ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថា​ប្រទេស​មហាអំណាច​ខ្លះ និង​សម្ព័ន្ធមិត្ត​នៅតែ​បន្ត​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា តាមរយៈ​ការអនុវត្ត​ស្តង់ដា​២ អំពី​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​។

តាមរយៈ​សារលិខិត​ដើម្បី​អបអរសាទរ​ទិវា​សន្តិភាព​អន្តរជាតិ​ថ្ងៃទី​ ​២១ កញ្ញា ឆ្នាំ​ ២០២១ លោក​ ហ៊ុន សែន ថ្លែងថា ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បាន​និង​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​ជាច្រើន ជាពិសេស​ស្ថានភាព​សង្គម និង​សេដ្ឋកិច្ច​របស់​ពិភពលោក​ទាំងមូល​។ ពិភពលោក​ក៏​កំពុង​ជួបប្រទះ​វិបត្តិ​សេដ្ឋកិច្ច ជា​សកល​តាមរយៈ​ការធ្លាក់ចុះ​នូវ​កំណើន​សេដ្ឋកិច្ច​ជាតិ និង​អន្តរជាតិ ដោយសារ​ការបង្អាក់​លំហូរ​សកម្មភាព​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​។

លោក​បាន​បន្តថា បន្ថែម​លើ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​សង្គម​អន្តរជាតិ ការវិវឌ្ឍ​ដ៏ស្មុគស្មាញ​មិនអាច​ប្រមាណ​ទុកជាមុន​នៃ​ស្ថានការណ៍​ពិភពលោក​បង្កឡើង​ដោយ​ការប្រកួតប្រជែង​រវាង​មហាអំណាច​ ដើម្បី​ការពារ​ផលប្រយោជន៍ និង​រក្សា​ឥទ្ធិពល ទាំង​នយោបាយ យោធា និង​សេដ្ឋកិច្ច​របស់ខ្លួន បាននិង​កំពុង​គំរាមកំហែង​ដល់​សុខសន្តិភាព និង​ស្ថិរភាព​ទាំង​នៅក្នុង​តំបន់ និង​អន្តរជាតិ​។ កម្ពុជា​មិនអាច​គេច​ផុតពី​ការទទួលរង​ឥទ្ធិពល​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច​អស់ទាំង​នោះបានទេ​។

ដោយ​ទំនង​សំដៅ​ដល់​ប្រទេស​មហាអំណាច​លោក​ខាងលិច លោក​ ហ៊ុន សែន ថ្លែងថា​៖ «​ប្រទេស​មហាអំណាច​ខ្លះ និង​សម្ព័ន្ធមិត្ត​នៅ​បន្ត​ប្រើប្រាស់​គ្រប់​ល្បិចកល គំរាមកំហែង ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា តាមរយៈ​ការអនុវត្ត​ស្តង់ដា​ ២ អំពី​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​»​។

លោក​រំឭក​ដែរ​ថា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​មិន​ភ្លេច​ទេ​នូវ​វិនាសកម្ម និង​ការឈឺចាប់​ដែល​បង្កឡើង​ដោយ​សង្គ្រាម​ដែល​ប្រទេស​មហាអំណាច​ខ្លះ និង​សម្ព័ន្ធមិត្ត​បានដាក់​បង្ខំ​មកលើ​កម្ពុជា​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​យើង​ក៏​មិន​បានឱ្យ​ប្រទេស​អស់ទាំងនោះ សងបំណុល​សីលធម៌ ដែល​ពួកគេ​ជំពាក់ ចំពោះ​ប្រជាជន​កម្ពុជា​ទេ​។ តែ​យើង​គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​អធិបតេយ្យ​របស់ខ្លួន​ជា​ម្ចាស់​ទឹក ម្ចាស់​ដី ការពារ​ការរស់រាន​មានជីវិត​ឡើងវិញ​របស់​ប្រជាជន​កម្ពុជា ការពារ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​តែប៉ុណ្ណោះ​»​។

លោក​អះអាងថា កម្ពុជា​ប្រកាន់​យក​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលនយោបាយ​អព្យាក្រឹត​មិន​ចូលបក្ស​សម្ព័ន្ធ សន្តិសហវិជ្ជមាន មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា និង​ការគោរព​គ្នា និង​មាន​ផលប្រយោជន៍​ទៅវិញទៅមក​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​នៅក្នុង​ពិភពលោក​។

លោក​ ហ៊ុន សែន រំឭកថា បទពិសោធ និង​មេរៀន​ដ៏ជូរចត់ ដែល​កម្ពុជា​ធ្លាប់​ទទួលបាន​ក្នុង​ដំណាក់កាល​ឆ្លងកាត់​អស់​រយៈ​ជាង​ ២ ​ទសវត្សរ៍​នៃ​សង្គ្រាម និង​របប​ខ្មែរក្រហម បាន​ធ្វើឱ្យ​ប្រជាជន​កម្ពុជា ទាំងអស់​គ្នា​យល់ច្បាស់​ពី​តម្លៃ​នៃ​សន្តិភាព និង​ស្ថិរភាព ដែល​លោក​ចាត់ទុកជា​មូលដ្ឋានគ្រឹះ​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​។

