ភ្នំពេញៈ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ខួប​ ២០ ​ឆ្នាំ​ នៃ​ការបង្កើត​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ (DMC) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២០ ខែកញ្ញា​ថា ការកើនឡើង​នៃ​អង្គភាព​សារព័ត៌មាន​គឺជា​ការបញ្ជាក់​នូវ​សេរីភាព​នៃ​ការអនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​នៅក្នុង​ប្រទេសមួយ ហើយ​ការកើនឡើង​អង្គភាព​សារព័ត៌មាន​នេះ​ក៏​មិនមាន​ការបែងចែក​នូវ​អង្គភាព​សារព័ត៌មាន​ដែលមាន​និន្នាការ​ប្រឆាំង និង​អង្គភាព​សារព័ត៌មាន​ដែលមាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​នោះទេ​។

លោក​បន្តថា អង្គភាព​សារព័ត៌មាន​មួយ​ដែល​ទទួលបាន​សិទ្ធិ​ធ្វើជា​អ្នកសារព័ត៌មាន​លុះត្រា​អង្គភាព​សារព័ត៌មាន​នោះ​ត្រូវបំពេញ​លក្ខខណ្ឌ​ទៅតាម​ច្បាប់ និង​តាម​វិជ្ជាជីវៈ​។

លោក មាស សុភ័ណ្ឌ ថ្លែងថា​៖ «​យើង​មិនអាច​កំណត់​បានដែរ​ថា អ្នកសារព័ត៌មាន​ដែល​ផ្សាយ​តែ​ព័ត៌មាន​អវិជ្ជមាន ឬ​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល ឬ​របស់​រដ្ឋាភិបាល​ប្រទេសមួយ វាយតម្លៃ​ខ្លួនឯង​ថា​ជា​អ្នក​ឯករាជ្យ គឺ​វា​អត់​ត្រឹមត្រូវ​ទេ​។ ជា​អ្នក​សារព័ត៌មាន​គឺ​ត្រូវ​ផ្សាយ​ឱ្យ​គ្រប់​ទិដ្ឋភាព ដែល​ទទួលបាន​ពី​ប្រភព​បែបណា​ត្រូវ​ផ្សាយ​បែប​នោះ​។ អ៊ីចឹង​អ្នកសារព័ត៌មាន​គឺ​ត្រូវ​ការទទួល​ព័ត៌មាន​ពី​គ្រប់​ប្រភព ទើប​បាន​យើង​សរសេរ​ព័ត៌មាន​ហ្នឹង​។ ទោះ​ព័ត៌មាន​ប្រភេទ​អី​ក៏ដោយ​»​។

លោក ណុប វី នាយក​ប្រតិបត្តិ សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មានកម្ពុជាថ្លែងថា ឯករាជភាព ឬ​មិន​ឯករាជភាព​គឺ​វា​មិន​អាស្រ័យ​ទៅលើ​ការផ្សាយ​ព័ត៌មាន​ពី​ភាពអវិជ្ជមាន ឬ​ភាពវិជ្ជមាន​របស់​រដ្ឋាភិបាល​នោះទេ តែ​ជា​អ្វីដែល​អ្នកសារព័ត៌មាន​ត្រូវមាន​ឯករាជ្យ​នៃ​ការគិត ការសរសេរ​ព័ត៌មាន និង​ការមិន​ដាក់​កម្រិត​ទៅលើ​សេរីភាព​នៃ​ការសរសេរ​។

លោក​ថា​៖ «​យើង​ដឹង​ហើយ​ថា សេរីភាព​នៃ​ការសរសេរ​របស់​អ្នក​សារព័ត៌មាន​គឺ​មិនអាច​ត្រូវបាន​ចាប់បង្ខំ មិនអាច​ត្រូវ​បាន​ដឹក​ដៃ​ដោយ​បុគ្គល​ ឬ​ក្រុម​ណាមួយ​ទេ​»៕