ភ្នំពេញៈ កម្ពុជា ​និង​ជប៉ុន​ ចុះ​កិច្ចព្រមព្រៀង​ដាក់​ឱ្យដំណើរការ​ជាផ្លូវការ​នូវ​គម្រោង​សហប្រតិបត្តិការ​បច្ចេកទេស​ស្តីពី​ «គម្រោង​អភិវឌ្ឍន៍​សមត្ថភាព​លើ​ការងារ​រៀបចំ​ផែនការ​គ្រប់គ្រង​ចរាចរណ៍ ​និង​ការងារ​ប្រតិបត្តិការ​ថែទាំ​មជ្ឈមណ្ឌល​គ្រប់គ្រង​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ»​ ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​បរិស្ថាន​ដឹកជញ្ជូន​នៅ​រាជធានី​ភ្នំពេញ។

កិច្ច​ព្រមព្រៀង​នេះ​ចុះ​ហត្ថលេខា​រវាង​លោក​ ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ ​និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ ​នៃ​ប្រទេស​ជប៉ុន​ (JICA) ​ដែល​មាន​លោកស្រី​ កាមេយ ហារូកុ ​ប្រធាន​តំណាង​ការិយាល័យ ​JICA ​ប្រចាំ​ប្រទេស​កម្ពុជា ​កាល​ពី​កន្លងមកថ្មីៗនេះ។ ​គម្រោង​នេះ​មាន​រយៈពេល ​៣ ឆ្នាំ ​ដែល​គ្រោង​នឹង​ចាប់ផ្តើម​ នាដើម​ឆ្នាំ ២០២២។

JICA ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន ​កាល​ពី​ថ្ងៃទី​ ២១ ​កញ្ញាថា​៖ «គម្រោង​សហ​ប្រតិបត្តិការ​បច្ចេក​ទេស​នេះ​អនុវត្ត​ឡើង​ក្នុង​គោល​បំណង​ធ្វើឱ្យ​បរិស្ថាន​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ​មានភាព​ប្រសើរ​ឡើង​ ប្រកប​ដោយ​ចីរភាព ​តាមរយៈ​ប្រតិបត្តិការ​ដ៏មាន​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​គ្រប់​គ្រង​ចរាចរណ៍»។

ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​នេះ​ត្រូវបាន​ណែនាំ ​និង​ដាក់ឱ្យ​អនុវត្ត ​កាលពី​ខែធ្នូ ​ឆ្នាំ ២០១៨ ​ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន។

JICA ​បញ្ជាក់ថា ​តាមរយៈ​ការអនុវត្ត​នូវ​គម្រោង​នេះ ​គេ​រំពឹងថា​ សមត្ថភាព​របស់​មន្ត្រី​ដែល​ទទួល​បន្ទុក​ផ្នែក​ការងារ​គ្រប់គ្រង​ចរាចរណ៍​ និងការងារ​ប្រតិបត្តិការ​ថែទាំ​មជ្ឈមណ្ឌល​គ្រប់គ្រង​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​នឹង​ត្រូវបាន​ពង្រឹង។ ជាមួយ​គ្នានេះ​ផងដែរ ​មជ្ឈមណ្ឌល​គ្រប់​គ្រង​ចរាចរណ៍​នឹងបន្ត​បំពេញ​មុខងារ​របស់​ខ្លួន​យ៉ាង​មាន​ប្រសិទ្ធភាព។

JICA ​បញ្ជាក់ថា​៖ «យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​ការអភិវឌ្ឍ​សមត្ថភាព​ប្រកបដោយ​ប្រសិទ្ធភាព​ តាមរយៈ​គម្រោង​ រួមជាមួយ​នឹង​ប្រព័ន្ធ​គ្រប់​គ្រង​ចរាចរណ៍ ​នឹង​រួម​ចំណែក​ដល់​ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ ​កាន់តែ​ប្រសើរ​ឡើង ​ជាមួយ​នឹង​បរិស្ថាន​ចរាចរណ៍​ប្រកប​ដោយ​សុវត្ថិភាព»។

លោក ​ម៉េត មាសភក្តី ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ មិនអាច​ទាក់ទង​បាន​ដើម្បី​សុំ​អត្ថាអធិប្បាយ ​បាន​ទេ​ កាលពី​ថ្ងៃ​ទី ២១ ​កញ្ញា។

គួរ​បញ្ជាក់​ថា ​ចាប់​ពី​ឆ្នាំ ២០១៦ ​ដល់​ឆ្នាំ ២០១៩ ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ត្រូវបាន​អនុវត្ត​ក្រោម​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​ដោយ​បាន​ដំឡើង​ភ្លើង​ស្តុប​ថ្មី​នៅ​ចំណុច​ប្រសព្វ​ចំនួន​ ១១៥ ទីតាំង ​(ចំណុច​ប្រសព្វ​ចំនួន ​៦៤ ទីតាំង​ គឺជា​ទីតាំង​ស្តុប​ចាស់​ដែល​ធ្លាប់​មានស្រាប់)​ ក្នុង​រាជធានី​ភ្នំពេញ ​ដោយ​មាន​បំពាក់​នូវ​ឧបករណ៍​វិភាគ​ទិន្នន័យ​រូបភាព​យានយន្ត ​កាមេរ៉ា​សុវត្ថិភាព ​ការសាង​សង់​មជ្ឈមណ្ឌល​គ្រប់គ្រង​ចរាចរណ៍ ​និង​ការដំឡើង​ប្រព័ន្ធ​បញ្ជា​តាមបច្ចេកវិទ្យា​កុំព្យូទ័រ ​និង​តាមដាន​ចរាចរណ៍​ ដោយ​ប្រព័ន្ធ​អនឡាញ​និង​បំពេញ​មុខងារ​ទាន់​ពេល​វេលា។ នេះ​បើ​តាម​ហ្វេសប៊ុក ​JICA ​ប្រចាំ​កម្ពុជា​កាល​ពី​ថ្ងៃទី ១៨​ ខែមីនា។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា​ តាមរយៈ​គម្រោង​នេះ​ បង្គុំ​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍ ​ដែល​រួមមាន​បរិក្ខារ​ភ្លើងស្តុប​ ត្រូវបាន​ដំឡើង​នៅតាម​ចំណុច​ប្រសព្វ។ ​ប្រព័ន្ធ​ Sever ​ត្រូវបាន​ដំឡើង​នៅ​មជ្ឈមណ្ឌល​បញ្ជា​ចរាចរណ៍ ​និង​បណ្តាញ​ខ្សែកាប្លិ៍​ សម្រាប់​ភ្ជាប់​ទំនាក់ទំនង​ពី​ទីតាំង​ដំឡើង​ភ្លើង​ស្តុប​មកកាន់​មជ្ឈមណ្ឌល​គ្រប់គ្រង​ចរាចរណ៍៕