The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ កំណត់​យក​ថ្ងៃទី ២៨​ កញ្ញា ​បោះឆ្នោត​ជ្រើសរើស​តួលេខ​ សម្រាប់​ប្រាក់​ឈ្នួល​កម្មករ បើ​គ្មាន​ការឯក​ភាព




ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ កំណត់​យក​ថ្ងៃទី ២៨​ កញ្ញា ​បោះឆ្នោត​ជ្រើសរើស​តួលេខ​ សម្រាប់​ប្រាក់​ឈ្នួល​កម្មករ បើ​គ្មាន​ការឯក​ភាព

Content image - Phnom Penh Post
កិច្ចប្រជុំស្តីពីប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី ២១ កញ្ញា។ រូបថត ក្រសួងការងារ

ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ កំណត់​យក​ថ្ងៃទី ២៨​ កញ្ញា ​បោះឆ្នោត​ជ្រើសរើស​តួលេខ​ សម្រាប់​ប្រាក់​ឈ្នួល​កម្មករ បើ​គ្មាន​ការឯក​ភាព

ភ្នំពេញៈ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ​កំណត់​យក​ថ្ងៃទី ២៨ ​កញ្ញា ​ដើម្បី​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​តួលេខ​ណាមួយ ​ដែលភាគី​នីមួយៗ​បាន​កំណត់ ​បើ​គ្មាន​ការឯកភាព​ទាំងស្រុង​នោះ​ទេ ​ខណៈ​តួលេខ​របស់​តំណាង​និយោជក ​និង​តំណាង​និយោជិត​នៅឆ្ងាយ​ពី​គ្នា ​ចំណែក​ភាគី​រាជ​រដ្ឋាភិ​បាល ​ស្នើឱ្យ​រក្សា​ប្រាក់ឈ្នួល​ដដែល​ដូច​ឆ្នាំ​ ២០២១។

នៅព្រឹក​ថ្ងៃទី ២១ ​ខែ កញ្ញា ​ឆ្នាំ ២០២១ ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា ​បានបន្ត​ការចរចា​ជាលក្ខណៈ​ត្រីភាគី​ជាលើក​ទី៣ ​ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ​សម្រាប់​វិស័យ​កាត់ដេរ​និង​ផលិតស្បែក​ជើង​នៅ​កម្ពុជា ​សម្រាប់​ឆ្នាំ ២០២២ ​នៅទី​ស្តីការ​ក្រសួង​ការងារ។

ក្រោយ​ចប់​ការចរចា​អស់​រយៈពេល​១ថ្ងៃ​រួចមក ​ភាគី​ទាំង ៣ ​បាន​សម្រេច​យក​តួលេខ​ដែល​ខ្លួន​រកឃើញ​រៀងៗ​ខ្លួន ​ដើម្បី​បន្តការ​ចរចា​បន្ត​ទៀត​ និង​ឈាន​ទៅ​រក​ការបោះ​ឆ្នោត​សម្រេច​ក្នុង​ពេល​ខាង​មុខ។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ ដែល​ដាក់ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅ​ថ្ងៃ​ទី ២១ ​កញ្ញា។

របាយ​ការណ៍​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា ​បានឱ្យ​ដឹងថា ​តួលេខ​ទាំង ៣ ​ដែល​ភាគី​នីមួយៗ​បានកំណត់ ​គឺ​រួមមាន​ភាគី​សហ​ជីព​ស្នើ​តួលេខ​ ២០៤ ដុល្លារ​ ចំណែក​ភាគី​និយោជ​ស្នើ​រក្សា​តួលេខ ​១៨៨ ដុល្លារ ​និង​ភាគី​រាជរដ្ឋាភិបាល​ស្នើ​រក្សា ​១៩២ ដុល្លារ ​ឱ្យ​នៅ​ដដែល។

