មណ្ឌលគិរីៈ ហ្វូង​កូន​សត្វក្រពើ​ភ្នំ ដែលជា​ប្រភេទ​សត្វ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​ចំនួន​ ៨ ​ក្បាល ​ត្រូវ​បាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្នែក​ស្រាវជ្រាវ​សត្វព្រៃ​នៃ​ក្រសួងបរិស្ថាន​ និង​អង្គការ​មូលនិធិ​សកល​សម្រាប់​ធនធាន​ធម្មជាតិ​ (WWF) រកឃើញ​ក្នុង​ដែន​ជម្រក​ធម្មជាតិ​នៃ​តំបន់​ស្រែពក ដែល​វា​កំពុង​រស់នៅ​ដោយ​សុវត្ថិភាព​ក្នុង​ទីជម្រក​ធម្មជាតិ ក្រោម​ការការពារ​យ៉ាង​តឹងរ៉ឹង​ពី​មន្ត្រី​ឧទ្យានុរក្ស​នៃ​ខេត្តមណ្ឌលគិរី​។

សេចក្តី​ប្រកាស​ព័ត៌មាន​រួមគ្នា​របស់​ក្រសួងបរិស្ថាន និង​អង្គការ WWF នៅ​ថ្ងៃទី​ ២១ ខែកញ្ញា​ឱ្យដឹងថា គំហើញ​នៃ​ហ្វូង​កូន​សត្វក្រពើ​ភ្នំ នាពេល​នេះ​គឺជា​ភ័ស្តុតាង​បញ្ជាក់​ដោយ​រូបភាព​ដំបូងបង្អស់​នៃ​ការរស់រាន​បន្ត​ពូជ​របស់​សត្វ​នេះ ក្រោយ​ការខិតខំ​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​ ១ ​ទសវត្សរ៍​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ស្រែពក ដែលជា​តំបន់​ការពារ​ធម្មជាតិ​មួយ​នៃ​តំបន់​ព្រៃ​ទេសភាព​ភាគ​ខាងកើត​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន និង​គាំទ្រ​ដោយ​អង្គការ WWF​។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក​ សាយ សំអាល់ លើកឡើងថា នេះ​គឺជា​ដំណឹង​ដ៏ល្អ​មួយ​ដែល​ត្រូវ​សាទរ និង​ជា​ផ្លែផ្កា​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​អភិរក្ស​រវាង​ក្រសួងបរិស្ថាន អង្គការ WWF និង​អង្គការ​ដៃគូ​។ ជាពិសេស​សមាជិក​ទាំង​អស់​នៃ​ក្រុមការងារ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ដែល​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា និង​ស្រាវជ្រាវ​រហូត​ទទួលបាន​នូវ​លទ្ធផល ដោយ​បាន​កត់ត្រា​បញ្ជាក់​ជា​ផ្លូវការ​លើក​ដំបូងបង្អស់​នៃ​ហ្វូង​កំពុង​បន្ត​ពូជ​នៃ​សត្វ​ក្រពើ​ភ្នំ​ដ៏កម្រ​បំផុត​នេះ​នៅ​តំបន់​ស្រែពក​។

លោក​ថ្លែងថា​៖ «​គំហើញ​នៃ​ហ្វូង​កូន​សត្វ​ក្រពើ​ភ្នំ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​សារៈសំខាន់​នៃ​ដែនជម្រក​សត្វព្រៃ​ស្រែពក​ជា​តំបន់​ជីវចម្រុះ​សកល​មួយ ដែលមាន​សក្តានុពល​ខ្ពស់​សម្រាប់​ការស្ដារ​ធនធាន ជីវចម្រុះ និង​ចំនួន​សត្វព្រៃ​សំខាន់ៗ​មាន​តម្លៃ​ជា​​សកល​ឡើងវិញ​»​។

