ភ្នំពេញៈ ដំណាំ​ដំឡូងមី និង​ដំណាំ​ស្រូវ​រដូវវស្សា​វគ្គ​ ២ សរុប​ប្រមាណ​ជាង ៥ ០០០​ ហិកតា​ក្នុង​ខេត្តបន្ទាយមានជ័យ​កំពុង​រង​ផលប៉ះពាល់​ ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹក​ដែល​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ តាម​ដងអូរ​ព្រំដែន និង​ប្រជាពលរដ្ឋ​ជាង​ ៨០ ​គ្រួសារ​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។ នេះ​បើតាម​ការអះអាង​របស់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​កាលពី​ថ្ងៃ​អង្គារ​។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជំនន់​ទឹកភ្លៀង និង​ទឹក​ដែល​ហូរ​ចាក់​ពី​តំបន់​នានា តាម​អូរ​ព្រំដែន​បាន​ជន់លិច និង​បង្ក​ផលប៉ះពាល់​ដំណាំ​ដំឡូងមី និង​ស្រូវ​រដូវវស្សា​វគ្គ​ ២ របស់​ប្រជាកសិករ​ជាច្រើន​ពាន់​ហិកតា នៅក្នុង​ក្រុង-ស្រុក​ចំនួន​ ៥ ​នៃ​ខេត្តបន្ទាយមានជ័យ រួមមាន​ក្រុង​ប៉ោយប៉ែត ស្រុក​មង្គលបុរី ថ្មពួក ម៉ាឡៃ និង​ស្រុក​អូរជ្រៅ​។

លោក វណ្ណាសេដ្ឋ បាន​បញ្ជាក់ថា គិត​មកទល់​ពេលនេះ ដំណាំ​ដំឡូងមី សរុប​ជាង​ ២ ៥០០ ​ហិកតា បាន​រង​ផលប៉ះពាល់ និង​ខូចខាត​ជាង​ ១ ២៦០ ​ហិកតា ខណៈ​ដំណាំ​ស្រូវ​ជាង​ ៤ ០០០ ​ហិកតា បាន​រង​ផលប៉ះពាល់ ហើយ​អាច​ប្រឈម​ការខូចខាត​ប្រមាណ​ជាង​ ១០០ ​ហិកតា​ប្រសិនបើ​ទឹក​នៅតែ​បន្ត​ជន់លិច​ក្នុង​រយៈពេល​យូរ​លើសពី​ ១០ ​ថ្ងៃ​ឡើងទៅ​។

លោក វណ្ណាសេដ្ឋ ថ្លែងថា ដំណាំ​ស្រូវ​អាច​ធន់​ទ្រាំ​នឹង​ការលិចលង់​បាន​រហូតដល់​ ២ ​សប្ដាហ៍ ទើប​អាច​ស្អុយរលួយ ចំណែក​ដំឡូងមី គឺ​មិនអាច​ធន់​ទ្រាំ​នឹង​ការជន់លិច​បានយូរ​នោះទេ គឺ ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​យ៉ាងយូរ​មើម​របស់​វា​នឹង​ស្អុយរលួយ ហេតុដូច្នេះ​ប្រជាកសិករ​ម្ចាស់​ចម្ការ បាន​បង្ខំចិត្ត​ដកយក​មើម​របស់​វា​លក់​ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ និង​កាត់​រំលស់​ការខាតបង់​ទៅលើ​ថ្លៃដើម​។

ជាមួយ​គ្នា​នេះ លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គិត​ត្រឹម​រសៀល​ថ្ងៃទី​ ២១ ខែកញ្ញា ឆ្នាំ​ ២០២១ ​នេះ ក្រុមការងារ​នៃ​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​បាន​ជម្លៀស​ពលរដ្ឋ​ពី​តំបន់​ដែល​រង​ការជន់លិច​ទៅ​កាន់​ទីទួល​សុវត្ថិភាព​សរុប​ជាង​ ៨០ ​គ្រួសារ និង កំពុង​បន្ត​ជួយ​អន្តរាគមន៍ កាយ​ប្រឡាយ​បើក​មុខទឹក​ ដើម្បី​រំដោះ​ទឹក​ចេញពី​ទីក្រុង​ពាណិជ្ជកម្ម​ដ៏ធំ​បំផុត​នៃ​ខេត្ត​ភាគ​ពាយព្យ​ប្រទេស​កម្ពុជា​។

