ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ស្ថាប័ន​តុលាការ​ពិចារណា​ក្នុង​ការបញ្ឈប់​ដីកា​តាម​ចាប់ខ្លួន​លោក សេង សារី អ្នកវិភាគ​ និង​ជា​អ្នកស្រាវជ្រាវ​អភិវឌ្ឍន៍​សង្គម​ និង​កុំឱ្យ​ក្រុមគ្រួសារ​របស់លោក​បារម្ភ បន្ទាប់ពី​លោកនាយករដ្ឋមន្ត្រី​បាន​ស្តាប់​ការបកស្រាយ​មាន​លក្ខណៈ​សមហេតុ​សមផល​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៧ ខែកញ្ញា​ បាន​ឱ្យដឹងថា តុលាការ​បានចេញ​ដីកា​ឱ្យ​តាម​ចាប់ខ្លួន​លោក សេង សារី ដែល​បាន​សរសេរ​លើកឡើង​នូវ​សេណារីយោ​កម្លាំង​ចំនួន​ ៦ ក្នុង​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ​តាម​ការអំពាវនាវ​របស់​លោក​ សម រង្ស៊ី ដោយ​យក​គំរូ​តាម​ប្រទេស​មីយ៉ាន់ម៉ា ហើយ​​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ចាត់ទុក​ជា​ទង្វើ​ខុសច្បាប់​មិនអាច​អត់ឱន​​ឱ្យបាន​។

លោក សេង សារី កាលពី​ថ្ងៃទី​ ២១ ខែ កក្កដា ឆ្នាំ​ ២០២១ បាន​សរសេរ​វិភាគ​តាម​ទំព័រ​ហ្វេសប៊ុក​របស់លោក​ពាក់ព័ន្ធ​នឹង​ការផ្តួចផ្តើម​គំនិត​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​របស់​លោក សម រង្ស៊ី ដោយ​លោក​ថា កម្លាំង​ដែល​អាចធ្វើឱ្យ​នយោបាយ​កម្ពុជា​ប្រែប្រួល​មាន​ចំនួន​ ៦ ​ធំៗ​រួមមាន កម្លាំង​អ្នកគាំទ្រ​គណបក្សប្រឆាំង កម្លាំង​មហាជន កម្លាំង​យុវជន កម្លាំង​ផ្ទៃក្នុង​គណបក្ស​កាន់អំណាច កម្លាំងប្រដាប់អាវុធ និង​កម្លាំង​អន្តរជាតិ និង​ប្រទេសជិតខាង​។ លុះក្រោយមក​ក៏មាន​ដីកា​តុលាការ​តាម​ចាប់ខ្លួន​លោក​។

ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់លោក​នៅ​ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ​ ២០២១ ​ថា ក្រោយពី​លោក​បាន​ស្តាប់​នូវ​ការសម្ភាស​របស់លោក សេង សារី ជាមួយ​កាសែត The Cambodia Daily កាលពី​ថ្ងៃទី​ ១៨ កញ្ញា ២០២១ ​បកស្រាយ​​ពន្យល់​អំពី​គោលបំណង​នៃ​ការវិភាគ​ថា​ «​ជា​ការវិភាគ​បែប​សេណារីយោ​» ។

លោកនាយក​រដ្ឋមន្ត្រី​បាន​ចាត់ទុកថា​​ការបកស្រាយ​នេះ​មាន​លក្ខណៈ​សមហេតុផល និង​អាច​ទទួលយកបាន​​ហើយ​ក្នុង​នាម​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​លោក​បាន​អំពាវនាវ​ឱ្យ​ស្ថាប័ន​តុលាការ​ពិនិត្យ​ពិចារណា​ក្នុង​ការបញ្ឈប់​ដីកា​ចាប់ខ្លួន​លោក​បណ្ឌិត​ សេង សារី​។

លោក​ ហ៊ុន សែន បាន​មានប្រសាសន៍​ថា​៖ «​ទន្ទឹមនឹងនេះ ខ្ញុំ​ក៏​សូម​លើក​ទឹកចិត្ត​ឱ្យ​លោក បណ្ឌិត សេង សារី បន្ត​កិច្ចការ​ស្រាវជ្រាវ និង​វិភាគ​បញ្ហា​សង្គម​បន្ត​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​។

