ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា បន្ត​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម ដោយ​ចែក​ស្បៀង​ជា​អង្ករ​ដល់​សិស្ស​មកពី​គ្រួសារ​ក្រីក្រ​ជាង​ ១៣ ០០០ នាក់ និង​ចុងភៅ​ជាង ៥០០ នាក់​ ទៅ​ដល់​សាលា​បឋមសិក្សា​ចំនួន​ ២០៥ សាលា ក្នុង​ខេត្ត​គោលដៅ​ចំនួន​ ៦ ដែល​រងផលប៉ះពាល់​ខ្លាំង​ពី​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ ឆ្នាំ​ ២០២១​។

លោក ជួ ហុក ប្រធាន​ការិយាល័យ អាហារូបករណ៍ នាយកដ្ឋាន​បឋមសិក្សា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​ថ្លែងប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ នៅ​ថ្ងៃទី ២០ ខែកញ្ញា​ថា ការចែក​ស្បៀង​ជា​អង្ករ​នេះ​ជា​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍​ ដើម្បី​ឆ្លើយតប​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍​ ២០ កុម្ភៈ ឆ្នាំ​ ២០២១​។

លោក​បាន​ថ្លែងថា​៖ «​ការផ្ដល់​ស្បៀង​នេះ គឺ​ផ្ដល់ជូន​ដល់​ក្រុមសិស្ស​មកពី​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​រួមទាំង​ចុងភៅ​កំពុង​រស់នៅ​តាម​តំបន់​ដែល​មាន​អត្រា​អសន្តិសុខ​ស្បៀង​ខ្ពស់​កំពុង​រង​ផលប៉ះពាល់​ខ្លាំង​ ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ​ឆ្នាំ​ ២០២១ ​នៅតាម​សាលាបឋមសិក្សា​ស្ថិត​ក្នុង​ខេត្ដ​គោលដៅ​»​។

លោក​បាន​បន្តថា​៖ «​ការផ្ដល់​ស្បៀង​នេះ គឺ​ផ្ដោត​សំខាន់​ដល់​អាណាព្យាបាល និង​ឪពុក-ម្ដាយ​សិស្ស​ឱ្យ​បន្ត​ជំរុញ​កូន​ឱ្យនៅ​សិក្សា​បន្តទៀត​។ បើសិនជា​ពួកគាត់​ទៅ​ធ្វើ​ចំណាកស្រុក សូមកុំ​នាំ​កូន​ទៅតាម និង​ឱ្យ​ពួកគាត់​រក្សា​កូន​នៅផ្ទះ​ ឬ​ផ្ញើ​សាច់ញាតិ​ ដើម្បី​ឱ្យ​កូន​បាន​បន្ត​ការរៀន​របស់​ពួកគេ​»​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ ការផ្ដល់​ស្បៀង​ដល់​ក្រុមសិស្ស​រស់នៅ​ក្នុង​គ្រួសារ​ទាំងនោះ និង​ចុងភៅ​នេះ​ដោយ​មាន​កិច្ចសម្របសម្រួល​ពី​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម​។ ការផ្តល់​ស្បៀង​ជា​អង្ករ​នេះ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ២០ ខែកញ្ញា រហូតដល់​ថ្ងៃទី​ ២៥ ខែកញ្ញា ឆ្នាំ​ ២០២១ នៅតាម​ខេត្ត​គោលដៅ​ចំនួន​ ៦ រួមមាន ខេត្ដ​សៀមរាប បាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង និង​កំពង់ចាម​ដែល​គ្របដណ្តប់​លើ​ស្រុក​ចំនួន ១៦ ឃុំ​ចំនួន ៨៣ ភូមិ​ចំនួន ២០៤ និង​សាលាបឋមសិក្សា​ចំនួន ២០៥ សាលា ក្នុងនោះ​មាន​សិស្សានុសិស្ស​ចំនួន ១៣ ៧៥៧ ​នាក់ និង​ចុងភៅ​ចំនួន ៥៣៦ ​នាក់ ដែល​នឹង​ទទួលបាន​អង្ករ​ក្នុង​ម្នាក់​ចំនួន​ ២៥ ​គីឡូក្រាម​។ ​ដោយឡែក​គ្រួសារ​មានកូន​លើសពី​ម្នាក់​ដែល​កំពុង​មាន​កូន​រៀន​ក្នុង​សាលាបឋមសិក្សា​គោលដៅ​តែមួយ​នឹង​ទទួលបាន​របប​ជា​អង្ករ ៥០ ​គីឡូក្រាម​។

