ភ្នំពេញៈ ធនាគារ​ពិភពលោក ​(World Bank) ទទួល​ដឹង​ឮ​ក្តីកង្វល់​របស់​ពលរដ្ឋ​ ២៩២ គ្រួសារ ​រស់នៅ​ស្រុកស្អាង ​ខេត្ត​កណ្តាល ​ដែល​ស្នើសុំ​ផ្លាស់ប្តូរ​ទីតាំង​ចាក់​សំរាម​ចេញ​ពី​តំបន់​អាងទឹក​ព្រែករាំង ​ព្រមទាំង​អះអាងថា ​នឹង​លើកយក​ក្តីកង្វល់​នោះ ​ទៅ​ពិភាក្សា​ឱ្យបាន​ល្អិតល្អន់​ជាមួយ​សមភាគី​ទាំងអស់ ​នៃ​គម្រោង​សាងសង់​ទីលាន​ទុកដាក់​សំរាម ​សំណល់រឹង ​នៅ​ក្នុង​ខេត្ត​កណ្តាល។

តំណាង​ធនាគារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា ​លោកស្រី​ ម៉ារីយ៉ាម សាលីម ​នៅ​ថ្ងៃទី ២០ ​កញ្ញា ​បានចេញ​លិខិត​ស្រាយ​បំភ្លឺ ​និង​អះអាង​ប្រាប់​ពលរដ្ឋ​ថា ​នឹង​លើកយក​ក្តីកង្វល់​ពលរដ្ឋ​ពាក់ព័ន្ធ​គម្រោង​ទីតាំង​ចាក់​សំរាម​នៅ​តំបន់​អាងទឹក​ព្រែករាំង​ ដែល​អាច​ប៉ះពាល់​ដល់​ការរស់នៅ​ និង​ជីវភាព​ពលរដ្ឋ​នៅ​ទីនោះ ​ទៅ​ពិភាក្សា​ឱ្យបាន​ល្អិតល្អន់​ជាមួយ​សមភាគី​ទាំងអស់​នៃ​គម្រោង​សាងសង់​ទីលាន​ទុកដាក់​សំរាម​ សំណល់​រឹង​ នៅ​ក្នុង​ខេត្ត​កណ្តាល។

ទោះយ៉ាង​ណា ​លោកស្រី​ប្រាប់​ពលរដ្ឋថា ​មកទល់​ពេលនេះ​មាន​ជម្រើស​ជាច្រើន​កំពុង​ត្រូវបាន​យកមក​ពិនិត្យ​វាយតម្លៃ ​ប៉ុន្តែ​មិនទាន់​មាន​ការសម្រេច​ចិត្ត​ណាមួយ​ត្រូវបាន​ធ្វើឡើង​នៅឡើយ​ទេ ​ថា​នឹង​យក​ទីតាំង​ជាក់លាក់​ណាខ្លះ​សម្រាប់​ធ្វើ​ទីលាន​ទុកដាក់​សំរាម​ សំណល់​រឹង។

លោកស្រី​ថ្លែងថា​៖ «យើង​សូម​បញ្ជាក់ថា ​មកទល់​ពេលនេះ ​មិនទាន់​មាន​ទីតាំង​ណាមួយ​ត្រូវបាន​ជ្រើស​យក​សម្រាប់​សាងសង់​ទីលាន​ទុក​ដាក់​សំរាម ​សំណល់​រឹង​នៅឡើយ​ទេ។ ជាមួយ​គ្នានេះ ​យើង​ទទួល​ដឹង​នូវ​ក្តីកង្វល់​ទាំងឡាយ​ដែល​លោក​ លោកស្រី​លើកឡើង​ ហើយ​នឹង​លើក​យក​ក្តី​កង្វល់​នេះ​ទៅ​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ ​ជាពិសេស​ក្រសួង​មហាផ្ទៃ»។