លោក​ សាយ សំអាល់ បញ្ជាក់ថា ដំណឹង​ដ៏រំភើប​នេះ​ក៏​បាន​ឆ្លុះបញ្ចាំង​ផងដែរ​ពី​សារៈសំខាន់​នៃ​ប្រទេស​កម្ពុជា​ សម្រាប់​ការអភិរក្ស​សត្វ​ក្រពើ​ភ្នំ​ដ៏កម្រ និង​សត្វព្រៃ​សំខាន់ៗ​ដទៃ​ជាច្រើន​ប្រភេទ​ទៀត​។ លោក​ក៏បាន​អំពាវនាវ​យ៉ាងទទូច​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​ចាត់វិធានការ​រួមគ្នា​ជាបន្ទាន់​ថែមទៀត​ចាំបាច់ សម្រាប់​​ការការពារ​សត្វ​ក្រពើ​ភ្នំ​ដើម្បី​ឱ្យ​សត្វ​នេះ​ចៀស​ផុតពី​ការផុត​ពូជ​។ ដាក់ចេញ​នូវ​វិធីសាស្ត្រ​នានា​ដើម្បី​ធានា​ឱ្យ​សត្វ​នេះ​មាន​ចំនួន​កើនឡើង​វិញ​សម្រាប់​គាំទ្រ​ការរស់រាន​របស់​វាត​ទៅ​អនាគត​។

លោក ប៊ុន សុធា សមាជិក​ម្នាក់​នៃ​ក្រុម​អ្នកស្រាវជ្រាវ​ឱ្យដឹង​ដែរ​ថា ក្នុង​រដូវ​កូន​ក្រពើ​ញាស់​នេះ ក្រុម​អ្នកស្រាវជ្រាវ​បាន​ធ្វើការ​តាមដាន​ជាប្រចាំ​។ សម្រាប់​ការចុះ​តាមដាន​មួយ​លើក​នេះ ក្រុមការងារ​របស់លោក​បាន​ចំណាយ​អស់​រយៈពេល​ ៤ ​យប់ ដើម្បី​អង្កេត​មើល​ស្ថានភាព​របស់​សត្វ​ក្រពើ​ភ្នំ​នៅតាម​ទីតាំង​ផ្សេងៗ​​របស់​វា គឺ​ចាប់​តាំងពី​ម៉ោង​ ៧ ​យប់ រហូតដល់​រំលង​អធ្រាត្រ​ប្រហែល​ទល់​ម៉ោង​ ២ ​ព្រឹក​។

លោក​ថ្លែងថា​៖ «​ភាពរំភើប​ត្រេកអរ​ជាខ្លាំង​ក៏បាន​មកដល់ ក្រោយ​ពេលដែល​សមាជិក​ក្រុមការងារ​យើង​ម្នាក់​បាន​ប្រទះឃើញ​ចំណាំង​ពន្លឺ​ភ្នែក​របស់​កូនសត្វ​ក្រពើ​ដែល​ទើបនឹង​ញាស់​»​។

របកគំហើញ​នាពេល​នេះ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ចាត់ទុក​ជា​​ការវិវឌ្ឍ​ដ៏វិជ្ជមាន​មួយ​នៃ​ការសិក្សា​ស្ដីពី​សត្វ​ក្រពើ​ភ្នំ​ក្នុង​តំបន់ នៃ​ដែនជម្រក​សត្វព្រៃ​ស្រែពក ដោយហេតុថា វត្តមាន​របស់​សត្វ​នេះ​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ជា​ផ្លូវការ​ទេ បើ​ផ្អែក​តាម​របាយការណ៍​ស្រាវជ្រាវ​នានា ដែល​គេ​ធ្លាប់​ទទួលបាន​កាលពី​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​។ រីឯ​ការកត់ត្រា​វត្តមាន​របស់​វា​តាមរយៈ​រូបភាព​ក៏​គ្មាន​ដែរ​ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ​។ នេះ​បើតាម​ប្រធាន​ផ្នែក​ស្រាវជ្រាវ​ និង​តាមដាន​ជីវចម្រុះ​នៃ​អង្គការ WWF កញ្ញា Milou Greatenberg​។

កញ្ញា​ Milou និយាយថា​៖ «​គំហើញ​នៃ​ហ្វូង​កូន​សត្វ​ក្រពើ​ភ្នំ​នៅ​តំបន់​ស្រែពក​ពេលនេះ ពិតជា​ផ្តល់នូវ​ក្តីសង្ឃឹម​សម្រាប់​ការអភិរក្ស និង​ការពារ​ការរស់រាន​របស់​សត្វ​នេះ​នៅក្នុង​ទីជម្រក​ធម្មជាតិ​របស់​វា ដែល​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា និង​ពិភពលោក​ទាំងមូល​»​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​​ដដែល សត្វក្រពើ​ភ្នំ ធ្លាប់​មាន​រស់នៅ​ពាសពេញ​តំបន់​អាស៊ីអាគ្នេយ៍​។ ប៉ុន្តែចាប់ពី​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ​មក វត្តមាន​របស់​សត្វ​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​មួយ​នេះ​ត្រូវ​បាត់បង់​គួរឱ្យ​បារម្ភ​ពី​ដែន​ជម្រក​ធម្មជាតិ​របស់​ពួកវា​។