លោក​រំឭក​ទៀតថា​៖ «​អស់​រយៈពេល​ជិត​ ២៣ ​ឆ្នាំ​ហើយ ចាប់តាំងពី​ថ្ងៃទី​ ២៩ ធ្នូ ឆ្នាំ​ ១៩៩៨ ការបញ្ចប់​សង្គ្រាម​នៅលើ​ទឹកដី​មាតុភូមិ​កម្ពុជា ដោយ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​ខ្ញុំព្រះករុណាខ្ញុំ បាន​នាំមក​នូវ​សុខសន្តិភាព​ពេញលេញ និង​ការឯកភាព​ជាតិ​ទាំងស្រុង​ពិតប្រាកដ​ជា​លើកដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។

លោក​ចាត់ទុកថា រយៈពេល​នេះ​បាន​ផ្ដល់​ឱកាស​ដល់​រដ្ឋាភិបាល​ និង​ប្រជាជន​​កម្ពុជា ខិតខំ​ប្រឹងប្រែង​ស្តារ និង​កសាង​ប្រទេសជាតិ​ឡើងវិញ ព្រមទាំង​បោះជំហាន​យ៉ាងរឹងមាំ​លើ​មាគ៌ា​អភិវឌ្ឍន៍ និង​ទទួល​បាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​។

លោក ប៉ា ចន្ទរឿន នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ នា​ថ្ងៃទី​ ២១ កញ្ញា ថា​នៅពេល​មាន​ការថ្លែង​ពី​កង្វល់ ឬ​ក្តីបារម្ភ​ពី​ស្ថានភាព​នៃ​ការរំលោភ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​ពី​សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ​ដទៃទៀត ដូចជា​ប្រទេស​មួយចំនួន​នៅ​សហភាព​អឺរ៉ុប​ជាដើម គេ​តែងតែ​ឃើញ​មានការ​ឆ្លើយតប​ពី​រដ្ឋាភិបាល​ថា ជា​ការជ្រៀតជ្រែក​ផ្ទៃក្នុង​។

លោក​ថ្លែងថា រឿង​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​មាន​លំអាន​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ​ ១៩៩៣ ដែល​បានចែង​ច្បាស់​អំពី​ការគោរព​សិទ្ធិមនុស្ស និង​ចែងថា ប្រទេស​កម្ពុជា​កាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ការគោរព​សិទ្ធិមនុស្ស​នេះ​ក៏មាន​ចែង​ក្នុង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ សេចក្តី​ថ្លែងការណ៍​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស កតិកាសញ្ញា និង​អនុសញ្ញា​ដទៃទៀត​ដែរ ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​ទទួលស្គាល់​។

លោក​ ចន្ទរឿន ​ថ្លែងថា​៖ «​ការលើកឡើង​របស់​សហគមន៍​អន្តរជាតិ ជាពិសេស​គឺ​អតីត​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​អំពី​បញ្ហា​ការរំលោភ​សិទ្ធិមនុស្ស និង​ការធ្លាក់ចុះ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ហ្នឹង គឺជា​ការឈឺឆ្អាល ក៏ដូចជា​ការបំពេញ​នូវ​កាតព្វកិច្ច​របស់​ពួកគេ​ក្នុង​នាម​ជា​ប្រទេស ដែលជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផងដែរ និង​ជា​ដៃគូ​សហការ​ជាមួយនឹង​ប្រទេស​កម្ពុជា ដែល​ប្រកាន់​គោលការណ៍​នៃ​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​»​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ថ្លែងថា​ប្រទេសមួយ​ចំនួន​អាច​ថា ប្រទេស​លោក​ខាងលិច គឺ​នៅតែ​បង្កប់​នូវ​របៀបវារៈ នយោបាយ ដោយ​យក​លេស ឬ​យក​ខែល​សិទ្ធិមនុស្ស ឬ​ប្រជាធិបតេយ្យ ដើម្បី​ដាក់​សម្ពាធ​ផ្សេងៗ​មកលើ​ប្រទេស​ខ្លះ​ដើម្បី​សម្រេច​គោលបំណង​នយោបាយ​របស់​ពួកគេ​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​យើង​ធ្វើការ​ប្រៀបធៀប​ស្ថានភាព​ដូចគ្នា​ហ្នឹង ពាក់ព័ន្ធ សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​។ វា​មិនមាន​តុល្យភាព ឬ​វា​មិនមាន​ភាពយុត្តិធម៌​សម្រាប់​ប្រទេស​ខ្លះ​ធៀប​ជាមួយ​នឹង​ប្រទេស​ខ្លះ​។ ពីព្រោះ​ពួកប្រទេស​ទាំងអស់​ហ្នឹង មហាអំណាច​មួយចំនួន​នៅ​លោក​ខាងលិច​ហ្នឹង គេ​គិត​គោលដៅ​ផលប្រយោជន៍ ខាង​នយោបាយ ខាង​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​របស់គេ​»៕