របាយ​ការណ៍​នេះ​បញ្ជាក់ថា​៖ «ដោយ​តួលេខ​នៃ​ភាគី​នីមួយៗ​នៅ​មានគម្លាត​ឆ្ងាយ​ ទោះបីជា​បាន​ប្រជុំ​ពិភាក្សា​ជាលក្ខណៈ​ផ្ទៃក្នុង​ លក្ខណៈ​ទ្វេភាគី ​និង​លក្ខណៈ​ត្រីភាគី​ជាច្រើន​លើក​ក៏ដោយ ​និង​យោង​តាម​មាត្រា ​នៃ​ច្បាប់​ស្តីពី​ប្រាក់ឈ្នួល​អប្បបរមា ​យើង​ខ្ញុំ​សូម​គោរព​ដាក់​ជូន​ឯកឧត្ត​ប្រធាន ​នូវ​គោល​ជំហរ​នៃ​តួលេខ​ប្រាក់​ឈ្នួល​នេះ ​ដើម្បី​ដាក់ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ពិនិត្យ​ ឬ​បោះឆ្នោត​ទៅតាម​នីតិវិធី»។

សូម​ជម្រាបថា​ ប្រាក់​ឈ្នួល​អប្បបរមា ​សម្រាប់​វិស័យ​កាត់ដេរ​និង​ផលិត​ស្បែក​ជើង ​ឆ្នាំ​ ២០២១ ​គឺ​មាន​ចំនួន​ ១៩២ ដុល្លារ។

លោក ​ប៉ាវ ស៊ីណា ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា ​មើល​ឃើញ​ថា ​ការចរចា​ប្រាក់​ឈ្នួល​គោល​ក្នុង​ពេលនេះ​ បើទោះ​ភាគី​ទាំង​សងខាង​ ហាក់​មាន​តួលេខ​ឆ្ងាយ​ពី​គ្នា ​ព្រោះ​តែ​ហេតុ​ផល​រៀង​ខ្លួន​ក៏​ពិតមែន ​ប៉ុន្តែ​ភាគី​ទាំង​សងខាង​ បង្ហាញ​ជំហរ​រួមគ្នា​ ក្នុង​ការដោះស្រាយ​បញ្ហា​ដែល​កំពុង​ជួប​ប្រទះ​ក្នុង​ពេល​បច្ចុប្បន្ន។

លោក​រំពឹងថា ​ប្រាក់​ឈ្នួល​របស់​កម្មករ​សម្រាប់​ឆ្នាំ ២០២២ ​នឹង​ឡើង​ក្នុង​កម្រិត​ណាមួយ ​ដែល​ជួយ​ឱ្យ​ជីវភាព​កម្មករ​អាច​មាន​ភាព​ល្អប្រសើរ​ បើទោះ​តួលេខ​ដែល​ភាគី​បាន​កំណត់​ចុងក្រោយ ​មិន​មាន​ចំណុច​រួម​យ៉ាង​ណា​ក៏ដោយ។

លោក​បញ្ជាក់ថា​៖ «ការចរចា​ប្រាក់ឈ្នួល​ឆ្នាំ​នេះ ​គឺ​នឹង​មាន​ភាពវិជ្ជមាន ​ព្រោះ​បើ​យើង​ពិនិត្យ​ទៅមើល​អនុសាសន៍​របស់​ថ្នាក់​ដឹកនាំ ​ដែល​បាន​មាន​ប្រសាសន៍​ថា ​វិស័យ​កាត់ដេរ ​មាន​ភាព​ល្អប្រសើរ ​មាន​ការបញ្ជា​ទិញ​កាន់តែ​ច្រើន។ ថ្នាក់​ដឹកនាំ ​ក៏បាន​លើក​ឡើង​ពីការ​ដំឡើង​ប្រាក់​ឈ្នួល​ដែរ។ ដូច្នេះ ​ខ្ញុំ​គិតថា ​ទាំងអស់​នេះ ​យើង​នឹង​ទទួលបាន​សញ្ញាបូក ​គ្រាន់តែ​ថា ​យើង​មិន​ដឹង ​មាន​ការឡើង​ចំនួន​ប៉ុនណា»៕

អត្ថបទគួរចាប់អារម្មណ៍