សៀមរាប/ស្វាយរៀងៈ រដ្ឋបាល​ខេត្តសៀមរាប​សម្រេច​បិទខ្ទប់ និង​ដាក់​ជា​តំបន់​ក្រហម​នូវ​ភូមិ​ចំនួន​ ២ ​ក្នុង​ឃុំ​មានជ័យ និង​ឃុំ​រលួស ស្រុក​ប្រាសាទបាគង ចំនួន​ ១ ​សប្តាហ៍​ដែល​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​ ២០ ខែកញ្ញា ខណៈ​រដ្ឋបាលខេត្ត​ស្វាយរៀង ក៏​បិទ​ជា​បណ្តោះអាសន្ន​នូវ​ការលក់ដូរ​នៅ​ផ្សារ​ស្រះ​ក្នុង​ស្រុក​រមាសហែក​ចំនួន​ ២ ​សប្តាហ៍​ផងដែរ​។

លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​ប្រកាស​ឱ្យដឹងថា រដ្ឋបាល​ខេត្ត​បានសម្រេច​បិទខ្ទប់ និង​កំណត់​ជា​តំបន់​ក្រហម ក្នុង​ភូមិសាស្ត្រ​ភូមិ​ដូនទាវ នៅ​ឃុំ​រលួស និង​ភូមិ​តាប្រាក់ នៅ​ឃុំ​មានជ័យ ដែលជា​តំបន់​មាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​ថា​៖ «​ការបិទជា​បណ្តោះអាសន្ន​មាន​រយៈពេល​ ១ ​សប្ដាហ៍​គិត​ចាប់ពី​វេលាម៉ោង​ ១ ​រសៀល ថ្ងៃទី​ ២០ ​នេះ​រហូតដល់​ថ្ងៃទី​ ២៦ ខែកញ្ញា​ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​នៅក្នុង​ភូមិសាស្ត្រ ដែល​ត្រូវ​បិទ និង​ទប់ស្កាត់​ជំងឺ​នេះ​មិន​ឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត រហូត​មាន​ការចេញ​សេចក្តី​សម្រេច​ជាថ្មី​»​។

លោក​ ទៀ សីហា បញ្ជាក់ថា ក្នុង​អំឡុងពេល​នៃ​ការអនុវត្ត​បិទខ្ទប់​នេះ បុគ្គល​គ្រប់រូប​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ធ្វើដំណើរ​ចេញពី​លំនៅឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន​របស់ខ្លួន​ឡើយ​។ ក្នុងករណី​ការបំពាន​វិធានការ​ហាមឃាត់​ការធ្វើដំណើរ​នេះ អាជ្ញាធរ​អនុវត្ត​វិធានការ​បិទខ្ទប់ ត្រូវអនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដោយ​រួមទាំង​ការឃាត់​ទុកជា​បណ្តោះអាសន្ន​នូវ​មធ្យោបាយ​ធ្វើដំណើរ​ដោយ​អនុលោម​តាម​បទប្បញ្ញត្តិ និង​នីតិវិធី​ជា​ធរមាន​។

បើតាម​លោក​អភិបាលខេត្ត ផ្សារ និង​ទីកន្លែង​លក់​ម្ហូបអាហារ និង​គ្រឿង​ឧបភោគ​បរិភោគ ដោយ​រួមទាំង​ទីកន្លែង​លក់គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ព្រមទាំង​សកម្មភាព​ការងារ​មុខរបរ និង​អាជីវកម្ម​ទាំងអស់ នៅ​តំបន់​ក្រហម​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​។ រាល់​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន និង​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស ដើម្បី​សេព​គ្រឿងស្រវឹង​គ្រប់​ប្រភេទ និង​ការចាក់​ឧបករណ៍ បំពង​សំឡេង ការច្រៀង ឬ​រាំ​កម្សាន្ត ក៏​ត្រូវបាន​ហាមឃាត់​ផងដែរ​។

លោក​អភិបាលខេត្ត​បញ្ជាក់ថា ប្រជាពលរដ្ឋ​មិនត្រូវ​បានអនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ភូមិ​ ១ ទៅ​ភូមិ​ ១ ​ក្នុង​ភូមិសាស្ត្រ​ភូមិ​ដូនទាវ ឃុំ​រលួស និង​ភូមិ​តាប្រាក់ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង​ឡើយ​។

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី ​១៩ កញ្ញា រដ្ឋបាល​ខេត្តសៀមរាប​ក៏​បាន​សម្រេច​បិទ​ខ្ទប់ និង​កំណត់​ជា​តំបន់​ក្រហម​នូវ​ភូមិ​ចំនួន​ ២ គឺ​ភូមិ​កំពង់ និង​ភូមិ​ស្រមរ ក្នុង​ឃុំ​ជីក្រែង ស្រុក​ជីក្រែង រយៈពេល​ ១ ​សបា្តហ៍ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍​ផងដែរ​។