ខណៈ​កំពុង​ដឹកនាំ​កម្លាំង​អន្តរាគមន៍​ចុះ​កាយ​ប្រឡាយ​បើកមុខ​ទឹក​នៅ​ចំណុច ភូមិ​ប៉ាលេលេយ្យ​ ២ ក្នុង​សង្កាត់​ផ្សារកណ្ដាល លោក គាត ហ៊ុល បាន​បញ្ជាក់ថា​៖ «​នៅពេលនេះ ក្រុង​ប៉ោយប៉ែត​ទាំងមូល​កំពុង​បន្ត​ជន់លិច​ និង​ហ៊ុមព័ទ្ធ​ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹក​ដែល​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ​ តាម​ដងអូរ​ព្រំដែន​។ ប្រជាពលរដ្ឋ​ជាង​ ៨០ ​គ្រួសារ​ហើយ ដែល​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។ ទន្ទឹមនឹងនេះ​ក្រុមការងារ​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​យើង​នៅតែ​បន្តសកម្មភាព​ជីក​ស្ដារ​ប្រព័ន្ធ​លូ និង​កាយ​ផ្ដាច់​ផ្លូវលំ​មួយចំនួន ដើម្បី​រំដោះ​ទឹក​ចេញពី​ទីក្រុង និង​កាត់បន្ថយ​ផលប៉ះពាល់​ផ្លូវ និង​លំនៅឋាន​ប្រជាពលរដ្ឋ​»​។

បើតាម​លោក​ ហ៊ុល អាកាសធាតុ​នៅតែ​អួអាប់ និង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម ដែល​ធ្វើឱ្យ​កម្ពស់​ទឹក​នៅតាម​អូរ​ព្រំដែន និង​អាង​ស្តុក​ទឹក​មួយចំនួន​នៅក្នុង​ក្រុង​ប៉ោយប៉ែត​បាន​បន្ត​ជន់​ឡើង​លិច​ហៀរហូរ​លើ​ដងផ្លូវ និង​ហូរ​ចូលដល់​លំនៅឋាន​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ថែមទៀត​ក្នុង​តំបន់​ទីប្រជុំជន​នៃ​ទីក្រុង​នេះ​។ ទោះជា​យ៉ាង​ក៏ដោយ​មកទល់ពេលនេះ ជំនន់​ទឹកភ្លៀង​នៅ​មិនទាន់​បង្ក​គ្រោះថ្នាក់​ណាមួយ​ដល់​ជីវិត​មនុស្ស និង​សត្វ​នៅឡើយ​ទេ​។

ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី​កំណាត់​ផ្លូវ​ជាច្រើន​ខ្សែ​ត្រូវ​បាន​ទឹក​ជន់លិច និង​ហូរ​កាត់ បណ្ដាល​ឱ្យ​មាន​ការកកស្ទះ​ចរាចរណ៍​ទៅមក​របស់​ប្រជាពលរដ្ឋ និង​ត្រូវបាន​អាជ្ញាធរ​តម្រូវ​ឱ្យ​មាន​ការផ្អាក​ធ្វើដំណើរ​ឆ្លងកាត់​ជា​បណ្ដោះអាសន្ន ដើម្បី​កាត់បន្ថយ​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ធ្ងន់ធ្ងរ​។

