ភ្នំពេញៈ ក្រសួង​ព្រះ​បរម​រាជ​វាំង​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ បាន​ចេញ​លិខិត​បដិ​សេធ​អត្ថ​បទ​កាសែ​ត​បរទេស​មួយ​ចំនួន​ដែល​ចុះ​ផ្សាយ​អំពី​ព្រះ​អង្គ​ម្ចាស់​​ Prince Héritier នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ដាក់​ស្នើ​សុំ​ទិញក្លិប​បាល់​ទាត់ ​AS Saint-Etienne របស់​ប្រទេស​បារាំង ​ក្នុង​តម្លៃ​ ១០០​ លាន​អឺរ៉ូថា ​តាម​រដ្ឋ​ធម្ម​នុញ្ញ​ និង​ច្បាប់​កម្ពុជា​មិន​មាន​ចែង​អំពី​ការ​ចាត់​តាំង​ព្រះ​រជ្ជទា​យាទ​ «Prince Héritier» ទេ។ នេះ​បើតាម​សេចក្ដី​ប្រ​កាស​ព័ត៌​មាន​។

សេចក្ដី​ប្រកាស​ព័ត៌​មាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី ​២០ ​ខែកញ្ញា​ ​ក្រសួង​ព្រះបរម​រាជវាំ​ងបាន​បញ្ជាក់​ជូន​សា​ធារ​ណ​ជន​ជាតិ​អន្តរ​ជាតិ​ថា ក្នុង​រយៈ​ពេលថ្មីៗ​នេះ​ មាន​អត្ថ​បទ​កាសែត​បរទេស​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ពាក់​ព័ន្ធ​ដល់​ព្រះអង្គម្ចា​ស់​រជ្ជ​ទា​យាទ«Prince Héritier»នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​មួយ​ព្រះ​អង្គ​បាន​ដាក់​ស្នើសុំ​ទិញ​ក្លិប​បាល់​ទាត់​ AS Saint-Etienne របស់​ប្រ​ទេស​បារាំង​ក្នុង​តម្លៃ​១០០​ លាន​អឺរ៉ូ។

ក្រសួង​បញ្ជាក់​ថា «​យោង​តាម​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជានិង​ច្បាប់​ស្ដីពី​ការ​រៀប​ចំ និង​ការប្រ​ព្រឹត្តទៅ​​របស់​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​មិនមាន​ចែង​អំពី​ការ​ចាត់​តាំង​ព្រះ​រជ្ជ​ទា​យាទ «Prince Héritier»​ ទេ ហើយ​ក៏​ពុំមាន​ចែង​អំពី​ស្ថាប័ន ឬ​បុគ្គល​ណា​មួយ​មាន​សិទ្ធិ​អំណាច​ចាត់​តាំង​ព្រះ​រជ្ជ​ទា​យាទ​ឡើយ​៕