
ក្រុមពលរដ្ឋនៅភូមិក្បាលដំរីពេលតវ៉ាតាមផ្លូវជាតិលេខ ៥ ក្នុងខេត្តកំពង់ឆ្នាំងពីថ្ងៃ ១៩ កញ្ញា។ រូបថត ហ្វេសប៊ុក
កំពង់ឆ្នាំងៈ តំណាងពលរដ្ឋនៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ កាលពីថ្ងៃទី ២០ ខែកញ្ញា បាននាំគ្នាមកជួបអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីស្នើសុំជួយរកដំណោះស្រាយបញ្ហាដីអាស្រ័យផល ហើយត្រូវបានអាជ្ញាធរខេត្តទទួលយកសំណើនេះ និងបានសម្រេចរៀបចំលិខិតស្នើសុំក្រសួងមហាផ្ទៃ ដើម្បីជួយអន្តរាគមន៍។
លោក នួន សុជាតិ តំណាងពលរដ្ឋរស់នៅភូមិក្បាលដំរីបានថ្លែងកាលពីថ្ងៃទី ២០ ខែកញ្ញាថា ក្រោយពីពលរដ្ឋបានបិទផ្លូវជាតិលេខ ៥ ដើម្បីតវ៉ាឱ្យអាជ្ញាធរស្រុកជួយរកដំណោះស្រាយកាលពីថ្ងៃទី ១៩ ខែកញ្ញាមិនទទួលបានលទ្ធផល នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ពលរដ្ឋមានគ្នា ៨ នាក់បាននាំគ្នាទៅជួបអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីស្នើសុំឱ្យមានការអន្តរាគមន៍ដោះស្រាយចំពោះដីអាស្រ័យផលនៅភូមិក្បាលដំរីថ្មី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក សុជាតិ បានអះអាងថា ដីនៅទីនោះពលរដ្ឋបានអាស្រ័យផលយូរណាស់មកហើយ ពោលគឺតកូនតចៅតាំងពីមុនសម័យប៉ុលពតមកម្ល៉េះ។ ក្រោយមកទើបអាជ្ញាធរខេត្តពោធិ៍សាត់កាត់យកដីនៅទីនោះដោយសម្រួលឱ្យប្រជាពលរដ្ឋក្នុង ១ គ្រួសារគឺដីក្បាល ៥០ និងបណ្តោយ ១០០ ម៉ែត្រធ្វើឱ្យពួកគាត់មិនមានដីគ្រប់គ្រាន់សម្រាប់ធ្វើស្រែបន្តទៀត។
លោកថ្លែងថា៖ «ខាងពោធិ៍សាត់គេធ្លាប់កាត់ឆ្វៀលដីឱ្យពលរដ្ឋយើងប្រហែល ៥០០ ហិកតា ប៉ុន្តែដី ៥០០ ហិកតាហ្នឹង បើយកមកចែកពលរដ្ឋយើងនៅខេត្តកំពង់ឆ្នាំងនេះវាអត់ទាំងគ្រប់គ្នាផង បើនិយាយពីក្បាល ៥០ បណ្តោយគុណនឹង ១០០ ហ្នឹង ព្រោះពលរដ្ឋមានជាង ៤០០ គ្រួសារឯណោះ»។
លោកបន្ថែមថា ក្នុងរយៈពេលប្រមាណ ១៥ ថ្ងៃចុងក្រោយនេះអាជ្ញាធរខេត្តពោធិ៍សាត់បានដាក់គ្រឿងចក្រមកឈូសឆាយលើស្រែប្រាំងរបស់ពួកគាត់ដោយលើកជាផ្លូវ ដាក់បង្គោលភ្លើង ធ្វើឱ្យប៉ះពាល់ចម្ការស្វាយចន្ទីរបស់ពលរដ្ឋទៀតផង។
ប៉ុន្តែរដ្ឋបាលស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងបានត្រឹមតែចុះសម្របសម្រួលជាច្រើនលើកច្រើនសាតែប៉ុណ្ណោះ។
លោក លាស់ ចន្ថា តំណាងពលរដ្ឋម្នាក់ទៀតបានថ្លែងកាលពីថ្ងៃទី ២០ ខែកញ្ញាដែរថា រូបលោក និងពលរដ្ឋមានគ្នាសរុប ១៣ នាក់បានយករបាយការណ៍ និងពាក្យស្នើសុំអន្តរាគមន៍ទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំឱ្យមានការចុះជួយអន្តរាគមន៍ផងដែរ។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងថ្លែងកាលពីថ្ងៃទី ២០ ខែកញ្ញាថា លោកបានជួបប្រជុំផ្ទាល់ជាមួយតំណាងពលរដ្ឋ និងបានណែនាំឱ្យពលរដ្ឋរាយការណ៍តាមរយៈអាជ្ញាធរស្រុក ដើម្បីធ្វើរបាយការណ៍មកអាជ្ញាធរខេត្តរកដំណោះស្រាយដោយសន្តិវិធី។
ជាមួយគ្នានោះលោកអភិបាលខេត្តក៏បានសម្រេចឱ្យក្រុមការងារខេត្តកំពង់ឆ្នាំងបន្តសហការគ្នាធ្វើការងារជាមួយក្រុមការងារខេត្តពោធិ៍សាត់ ព្រោះកន្លងមកដោះស្រាយបានត្រឹមកម្រិត ៥០០ ហិកតា ប៉ុន្តែតាមរយៈការធ្វើជំរឿនប្រជាជនឃើញថា មានដីរហូតដល់ ១ ០៦១ ហិកតាឯណោះ។
លោកបានបញ្ជាក់ថា៖ «ឥឡូវនេះ អាជ្ញាធរស្រុកកំពុងតែធ្វើជំរឿនឱ្យច្បាស់ថែមទៀត ចំពោះអ្នកដែលមិនទាន់បានធ្វើជំរឿនហ្នឹង ដើម្បីឱ្យដឹងតួលេខច្បាស់ហើយយើងធ្វើការជួបជាមួយពួកគាត់ដើម្បីស្នើសុំឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ឱ្យជួយដោះស្រាយបន្ត»។
ម្យ៉ាងវិញទៀតករណីនេះ លោកអភិបាលខេត្តកំពង់ឆ្នាំងបានសម្រេចឱ្យរដ្ឋបាលខេត្តធ្វើលិខិតសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ ដើម្បីជួយសម្រួលដោះស្រាយ ព្រោះបញ្ហាដីធ្លីនេះពាក់ព័ន្ធនឹងព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ លោកថ្លែងថា៖ «បញ្ហានៅព្រំប្រទល់យើងអត់ហ៊ានសម្រេចទេ ទាល់តែក្រសួងទើបអាចសម្រេចបាន អ៊ីចឹងយើងកំពុងធ្វើលិខិតទៅក្រសួង។ ប៉ុន្តែទំនាស់ពលរដ្ឋយើងក៏កំពុងខិតខំដោះស្រាយរវាងខេត្ត និងខេត្តតទៀតដែរ»៕
វីដេអូ៖