ភ្នំពេញៈ មន្ត្រី​មន្ទីរ​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​ខេត្ត​សៀមរាប ​ចុះ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ ​នៅតាម​កសិដ្ឋាន​ចិញ្ចឹម​សត្វពាហនៈ ​សត្ត​ឃាតដ្ឋាន ​និង​ក្រោលគោ ​នានា​នៅតាម​សហគមន៍​ចិញ្ចឹម​សត្វ​ពាហនៈ ​នៅ​ទូទាំង​ខេត្ត ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​ជំងឺ​សាទឹក​កើត​ឡើង ។

លោក​ ទា គឹមសុទ្ឋ ​ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ​ខេត្ត​សៀមរាប ​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២០​ ខែកញ្ញាថា ​ចំពោះ​ការចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នេះ ​ត្រូវបាន​អនុវត្ត​ចាប់​តាំងពី​ពេល​រដូវ​ធ្លាក់​ភ្លៀង​ រហូតដល់​បច្ចុប្បន្ន។ ព្រោះ​ក្នុង​ពេល​រដូវ​ធ្លាក់ភ្លៀង ​និង​មាន​ទឹក​ជន់​នេះ​ សត្វ​ពាហនៈ​មួយចំនួន​អាចនឹង​មាន​ជំងឺ​សាទឹក​កើត​ឡើង។ ដូច្នេះ ​បានជា​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ចុះ​បាញ់​ថ្នាំ​ទប់ស្កាត់​ឱ្យ​ហើយ។

លោក​ពន្យល់ថា ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ​និង​ច្រើន​ វា​នឹង​ធ្វើឱ្យ​ក្រោល​គោល​នីមួយៗ ​វា​មាន​ភក់​ជ្រាំ​ដែល​អាច​នឹងបង្ក​ឱ្យ​កើត​ជំងឺ​ជាច្រើន​ប្រភេទ​ដែល​តម្រូវឱ្យ​មាន​ការបាញ់​ថ្នាំ​ការពារ​ជាចំាបាប់​បំផុត។ ចំពោះ​ការបាញ់​ថ្នាំនេះ ​ត្រូវបាន​ធ្វើ​ស្ទើរតែ​គ្រប់​ស្រុក​ក្នុង​ខេត្ត​សៀមរាប ​ប៉ុន្តែដោយ​សារ​តំបន់​មួយចំនួន​នៅក្នុង​ខេត្ត​សៀមរាប​នេះ ​ត្រូវបាន​បិទខ្ទប់ ​បង្ការ​ជំងឺ​កូវីដ ១៩ ​ធ្វើឱ្យ​មន្ត្រី​របស់​មន្ទីរ​ខេត្ត​មិនអាច​ចេញ-​ចូល​រួច​ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​យុទ្ធនាការ​បាញ់​ថ្នាំ​នេះ។

ទោះជា​យ៉ាងណា ​លោក ​ទា គឹមសុទ្ធ ​ថា​ បើទោះបី​តំបន់​មួយចំនួន​ត្រូវបាន​បិទខ្ទប់​ក៏ដោយ ​ក៏​នៅតែ​ឆ្លៀត​អនុវត្ត​យុទ្ធនាកា​បាញ់ថ្នាំ​នេះ​ នៅ​តាម​តំបន់​ដែល​មិនត្រូវ​បានបិទ ​និង​បន្ត​បាញ់​ថ្នាំ​ទប់ស្កាត់​មេរោគ​ទៀត ​ក្រោយពី​រដ្ឋបាល​ខេត្ត​បើក​ឱ្យធ្វើ​ចរាចរណ៍​ជាធម្មតា​ឡើង​វិញ​ នៅ​ពេល​ខាង​មុខ ។

លោក​ថ្លែងថា​៖ «យុទ្ធនាការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅតាម​ក្រោល​គោ ​រោងគោ ​និង​កសិដ្ឋាន​ផ្សេងៗ​ នៅក្នុង​ខេត្ត​សៀមរាប ​នឹង​ត្រូវ​ធ្វើ​មួយ​រដូវ​ភ្លៀង​ពេញ​តែម្តង ​ហើយ​នៅពេល​ដែល​ផុត​រដូវ​ភ្លៀង​ទៅ ​គឺ​វា​លែង​មាន​ជំងឺ​ហើយ។ នៅ​ក្នុង​ខេត្តនេះ ​កន្លង​មក​នេះ ​ក៏​មាន​ករណី​គោ​ងាប់​ដែរ​ ដូចជា​គោ​កើត​ជំងឺ​ដុំ​ពក»។

លោក​បន្តថា ​បច្ចុប្បន្ន ​ប្រជាពលរដ្ឋ​ចិញ្ចឹម​សត្វគោ ​ភាគច្រើន​ គឺ​ដើម្បី​យក​សាច់ ​និង​ធ្វើអាជីវកម្ម ​មិនមែ​ចិញ្ចឹម​យកទៅ​ភ្ជួរ​រាស់ ​ឬ​អូសទាញ​ផ្សេងៗ ​ហើយ​បើសិនជា​មាន​បញ្ហា​ជំងឺ​ ឬ​ក៏​ឈឺ​ងាប់ ​វា​នឹង​ធ្វើឱ្យ​បាត់​បង់​ថវិកា ​និង​បាត់​ចំណូល​របស់​ពួក​គាត់។ ព្រោះ​ថា​ គោ​ ១ ក្បាល​ (ប្រភេទ​គោល្អ) ​មាន​តម្លៃ ​ជិត​ ២ ០០០ ដុល្លារ ​ក្នុង ១ ក្បាល។

