តាកែវៈ អាជ្ញាធរ​ខេត្តតាកែវ​សម្រេច​បិទ​ខ្ទប់​ភូមិ​ចំនួន ​៨ ​ថែម​ទៀត ​ក្នុង​ស្រុក​អង្គរ​បុរី​ ដើម្បី​ការ​ពារ​ការឆ្លងមេរោគ​បំប្លែង​ថ្មី​ដែល​តា ខណៈ​ខេត្ត​សៀម​រាប​បិទ​ផ្សារ​បន្ទាយ​ស្រី និង​បន្ត​បិទ​ផ្សារ​ដំ​ដែក​រ​យៈពេល​ ២ ស​ប្តាហ៍ ចាប់ពី​ថ្ងៃទី ​២១​ ខែកញ្ញា រហូត​ដល់​ថ្ងៃទី​ ៤ ​ខែ​តុលា​។

លោក ​អ៊ូច ភា អភិ​បាល​ខេត្តតា​កែវ នៅ​ថ្ងៃទី ២១ ​ខែកញ្ញា ​បាន​សម្រេច​បិទ​ខ្ទប់​ភូមិ​ចំនួន ​៨ ​ដែល​មានភូមិ​សាម​គ្កី ភូមិ​ស្ទឹង​កំបុត ភូមិ​ព្រៃ​សំបូ​រ ភូមិ​ទួល​សាំ​ងក ភូមិ​ទួល​សាំ​ងខ ឃុំ​អង្គរបុរី និង​បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ភូមិ​ធ្លក​យុល ភូមិ​អម្ពិល ឃុំ​ពន្លៃ និង​ភូមិ​ព្រែក​តា​ផ ឃុំ​គោកធ្លក ស្រុក​អង្គរបុរី​ ខេត្ត​តាកែវ​។

ការបិទ​ខ្ទប់​នេះ​ធ្វើ​ឡើ​ងក្នុង​គោលបំ​ណង​ដើម្បី​កាត់ផ្តាច់​ការឆ្លង​រាល​ដាល​នៃ​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​ដែល​តា​នៅ​ក្នុង​ភូមិសា​ស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់ និង​ទប់​ស្កាត់​ជំងឺ​នេះ មិន​ឲ្យ​ឆ្លង​រាល​ដាល​ទៅ​តំបន់​ផ្សេង​ទៀត ចាប់ពី​ម៉ោង៤រសៀល ថ្ងៃទី ​២១ ខែកញ្ញា រហូត​ដល់​មាន​ការ​ជូនដំ​ណឹង​ជាថ្មី។

ក្នុង​លិខិត​លោក ​អ៊ូច ភា បាន​លើក​ឡើង​ថា អំឡុងពេល​នៃ​ការបិទ​ខ្ទប់​ បុគ្គល​គ្រប់រូប​ត្រូវ​ហាម​ឃាត់​ការធ្វើ​ដំណើរ​ចេញ​ចូល លំនៅឋា​ន ឬ​ទី​សំណាក់​បច្ចុប្បន្ន និង​ហាម​ឃាត់​ការ​ជួបជុំ ឬ​ប្រមូល​ផ្តុំ​មនុស្ស លើ​កលែងតែ​ក្នុងករណី​ចាំ​បាច់។ លោ​កថា​រាល់​ការ​លើក​លែង បុគ្គល​គ្រប់រូប​មាន​កាត​ព្វ​កិច្ច​អនុវត្ត​វិធាន​ការ​សុខា​ភិបា​លនិង​អនុវ​ត្តតាម​វិធាន​ការ​៣​ការ​ពារ ​៣កុំ របស់​រាជរដ្ឋាភិ​បាល ។