ជាក់ស្ដែង​នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ជំនន់​ទឹកភ្លៀង​បាន​ជន់លិច​កំណាត់​ផ្លូវជាតិ​លេខ​ ៧ ប្រមាណ​ជាង​ ២០០ ​ម៉ែត្រ ចាប់ពី​ចំណុច​វិទ្យាល័យ​អូរដា ដល់​ភូមិ​អំពិលធំ ស្ថិតក្នុង​ឃុំ​ខ្វិតធំ បាន​រង​ការជន់លិច​ត្រឹម​ជង្គង់ និង​ត្រូវបាន​អាជ្ញាធរ​តម្រូវឱ្យ​ផ្អាក​ការធ្វើ​ចរាចរណ៍​រថយន្ត​ដឹកទំនិញ​ធំៗ​ជា​បណ្ដោះអាសន្ន​។ នេះ​បើតាម​ការអះអាង​របស់​លោក​ ឡោ ចាន់លី អភិបាល​ស្រុក​ព្រៃឈរ កាលពី​ថ្ងៃទី​ ២១ ខែកញ្ញា ឆ្នាំ​ ២០២១​។

លោក​ ចាន់លី បាន​និយាយថា​៖ «​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ និង​ខូចខាត​ផ្លូវជាតិ រដ្ឋបាល​ស្រុក​ព្រៃឈរ​យើង​បានសម្រេច​ឱ្យ​រថយន្ត​ដឹកទំនិញ​ធំៗ លើសពី​ ៣ ​តោន​ឡើងទៅ ត្រូវ​បើក​តាមផ្លូវ​វាង​ជា​បណ្ដោះអាសន្ន គឺ​ចាប់ពី​ស្គន់​ទៅ​សំពៅជ័យ ព្រោះ​នៅពេលនេះ​ទឹក​បាន​ជន់លិច​ហូរ​កាត់​ផ្លូវជាតិ​លេខ​ ៧ ត្រង់ចំណុច​ខាងលើនេះ​ក្នុង​ជម្រៅ​ជាង​ ៣ ​តឹក [​ជាង​ ០,៣ ​ម៉ែត្រ​] និង​ក្នុង​រយៈ​ចម្ងាយ​ជាង​ ២០០ ​ម៉ែត្រ​ឯណោះ​»​។

លោក​ ចាន់លី បាន​បន្តថា កម្លាំង​រដ្ឋបាល​ស្រុក​ព្រៃឈរ បាន​សហការ​ជាមួយ​មន្ទីរជំនាញ​បាន​ប្រើ​គ្រឿងចក្រ​អេស្ការវ៉ាទ័រ កាយ​ជា​ប្រឡាយ​បើកមុខ​ទឹក​ឱ្យ​ហូរ​ធ្លាក់​ទៅតាម​ដងអូរ វាលស្រែ និង​បឹងបួ​មួយចំនួន​ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​ភាគ​ខាងជើង​ផ្លូវ ដែល​មកទល់​ពេលនេះ ក្រុមការងារ​បាន​កាយ​ផ្ដាច់​ផ្លូវ​ខ្នង​ទំនប់​ចំនួន​ ៦ ​កន្លែង ដើម្បី​រំដោះ​ទឹក​ពី​ផ្លូវជាតិ​។

ជុំវិញ​ករណី​ទឹក​ជន់លិច​ផ្លូវ​នេះ​ផងដែរ លោក ហេង រតនា ប្រធាន​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) បាន​លើកឡើងថា ផ្លូវ និង​ទំនប់ ដែល​ធ្វើ​ជាប់​ជាងគេ គឺ​នៅ​មណ្ឌល​អភិវឌ្ឍន៍​ស៊ីម៉ាក់​មរតក​តេជោ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង គឺ​ធ្វើ​រាល់​ឆ្នាំ​ជួនកាល​ ១ ​ឆ្នាំ​ធ្វើ​ ២ ​ដង ដោយ​ទឹក​ជន់​បាក់​ទំនប់ និង​ដាច់​ផ្លូវ​។

