ភ្នំពេញៈ លោក ញឹម ពិសាល ចៅក្រម​ស៊ើបសួរនៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២១ ខែកញ្ញា បានចេញ​សេចក្តីសម្រេច​លើកលែង​ការចោទប្រកាន់ និង​បញ្ឈប់​ការចាប់ខ្លួន លោក សេង សារី អ្នកវិភាគ និង​ស្រាវជ្រាវ​អភិវឌ្ឍន៍​សង្គម ដែលមាន​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ២០២១​។​

សេចក្ដីសម្រេច​នេះ ធ្វើ​ក្រោយពី​លោកនាយក​ដ្ឋ​មន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ២០ ខែកញ្ញា​នេះ​ បាន​ស្តាប់​ការ​បកស្រាយ​ពន្យល់​អំពីគោលបំណង​នៃ​ការវិភាគ​អំពី​សេនារីយោ ៦ ចំណុច​ របស់លោក​ពាក់​ព័ន្ធ​នឹង​គម្រោង​បង្កើត​រដ្ឋាភិបាលចម្រុះរ​បស់​លោក ​សម រង្ស៊ី កាលពី​ថ្ងៃទី២១ កក្កដា ​២០២១ ថា «​ជាការ​វិភាគ​បែប​សេនារីយោ​»។​

លោក សេង សារី ត្រូវបាន​ចោទប្រកាន់​ពីបទ រួមគំនិត​ក្បត់ និងញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​ថ្ងៃទី១៧ ថ្ងៃទី​២០ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ​២០២១ និង​អំឡុងពេល​បន្តបន្ទាប់ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​ ៤៥៣ មាត្រា​ ៤៩៤ និង​មាត្រា ​៤៨៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

បន្ទាប់ពី​ទទួលបាន​ដីកាបញ្ឈប់​ឱ្យ​ចាប់ខ្លួន​​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង សារី ប្រាប់​ ភ្នំពេញ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះ ពី​ប្រទេស​ថៃ ថា ចាប់ពីពេលនេះតទៅ លោកមាន​សេរីភាព​ពេញលេញ​បរិបូរណ៍ និង​បំពេញការងារ​ដោយ​គ្មាន​ការភ័យខ្លាច​ទៀតហើយ​។​

លោក​បន្តថា លោក​នឹងបន្ត​ចូលរួម​ចែករំលែក និងផ្តល់​ការវិភាគ​នានា​ដល់​បណ្តាសារ​ព័ត៌មាន និង​ធ្វើ​កិច្ចការ​ស្រាវ​ជ្រា​លើ​បញ្ហា​សង្គម ដែល​បច្ចុប្បន្ននេះ លោក​កំពុងធ្វើការ​ស្រាវជ្រាវ សម្រាប់​ថ្នាក់​ក្រោយ​បណ្ឌិត​របស់លោក​នៅក្នុង​ប្រទេស​ថៃ ដែល​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២២ ខាងមុខ រួច​ត្រឡប់​មកកាន់​កម្ពុជា​វិញ។​

លោក​ថ្លែងថា​៖ «នៅពេលដែល​ខ្ញុំ​ចប់​គម្រោង​ស្រាវជ្រាវ​របស់ខ្ញុំ ខ្ញុំ​នឹង​វិល​ទៅ​កម្ពុជា​វិញ​ហើយ ព្រោះ​ម្តាយ ប្រពន្ធ​កូន​ខ្ញុំ នៅក្នុង​ស្រុក​ខ្មែរ​។ ខ្ញុំ​ទៅណា​ខ្ញុំ»៕