ម្យ៉ាង​ទៀត ​ក្នុង​ករណី​មាន​គោ​ឈឺ ​ឬងាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​សាទឹក​នេះ ​មិនតម្រូវ​ឱ្យ​ពលរដ្ឋ​យក​សាច់​របស់​វា​ទៅ​បរិភោគ​នោះ​ទេ ​ព្រោះ​អាច​ប៉ះ​ពាល់​ដល់​សុខភាព។ ប៉ុន្តែ​គោ​មាន​ប្រភេទ​ជំងឺ​មួយចំនួ​ក៏អនុញ្ញាត​ឱ្យ​គាត់​យកទៅ​កាប់​សាច់​ហូប​បាន​ផង​ដែរ ។ តាម​ស្ថិតិ ​នៅ​ខេត្ត​សៀមរាប​មាន​សត្វគោ​ដែល​ត្រូវបាន​ចិញ្ចឹម ​ជាលក្ខណៈ​គ្រួសារ ​និង​ធ្វើ​អាជីវកម្ម​ផ្សេង​មាន​ជាង​ ១ សែន​ ៣ ម៉ឺន​ក្បាល។

លោក ​ព្រំ វិច ​ប្រធាន​ការិយាល័យ​ផលិតកម្ម ​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​ខេត្ត​សៀមរាប ​ក្នុង​ពិធី​បាញ់​ថ្នាំ​ការពារ​ជំងឺ​សត្វពាហនៈ ​នៅ​ថ្ងៃទី ២០ ​ខែកញ្ញា ​នេះ​ឱ្យ​ដឹងថា​ ការបាញ់​ថ្នាំ​ជីវសុវត្ថិភាព​នេះ​ជាផ្នែក​មួយ​ជួយ​ទប់ស្កាត់​នៃ​ជំងឺ​ឆ្លង​ទៅដល់​សត្វ ​និង​ការពារ​សុខភាព​សត្វ។ ព្រោះ​រដូវ​វស្សា​ចូលមក​ដល់​សត្វ​ពាហនៈ​ និង​សត្វ​ចិញ្ចឹម​ផ្សេងៗ​ងាយ​រងទទួល​នូវ​ការឈឺ​ និង​ស្លាប់​ដោយសារ​មេរោគ ​និង​បាក់​តេរី​ផ្សេងៗ ​ដែល​តែងតែ​បង្កឱ្យ​សត្វ​មាន​សុខភាព​ខ្សោយ ​ងាយ​រង​នូវ​ជំងឺ​ឆ្លង​ផ្សេងៗ។

លោក​បន្តថា​ ហេតុនេះ​ហើយ​ទាមទារ​ត្រូវ​ធ្វើ​នូវ​វិធានការ​សុវត្ថិភាព​ដោយ​ការបាញ់​ថ្នាំ​រម្ងាប់​មេរោគ​ទាំង​នៅ​តាម​ក្រោល ​និង​នៅតាម​សត្តឃាត្ត​ដ្ឋាន​នានា ​ដើម្បី​ធានា​បាន​នូវ​សាច់​សត្វ​បោះ​ទៅកាន់​ទីផ្សារ​មាន ​គុណភាព ​អនាម័យ​ល្អ​សម្រាប់​អ្នក​បរិភោគ។

លោក​ថ្លែងថា​៖ «ការអនុវត្ត​វិធាន​ជីវសុវត្ថិភាព​មាន​សារៈសំខាន់​ណាស់​ក្នុង​ដំណើរការ​ចិញ្ចឹម​សត្វ​ ទប់ស្កាត់​ការឆ្លង​ជំងឺ ​សម្លាប់​ភ្នាក់ងារ​ចម្លង​មេរោគ ​កាត់​បន្ថយ​ក្លិន​ទីតាំង​ចិញ្ចឹម​ស្អាត។ ធ្វើ​ឱ្យ​សត្វ​មាន​សុខភាព​ល្អ ​ធំធាត់​លឿន ​និង​ជម្រាបបង​-ប្អូន​ចិញ្ចឹម​សត្វ​ ជាពិសេស​សត្វ​ពាហនៈ​និង​សត្វបក្សី ​សូម​ប្រុងប្រយ័ត្ន​ជំងឺ​ឆ្លង​សត្វ​ក្នុង​រដូវ​វស្សា​ភ្លៀង​ធ្លាក់​ជោកជាំ ​ត្រូវ​អនុវត្ត​វិធានការ​ជីវសុវត្ថិភាព ​និង​ចាក់ថ្នាំ​ការពារ​ជំងឺ​សត្វ ​តាម​កម្មវិធី​ពី​មន្ទីរ​កសិកម្ម​ខេត្ត»៕