ខ្ញុំ​ក៏​អំពាវនាវ​ឱ្យ​ភរិយា កូន និង​ឪពុកម្តាយ​របស់​បណ្ឌិត​ សេង សារី កុំឱ្យ​មាន​ការព្រួយបារម្ភ​»​។

ទាក់ទង​នឹង​បញ្ហា​នេះ លោក សេង សារី បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ពី​ប្រទេស​ថៃ​ នៅ​ថ្ងៃទី​ ២០ ​កញ្ញា​ថា លោក​ថ្លែង​អំណរគុណ​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការយោគយល់​ទៅលើ​​សំណេរ​របស់​លោក​កន្លង​មក​។ លោក​បន្តថា នេះ​គឺជា​ឥរិយាបថ​មួយ​ដែល​​បង្ហាញ​ពី​ការបើក​នូវ​លម្ហ និង​ស្តាប់​នូវ​​មតិផ្ទុយ និង​ការទទួល​យក​ការពន្យល់​ពី​អ្នកវិភាគ និង​អ្នកស្រាវជ្រាវ​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​ករណី​បើក​ចំហ និង​ទទួលយក​បទវិភាគ​ផ្សេងៗ ត្រូវ​បាន​រដ្ឋាភិបាល​យក​ទៅ​ពិចារណា ខ្ញុំ​គិតថា អាច​ជា​ផលប្រយោជន៍ និង​ធាតុ​ចូល ចូលរួម​ពី​បញ្ញវន្ត​ដែល​មាន​មតិផ្ទុយ​នៅក្នុង​ការដោះស្រាយ​បញ្ហា សង្គម និង​នយោបាយ​នៅ​កម្ពុជា​បាន​»​។

ទន្ទឹមនឹងនេះ​លោក​ក៏បាន​សរសេរ​ផ្ញើ​សារ​តាម​ហ្វេសប៊ុក​មកកាន់​ក្រុមគ្រួសារ​របស់​លោក​ដែរ​ថា​៖ «​ម៉ែ​អាច​ទៅ​វត្ត​នៅ​ថ្ងៃ​កាន់បិណ្ឌ​ខាងមុខ​នេះ​បាន​ហើយ ម៉ែ​មិនបាច់​បារម្ភ​ពី​អ្នកណា​ថា​ឱ្យ​ម៉ែ មាន​កូន​ជា​ជនក្បត់ជាតិ​ទេ​! ​ប្រពន្ធ​សម្លាញ់ អូន​អាច​បើក​ទ្វារ​របង​ឱ្យ​កូន​រត់​លេង​វិញ​បាន​ហើយ​!»​។

លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ ខែកញ្ញា​ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រាន់តែ​ស្នើសុំ​ទៅ​តុលាការ​ឱ្យមាន​ការបញ្ឈប់​ចេញ​ដីកា​ចាប់ខ្លួន លោក សេង សារី ប៉ុណ្ណោះ​មិនមាន​ទាស់ខុស​ ឬ​ជ្រៀតជ្រែក​លើ​ស្ថាប័ន​តុលាការ​ទេ ប៉ុន្តែ​ការសម្រេច​យ៉ាងណា​នោះ វា​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​។

លោក​ថ្លែងថា​៖ «​អ្វីដែល​សម្តេច​នាយក​លើកឡើង​ពី​ការចេញ​ដីកា​វា​ជា​ការបញ្ចេញ​ទស្សនៈ​យោបល់ និង​បញ្ចេញ​ព័ត៌មាន​ដែល​តុលាការ​បាន​ធ្វើ មិនមែន​បង្គាប់​ឱ្យ​តុលាការ​ចេញ​ដីកា​ឯណា ហើយ​អ្វីដែល​សម្តេចនាយក​ស្នើសុំ​ឱ្យ​បញ្ឈប់​បញ្ចេញ​ដីកា វា​គ្រាន់តែ​ជា​ការស្នើសុំ​ និង​យោបល់ ប៉ុន្តែ​ការសម្រេច​យ៉ាងណា វា​ជា​សិទ្ធិ​របស់​តុលាការ​ទេ​»​។