លោក ហេង រតនា បាន​បញ្ជាក់ថា​៖ «​តំបន់​នេះ​បើ​រដូវប្រាំង​រក​ទឹក​ឱ្យ​គោ​ផឹក​គ្មាន តែ​រដូវវស្សា គឺ​ងាក​ទឹក​ជន់លិច​ដាច់​ផ្លូវៗ​មិន​បន្ទោស​ធម្មជាតិ និង​មនុស្សលោក​នោះទេ មូលហេតុ​ពិតប្រាកដ​ដឹង​អស់ហើយ​គឺ​មកពី​អភិវឌ្ឍ​តាម​លទ្ធភាព មិន​តាម​បច្ចេកទេស​នោះទេ ហើយ​តំបន់ភ្នំ គឺ​ទឹក​ជន់​លឿន​ស្រក​ក៏​លឿន​ណាស់ដែរ ហើយ​ស្រក​លឿន​បំផុត​ព្រោះ​បាក់​ទំនប់​»​។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត​បាត់ដំបង​នៅ​ថ្ងៃទី​ ២១ ខែកញ្ញា​នេះ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​សង្កែ បង្កើន​ការប្រុងប្រយ័ត្ន​អំពី​ការហក់​ឡើង​នៃ​កម្ពស់​ទឹកស្ទឹង​សង្កែ ខណៈ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ជា​បន្តបន្ទាប់​នៅ​ផ្នែក​ខាងលើ​។

លោក មូល ធន ប្រធាន​រដ្ឋបាល​ខេត្តបាត់ដំបង​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា មកទល់​ពេលនេះ ទឹកស្ទឹង​សង្កែ​បាន​ជន់ឡើង​លឿន​ខុស​ប្រក្រតី ដែល​ធ្វើឱ្យ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ខណៈ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ខ្លាំង​នៅ​ផ្នែក​ខាងលើ​ដូចជា​នៅ​ស្រុក​សំឡូត ស្រុក​បវេល និង​ស្រុក​បាណន់ ភ្លៀង​បាន​ធ្លាក់​ខ្លាំង​ ៣-៤ ​ថ្ងៃ​ជាប់​គ្នា​មកហើយ ចាប់តាំងពី​ថ្ងៃទី​ ១៨ ខែកញ្ញា​មក​ម្ល៉េះ​។

លោក មូល ធន បាន​និយាយថា​៖ «​ថ្វីបើ​ពេលនេះ កម្ពស់​ទឹកស្ទឹង​សង្កែ​នៅ​មិនទាន់​ជន់​ឡើងដល់​ចំណុច​ដែល​ត្រូវ​ប្រកាសអាសន្ន​ក៏ដោយ តែ​យើង​ចាំបាច់​ត្រូវ​ប្រកាស​ជូនដំណឹង​ដល់​ពលរដ្ឋ​ឱ្យ​មាន​ការត្រៀមខ្លួន​ជាមុន ដើម្បី​បង្ការ​ទប់ស្កាត់ និង​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ឱ្យ​បានជា​អតិបរមា​»​។

យោងតាម​ការព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ២១ ខែកញ្ញា​នេះ ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​រហូតដល់​ថ្ងៃទី​ ២៨ ខែកញ្ញា​ខាងមុខនេះ និង​អាច​បង្កឱ្យមាន​ជំនន់​ទឹកភ្លៀង​បន្ថែមទៀត នៅក្នុង​តំបន់​ទីទំនាប​មួយចំនួន​ក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ព្រះសីហនុ កោះកុង​ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ខេត្តព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ​។

ការព្យាករ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមមន្ត្រី​ជំនាញ​បាន​ពិនិត្យឃើញ​ប្រព័ន្ធ​សម្ពាធ​ទាប​កំពុង​អូស​កាត់​លើ​តំបន់​ជួរភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​នៃ​ប្រទេស​កម្ពុជា​ជាមួយ​ខ្យល់មូសុង​និរតី​បក់​ក្នុង​ល្បឿន​លឿន ពិសេស​ចាប់ពី​ថ្ងៃទី​ ២៤ និង​ ២៥ សម្ពាធ​ទាប​សកម្ម និង​វិសម្ពាធ​ទាប ដែល​បាន​កើតឡើង​នៅ​ប្រទេស​ហ្វីលីពីន នឹង​បក់​ចូល​មកដល់​ប្រទេស​វៀតណាម​ភាគ​ខាងជើង និង​បន្ត​អូស​កាត់​ប្រទេស​កម្ពុជា ភាគ​ឦសាន​៕