
មនុស្ស ១២៦ នាក់ ត្រូវបានឃាត់ខ្លួនអប់រំ និងពិន័យ ទាក់ទងករណីល្មើសវិធានការរដ្ឋបាល។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ សមត្ថកិច្ចបានឃាត់មនុស្សធ្វើការអប់រំ និងពិន័យចំនួន ១២៦ នាក់ ឃាត់យានយន្ត ២៥ គ្រឿង ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល កាលពីម្សិលមិញ។ នេះបើតាមប្រកាសរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ (គ.អ.ក) នៅព្រឹកនេះ។
តាមសេចក្តីជូនដំណឹង (គ.អ.ក) នៅព្រឹកថ្ងៃទី ២១ ខែកញ្ញានេះ បានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សធ្វើការអប់រំ និងពិន័យចំនួន ១២៦ នាក់ ឃាត់យានយន្ត ២៥ គ្រឿង ក្នុងនោះ រថយន្ត ២ គ្រឿង ម៉ូតូ ២៣ គ្រឿង ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាលនៅថ្ងៃទី ២០ ខែកញ្ញា។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅថ្ងៃដដែលនោះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ៤៦ ករណី និងផ្សព្វផ្សាយច្បាប់ទៅលើទីតាំងសរុបចំនួន ៤៧១ ធ្វើការអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ១៨៣ នាក់ ដែលធ្វើដំណើរតាមយានយន្ត ១២១ គ្រឿង និងបានពិន័យជាប្រាក់បានចំនួន ៤ ០០០ ០០០ រៀល៕