួយ​ជាវ៉ាក់សាំង​កូវីដ​ចំនួន ​៣ លាន​ដូស​បន្ថែម​ទៀត​ដល់​ភាគី​កម្ពុជា។

លោក​បញ្ជាក់​បែបនេះ ​តាមរយៈ​លិខិត​ផ្សព្វផ្សាយ​ដោយ​ស្ថាន​ទូតចិន​ប្រចាំ​កម្ពុជា ​នាថ្ងៃ​ទី ២០​ កញ្ញា​នេះ​ ស្តីពី​បទ​សម្ភាសន៍​មួយ​និយាយ​ពី​សមិទ្ធផល​ផ្លែផ្កា​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ទីប្រឹក្សា​រដ្ឋ​ចិន ​វ៉ាង យី។

លោក​ វ៉ាង វិនធាន ​បាន​ឱ្យដឹងថា​៖ «ចិន​បន្ត​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ។ ភាគី​ចិន ​នឹង​ផ្តល់​ជំនួយ​ជា​វ៉ាក់​សាំង​កូវីដ​ចំនួន​៣លាន​ដូស​បន្ថែម​ទៀត​ដល់​ភាគី​កម្ពុជា ​ហើយ​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ថា ​នឹង​ផ្តល់​វ៉ាក់សាំង​ដល់​កម្ពុជា​ដោយ​គ្មាន​ការកំណត់ ​និង​ត្រូវបាន​ធានា​គ្រប់​ពេល​វេលា»។

លិខិត​ដដែល​នេះ ​បន្ថែមថា ​ក្នុង​ខែកញ្ញា​នេះ ​ចិន​បាន​ផ្តល់​វ៉ាក់សាំង​ដល់​កម្ពុជា​មាន​ចំនួន​សរុប​លើស​ពី ​៣០ លាន​ដូស។ ក្រៅពី​នេះ ​ភាគី​ចិន​នឹង​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​សុខាភិបាល ​បង្កើន​ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស ​លើក​កម្ពស់​សមត្ថភាព​ការពារ​សុខភាព​សុខាភិបាល​ក្នុង​ប្រទេស​កម្ពុជា​ថែម​មួយ​កម្រិត​ទៀត។

ក្នុង​ពេល​បំពេញ​ទស្សនិច្ច​នាពេល​កន្លង​មក​នេះ​ដែរ ​លោក​ វ៉ាង យី ​និង​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​បានធ្វើជា​សក្ខីភាព​ក្នុង​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ​និង​បច្ចេកទេស​ទ្វេភាគី ​និង​គម្រោង​ជំនួយ​រវាង​ចិន​និង​កម្ពុជា​ក្នុង​ការទប់ស្កាត់​ជំងឺ​ជាបន្ទាន់​ផងដែរ ​ក្រៅពី​គម្រោង​ធំៗ​មួយ​ចំនួន​ទៀត។

លោក​នាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន ​កាលពី​ថ្ងៃទី ១៧ ​ខែកញ្ញា ​បានប្រកាស​ថា​ វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន​ ៩ លាន​ដូស​នឹង​ដឹក​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មក​កម្ពុជាជាបន្ត​បន្ទាប់​នៅពេល​ឆាប់ៗ​ខាង​មុ​ខនេះ ​ដែល​វ៉ាក់សាំង​ ៦ លាន​ដូស​ជាការបញ្ជា​ទិញ ​និង​ ៣ លាន​ដូស​ ជាការផ្តល់​ជូន​ពី​ភាគី​ចិន​ផង​ដែរ៕