​សៀមរាបៈ បុរសម្នាក់អាយុ ៧៨ ឆ្នាំ ស្លាប់ កាលពីថ្ងៃទី ១៩ ខែកញ្ញា ដោយសារគ្រាប់បែកផ្ទុះ ក្រោយពេលលើកទ្រូ នៅក្នុងស្រែ ស្ថិតនៅ​ភូមិ​រំដេង ឃុំ​ស្រ​ណា​ល ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។

លោក ​ជី បេង​ជន​ អធិការនគរបាល​ស្រុក​ក្រឡាញ់​ បានឱ្យដឹង​នៅ​ថ្ងៃទី​ ២០ ​កញ្ញា​ថា ​ករណី​ផ្ទុះ​គ្រាប់បែក​ស្លាប់​បុរស​ចំ​ណាស់​ឈ្មោះ ឆាវ រ៉ា​យ អាយុ​ ៧៨ ​ឆ្នាំ ​រស់នៅ​ភូមិ​ត្រាំ​កង់ ឃុំ​ច​ន្លា​ស​ដៃ ​ស្រុក​ក្រឡាញ់​ មិនទាន់​ដឹងថា​បណ្តាល​មកពី​អ្វី​នៅឡើយ​ទេ​ ខណៈអ្នកជំនាញកំពុងស៊ើបអង្កេត។

លោក​ បេងជន ថ្លែងថា​៖«​ជុំវិញ​ហេតុការណ៍​នេះ​យើង​មិនទាន់​កំណត់ថា​គេ​បង្កៃគ្រាប់​ឬ​វា​ផ្ទុះ​ដោយ​ខ្លួនឯង​ទេ។​ មន្ត្រី​ស៊ីម៉ាក់​កំពុង​ធ្វើ​កោ​ល​ស្យ​វិច័យ​»​។

លោក ​ភួង ហាន​ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ស្រ​ណា​ល​ឱ្យដឹង​តាម​សាច់ញាតិ​របស់​ជនរងគ្រោះ​នៅ​ថ្ងៃទី​ ២០ កញ្ញា​ថា​ កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃទី​ ១៩​ កញ្ញា​ ជនរងគ្រោះ​បាន​ទៅ​មើល​សន្ទូង​នៅ​វាលស្រែ​ក្នុង​កន្លែងកើតហេតុ​​តែម្នាក់ឯង​។ ​​ក្រោយពី​ជនរងគ្រោះ​ចេញពីផ្ទះ​បាន​មួយសន្ទុះ​ធំ​គេ​បានឮ​សំឡេង​ផ្ទុះ​គ្រាប់បែក។​

លោកថា៖ «ខណៈ​អ្នកភូមិ​បាននាំគ្នា​ទៅ​មើលឃើញ​ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ​។ ​ភ្លាម​អ្នកភូមិ​បាន​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​របស់លោក​ហើយ​លោក​បាន​ជូនដំណឹង​លោក​អធិការ​ជី បេង​ជន​ដើម្បី​ចុះ​ពិនិត្យ​»។

លោក​បន្ថែមថា ​ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​របស់​លោ​ករួ​ម​កម្លាំង​របស់​អធិការដ្ឋាន​ស្រុក​ក្រឡាញ់​បាន​ចុះ​ដល់ទី​តាំង​ផ្ទុះ​គ្រាប់​នោះ​ ​តែ​យ៉ាងណា​សមត្ថកិច្ច​លោក​គ្រាន់តែ​ការពារ​ជុំវិញ​ទីតាំង​កើតហេតុ​ ដើម្បី​រង់ចាំ​មន្ត្រី​ជំនាញ​ចុះមក​ធ្វើ​កោសល្យវិច័យ​សិន​តែប៉ុណ្ណោះ​។ ចំពោះ​នៅលើ​ខ្លួន​សាកសព​វិញ​ឃើញ​មាន​របួស​ត្រ​ង់ក ភ្លៅ​ខាងស្ដាំ រយៈ​ដាច់​សាច់​។

លោក​ ភួង ហាន ថ្លែង​ថា​៖ «​យើង​គ្រាន់តែ​បានឃើញ​ក្រវិល​ដែល​សន្និដ្ឋានថា​ ជា​ក្រវិល​គ្រាប់បែក​ ​វា​ជា​គ្រាប់​ចាស់​ហើយក៏​មិនដឹងថា​ផលិត​នៅ​ប្រទេស​ណា​ដែរ​»​។

លោក​បន្ថែមទៀតថា ​ចំពោះ​ថា​តើ​ករណីនេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​គំនុំ​ ឬក៏​សង្ស័យថា​អាចមាន​នរណាម្នាក់​លួច​ដាក់​ដើម្បី​សម្លាប់​ជនរងគ្រោះ​យ៉ាងណា​នោះ ​ក៏​សមត្ថកិច្ច​មិនទាន់​ដឹង​ដែរ​។​ លុះត្រា​តែមាន​ការធ្វើ​កោសល្យវិច័យ​របស់​មន្ត្រី​ជំនាញ​ស៊ីម៉ាក់​សិន​ទើប​ដឹង​៕