កាលពី​ថ្ងៃទី​ ១៧ កញ្ញា អាជ្ញាធរខេត្ត​សៀមរាប​បានដាក់​ភូមិ​ចំនួន​ ៣ និង​សង្កាត់ ចំនួន​ ៤ ក្នុង​ក្រុង​សៀមរាប ជា​តំបន់​ក្រហម និង​បាន​បិទខ្ទប់​តំបន់​ទាំងនោះ​រយៈពេល ១ ​សប្តាហ៍​ផងដែរ រហូតដល់​ថ្ងៃទី​ ២៣ កញ្ញា ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ មិនឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត​។

តំបន់​ទាំងនោះ​រួមមាន សង្កាត់​ស្លក្រាម សង្កាត់​ស្វាយដង្គំ សង្កាត់​គោកចក សង្កាត់​ជ្រាវ ភូមិ​តាវៀន​ស្ថិតក្នុង​សង្កាត់​សាលា​កំរើក និង​ភូមិ​ព្រៃធំ និង​ភូមិ​ស្រងែ​ស្ថិតក្នុង​សង្កាត់​ស្រងែ​។

គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ នៃ​ក្រសួងសុខាភិបាល​សហការ​ជាមួយ​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​ខេត្តសៀមរាប​ក៏​បាន​បន្ថែម​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ (Hot Line) 115 សម្រាប់​ខេត្ត​នេះ​ផងដែរ ដោយ​ចុច​លេខ​ 115 រួច​ចុច​លេខ 4​។

ទន្ទឹមនឹងនេះ លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ចេញ​លិខិត​អនុញ្ញាត​ឱ្យ​សណ្ឋាគារ ឡូទុសប្លង្គ (Lotus Blanc Hotel & Resort) ដែលជា​សណ្ឋាគារ​ដំបូង​គេ​ក្នុង​ខេត្តសៀមរាប​ផ្តល់​សេវា​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩​។

លោក​ ម៉ម ប៊ុនហេង បញ្ជាក់​ក្នុង​លិខិត​អនុញ្ញាត​ចុះ​ថ្ងៃទី​ ២០ កញ្ញា ថា​៖ «​អនុញ្ញាត​ឱ្យមាន​ការផ្តល់​សេវា​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ កម្រិត​ស្រាល នៅ​សណ្ឋាគារ​ឡូទុសប្លង្គ ក្នុង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដែល​មាន​លោកស្រី គួយ ណាលីន ជា​តំណាងឱ្យ​សណ្ឋាគារ និង​លោក​វេជ្ជបណ្ឌិត អ៊ិតឆប ឆរ័ត្ន ជា​អ្នកទទួលខុសត្រូវ​ផ្នែក​បច្ចេកទេស​»​។

លោក​បញ្ជាក់ថា សណ្ឋាគារ​នេះ​មិនត្រូវ​ផ្តល់​សេវា​ព្យាបាល​ជំងឺ​ផ្សេង​ក្រៅពី​ជំងឺ​កូវីដ​ ១៩ ​ឬ​ផ្តល់​សេវា​ផ្សេងៗ​ឡើយ​។

សណ្ឋាគារ Lotus Blanc Hotel & Resort នឹង​ចាប់ផ្តើម​បើកទទួល​ផ្តល់​សេវា​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ កម្រិត​ស្រាល​ចាប់ពី​ថ្ងៃទី​ ២៥ ខែ កញ្ញា ឆ្នាំ​ ២០២១ ​តទៅ​ផងដែរ​។

ចំណែក​រដ្ឋបាលខេត្ត​ស្វាយរៀង​ក៏​បាន​ប្រកាស​បិទ​ជា​បណ្តោះអាសន្ន​នូវ​ការដំណើរការ​តូប​លក់ដូរ​នៅ​ផ្សារ​ស្រះ​ស្ថិត​ក្នុង​ភូមិ​ស្រះ ឃុំ​ជ្រៃធំ ស្រុក​រមាសហែក រយៈពេល​ ១៤ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ២០ ខែកញ្ញា ដល់​ថ្ងៃទី​ ៤ ខែតុលា​។

សេចក្តី​សម្រេច​នេះ​បាន​បញ្ជាក់ថា អំឡុងពេល​បិទ​បណ្តោះអាសន្ន​នេះ គឺ​រឹតត្បិត​ការធ្វើ​ដំណើរ ហាមឃាត់ ការប្រមូលផ្តុំ ឬ​ការជួបជុំ​មនុស្ស​នៅក្នុង​ទីតាំង​នៃ​ផ្សារ​នេះ​ផងដែរ​៕

វីដេអូ៖