លោក អំ សំអាត នាយករង​អង្គការ​លីកាដូ​បាន​គាំទ្រ​ចំពោះ​ការអំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ស្ថាប័ន​តុលាការ​បញ្ឈប់​តាម​ចាប់ខ្លួន លោក សេង សារី ដោយ​លោក​ថា លោក សេង សារី គឺជា​បញ្ញវន្ត​ ១ ​រូប ដែល​តែង​រួមចំណែក​ក្នុងសង្គម​តាមរយៈ​បទវិភាគ និង​ការផ្តល់​អនុសាសន៍​ល្អៗ ដើម្បី​រួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​។

លោក សំអាត បញ្ជាក់ថា​៖ «​លោក សេង សារី បាន​បកស្រាយ​ថា វិភាគ​របស់​គាត់​តាមបែប​សេណារីយោ​ទេ​។ ខ្ញុំ​យល់ថា ការវិភាគ​ហ្នឹង គឺជា​ការមួយ​ដែល​គ្រាន់តែ​បញ្ចេញ​គំនិត និង​ទស្សនៈ​ផ្ទាល់ខ្លួន​របស់លោក​ប៉ុណ្ណោះ​។ សេណារីយោ​ទាំងនោះ បើ​យើង​គិត​ទៅ​​ចំណុច​ណា​ដែល​វា​ប៉ះពាល់​ដល់​បញ្ហា​ប្រទេសជាតិ ការអភិវឌ្ឍ និង​បែកបាក់​សាមគ្គី​អីហ្នឹង យើង​គួរ​ចៀសវាង​ទៅ​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​ និង​ជា​អ្នកវិភាគ​បញ្ហា​នយោបាយ​បាន​ថ្លែង​ដែរ​ថា ការអំពាវនាវ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ទម្លាក់ចោល​ដីកា​តាម​ចាប់​លោក សេង សារី ​នេះ គឺជា​ការគិតគូរ និង​ពិចារណា​គ្រប់​ទិដ្ឋភាព​គ្រប់​ជ្រុងជ្រោយ និង​ជា​ការល្អ​សម្រាប់​សង្គម​កម្ពុជា​។

យ៉ាងណាក្ដី លោក​ថា ចំពោះ​ការអំពាវនាវ​នេះ​បើ​មើល​តែមួយ​ជ្រុង​អវិជ្ជមាន​ថា ជា​ការបំបិទ​សិទ្ធិ​របស់​អ្នកវិភាគ នៅពេល​ដែលមាន​ដីកា​ចាប់ខ្លួន​ ឬ​តាម​ចាប់​​ខ្លួន និង​គំរាមកំហែង​ជាដើម ប៉ុន្តែ​បើ​មើល​មួយ​ជ្រុង​ទៀត អ្នកវិភាគ​នៅតែ​វិភាគ​បាន​ដើម្បី​ប្រយោជន៍​ជាតិ​។

លោក​ថ្លែងថា​៖ «​បើ​វិភាគ​ដើម្បីឱ្យ​សង្គម​ខ្មៅ​ងងឹត និង​មើល​ទុទ្ទិដ្ឋិនិយម​ចំពោះ​ប្រជាជន វិភាគ​ដើម្បី​ឱ្យមាន​ចលាចល​ក្នុង​សង្គម ខ្ញុំ​យល់ថា មិនគួរ​ត្រូវបាន​លើកទឹកចិត្ត​ទេ ហើយ​អ្នកវិភាគ​ទាំងឡាយ គួរតែ​ពិចារណា​ថា តើ​​គោលដៅ​នៃ​ការវិភាគ​របស់​យើង​ក្នុង​គោលបំណង​ផ្ទាល់ខ្លួន ភាពល្បីល្បាញ​ក្នុងសង្គម និង​ចង់ទៅ​រស់នៅ​ប្រទេស​ទី​ ៣ ក៏​គួរ​ពិចារណា​ឡើងវិញ​»៕