ក្រសួង​បញ្ជាក់ថា កម្មវិធី​នេះ​ផ្ដល់​អាទិភាព​ដល់​ក្រុមសិស្ស​មកពី​គ្រួសារ​ក្រីក្រ​ដែល​ទទួល​បាន​អាហារូបករណ៍​ពី​រាជរដ្ឋាភិបាល និង​ក្រុមសិស្ស​មកពី​គ្រួសារ​មាន​បណ្ណ​សមធម៌​ (​កម្រិត​ ១ កម្រិត​ ២) និង​បណ្ណអាទិភាព ដែលមាន​សុតភាព ក៏មាន​សិទ្ធិ​ទទួលបាន​ការផ្តល់ជូន​ស្បៀង​ជា​អង្ករ​ផងដែរ​។

យុវតី ភន់ ឡាត់ មាន​លំនៅ​ក្នុងស្រុក​បន្ទាយស្រី​ខេត្ដ​សៀមរាប​បាន​ឱ្យ​ដឹងថា ប្អូនប្រុស​របស់​នាង​បានទទួល​ជំនួយ​ស្បៀង​ជា​អង្ករ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​ផ្ដល់ជូន​នេះដែរ​។ ការទទួលបាន​ស្បៀង​នេះ គឺ​អាជ្ញាធរ​ហៅ​ទៅ​ទទួល​ជា​លក្ខណៈ​គ្រួសារ ដោយ​មិនមាន​ការជួបជុំ​ទទួល​ទេ​។

យុវតី ភន់ ឡាត់ បាន​ប្រាប់ថា​៖ «​ដោយសារ​មាន​ការផ្ទុះ​ការឆ្លង​កូវីដ​ ១៩ ខ្លាំង តំបន់​មួយចំនួន​ក្នុង​ក្រុង​សៀមរាប​បិទខ្ទប់​មិនឱ្យ​ជួបជុំ​ទេ​។ ពលរដ្ឋ​មិនបាន​ចេញទៅ​រកស៊ី​អី​ទេ ដោយសារ​ម្នាក់ៗ​ខ្លាច​។ បើ​អ្នក​ធ្វើស្រែ ចម្ការ នៅ​បន្តទៅ​ធ្វើស្រែ​របស់​ពួកគាត់​ធម្មតា ប៉ុន្ដែ​មិន​ចេញ​ក្រៅ​ជួប​អ្នកផ្សេង​ទេ​។ បើ​និយាយ​ពី​ស្ថានភាព​សេដ្ឋកិច្ច​វិញ​គឺ​យ៉ាប់​ណាស់ មិនដឹង​ទៅ​ធ្វើ​ការងារ​អី​កើត​ទេ​។ ខ្ញុំ​និយាយ​ឱ្យ​ត្រង់​ស្ថានភាព​ឥឡូវ​កំពុង​លំបាក​ណាស់ គឺ​ដាច់យ៉ៃ​តែម្ដង​»​។

លោក ហុក ថ្លែង​ថា ការងារ​អប់រំ​កុមារ​នាពេល​បច្ចុប្បន្ន ទោះបី​ជា​មាន​បិទ​សាលារៀន ប៉ុន្ដែ​នៅ​បន្ត​ដំណើរការ​បង្រៀន និង​រៀន​ដដែល​។ ក្នុងនោះ​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់ គ្រូ​មិន​បង្រៀន​ផ្ទាល់​ទេ​៕