ភ្នំពេញៈ បុរស​វ័យ ៧០ ឆ្នាំ​ម្នាក់ ​ត្រូវបាន​ក្រុម​កម្លាំង​នគរបាល​សង្គ្រោះ​អគ្គិភ័យ​រាជធានី​ភ្នំពេញ ប្រទះឃើញ​ស្លាប់​ក្នុង​បន្ទប់​ផ្ទះល្វែង​មួយ​កន្លែង​ នៅសង្កាត់​វាលវង់ ខណ្ឌ៧​មករា ​បន្ទាប់ពី​មាន​ករណី​គ្រោះ​អគ្គិ​ភ័យ​កើត​ឡើង​កាលពី​វេលា​ម៉ោង​ ១ និង​ ៤០ នាទី​រំលង​អធ្រាត្ រ​ឈាន​ចូល​ថ្ងៃទី​ ២២ ​ខែ កញ្ញា ​ឆ្នាំ ២០២១​។

លោក ​ព្រំ យ៉​ន ប្រធាន​ការិ​យាល័យ ​បង្ការ ពន្លត់​អគ្គិ​ភ័យ និងសង្គ្រោះ​រាជ​ធានី​ភ្នំពេញបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជន​រង​គ្រោះ​ឈ្មោះ​ ង្វៀង យ៉ាំង​ណាវ​ អាយុ​៧០​ឆ្នាំ ជា​ពលរដ្ឋ​ខ្មែរ​ដើម​កំណើត​វៀត​ណាម​ មាន​លំនៅ​ផ្ទះ​លេខ​ ១៥៩​E២z ផ្លូវ​លេខ​ ១៦៩ ​ភូមិ​ ៤ សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។

លោក​បាន​បញ្ជាក់​ថា៖ «សព​ជនរង​គ្រោះត្រូវបាន​ក្រុម​មន្ត្រី​នគរ​បាល​ពន្លត់​អគ្គិ​ភ័យ​យើង ប្រទះ​ឃើញ​ស្លាប់​ក្នុង​បន្ទប់​ផ្ទះ​ល្វែង​របស់​គាត់​ទំហំ ​៤ ម៉ែត្រ× ១២ ម៉ែត្រ​ ដែល​រង​ការ​ឆាប​ឆេះ​ដោយ​គ្រោះ​អគ្គិ​ភ័យ​»។

លោក ​ជា​ សុខលាង​ នាយ​នគរ​បាល​ប៉ុស្តិ៍​សង្កាត់​វាល​វង់​ដែល​បាន​ចូល​រួម​ពិ​និត្យ​សព​ជនរ​ងគ្រោះ​ជាមួយ​ក្រុម​មន្ត្រី​នគរ​បាល​ជំនាញ​ផ្នែក​កោ​សល្យ​វិ​ច័យ​កាលពី​ព្រឹក​ថ្ងៃទី​ ២២ ​ខែ កញ្ញា ​ឆ្នាំ​ ២០២១ ​នោះ​ បានឱ្យដឹង​ថា ការ​ស្លាប់​របស់​ជនរ​ង​គ្រោះ​ខាង​លើ​នេះ​ត្រូវ​បាន​គេ​សន្និ​ដ្ឋាន​ថា​បណ្ដាល​មកពី​ «ស្រូប​ក្លិន​ឈ្ងៀម​នៃ​ផ្សែង​ភ្លើង​ច្រើន​ពេក​បង្ក​ឲ្យ​ថប់​ដង្ហើម​ស្លាប់»​។

លោក​ សុខ​លាង​ បាន​បន្ត​ថា​ មក​ទល់​ពេល​នេះ​សមត្ថ​កិច្ច​ជំនាញ នៅ​ពុំទាន់​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់ អំពី​ករណី​គ្រោះ​អគ្គិ​ភ័យ​នេះ​នៅ​ឡើយ​ទេ ខណៈ​សព​ជន​រង​គ្រោះ ត្រូវបាន​នាំយក​ទៅ​រក្សាទុក​នៅ​វត្ត​ទឹកថ្លា​ ក្នុង​ខណ្ឌ សែនសុខ ​ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​សាច់​ញាតិ​មក​ទទួល​យកទៅ​រៀបចំ​ពី​ធី​បុណ្យសព​តាម​ប្រពៃណី។​

ទោះ​យ៉ាង​ណា​ក៏ដោយ ​លោកថា ករណី​គ្រោះ​អគ្គិភ័យ​នោះ មិន​បង្ក​ឆេះ​រាល​ដាល​ដល់​លំនៅឋាន​របស់ពលរដ្ឋ​ផ្សេង​ទៀតឡើ​យ ​ដោយ​ក្រុម​សមត្ថ​កិច្ច​បាន​ជួយ​អន្តរ​គម​ន៍​បាញ់​ទឹកពន្លត់​ទាន់​ពេលដោយ​ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ចំនួន ​៥ ​គ្រឿង និង​ប្រើ​ប្រាស់​ទឹក​អស់​ ២០ ​ម៉ែត្រគុប។