ប្រទេស​កម្ពុជា គឺជា​ទីជម្រក​សំខាន់​ជា​សកល​មួយ​សម្រាប់​ការរស់រាន​នៃ​សត្វ​ក្រពើ​ភ្នំ​ដែល​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា មាន​ចំនួន​សរុប​ចន្លោះ​ពី ២០០ ទៅ ៤០០ ​ក្បាល​កំពុង​រស់នៅក្នុង​ទីជម្រក​ធម្មជាតិ​នានា​ក្នុង​ប្រទេស​។ នៅលើ​ពិភពលោក​ចំនួន​សត្វ​ក្រពើ​ភ្នំ​ដែល​ស្ថិតក្នុង​វ័យ​អាច​បន្ត​ពូជ​បាន​មាន​ប្រមាណ​មិន​លើសពី ១ ០០០ ​ក្បាល​ឡើយ​។

ជាមួយ​គ្នា​នេះ ការរស់រាន​របស់​សត្វ​ក្រពើ​ភ្នំ​នៅតែមាន​កត្តា​គំរាមកំហែង ដូចជា​ការរេចរឹល និង​ការបាត់បង់​ទីជម្រក ការបរបាញ់​ខុសច្បាប់ ដែល​បណ្តាល​មកពី​តម្រូវការ​នៃ​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។ ការចាប់​ដោយ​ខុស​​ច្បាប់ ដើម្បី​ផ្គត់ផ្គង់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ ការចាប់​យក​ទៅ​បង្កាត់​ពូជ​ជាមួយ​ពូជ​ក្រពើ​ផ្សេង ទំនប់​វារីអគ្គិសនី និង​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​ជាដើម​។

លោក​ សេង ទៀក នាយក​អង្គការ WWF កម្ពុជា ថ្លែងថា​៖ «​ខ្ញុំ​សូម​អបអរសាទរ​ចំពោះ​ក្រុមការងារ​ស្រាវជ្រាវ និង​ក្រុមការងារ​អនុវត្ត​ច្បាប់​ចំពោះ​គំហើញ​ដ៏អស្ចារ្យ​នេះ​។ ប្រសិនបើ​គ្មាន​ការប្តេជ្ញាចិត្ត និង​ការខិតខំ​ដ៏មោះមុត និង​ដោយ​ទៀងទាត់​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​នោះទេ យើង​ទាំងអស់​គ្នា​ក៏​មិន​ទទួលបាន​នូវ​លទ្ធផល​ដ៏ប្រសើរ​បែបនេះ​ដែរ​»​។

លោក​ថា ត្រូវ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការការពារ និង​អភិរក្ស​បន្ថែមទៀត ដោយ​ផ្តល់​អាទិភាព​លើ​ការស្វែងរក​នូវ​ដំណោះស្រាយ​សមស្រប និង​ប្រកបដោយ​ភាពច្នៃប្រឌិត​សម្រាប់​គាំទ្រ​ដល់​ការគ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ និង​ការការពារ​ធនធាន​សត្វព្រៃ​។ លោក សេង ទៀក បន្ត​អំពាវនាវ​ឱ្យ​ចាត់​វិធានការ និង​រក​វិធីសាស្ត្រ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន ដើម្បី​គ្រប់គ្រង ប្រើប្រាស់ និង​ចាត់ចែង​ធនធាន​ធម្មជាតិ​។

ក្រសួង​បរិស្ថាន និង​អង្គការ WWF នឹង​បន្ត​តាមដាន​ស្ថានភាព​សត្វក្រពើ​ភ្នំ​នៅ​តំបន់​ស្រែពក​តទៅទៀត និង​ពង្រឹង​វិធានការ ការពារ​ទីជម្រក​របស់​សត្វ​នេះ​ពី​ការគំរាមកំហែង​ផ្សេងៗ មាន​ដូចជា​ការទន្ទ្រាន​ដី​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ទីជម្រក និង​សកម្មភាព​ល្មើសច្បាប់​ផ្សេងៗ​ទៀត ដោយ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការចុះ​ល្បាត​ជាប្រចាំ​តាម​គ្រប់​មធ្យោបាយ​ទាំង​ក្នុង និង​ក្រៅ​តំបន់​ការពារ​ធម្មជាតិ​៕