លោកស្រី ​ម៉ារីយ៉ាម សាលីម ​លើកឡើ​ថា ​ធនាគារ​ពិភពលោក​កំពុង​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការសិក្សា​មួយ​ចំនួន​ទៅលើ​ភាព​ស័ក្តិសម​របស់​ទីតាំង​សម្រាប់​សង់​ទីលាន​ទុក​ដាក់​សំរាម​ សំណល់​រឹង​ នៅក្នុង​ខេត្ត​កណ្តាល ​ខេត្ត​សៀមរាប ​និង​ខេត្ត​កំពង់​ស្ពឺ។​ ដោយឡែក ​សម្រាប់​ខេត្ត​កណ្តាល ​មាន​ទីតាំង​មួយ​ត្រូវបាន​យកមក​ពិចារណា ​ក្នុង​នោះ​មាន​ជម្រើស​ទីតាំង​មួយចំនួន​នៅ​ក្នុង​ស្រុក​ស្អាង។

លោកស្រី​បញ្ចាក់ថា ​ការវាយ​តម្លៃ​ភាពស័ក្តិសម​របស់​ទីតាំង​ផ្អែកលើ​លក្ខខណ្ឌ​តម្រូវ​មួយ​ចំនួន​ ដូចជា ​ផ្លូវ​ដឹកជញ្ជូន​(ចម្ងាយ​ទៅកាន់​ទីតាំង​) ស្ថានភាព​ជាក់ស្តែង​របស់​ទីតាំង​សម្រាប់​ការរៀបចំ​ឱ្យទៅ​ជាទីលាន​ទុកដាក់​សំរាម ​សំណល់​រឹង។ ការប្រើប្រាស់​ដីធ្លី​នា​ពេល​បច្ចុប្បន្ន ​កម្មសិទ្ធិ​ និង​ការបែងចែក​តំបន់​អភិវឌ្ឍន៍។ ផល​ប៉ះពាល់​ផ្នែក​សង្គម ​សុវត្ថិភាព​របស់​សហគមន៍ ​ទស្សនៈ​របស់​សហគមន៍ ​និង​វត្តមាន​របស់​សម្បត្តិ​បរិស្ថាន ​ផល​ប៉ះពាល់​បរិស្ថាន ​និង​បេតិកភណ្ឌ​វប្បធម៌។

បើ​តាម​លោកស្រី​ ម៉ារីយ៉ាម សាលីម ​លក្ខខណ្ឌ​តម្រូវ​នៃ​ក្របខ័ណ្ឌ​បរិស្ថាន ​និង​សង្គម​របស់​ធនាគារ​ពិភពលោក ​ការចូលរួម​ប្រកប​ដោយ​អត្ថន័យ​ពី​សំណាក់​តួអង្គ​ពាក់ព័ន្ធ ​រួមទាំង​ការពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​មូលដ្ឋាន​ផង​ គឺជា​ផ្នែក​សំខាន់​នៃ​ការវាយ​តម្លៃ​ភាព​ស័ក្តិសម​នៃ​ទីតាំង​សម្រាប់​សាងសង់​ទីលាន​ទុកដាក់​សំរាម ​សំណល់​រឹង។

​អ្នកស្រី ​ឆុំ​ សុធី​ តំណាង​ប្រ​ជា​ពលរដ្ឋ​នៅ​ភូមិ​ទួល​ឃ្មួញ​ ឃុំ​ទឹក​វិល​ ស្រុកស្អាង​ និយាយ​នៅ​ថ្ងៃទី២១ ​កញ្ញា ​ថា ​ក្រោយ​ទទួលបាន​លិខិត​ឆ្លើយ​តប​ពី​តំណាង​ធនាគារ​ពិភពលោក​នៅ​កម្ពុជា ​អ្នកស្រី​មាន​ការរំភើប​រីករាយ ​និង​អរគុណ​ជាអនេក ​ដែល​ធនាគារ​ពិភពលោក​បានយក​ចិត្ត​ទុកដាក់​ទៅលើ​កង្វល់​របស់​ប្រជាពលរដ្ឋ។ អ្នកស្រី​សង្ឃឹមថា ​ទីលាន​ចាក់​សំរាម ​នឹង​មិនត្រូវ​បានធ្វើ​ឡើង​នៅ​តំបន់​អាងទឹក​ព្រែក​រាំង​នោះ​ទេ។

អ្នកស្រី​ថ្លែងថា​៖ «ខ្ញុំ​មាន​អារម្មណ៍​ថា ​ធនាគារ​ពិភពលោក​គាត់បាន​ធ្វើឱ្យ​ប្រជាជន​ខ្ញុំ​កក់​ក្តៅ​ណាស់។ គាត់​ពិចារណា ​គាត់​វិភាគ​មើល ​តើ​សម​ហេតុ​សមផល​ ឬ​អត់ ​បាន​គាត់​អនុវត្ត។ អ៊ីចឹង​គាត់​យល់​ហេតុផល​ប្រជាពលរដ្ឋ​ខ្ញុំ​ អ៊ីចឹង​ខ្ញុំ​អរ​ណាស់»។