លោក​ថ្លែង​ថា​៖ «ប្រគល់​ភារ​កិច្ច​ជូន​រដ្ឋ​បាល​ស្រុក​អង្គរ​បុរី និង​រដ្ឋ​បាល​ឃុំ​អង្គរ​បូរី ឃុំ​ពន្លៃ ឃុំ​គោគ​ធ្លក ​ដើម្បី​បង្កើត​ក្រុម​ការងារ​ប្រចាំ​ការ​ក្នុង​ភូមិ​សាស្ត្រ​ដែល​ត្រូវ​បិទ​ខ្ទប់​សម្រាប់​ទទួល​ការ​អនុវត្ត និង​សម្រប​សម្រួល​លើ​ការងារ​ចាំ​បាច់ ​រួមមាន​ ផ្នែក​សន្តិ​សុខ សណ្តាប់​ធ្នាប់ ការ​អនុវត្ត​វិធាន​ការ​សុខាភិ​បាល ការ​ផ្តល់​សេវា​សុខាភិ​បាល​ទូទៅ​ក្នុង​ភូមិ​សា​ស្ត្រ ដែល​ត្រូវ​បិទ​ខ្ទប់»​ ។

លោក ឌឹ​ម គឹម​សាន ​អភិបា​លស្រុក​អង្គរ​បុរី ថ្លែង​នៅ​ថ្ងៃទី​ ២២ ​ខែកញ្ញា​ថា មន្ត្រី​សុខាភិ​បាល​កំពុង​តាម​ដាន​ និង​បន្ត​យក​សំណាក​ជា​បន្ត​បន្ទាប់​នៅ​ទីតាំង​ភូមិ​ដែល​ត្រូវបាន​បិទ​ខ្ទប់។ លោក​ថា ភូមិ​ដែល​ត្រូវបាន​បិទ​ខ្ទប់​កើន​ដល់ ​១១ ​ភូមិ​ហើយ បើ​បូករួម​ជា​មួយ​ភូមិ​ចំនួន ​៨ ដែ​ល​ទើបត្រូវ​បាន​ប្រកាស​បិទ​ខ្ទប់​នេះ ​ ​។

លោក​ថ្លែងថា៖ «ដែល​តា​យើង​ធម្មតា​យើង​ត្រូវ​បិទ ២១ ថ្ងៃ ប៉ុន្តែ​ក្នុង​សេចក្តីជូនដំណឹង​យើង​អត់​ដាក់ ២១ ថ្ងៃ​ទេ។ បិទ​ហើយ​យើង​យក​សំណាក បើ​មាន​អ្នក​វិជ្ជមាន​អាហ្នឹង​យើង​តាមដាន​ទៀត បើសិនជា​នៅមាន​ទៀត អាហ្នឹង​យើង​វាយតម្លៃ​តាម​ភាគរយ​ហ្នឹង​ត្រូវ​បិទ​បន្ត​ក្នុង​រយៈពេល​ណា​មួយ​តាម​ជាក់​ស្តែង អ៊ីចឹង​ទៅ»​។

នៅ​ថ្ងៃ​ជា​មួយ​គ្នា​នោះ​អាជ្ញា​ធ​រ​ខេត្តសៀម​រាប​ ក៏បាន​សម្រេច​បិទ​ផ្សារ​បន្ទាយ​ស្រី នៅ​​​ភូមិ​បន្ទាយ​ស្រី ឃុំ​ខ្នារ​សណ្តាយ ​ស្រុក​បន្ទាយ​ស្រី ខេ​ត្តសៀមរា​ប រយៈ​ពេល ២​ សប្តាហ៍ គិត​ចាប់​ពី​ថ្ងៃទី​ ២១ ​ខែ​កញ្ញា ដល់​ថ្ងៃទី ៤ ខែ​តុលា​ផង​ដែរ។

លិខិត​របស់​លោ​ក​ទៀ សី​ហា ​អភិបាល​ខេត្ត​នេះ​បាន​ឲ្យ​ដឹង​ថា ផ្សារ​ដែល​ត្រូវ​បិទ​នោះ​ជាទី​តាំង​មាន​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូ​វីដ១៩ ​ហើយ​​ការបិទ​​នេះ​ធ្វើឡើង ​ក្នុង​គោល​បំណង​ធានា​ដល់​ប្រសិទ្ធ​ភាពនៃ​ការ​គ្រប់​គ្រង់​ការឆ្លង​រាលដា​ល​នៃ​ជំងឺ​កូ​វីដ ១៩​។

