សៀមរាបៈ អាជ្ញាធរខេត្ត​សៀមរាប​កំពុង​សិក្សា​ស្រាវជ្រាវ​បញ្ហា​​ដីធ្លី​ស្ថិតនៅ​ភូមិ​រំចេក ឃុំ​រំចេក និង​ភូមិ​ខ្នារ ឃុំ​ខ្នារសណ្ដាយ ស្រុក​បន្ទាយស្រី ដើម្បី​រៀបចំ​ប្លង់​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ បន្ទាប់ពី​ពិនិត្យ​ឃើញថា និយាមការ​ដែល​ពលរដ្ឋ​ស្នើសុំ​មិនត្រូវ​ជា​គ្នា​ជាមួយ​ដី​គម្រប​ព្រៃឈើ​។

លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​ថ្លែង​នៅ​ថ្ងៃទី​ ១៩ ខែកញ្ញា ថា អាជ្ញាធរខេត្ត​បាន​ពិនិត្យឃើញ​ថា និយាមការ​ដែល​ពលរដ្ឋ​ដាក់​ស្នើសុំ​គឺ​មិនត្រូវ​គ្នា​ជាមួយ​និយាមការ​ដី​គម្រប​ព្រៃឈើ​ ២០០២ ដែល​រាជរដ្ឋាភិបាល​បានសម្រេច​កាត់ឆ្វៀល​ចេញ​នោះទេ​។

ហេតុនេះ​អាជ្ញាធរ​ខេត្ត​កំពុង​សិក្សា​ស្រាវជ្រាវ​ឱ្យបាន​ច្បាស់លាស់​ ដើម្បី​រៀបចំ​ប្លង់​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​។ យ៉ាងណា​ក្ដី លោក​មិនបាន​បញ្ជាក់​ច្បាស់​ថា មាន​ពលរដ្ឋ​ប៉ុន្មាន​រយ​គ្រួសារ​ទេ​នៅ​តំបន់​នោះ​។

លោក​ថ្លែងថា​៖ «​ឥឡូវនេះ អ្វីដែល​យើង​ពិបាក​គឺ​និយាមការ​ដែល​បាន​ពិនិត្យមើល​វា​មិន​​ត្រូវ​គ្នា​ជាមួយ​នឹង​គម្រប​ព្រៃឈើ​បាន​កាត់​ឆ្វៀល​មាន​កន្លែង​ខ្លះ​វា​ប៉ះ​គង​គ្នា ហើយ​កន្លែង​ខ្លះ​​គឺ​មិន​ស្ថិតនៅក្នុង​សេចក្តី​សម្រេច​ទេ​។ នេះហើយ​ជា​បញ្ហា​ថា បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​គាត់​មាន​បណ្ណ​កម្មសិទ្ធិ​មុន​ ២០០២ មក​ម្ល៉េះ ហើយ​យកមក​ពិនិត្យ គឺ​មិន​ស្ថិត​ក្នុង​តំបន់​តែមួយ​» ។

លោក​អភិបាលខេត្ត​បាន​​បន្តថា បញ្ហាដីធ្លី​នៅ​ទីនោះ​មាន​បញ្ហា​ស្មុគស្មាញ​ ដោយសារ​តែ​​មាន​ពលរដ្ឋ​មួយចំនួន​មាន​ដី​នៅ​ទីតាំង​នោះ​បាន​លក់​ទៅឱ្យ​ម្ចាស់​ផ្សេង​។ ចំណែក​ម្ចាស់​ផ្សេង​ក៏បាន​លក់​ទៅឱ្យ​ក្រុមហ៊ុន​ ឡេង ណាវ៉ាត្រា ហេតុនេះ​ក្រដាស​ស្នាម​មួយចំនួន​នៅមាន​ការខ្វះខាត ប៉ុន្តែ​ក្រដាស​ស្នាម​មួយចំនួន​ក៏​ត្រឹមត្រូវ​តាមច្បាប់​ផងដែរ​។

