ភ្នំពេញៈ បណ្តាញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា ​មកពី​ស្ថាប័ន​រាជរដ្ឋាភិបាល ​និង​សង្គម​ស៊ីវិល​ជាង ​១០០ នាក់​ នៅ​ថ្ងៃទី ២១ ​ខែកញ្ញា​នេះ បាន​រួម​គ្នា​ធ្វើវេទិកា​ប្រចាំឆ្នាំ​ស្ដីពី​ការលើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​សម្រាប់​កម្មករ​និយោជិត​កម្ពុជា ​តាម​ប្រព័ន្ធ​វីដេអូ​ហ្សូម ​ដើម្បី​រួម​ចំណែក​ធ្វើឱ្យ​ការធ្វើ​ដំណើរ​របស់​កម្មករ​និយោជិត​កាន់តែ​មាន​សុវត្ថិភាព​ប្រសើរ​ឡើង។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​បណ្តាញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា ​វេទិកានេះ ​ធ្វើឡើង​ក្នុង​គោល​បំណង ​ទី១ ​ផ្តល់​ព័ត៌មាន​ និង​បង្កើន​ការភ្ជាប់​ទំនាក់​ទំនង ​រវាង​អង្គការ​សង្គមស៊ីវិល ​វិស័យ​ឯកជន ​សហជីព​ ដៃគូ​អភិវឌ្ឍន៍ ​និង​អ្នកពាក់ព័ន្ធ​នានា​ដែល​មាន​កង្វល់​ដូចគ្នា​អំពី​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍។ ទី២ ​ធ្វើការ​ពិភាក្សា​អំពី​ដំណោះស្រាយ ​និង​កំណត់​នូវ​តួនាទី​របស់​អ្នកពាក់ព័ន្ធ​ក្នុង​ការរួម​ចំណែក​ធ្វើឱ្យ​ការធ្វើ​ដំណើរ​ របស់​កម្មករ​និយោជិត​កម្ពុជា ​កាន់តែ​មាន​សុវត្ថិភាព​ប្រសើរ​ឡើង។

នៅ​ប្រទេស​កម្ពុជា ​មាន​កម្មករ​និយោជិត​ប្រណជាង ​៧០ ម៉ឺន​នាក់ ​បានធ្វើ​ដំណើរ​ទៅ​មក​បំពេញ​ការងារ​ជារៀង​រាល់​ថ្ងៃ​របស់​ពួកគេ ​ហើយ​កំពុង​ប្រឈម​នឹង​ហានិភ័យ​គ្រោះថ្នាក់​នៅលើ​ដង​ផ្លូវ ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​គ្រួសារ​របស់​ពួក​គេ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន។

សេចក្ដី​ប្រកាស​ព័ត៌មាន ​ឱ្យដឹង​ថា ​កាលពី​ឆ្នាំ ២០២០ ​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​សម្លៀង​បំពាក់ ​និង​ផលិត​ស្បែកជើង​ដែល​ធ្វើ​ដំណើរ​ទៅ​មក​បំពេញ​ការងារ​បានជួប​គ្រោះថ្នាក់​លើ​ដងផ្លូវ​ចំនួន​ ២ ២០៦ លើក ​ស្មើនឹង​ជាង​ ១៨៣ លើក ​ក្នុង​ ១ខែ។ គួរឱ្យ​សោក​ស្តាយ​កម្មករ​និយោ​ជិត​ចំនួន​ ៣០ នាក់ ​បានស្លាប់ ​និង​ ២ ៧១៩ នាក់ ​បាន​រងរបួស​ធ្ងន់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍។

បណ្តាញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​បញ្ជាក់ថា​៖ «តាមរយៈ​ការចូលរួម​ជាមួយ​យើង​ខ្ញុំ​ក្នុង​វេទិកា​នេះ ​មាន​គោល​បំណង​ ដើម្បី​ផ្តល់​ព័ត៌​មាន​អំពី​បច្ចុប្បន្នភាព​សុវត្ថិភាព​ក្នុង​ការធ្វើ​ដំណើរ​មក​បំពេញ​ការងារ​របស់​កម្មករ​និយោជិត ​និង​បញ្ហា​ព្រោះ​ថ្នាក់​ចរាចរណ៍​ចំពោះ​កម្មករ​និយោជិត​កម្ពុជា»៕