សៀមរាបៈ ក្រុម​អ្នក​អភិរក្ស​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើ​កំណាយ​រកឃើញ​ព្រះសិរមេ​ទេវតា​ផ្នែក​កន្ទុយ​នាគ​នៅ​ខ្លោងទ្វារ​តាកាវ​ក្នុង​តំបន់​អង្គរធំ ខេត្តសៀមរាប និង​បានរៀបចំ​ផ្គុំ​រូបចម្លាក់​ឡើងវិញ​ ដើម្បី​លើកកម្ពស់​គុណតម្លៃ​នៃ​ប្រាសាទខ្មែរ​។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​លោក​ ឡុង កុសល ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២០ ខែ​​កញ្ញា​ថា ស្រប​ពេលដែល​ក្រុមការងារ​បានធ្វើ​កំណាយ និង​ជួសជុល​ខ្លោងទ្វារ​តាកាវ​ផង​ក៏បាន​រកឃើញ​ព្រះសិរមេ​ទេវតា​ផ្នែក​កន្ទុយ​នាគ កាលពី​ថ្ងៃទី​ ១៧ ខែ កញ្ញា ឆ្នាំ​ ២០២១​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​​បាន​រៀបចំ​ដាក់​រូបចម្លាក់​នោះ​នៅតាម​ទីតាំង​ដើម​វិញ​បាន​ន័យថា យកមក​ដំឡើង​ជា​រូបភាព​ជាក់ស្តែង​ពិត​របស់​ចម្លាក់​នៅតាម​ដងខ្លួន​»​។

លោក​បាន​ឱ្យដឹងទៀតថា បច្ចុប្បន្ន​ក្រុមការងារ​ក៏​កំពុង​មមាញឹក​ជួសជុល​ខ្លោងទ្វារ​តាកាវ និង​បាន​ជួសជុល​ចម្លាក់​ទាញ​​ព្រ័ត្រ ទេវតា និង​ចម្លាក់​យក្ស ដែល​រង​ការខូចខាត​ខ្លាំង​នៅតាម​ខ្លោងទ្វារ​សំខាន់ៗ​ទាំងអស់​ក្នុង​តំបន់​អង្គរ​ផងដែរ​។

លោក​បន្តថា​៖ «​កន្លងមក​ទីកន្លែង​នេះ​ខូចខាត​ច្រើន​ដោយសារ​ត្រូវបាន​ដើមឈើ​កៀប មែកឈើ​ធ្លាក់​លើ​ធ្វើឱ្យ​បាក់បែក​ដែរ ឥឡូវ​យើង​ជួសជុល​បាន​ប្រមាណ​ ៣០ ​ភាគរយ​ហើយ ព្រោះ​យើង​ទើប​ចាប់ផ្តើម​ជួសជុល​ខ្ទង់​ខែឧសភា ឆ្នាំ​ ២០២១ ប៉ុន្តែ​ដំណើរ​ការងារ​ជួសជុល​ប្រព្រឹត្ត​ទៅដោយ​រលូន បើទោះបី​ជា​មាន​ផលលំបាក​ខ្លះៗ​ក្នុង​ការអនុវត្ត​ការងារ​នេះ​ក្ដី​»​។

លោក កុសល បានចាត់ទុក​​ថា ការរកឃើញ​ចម្លាក់ និង​វត្ថុបុរាណ​ជា​បណ្តើរៗ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេសជាតិ​។

លោក​ថា​៖ «​ការរកឃើញ​នេះ​​ជា​ចំណែក​មួយ​យ៉ាងសំខាន់​ដែល​កន្លងមក​យើង​ធ្លាប់​គិតថា ​បាន​បាត់បង់​ទៅហើយ ក៏ប៉ុន្តែ​នៅពេលដែល​យើង​ធ្វើ​កំណាយ​ហើយ​រកឃើញ​ចម្លាក់​ទាំង​នេះ​​គឺជា​សេចក្តី​រីករាយ​ណាស់​សម្រាប់​​អ្នក​អភិរក្ស ដែល​កន្លងមក​​ចម្លាក់​ទាំងនេះ​ជា​ការរួមចំណែក​ក្នុង​ការលើកកម្ពស់​គុណតម្លៃ​នៃ​ប្រាសាទ​របស់​ខ្មែរ​»​។

ទាក់ទង​ហានិភ័យ​នៃ​ដើមឈើ​ក្នុង​តំបន់​អង្គរ​ដែល​បង្ក​ផលប៉ះពាល់​ដល់​ប្រាសាទ​មួយចំនួន​នោះ លោក យិត ចាន់ដារដ្ឋ អគ្គនាយករង​ទទួល​បន្ទុក​ការងារ​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែង​​ថា ក្រៅពី​ប្រាសាទ ដើមឈើ​ក៏​ជា​ទស្សនីយភាព​ដ៏ទាក់ទាញ​ភ្ញៀវទេសចរ​នៅ​រមណីយដ្ឋាន​អង្គរ​ផងដែរ​។

ពិតណាស់ថា ដើមឈើ​បាន​ផ្តល់​ប្រយោជន៍​ក្រៃលែង​ដល់​មនុស្ស និង​កិច្ចការ​អភិរក្ស​ប្រាសាទ តែ​ដើមឈើ​​ក៏បង្ក​ហានិភ័យ​មួយ​ចំនួន​ផងដែរ ជាពិសេស​ពេល​ដើមឈើ​ធំ ចាស់ ងាប់ និង​ឈានដល់​ការពុកផុយ​។ ក្នុងន័យ​សង្គ្រោះ​ប្រាសាទ​ក៏ដូចជា សុវត្ថិភាព​មនុស្ស អាជ្ញាធរ​ជាតិ​អប្សរា​តាមរយៈ​ក្រុម​ជំនាញ​ដើមឈើ​​បាន​ចុះ​តាមដាន​ជាប្រចាំ និង​ស្នើសុំ​វិធានការ​នានា​ក្នុង​នោះ​ដូចជា ការព្យាបាល និង​កាត់​ដកហូត​ដើមឈើ​ណា​ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាដើម​។

លោក​បន្តថា​៖ «​ក្រៅពី​កិច្ចការ​ចម្បង​ក្នុង​ការអភិរក្ស​ប្រាសាទ ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ការថែរក្សា និង​លើក​តម្លៃ​ទេសភាព​វប្បធម៌ ការងារ​ថែរក្សា​ព្រៃឈើ និង​បង្កើន​គម្រប​បៃតង​ក្នុង​រមណីយដ្ឋាន​អង្គរ​ក៏ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​ចាត់ទុកជា​ការងារ​អាទិភាព​ផងដែរ​»៕