លោក​ថ្លែងថា​៖ «​នេះ​ជា​បញ្ហា​មួយ​ដែល​យើង​ត្រូវតែ​ពិនិត្យ​​ឱ្យបាន​ច្បាស់លាស់ តើ​ប្រជាពលរដ្ឋ​គាត់​មាន​ការទិញ​លក់ ពិតប្រាកដ​មែនឬ​មួយ​ក៏​ប្រជាពលរដ្ឋ​គាត់​មាន​បំណង​ផ្សេង​ក្នុង​ការមក​ចាប់យក​ដី​នៅ​​ទីតាំង​ហ្នឹង​» ។

តាមរយៈ​អនុក្រឹត្យ​លេខ​ ១២០ ​អនក្រ.បក ចុះ​ហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ២៣ ​កក្កដា ឆ្នាំ​ ២០២១ បញ្ជាក់ថា ដី​ចំនួន​ ១៧២ ​ហិកតា​ ស្ថិតនៅ​ភូមិ​រំចេក ឃុំ​រំចេក និង​ភូមិ​ខ្នារ ឃុំ​ខ្នារសណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ត្រូវ​បាន​រាជរដ្ឋាភិបាល​កាត់​ចេញពី​គម្រប​ព្រៃឈើ​។

លោក​ ឃឹម ហ្វីណង់ អភិបាល​​ស្រុក​បន្ទាយស្រី​ថ្លែង​នៅ​ថ្ងៃទី​ ១៩ ខែកញ្ញា​ថា ដី​នៅ​តំបន់​នោះ​ត្រូវបាន​ធ្វើ​អនុបយោគ​ទៅឱ្យ​ក្រុមហ៊ុន​មួយ ដែល​លោក​មិន​បានដឹង​ច្បាស់​ថា ជា​ក្រុមហ៊ុន​ឈ្មោះ​អ្វី​នោះទេ ប៉ុន្តែ​លោក​ថា ប្រហែល​អាចជា​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា​។

បើតាម​លោក ហ្វីណង់ ដី​តំបន់​នោះ​អត់​មានព្រៃ​តាំងពី​ឆ្នាំ​ ២០០០ ​មក​ម្ល៉េះ​។ ទោះបី​​ជា​មាន​ការកាន់កាប់​អាស្រ័យផល​ដោយ​មិនមាន​គម្រប​ព្រៃឈើ​តាំងពី​ឆ្នាំ​ ២០០០ ​មក​ក៏ដោយ ក៏​មិនទាន់​មាន​ការកាត់ចេញ​ពី​បញ្ជី​សារពើភណ្ឌ​នៃ​​ដី​រដ្ឋ​ដែលជា​ដី​គម្រប​ព្រៃឈើ​នោះទេ​។

លោក​បញ្ជាក់ថា ដី​ដែល​ធ្វើ​អនុបយោគ​ទៅឱ្យ​ក្រុមហ៊ុន​ជា​ដី​ដែល​ប្រជាពលរដ្ឋ​អាស្រ័យផល​ក្នុង​រយៈពេល​យូរ ហើយ​ដី​នោះ​ទៀតសោត​ជា​ដី​ដែល​មិនទាន់បាន​កាត់​ចេញពី​បញ្ជី​សារពើភណ្ឌ​ជា​ដី​របស់​រដ្ឋ​នៅឡើយ​។

លោក​បាន​ថ្លែងថា​៖ «​មិនមែន​មានន័យថា យើង​យក​ដី​កំពុង​មាន​ព្រៃឈើ​កាត់ចេញ​យកទៅ​អភិវឌ្ឍ​ទេ ប៉ុន្តែ​យើង​គ្រាន់តែ​ផ្តល់​ភាពស្របច្បាប់​ខាង​ផ្នែក​គតិយុត្ត​ទៅលើ​ដី​ដែល​កាន់កាប់​អាស្រ័យផល​ដោយ​ជាក់ស្តែង​រួចមក ហើយ​គ្រាន់តែ​ផ្តល់​កម្មសិទ្ធិ​ស្របច្បាប់​ជូន​តែប៉ុណ្ណោះ​»៕

វីដេអូ៖