បន្ទាយមានជ័យៈ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បាន​អះអាង​​នៅ​ថ្ងៃទី​ ២០ កញ្ញា​ថា ទឹកភ្លៀង​ និង​ទឹក​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ​តាម​អូរ​ព្រំដែន​ក្នុង​រយៈពេល​ ២ ​ថ្ងៃ​ជាប់​គ្នា​នេះ​បាន​បង្ក​ជន់លិច​ហេដ្ឋារចនាសម្ព័ន្ធ និង​លំនៅឋាន​ពលរដ្ឋ​ជាច្រើន​ខ្នង​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ផ្សារកណ្ដាល​​ និង​សង្កាត់​ប៉ោយប៉ែត ហើយ​ពលរដ្ឋ​យ៉ាងហោចណាស់​ ៤០ ​គ្រួសារ​ត្រូវបាន​ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព​។

លោក ញឹម ភឿង នាយករដ្ឋបាល​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេល​​នេះ ក្រុម​កម្លាំង​បញ្ជាការ​ឯកភាព​ក្រុង​ប៉ោយប៉ែត​បាន​ប្រើ​គ្រឿងចក្រ​កាយ​ប្រឡាយ​បើក​​មុខទឹក​ឱ្យបាន​ធំ​ទូលាយ ដើម្បី​ឱ្យ​ទឹក​ហូរ​ធ្លាក់ចុះ​ទៅតាម​ប្រព័ន្ធ​ប្រឡាយ អូរ និង​បឹង​មួយចំនួន​នៅ​ផ្នែក​ខាងក្រោម​ ដើម្បី​កាត់បន្ថយ​ការជន់លិច​លំនៅឋាន​ពលរដ្ឋ និង​បណ្ដាញ​ផ្លូវ​សំខាន់ៗ​ក្នុង​តំបន់​ទីប្រជុំជន​នៃ​ទីក្រុង​នេះ​។

លោក ភឿង បាន​បញ្ជាក់ថា​៖ «​គិត​ត្រឹម​ម៉ោង​ ១១ ​ព្រឹក​ថ្ងៃទី​ ២០ ខែកញ្ញា ឆ្នាំ​ ២០២១ នេះ ក្រុមការងារ​យើង​បាន​ជួយ​អន្តរាគមន៍​ជម្លៀស​ពលរដ្ឋ​ ៤០ ​គ្រួសារ ដែល​រស់នៅ​ជាប់​ដងអូរ​ព្រំដែន ក្នុង​ភូមិសាស្ត្រ​សង្កាត់​ផ្សារកណ្ដាល និង​សង្កាត់​ប៉ោយបែត​មកកាន់​ទីទួល​សុវត្ថិភាព​ដោយ​ជោគជ័យ និង​កំពុង​បន្ត​ជីក​កាយ​ផ្លូវលំ​មួយចំនួន ដើម្បី​បើកមុខ​ទឹក​ឱ្យ​ហូរ​ធ្លាក់​ទៅតាម​ប្រព័ន្ធ​ដៃ​អូរ និង​ប្រឡាយ​មួយចំនួន​នៅ​ផ្នែក​ខាងក្រោម ដើម្បី​កាត់បន្ថយ​ការលិចលង់​ផ្ទះ​ពលរដ្ឋ​ និង​ផលប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​សំខាន់​នៅក្នុង​ទីក្រុង​»​។

បើតាម​លោក ភឿង ភ្លៀង​នៅតែ​បន្ត​ធ្លាក់ និង​កំពុង​ជន់លិច​ស្ទើរតែ​គ្រប់​ច្រកល្ហក​ព័ទ្ធ​ជុំវិញ​ក្រុង​ប៉ោយប៉ែត ប៉ុន្តែ​នៅ​មិនទាន់​បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​នោះទេ ហើយ​ក៏​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹក​ដែល​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ​តាម​អូរ​ព្រំដែន​នោះ​នៅឡើយ​ដែរ​។

ចំណែក លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុក​មង្គលបុរី​បាន​ថ្លែងថា នៅពេលនេះ​ទឹកស្ទឹង​មង្គលបុរី​បាន​ជន់ឡើង​ព្រៀប​មាត់​ស្ទឹង និង​កំពុង​ជន់លិច​ហូរ​កាត់​ផ្លូវលំ​ជាច្រើន​ខ្សែ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ចំនួន​ ៣ រួមមាន ឃុំ​សឿ ឃុំ​ចំណោម និង​​ឃុំ​រហាត់ទឹក​។ ក្នុងនោះ​នៅ​ឃុំ​សឿ ទឹកបាន​ជន់លិច និង​ហូរ​កាត់​ផ្លូវ​ ៣ ​កន្លែង​ស្ថិត​ក្នុង​ភូមិ​បឹង​តូច​ភូមិ​បល្ល័ង្ក​ព្រះ​ និង​ភូមិ​អូរ​ជួប​ថ្មី​ ៤០០ ​ម៉ែត្រ ប៉ុន្តែ​នៅ​មិនទាន់​ដល់​ដី​លំនៅឋាន​អ្នកភូមិ​ទេ ខណៈ​នៅ​ឃុំ​ចំណោម ទឹកជន់​លិច​ផ្លូវលំ​ក្នុង​​ភូមិ​សាយសាម៉ន និង​ភូមិ​ដំណាក់ព្រះអង្គ ប្រវែង​ ៣ ​គីឡូ​ម៉ែត​ និង​លិច​ផ្ទះ​ពលរដ្ឋ​ ៦ ​ខ្នង​។ ​

