ភ្នំពេញៈ រដ្ឋាភិបាល​ជប៉ុន និង​យូនីសេហ្វ បានប្រគល់​បរិក្ខារ​ចាំបាច់​សំខាន់ៗ ដល់​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បីឱ្យ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព ហើយ​ធានា​ឱ្យ​ការផ្តល់​វ៉ាក់សាំង​ និង​ថ្នាំ​បង្ការ​ជំងឺ​នេះ​ជាប្រចាំ នៅក្នុង​ប្រទេស​មាន​ដំណើរការ​កាន់តែ​ប្រសើរ​នៅក្នុង​រយៈពេល​វែង​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា រួម​ជាមួយ​អង្គការ​យូនីសេហ្វ បាន​ឱ្យដឹងថា បរិក្ខារ​ទាំងនោះ​សម្រាប់​ពង្រឹង​ការគ្រប់គ្រង​ប្រព័ន្ធ​ត្រជាក់ ដែល​ប្រើប្រាស់​សម្រាប់​វ៉ាក់សាំង​កូវីដ​ ១៩ ត្រូវបាន​ប្រគល់​នៅក្នុង​ពិធី​មួយ​ដែល​រៀបចំ​ធ្វើឡើង​នៅ​ឃ្លាំង​ឱសថ​កណ្ដាល ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២០ កញ្ញា​។ បរិក្ខារ​ទាំងនោះ រួមមាន​ទូក្លាស្សេ​វ៉ាក់សាំង​ចំនួន ២១ ​គ្រឿង ម៉ាស៊ីន​កំណត់​កម្លាំង​វ៉ុល​អគ្គិសនី ២១ ​គ្រឿង និង​ឧបករណ៍​សម្គាល់​ទូក្លាស្សេ​សម្រាប់​ពិនិត្យ​តាមដាន​សីតុណ្ហភាព ២៧១ គ្រឿង​ដែល​បានទទួល​ថវិកា​គាំទ្រ​ពី​រាជរដ្ឋាភិបាល​ជប៉ុន និង​ការគាំទ្រ​ផ្នែក​លទ្ធកម្ម​ពី​យូនីសេហ្វ​។

សេចក្តី​ប្រកាស​បាន​បញ្ជាក់ថា​៖ «​វត្តមាន​នៃ​បរិក្ខារ​ប្រព័ន្ធ​ត្រជាក់​ដែល​ដំណើរការ​ល្អ​នៅ​ទូទាំងប្រទេស​កម្ពុជា​នឹង​ធានា​ឱ្យ​មាន​ការរក្សា​ទុក​វ៉ាក់សាំង​​កូវីដ​ ១៩ បានល្អ និង​ឱ្យ​ការផ្តល់​វ៉ាក់សាំង​ និង​ថ្នាំ​បង្ការ​ជាប្រចាំ នៅក្នុង​ប្រទេស​នេះ​មាន​ដំណើរការ​កាន់តែ​ប្រសើរ​នៅក្នុង​រយៈពេល​វែង​»​។

គិត​មកដល់​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​អាយុ​ចាប់ពី​ ១២ ​ឆ្នាំ​ឡើងទៅ​ប្រមាណ ១១,៥ លាន​នាក់ ស្មើនឹង​ប្រហែល ៩៥% នៃ​ក្រុម​ប្រជាជន​គោលដៅ​។ លទ្ធផល​នេះ​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ច្រើន​ជាងគេ​នៅក្នុង​តំបន់​អាស៊ាន និង​នៅក្នុង​សកលលោក​ដែល​នេះ​ជា​សមិទ្ធផល​១​ដ៏អស្ចារ្យ​។

នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​។ ការផ្ដល់​ជំនួយ​ទាន់ពេលវេលា​ជា​បរិក្ខារ​ប្រព័ន្ធ​ត្រជាក់​បន្ថែម​ពី​រាជរដ្ឋាភិបាល​ជប៉ុន គឺ​ជួយ​ពន្លឿន​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​បន្ថែមទៀត ព្រោះថា បរិក្ខារ​ទាំងនេះ​នឹង​ធានាថា ការចែកចាយ​វ៉ាក់សាំង​កូវីដ​ ១៩ នាពេល​បច្ចុប្បន្ននេះ​នឹង​មិន​ទទួល​សម្ពាធ​ខ្លាំងពេក​លើ​សមត្ថភាព​បច្ចុប្បន្ន និង​មិន​បង្ក​ការរំខាន​ដល់​សេវា​ផ្តល់​ថ្នាំ​បង្ការ​ជា​ប្រចាំ ជាពិសេស​ការផ្តល់​ថ្នាំ​បង្ការ​ដល់​កុមារ​ឡើយ​។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គ​រាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា ដើម្បីឱ្យ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព គេ​ត្រូវ​រក្សាទុក​វា​នៅ​សីតុណ្ហភាព​សមស្រប ដែល​នេះ​គឺជា​មុខងារ​របស់​ឧបករណ៍​ទាំងនេះ​អាចធ្វើ​បាន​។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បាន​បញ្ជាក់ថា​៖ «​យើង​មាន​ទំនុកចិត្ត​យ៉ាង​មុតមាំ​ថា ការរួមចំណែក​របស់​យើង​នឹង​ផ្តល់នូវ​កម្លាំង​វិជ្ជមាន ដើម្បី​ជួយ​ពន្លឿន​វឌ្ឍនភាព​គួរឱ្យ​កត់សម្គាល់​ឆ្ពោះទៅរក​ការស្តារ​ឡើងវិញ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​កន្លងមក​។ មិត្តភាព​របស់​យើង​ជាមួយនឹង​ពលរដ្ឋ​កម្ពុជា​គឺជា​មិត្តភាព​ដ៏សែន​ជ្រាលជ្រៅ ហើយ​យើង​សង្ឃឹមថា ការគាំទ្រ​នេះ​នឹង​ជួយ​ឱ្យ​មិត្តភាព​របស់​យើង​ឈានទៅ​មុខ​មួយ​ជំហាន​ទៀត​»​។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ តំណាង​យូនីសេហ្វ​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា ពលរដ្ឋ​ជប៉ុន​គឺជា​មិត្ត​ដ៏អស្ចារ្យ​របស់​ពលរដ្ឋ​កម្ពុជា​នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​នេះ ហើយ​នេះ​គឺជា​ការគាំទ្រ​ដ៏សំខាន់ និង​ចាំបាច់​មួយទៀត​ដែល​ពលរដ្ឋ​ជប៉ុន​បានផ្ដល់​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​រួមចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏គួរឱ្យ​ស្ញប់ស្ញែង​ក្នុង​ការឆ្លើយតប​ចំពោះ​ការរាតត្បាត​ជា​សកល​នេះ​។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ ក្នុងនាម​ជា​អ្នកទិញ​វ៉ាក់សាំង​ធំជាងគេ​តែមួយគត់​នៅក្នុង​ពិភពលោក លោកស្រី ថ្លែងថា យូនីសេហ្វ​គឺជា​ស្ថាប័ន​ដឹកនាំ​ការងារ​លទ្ធកម្ម និង​ផ្គត់ផ្គង់​សម្រាប់​យន្តការ​កូវ៉ាក់​។ នៅ​កម្ពុជា យូនីសេហ្វ និង​អង្គការ​សុខភាព​ពិភពលោក​បាន​ចំណាយពេល​ ៣ ​ទសវត្សរ៍ បំពេញ​តួនាទី​ជា​ស្ថាប័ន​ដឹកនាំ​ផ្នែក​បច្ចេកទេស ដើម្បី​គាំទ្រ​ក្រសួងសុខាភិបាល​ក្នុង​ការពង្រឹង​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ ដែល​ផ្តល់​ប្រយោជន៍​ដល់​កុមារ​រាប់លាន​នាក់​ជា​រៀងរាល់​ឆ្នាំ​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​ជប៉ុន បំពេញ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ឱ្យ​កម្មវិធី​ផ្តល់​វ៉ាក់សាំង​កូវីដ​ ១៩ របស់​ប្រទេស​កម្ពុជា​ទទួលបាន​ជោគជ័យ រួមចំណែក​ដល់​ការអនុវត្ត​ផែនការ​ស្តារឡើងវិញ​របស់​ប្រទេស​នេះ និង​បន្ត​ពង្រឹងសមត្ថភាព​ផ្ដល់​ថ្នាំ​បង្ការ​»​។

សូមជម្រាបថា ការគាំទ្រ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ជំនួយ​ឆ្លើយតប​ចំពោះ​ស្ថានភាព​បន្ទាន់​ពី​រាជរដ្ឋាភិបាល​ជប៉ុន​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៣៦,៩ លាន​ដុល្លារ​ដល់​ការិយាល័យ​យូនីសេហ្វ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក សម្រាប់​គាំទ្រ​ដល់​ប្រទេស​ចំនួន​ ១២ ក្នុងការ​បង្កើន​សមត្ថភាព​នៃ​ប្រព័ន្ធ​ត្រជាក់​របស់ខ្លួន​។

ថវិកា​ចំនួន ៩០៧ ៥៨៨ ​ដុល្លារ ត្រូវបាន​វិភាជន៍​សម្រាប់​ប្រទេស​កម្ពុជា​។ បន្ថែម​លើ​បរិក្ខារ​ប្រព័ន្ធ​ត្រជាក់ ប្រទេស​ជប៉ុន​ក៏​កំពុង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការពង្រឹង​សមត្ថភាព​នៃ​ប្រព័ន្ធ​សុខាភិបាល​ក្នុង​ការគ្រប់គ្រង និង​ថែទាំ​បរិក្ខារ​ទាំងនេះ ក៏ដូចជា​ជួយ​រៀបចំ​ដំណើរការ​គ្រប់គ្រង​ខ្សែចង្វាក់​​ផ្គត់ផ្គង់​ឱ្យ​កាន់តែ​ប្រសើរ​នៅ​គ្រប់​កម្រិត​ផងដែរ​។ យោងតាម​សេចក្តី​ប្រកាស​​ព័ត៌មាន​ដដែល​នោះ​៕