ភ្នំពេញៈ មន្ត្រី​ក្រសួង​សុខាភិបាល​អះអាងថា កម្ពុជា​គ្រប់គ្រង​ទាន់ពេលវេលា​ពី​ស្ថានការណ៍​នៃ​ការចម្លង​វីរុស​កូវីដ​ ១៩ ប៉ុន្តែ​ការចម្លង​នៃ​វីរុស​មាន​ការហក់​ឡើង​បន្តិច ដោយសារ​តំបន់​ខ្លះ ខេត្ត​ខ្លះ បុគ្គល​មួយចំនួន​មិនបាន​អនុវត្ត​វិធានការ ៣​កុំ ឱ្យបាន​ត្រឹមត្រូវ​នៅឡើយ​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ ១៩​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ថ្លែង​បែបនេះ​ក្នុង​ពេល​លោកស្រី​ចូលរួម​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ក្នុង​ខេត្តស្ទឹងត្រែង​នា​រសៀល​ថ្ងៃទី​ ១៩ កញ្ញា​។

លោកស្រី​ថ្លែងថា​៖ «​នៅពេលនេះ ស្ថានភាព​នៃ​ការចម្លង​នៃ​វីរុស​កូវីដ​ ១៩ បើ​យើង​និយាយ​ពី​ការគ្រប់គ្រង គឺ​យើង​គ្រប់គ្រង​បាន​ទាន់​ពេលវេលា ប៉ុន្តែ​ប្រសិនបើ​យើង​និយាយ​ពី​ការចម្លង គឺ​វា​មាន​សភាព​មួយ​ហក់​ឡើង​បន្តិច​។ ហេតុ​អី​បាន​ជា​ខ្ញុំ​និយាយថា​ហក់ឡើង​បន្តិច ពីព្រោះ​បច្ចុប្បន្ននេះ យើង​ឃើញ​ហើយ​តំបន់​ខ្លះ ខេត្ត​ខ្លះ គឺ​មាន​ការចម្លង​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយ ក្រោយពី​យើង​បាន​ផ្តល់​វ៉ាក់សាំង​កូវីដ​ ១៩ ​រួច​»​។

អ្នកនាំពាក្យ​រូបនេះ​បាន​រំឭក​ជាថ្មី​ដល់​ពលរដ្ឋ​គ្រប់រូប សុំ​កុំ​មាន ការធ្វេសប្រហែស ទោះបី​ខ្លួន​បានចាក់​វ៉ាក់សាំង​រួចហើយ​ក៏ដោយ​។

លោកស្រី​ វណ្ណឌីន បញ្ជាក់ថា​៖ «​ទោះបីជា​យើង​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ក៏ដោយ ប៉ុន្តែ​បើ​យើង​មិន​បន្ត​អនុវត្ត​នូវ​វិធានការ ៣ ការពារ និង ៣ ​កុំ​ទេ ការចម្លង​វា​នឹង​កើតមាន​ឡើង ហើយ​នៅពេល​ដែល​ការចម្លង​កើតមានឡើង វា​នឹង​ផ្តល់​លទ្ធភាព​ឆ្លង​ពី​បុគ្គល​មួយ ទៅ​បុគ្គល​មួយទៀត​ហើយ​។ ពិសេស​ការអនុវត្ត​វិធានការ​៣ ​កុំ គឺ​មិនទាន់បាន​អនុវត្តបាន​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ​»​។

ជាមួយ​គ្នា​នេះ អ្វីដែល​កាន់តែ​ធ្វើឱ្យ​លោកស្រី​បារម្ភ​ថែមទៀត​នោះ​គឺ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​មូ​ (Mu) ​ដែល​ប្រទេស​ចំនួន​ ៤៩ ហើយ​បាន​ឆ្លង​វីរុស​នេះ ប៉ុន្តែ​កម្ពុជា​មិនទាន់​រកឃើញ​មាននៅ​ឡើយ​ទេ​។

លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល កាលពី​ចុងសប្តាហ៍​មុន​បាន​ណែនាំ​ដល់​គ្រប់​អភិបាល​រាជធានី-ខេត្ត​បន្តធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ពី​ការអនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន បន្ទាប់ពី​ការឆ្លង​ជំងឺ​កូវីដ​ ១៩ មាន​ការហក់​ឡើងវិញ​នាពេល​ថ្មីៗ​នេះ​។

លោក​ថា​៖ «​ក្នុងពេល​ថ្មីៗ​នេះ មាន​ការហក់​ឡើងវិញ​នូវ​ការចម្លង វីរុស​កូវីដ​ ១៩ ​នៅតាម​ខេត្ត​មួយចំនួន ដែល​តម្រូវឱ្យ​មាន​ការយកចិត្ត​ទុកដាក់​ជំរុញ​បន្ថែមទៀត​នូវ​ការបន្ត​ធ្វើ​យុទ្ធនាការ​អប់រំ​សុខភាព ក្រោម​ប្រធានបទ​រួមគ្នា​ទទួល​ខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ​ ១៩»​។

វិធានការ ៣ ​ការពារ និង​ ៣ ​កុំ របស់​រដ្ឋាភិបាល រួមមាន ៣ ​ការពារ គឺ​ការពាក់​ម៉ាស់ លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល ឬ​ជែល​ឱ្យបាន​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​។ ចំណែក​វិធានការ ៣ កុំ គឺ​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញ-ចូល និង​កុំ​ប៉ះពាល់​គ្នា​។

ទាក់ទង​នឹង​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ ​១៩ បើតាម​ការលើកឡើង​របស់​លោកស្រី​​ ឱ វណ្ណឌីន មកដល់​ត្រឹម​ថ្ងៃទី​ ១៩ ខែកញ្ញា ពលរដ្ឋ​ចំនួន​ជាង​ ៩,៨ ​លាន​នាក់ ឬ​ស្មើនឹង​ ៩៨,២៧% សម្រាប់​ក្រុម​គោលដៅ​ដែលមាន​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩​។

លោកស្រី​ថ្លែងថា​៖ «​វឌ្ឍនភាព​នេះ​វា​នឹង​រំកិល​ទៅមុខទៀត​ដោយសារ​យើង​នៅ​បន្ត​ចាក់​ជា​រៀងរាល់​ថ្ងៃ ហើយ​ខ្ញុំ​រំពឹងថា​ក្នុង​ខែតុលា​នេះ យើង​នឹង​អាចឈាន​ចូលទៅ​ដល់​ការសម្រេច​គោលដៅ​ប្រជាពលរដ្ឋ​ចំនួន​ ១០ ​លាន​នាក់​»​។

កាលពី​ថ្ងៃទី​ ១៩ កញ្ញា មន្ត្រី​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្តស្វាយរៀង សហការ​ជាមួយ​ក្រុម​កាកបាទក្រហម​ឃុំ​កំពង់ចម្លង និង​អ្នកស្ម័គ្រចិត្ត​ប្រចាំ​ភូមិ​បាន​ចុះអប់រំ​ផ្សព្វផ្សាយ​ស្តីពី​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ការគាំទ្រ​ចិត្តសាស្ត្រ​សង្គម សុខភាព ផ្លូវចិត្ត​ក្នុង​បរិបទ​ជំងឺ​កូវីដ​ ១៩ ​ទៅដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​តាជៃ និង​ភូមិ​ចំបក់គុយ ឃុំ​កំពង់ចម្លង ស្រុក​ស្វាយជ្រំ ផងដែរ​។

យោងតាម​របាយការណ៍​របស់​សាខា​កាកបាទក្រហម​ខេត្តស្វាយរៀង បានឱ្យដឹងថា ការចុះ​ផ្សព្វផ្សាយ​នេះ ក្រុមការងារ​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​នីមួយៗ​ក្នុង​សហគមន៍​ដោយ​បាន​បែងចែក​ជា​ក្រុម​តូចៗ​ដែលមាន​មនុស្ស​តិចជាង​ ១០ ​នាក់​ប៉ុណ្ណោះ ដើម្បី​បង្ការ​ការចម្លង​វីរុស​កូវីដ​ ១៩៕

វីដេអូ៖