ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញ​ពី​ការសិក្សា​លើ​ការគ្រប់គ្រង​ទឹក និង​ដី ដែលជា​ជម្រើស​បច្ចេកទេស​កសិកម្ម​វៃឆ្លាត ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​អាកាសធាតុ ហើយ​ការអនុវត្ត​បច្ចេកទេស​នេះ ជួយ​បង្កើន​ទិន្នផល​ស្រូវ​ខ្ពស់ជាង​ស្រែ​ដែល​មិនបាន​អនុវត្ត​បច្ចេកទេស​នេះ​។

លោក វេង សាខុន បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់លោក កាលពី​ថ្ងៃទី​ ១៨ កញ្ញា​ថា ស្រែ​បង្ហាញ​ស្តីពី​ជម្រើស​បច្ចេកទេស​កសិកម្ម​វៃឆ្លាត​នឹង​អាកាសធាតុ​លើ​ការគ្រប់គ្រង​ទឹក​ និង​ដី គឺជា​ប្រសិទ្ធភាព​នៃ​បច្ចេកទេស​វៃឆ្លាត​នឹង​អាកាសធាតុ​ក្នុង​ការគ្រប់គ្រង​ទឹក និង​ដី​លើ​ដំណាំ​ស្រូវ​។ បច្ចេកទេស​នេះ​គឺ​បាន​អនុវត្ត​នៅលើ​ក្រុម​ដី ប្រទះ​ឡាង ទួលសំរោង និង​ព្រៃខ្មែរ​នៅក្នុង​ខេត្តព្រៃវែង តាកែវ កំពង់ឆ្នាំង និង​បាត់ដំបង ដោយ​ធើ្វការ​ដាំដុះ​ពូជស្រូវ​ផ្ការំដួល​ជា​ប្រភេទ​ស្រូវកណ្តាល និង​សែន​ពិដោរ​ជា​ប្រភេទ​ស្រូវស្រាល​។

លោក​បញ្ជាក់ថា​៖ «​គោលបំណង​នៃ​ការធ្វើ​ស្រែ​បង្ហាញ គឺ​ដើម្បីឱ្យ​កសិករ​ចូលរួម​ធ្វើការ​ផ្ទៀងផ្ទាត់​អំពី​​ប្រសិទ្ធភាព​នៃ​បច្ចេកទេស (AWD) និង​ធ្វើការ​ប្រៀបធៀប​ទិន្នផល​លើ​ស្រែ​ដែល​បាន​អនុវត្ត​បច្ចេកទេស​ពន្លិច​ឆ្លាស់​ និង​បង្គោក​ជាមួយ​នឹង​ស្រែ​ដាំដុះ​តាម​ទម្លាប់​ធម្មតា​»​។

នៅក្នុង​ដំណើរការ​ធ្វើស្រែ​បង្ហាញ​នេះ នាយកដ្ឋាន​បង្ហាញ​លើ​ការរៀបចំ​ដី ការកៀរ​ពង្រាបដី​ឱ្យ​ស្មើ​ល្អ ជម្រើស​បច្ចេកទេស​ដាំដុះ ការគ្រប់គ្រង​ទឹក ការប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ និង​ការវាស់កម្ពស់​ទឹក​ក្នុង​ស្រែ​ទាក់ទង​នឹង​កត្តា​អាកាសធាតុ​ប្រែប្រួល​លើ​ដំណាំ​។ លើសពីនេះ ស្រែ​នៅតាម​ទីតាំង​នីមួយៗ​ក៏​បាន​បង្ហាញ​អំពី​ការប្រើប្រាស់​ជីធម្មជាតិ និង​ជីកំប៉ុស​ក្នុង​ការបង្កើន​គុណភាព​ដី​កសិកម្ម និង​រក្សា​សំណើម​ដី​ដើម្បី​ទប់ទល់​នឹង​ភាពរាំងស្ងួត​ផងដែរ​។ នេះ​បើតាម​ការអះអាង​របស់លោក វេង សាខុន​។

លោក​បាន​ពន្យល់ថា​៖ «​ការជ្រើសរើស​ទីតាំង​អនុវត្ត​ជម្រើស​បច្ចេកទេស​វៃឆ្លាត​នឹង​អាកាសធាតុ គឺជា​ភាពចាំបាច់​ស្របទៅតាម​ទីតាំង​ភូមិសាស្ត្រ​នីមួយៗ​ដែល​ស្ថិត​នៅក្នុង​តំបន់​ងាយ​រងគ្រោះ​ ដោយសារ​ការប្រែប្រួល​អាកាសធាតុ ហើយ​តំបន់​នោះបាន​រង​ផលប៉ះពាល់​មានដូចជា រាំងស្ងួត ទឹកជំនន់ និង​សត្វល្អិត​បំផ្លាញ​ជាដើម​»​។