លោក ឃឹ​ម ហ្វី​ណង់ អភិ​បាល​ស្រុ​ក​បន្ទាយ​ស្រី​​បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២២​ ខែ​កញ្ញា​ថា មាន​អាជីវ​ករ​ក្នុង​ផ្សារបន្ទាយ​ស្រី២៤​នាក់​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូវីដ ១៩ ​ក្នុង​ចំណោមជាង​ ២០​០ នាក់​ ដែល​បាន​ធ្វើ​តេស្ត​ពីថ្ងៃទី ២១ ខែក​ញ្ញា។​ លោ​ក​ថា មន្ត្រី​សុខាភិបា​ល​កំពុង​បន្ត​យក​សំណាក​ជាង ​១០០​ នាក់​ទៀត ​ដែល​ជាប់​​ពាក់​ព័ន្ធ​ជា​មួយ​អ្នក​មាន​វិជ្ជ​មាន​កូវីដ​ទាំង​នោះ។​

លោក​បញ្ជាក់​ថា ​អ្នក​ដែល​ពាក់​ព័ន្ធ​ផ្ទាល់​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំង​អស់ ដោយ​ឡែក​អ្នក​អ្នក​ពាក់​ព័ន្ធ​ដោយ​ប្រយោល​ និង​អាជី​វករ​ផ្សេង​ទៀត​ទោះ​បី​អវិជ្ជ​មាន​ក៏ដោយ​ ប៉ុន្តែ​មាន​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​ហើយ​នៅតែ​ចង់​លក់​ដូរ។ អាជ្ញា​ធរ​ស្រុក​កំពុង​រៀបចំ​ទីតាំង​ថ្មី​ស្ថិតនៅ​ចម្ងាយ​ជាង ​២០០​ មែត្រ​ ពី​ផ្សារ​ដែល​ត្រូវ​បាន​បិទ​ ដើម្បី​ឲ្យ​ពួក​គាត់​អាច​លក់​ដូរ​បាន​ ។

លោក​ថ្លែង​ថា៖​ «កន្លែង​លក់​ថ្មី​ហ្នឹង​យើង​រៀប​តែ ២២ ​តូប​ទេ សម្រាប់​បន្លែ ត្រី សាច់ ពីព្រោះ​តម្រូវ​ការ​ប្រចាំថ្ងៃ​យើង​មិន​អាច​អត់​ផ្សារ​បានដែរ។​ អ៊ីចឹង​ដើម្បី​ឲ្យ​មាន​សុវត្ថិ​ភាព​គឺ​យើង​រៀប កន្លែង​លំហ ទីវាល ​មាន​រក្សា​គម្លាត​សុវត្ថិ​ភាព ហើយ​អ្នក​លក់​ទាំង​អស់​ សុទ្ធ​តែ​ធ្វើ​តេស្ត​មាន​លទ្ធ​ផល​អវិជ្ជ​មាន​ទើប​លក់​បាន» ​។

ក្រៅពី​ផ្សារ​បន្ទាយ​ស្រី​អាជ្ញាធ​រខេត្ត​សៀមរាប ​បាន​សម្រេច​បន្ត​បិទ​ផ្សារ​ដំ​ដែក​ស្ថិតនៅ​ភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ដែលជា​ទីតាំង​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ជា​បណ្តោះ​អាសន្ន​រយៈ​ពេល ២​ សប្តាហ៍ ចាប់ពី​ថ្ងៃទី​ ២១ ​ខែកញ្ញា​ រហូត​ដល់​ថ្ងៃទី ៤ ​ខែតុលា ​ផង​ដែរ។

ដោយ​ឡែក​អាជ្ញា​ធរ​ខណ្ឌ​ទួល​គោក​រាជធានីភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី ២២ ​ខែកញ្ញា ​បានសម្រេចបិទ​វត្ត​នាគ​វ័នដែល​ស្ថិត​នៅ​សង្កាត់​បឹងកក់​ ១ ខណ្ឌ​ទួល​គោក​ជា​បណ្ដោះ​អាសន្ន​ បន្ទាប់​ពី​បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ ១៩​ ចំនួន​ ៣ នា​ក់។ បើតាម​អាជ្ញាធរ​ខណ្ឌ​ទួល​គោគ​ អ្នក​វិជ្ជមាន​ទាំង ​៣ ​នាក់​នោះ ​មាន​តា​អាចារ្យ​ម្នាក់ និង​និស្សិត​ស្នាក់​នៅ​ក្នុង​វត្ត​ចំនួន ​២ ​នាក់​៕