លិខិត​ចុះ​ថ្ងៃទី២៦ ​ខែសីហា ​របស់​តំណាង​ពលរដ្ឋ ​២៩២ គ្រួសារ ​ដែលបាន​ដាក់​ស្នើទៅ​ធនាគារ​ពិភពលោក​ឱ្យ​ជួយ​អន្តរាគមន៍​ផ្លាស់ប្តូរ​គម្រោង​ទីតាំង​ទុកដាក់​សំរាម ​ចេញពី​អាង​ទឹក​ព្រែករាំង ​បញ្ជាក់ថា ​បើ​គម្រោង​នោះ​ដំណើរការ​ជា​ផ្លូវការ​ នឹង​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាទី​បំផុត​ ចំពោះ​ពលរដ្ឋ​ភូមិ​ទួល​ខ្មួញ​ និង​ភូមិ​ព្រែ​ករាំង ​ឃុំ​ព្រែករាំង ​ព្រោះ​ទីតាំង​នោះ​នៅជិត​លំនៅឋាន​របស់​ពលរដ្ឋ។

​ក្នុង​លិខិត​ តំណាង​ពលរដ្ឋ​សរសេរថា​៖«ផលប៉ះពាល់​មាន​ ២ យ៉ាង ​ទី១ ​បាត់បង់​ដី​ដែល​ធ្លាប់​អាស្រ័យ​ផល ​តាំងពី​ឆ្នាំ ១៩៧៩ ​អាចធ្វើ​ឱ្យ​យើង​ខ្ញុំ​ត្រូវ​ដាច់​ពោះ​ស្លាប់ ​និង​ទី២ ​ត្រូវបាន​អាជ្ញាធរ​យក​សំរាម​មក​ចាក់​នៅ​ក្បែរ​ផ្ទះ ​ទទួលរង​នូវ​ក្លិន​មិនល្អ ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ»។

លោក ​គ្រុយ ម៉ាឡែន ​នាយក​រដ្ឋបាល​ខេត្ត​កណ្តាល​ថ្លែង​នៅ​ថ្ងៃទី ២១ ​កញ្ញាថា ​ខាង​ខេត្ត​កំពុង​រង់ចាំ​ការសម្រេច​ឆ្លើយតប​មក​វិញ​ ពី​ខាង​ធនាគារ​ពិភព​លោក ​បន្ទាប់ពី​បានណែនាំ​ទីតាំង​ចាក់​សំរាម ​ដែល​ស្ថិត​ក្នុង​ស្រុក​ស្អាង​នេះ ​សម្រាប់​ការអនុវត្ត​គម្រោង​កែលម្អ​ការគ្រប់គ្រង​សំណល់​រឹង​ និង​សំណល់​ប្លាស្ទិក។

លោក​ថ្លែងថា​៖ «អ្វីៗ​ដែល​យើង​បានជួបជុំ​ជជែក​គ្នា​ជាមួយ​ក្រុម​ការងារ​ក្រសួង ​ក៏ដូចជា​តំណាង ​World Bank​ គេ​កំពុងតែ​សិក្សា​លើ​ព័ត៌មាន​ដែល​យើង​បានរៀបចំ​ជូន​ឯកសារ​ចុងក្រោយ​ជូន​ទៅ​គាត់​ហ្នឹង»។

បើ​តាម​លោក ​គ្រុយ ម៉ាឡែន ​រដ្ឋបាល​ខេត្ត​កណ្តាល​សម្រេចថា ​នឹង​អាច​កាត់ឆ្វៀល​ដី​ជូន​ដល់​ធនាគារ​ពិភពលោក​អនុវត្ត​គម្រោង​ ១៥ ហិកតា​ ឬ​លើស​ពីនេះ​បន្តិច​ ដើម្បី​ធានាថា ​តម្រូវការ​ជាក់ស្តែង​រដ្ឋបាល​ខេត្ត​មិន​ខ្វះ​ទីតាំង​ដី៕