ភ្នំពេញៈរដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​បន្ត​ផ្អាក​បណ្តោះ​អាសន្ន​រយៈ​ពេ​ល ១៤ ថ្ងៃ​​ទៀត ចំពោះ​សកម្មភាព​ការ​ងារ មុខរបរ ឬ​អាជីវកម្ម​​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ ១៩ និង​ការជួបជុំ​ ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ផងដែរ​ ដែល​ការអនុវត្ត​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ២៤ ខែកញ្ញា ដល់​ថ្ងៃទី ៧​ ខែតុលា ក្នុង​បំណង​បន្ត​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​​ជំងឺ​នេះ។

​លោក ឃួ​ង ស្រេង​ អភិ​បាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តី​សម្រេច​នេះនា​រសៀល​ថ្ងៃទី ២២​ ខែកញ្ញា ដោយ​លោក​បាន​លើក​ឡើង​ថា គ្រឹះស្ថាន​សិក្សា​សាធា​រណៈ និង​ឯក​ជន ដែល​មិនទាន់​មាន​គោល​ការណ៍​អនុញ្ញាត​ឱ្យ​បើក​ដំណើរ​ការ​ឡើង​វិញ​ត្រូវ​បន្តបណ្តុះ​បណ្តាល​តា​ម​ប្រព័ន្ធ​អន​ឡាញ។ ចំណែក​អាជីវកម្ម​ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ​ ដូចជា ខារ៉ា​អូខេ រ​ង្គសាល កាស៊ីណូ​ រមណីយ​ដ្ឋាន ​សារមន្ទីរ ​សួន​កុមារ​ ហាង​លក់ និង​សេព​គ្រឿង​ ស្រវឹង​គ្រប់​ប្រភេទ ក៏ត្រូវ​បន្ត​ផ្អាក​ជា​បណ្តោះ​អាសន្ន​ផង​ដែរ​។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ៖​ «ក្នុង​អំឡុង​ពេល​នៃ​ការបន្ត​ដាក់​ចេញ​វិធានការ​រដ្ឋ​បាល ​ត្រូវបាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​ការ​ជួប​ជុំ ឬ​ការប្រ​មូល​ផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​មាន​មនុស្ស​ចូលរួម​លើស​ពី ១៥​ នាក់ លើក​លែង​តែ​ក្នុង​ករណី​ចាំបា​ច់»។​

អភិបាល​ក្រុង​រូបនេះ​បាន​បន្តថា ត្រូវ​អនុវត្ត​វិធាន​ការ សុវត្ថិភា​ព​ផ្នែក​សុខាភិ​បាល​ឱ្យបាន​ម៉ឺងម៉ាត់​ ដូចជា ​កាត​ព្វកិច្ច​ពាក់​ម៉ាស់ កាតព្វ​កិច្ច​រក្សា​គម្លាត​សុវត្ថិ​ភាព ការធ្វើ​អ​នាម័យ ការ​វាស់​កម្ដៅ ការ​ស្កេ​ន QR Code ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិ​បាល សម្រាប់​សកម្ម​ភាព​ការងារ​ មុខរបរ និង​អាជីវ​កម្មណា​ដែល​មិន​ត្រូវ​បាន​ហាមឃាត់។

លោក ឃួ​ង ស្រេង បាន​បន្ថែម​ថា៖ «ត្រូវ​អនុវត្ត​ទណ្ឌកម្ម​រដ្ឋបាល និង​ទណ្ឌកម្ម​ច្បាប់ ចំពោះ​បុគ្គល​ល្មើស​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី១៩ និង​ជំងឺឆ្លង​កាច​​សាហាវ​ និង​ប្រក​បដោយ​គ្រោះថ្នា​ក់​ធ្ងន់ធ្ងរ​ផ្សេងទៀ​ត ដោយ​គ្មាន​ការ​លើ​កលែង​ឡើយ ចំពោះ​បុគ្គល​ណា ដែល​បំពាន​វិធាន​ការ​នេះ»។​

ជាមួយ​គ្នានេះ រដ្ឋបាល​រាជធានី​​ភ្នំពេញ ក៏បាន​លើកឡើង​ផងដែរ​ថា ចំពោះ​ទីតាំង​ដែល​មាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩ ដែល​ត្រូវបាន​បិទ​ទីតាំង​មុនពេ​ល​ចូល​ជាធរ​មាននៃ​សេចក្តី​សម្រេច​នេះនិង​ទីតាំង​​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ ​នៅតាម​ផ្ទះ គឺ​រដ្ឋបាល​ខណ្ឌ​ទាំងអស់ មន្ទីរ​សុខា​ភិបាល​ និង​មន្ទីរ​ អង្គភាព​ជំនាញ​ពាក់ព័​ន្ធ ត្រូវ​បន្ត​គ្រប់គ្រង និង​ចាត់វិធានការ​ឱ្យបាន​ចប់​សព្វគ្រ​ប់ ដើម្បី​កាត់ផ្តាច់​ឫសគល់​នៃ​ប្រភព​ចម្លង​ជំងឺ​នេះ។​

ចំពោះ​ទីតាំង​​ដែល​បាន​រ​កឃើញ​ថា​ មាន​ការ​ឆ្លង​រាលដា​ល​ជំងឺ​កូ​វីដ ១៩ មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) អាជ្ញាធរ​ពាក់​ព័ន្ធ ត្រូវ​ចាត់វិ​ធានកា​រ​ឆ្លើយត​ប​បន្ទាន់ សំដៅ​គ្រប់​គ្រង និង​កាត់ផ្តា​ច់​កុំឱ្យ​ឆ្លង​ទៅ​តំបន់​ផ្សេងទៀ​ត ព្រមទាំ​ង​ត្រូវ​ស្រាវ​ជ្រាវ​រក​អ្នក​ពាក់ព័​ន្ធ​ដោយផ្ទាល់​និង​ដោយ​ប្រយោល​៕​

វីដេអូ៖