ជាច្រើន​ឆ្នាំ​មកហើយ នាយកដ្ឋាន​គ្រប់គ្រង​ធនធាន​ដី​កសិកម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​អនុវត្ត​តួនាទី និង​ភារកិច្ច​ស្នូល​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​យកចិត្ត​ទុកដាក់​ខ្ពស់​ដល់​ការពង្រឹងសមត្ថភាព​អ្នកពាក់ព័ន្ធ និង​ប្រជាកសិករ​លើ​ការងារ​គ្រប់គ្រង​ទឹក និង​ដី ឆ្លើយតប​ទៅនឹង​បរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ​ក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក​។

នាយកដ្ឋាន​នេះ​បានដាក់​ចេញ​នូវ​ការសិក្សា​ស្តីពី​ជម្រើស​បច្ចេកទេស​កសិកម្ម​វៃឆ្លាត​នឹង​អាកាសធាតុ​លើ​ការគ្រប់គ្រង​ទឹក និង​ដី ដោយបាន​រៀបចំ​ស្រែ​បង្ហាញ​នៅលើ​ស្រែ​កសិករ តាមរយៈ​ការអនុវត្ត​បច្ចេកទេស​ពន្លិច​ឆ្លាស់​ និង​បង្គោក (Alternate Wetting and Drying AWD) លើ​ដំណាំ​ស្រូវ​នៅ​តំបន់​ងាយ​រងគ្រោះ​ដោយសារ ការប្រែប្រួល​អាកាសធាតុ​។

លោក សេង វ៉ាង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ធនធាន​ដី​កសិកម្ម​បាន​និយាយថា បច្ចេកទេស​នេះ​រួមចំណែក​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​អាច​កាត់បន្ថយ​តម្រូវការ​ប្រើប្រាស់​បរិមាណ​ទឹក​ពី ១៦ ​ភាគរយ​ដល់ ៣៥ ​ភាគរយ ដោយ​ពុំមាន​ការថយចុះ​​ទិន្នផល​ព្រមទាំង​ជួយ​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ដំណាំ​ស្រូវ​​ដូចជា មេតាន (CH4-) ប្រមាណ​ពី ៣០%-៤៨% ផងដែរ (IRRI Knowledge Bank)​។

លោក​បន្តថា​៖ «​តាមរយៈ​ការអនុវត្ត​ផ្ទាល់​លើ​ស្រែ​កសិករ​ជាទូទៅ ការប្រមូលផល​គឺ​ទទួលបាន​ទិន្នផល​ចាប់ពី ២,៧៥ ដល់ ៤,៧០ តោន​ក្នុង​ ១ ​ហិកតា ទៅតាម​ប្រភេទ​ដី​ខុសៗ​គ្នា ហើយ​ទិន្នផល​មធ្យម ៣,៥៩ ​តោន​/​ហិកតា​។ ការកត់សម្គាល់​ជារួម​ដោយ​ធ្វើការ​ប្រៀបធៀប​ទិន្នផល​ស្រូវ​បាន​បង្ហាញថា ការអនុវត្ត​បច្ចេកទេស AWD បាន​ជួយ​បង្កើន​ទិន្នផល​ស្រូវ​ក្នុង​បរិមាណ​ពី ១៥០​ ដល់​ ៣៥០ ​គ. ក្រ/ហ.ត បើ​ប្រៀបធៀប​ជាមួយនឹង​ស្រែ​កសិករ​ដែល​មិនបាន​អនុវត្ត​បច្ចេកទេស​នេះ​»​។

លោក​ថ្លែងថា លទ្ធផល​នៃ​ការសិក្សា​អំពី​បច្ចេកទេស AWD នេះ​គឺជា​ការសិក្សា​វាយតម្លៃ​ជំហាន​ដំបូង​បង្អស់​ក្នុងប្រទេស​កម្ពុជា ដែល​ជួយ​ដល់​ការសន្សំសំចៃ​ទឹក​ដោយ​មិន​បណ្តាល​ឱ្យ​បាត់បង់​ទិន្នផល​ស្រូវ ហើយ​វា​មិន​ត្រឹមតែ​ឆ្លើយតប​នឹង​គោលបំណង​នេះ​ទេ ថែមទាំង​បាន​បង្កើន​ទិន្នផល​ដំណាំ​មួយកម្រិត​ទៀត​៕