ចំណែក​នៅ​ឃុំ​រហាត់ទឹក​វិញ​ទឹកបាន​លិច​ផ្ទះ​ពលរដ្ឋ​ ២៦ ​ខ្នង ក្នុង​ភូមិ​ចំនួន​ ៤ រួមមាន ភូមិ​ចម្ការចេក​ ១០ ​ខ្នង ភូមិ​ចកលិច ៤ ​ខ្នង ភូ​មិច​កកើត​ ៦ ​ខ្នង និង​ភូមិ​ក្រម៉ុល ៦ ​ខ្នង និង​លិច​កំណាត់​ផ្លូវលំ​ ១ ​ខ្សែ​ក្នុងភូមិ​ជួប​ប្រវែង​ ៥០ ​ម៉ែត្រ​។

ជំនន់​ពី​ថៃ​បង្ក​ការលិច​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ផ្ទះប្រជាពលរដ្ឋ​ខ្លះ​នៅ​ក្រុង​ប៉ោយប៉ែត។ រូបថត RCA

លោក​ថា​៖ «​ពេលនេះ អាជ្ញាធរ​កំពុង​ត្រៀម​បម្រុង​កម្លាំង​ និង​មធ្យោបាយ​ចុះជួយ​អន្តរាគមន៍​ពលរដ្ឋ​ពី​តំបន់​ងាយ​រងគ្រោះ ខណៈ​កម្ពស់​ទឹកស្ទឹង​មង្គលបុរី​កំពុង​បន្ត​ជន់​ឡើង​គួរឱ្យ​ព្រួយបារម្ភ​»​។

ជាមួយ​គ្នា​នេះ លោក សិង្ហ ទុំ មេបញ្ជាការ​កងពលតូច​លេខ​ ៥១ ប្រចាំខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្លាំង​របស់​​លោក​កំពុង​ចុះ​អន្តរាគមន៍​ជួយ​​ពលរដ្ឋ​ពី​គ្រោះទឹកជំនន់ ទៅ​ទីទួល​សុវត្ថិភាព​ដែល​គិត​ត្រឹម​ថ្ងៃទី​ ២០ ​កញ្ញា បាន​ជាង​ ៤០ ​គ្រួសារ​។

លោក​ថា​៖ «​ពេលនេះ​ផ្ទះ​ពលរដ្ឋ​តាម​ដងអូរ​ព្រំដែន​គឺ​ត្រូវ​ទឹក​ជន់លិច​អស់ហើយ ប៉ុន្តែ​គ្រួសារ​មួយ​​ចំនួន​បាន​ព្យាយាម​រស់នៅ​លើផ្ទះ​ដែល​ហ៊ុមព័ទ្ធ​ដោយ​ទឹកជំនន់ ចំណែក​គ្រួសារ​ខ្លះ ដែល​ផ្ទះ​របស់គាត់​លិច​មិនអាច​នៅបាន កម្លាំង​របស់​យើង​បាន​ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព​ហើយ​»​។

បើតាម​លោក សិង្ហ ទុំ ជំនន់​ទឹកភ្លៀង​ក្នុង​ក្រុង​ប៉ោយប៉ែត​អាច​នឹង​ជន់លិច​បន្ថែមទៀត ប្រសិនបើ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ដូច​ការព្យាករ​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​​កាលពី​ថ្ងៃទី​ ១៨ ខែកញ្ញា បាន​ព្យាករ​ថា ភ្លៀង​នឹង​បន្ត​ធ្លាក់​ខ្លាំង​អូសបន្លាយ​ដល់​ថ្ងៃទី​ ២៥ ខែកញ្ញា​ និង​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ និង​អាជ្ញាធរ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​​គ្រោះ​ជំនន់​ទឹកភ្លៀង ជាពិសេស​អ្នក​ដែល​រស់នៅ​ជាប់​តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក ព្រមទាំង​តំបន់​ទំនាប​ជាប់​មាត់ទឹក​។

ទន្ទឹមនឹង​នេះដែរ លោក គន់ គីម ប្រធាន​ទី​ ១ គណៈកម្មាធិការ​ជាតិ​​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​រំឭក​ដល់​មន្ត្រី​ឱ្យ​សហការ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រោះមហន្តរាយ​ជូន​ពលរដ្ឋ និង​ត្រូវ​ត្រៀមលក្ខណ​សម្បត្តិ​ ដើម្បី​ជួយសង្គ្រោះ​ពលរដ្ឋ​​ក្នុងពេល​មាន​គ្រោះមហន្តរាយ​។

ជុំវិញ​បញ្ហា​គ្រោះមហន្តរាយ​​ធម្មជាតិ​នេះដែរ អាជ្ញាធរ​ក្រុង​សៀមរាប​នៃ​ខេត្តសៀមរាប​បាន​ប្រាប់ឱ្យដឹង​ផងដែរ​ថា ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ កាលពី​ព្រលប់​ថ្ងៃទី​ ១៩ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ​បាន​បង្ក​ផលប៉ះពាល់​ផ្ទះ​ពលរដ្ឋ​ចំនួន​ ៥ ​ខ្នង​ និង​ដំបូល​អគារ​សាលារៀន​ ១ ​ខ្នង និង​ដំបូល​អគារ​មន្ទីរពេទ្យ​ ១ ​ខ្នង ប៉ុន្តែ​មិនទាន់បាន​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​ពលរដ្ឋ​ណា​ម្នាក់​​នៅ​ឡើយ​ទេ​៕

វីដេអូ៖