The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​អង្គការ​សង្គមស៊ីវិល និងមន្ត្រីរដ្ឋាភិបាល ជួបពិភាក្សាគ្នា លើសេចក្តីព្រាងច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន




មន្ត្រី​អង្គការ​សង្គមស៊ីវិល និងមន្ត្រីរដ្ឋាភិបាល ជួបពិភាក្សាគ្នា លើសេចក្តីព្រាងច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន

Content image - Phnom Penh Post
មន្ត្រី​អង្គការសង្គមស៊ីវិលនិងមន្ត្រីក្រសួងព័ត៌មាន ពិភាក្សាលើសេចក្តីព្រាងច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន។ រូបថត NGO Forum

មន្ត្រី​អង្គការ​សង្គមស៊ីវិល និងមន្ត្រីរដ្ឋាភិបាល ជួបពិភាក្សាគ្នា លើសេចក្តីព្រាងច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន

ភ្នំពេញៈ​​​ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ស្ថាប័ន មន្ត្រី​រាជរដ្ឋាភិបាល និង​ប្រជា​សហគមន៍​ប្រមាណ ២០០ នាក់ នៅ​ថ្ងៃទី ២២ កញ្ញា បាន​ជួប​ពិភាក្សាគ្នា​ក្នុង​សន្និសីទ​ថ្នាក់ជាតិ តាមរយៈ​វី​ដេអូ​អន​ឡាញ និង​ចូលរួម​ដោយផ្ទាល់​នៅ​សណ្ឋាគារ​ហៃ​យ៉ា​ត់ រី​ជិន​ស៊ី​ភ្នំពេញ ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​សម្រាប់​ទាំងអស់គ្នា ការបង្ហាញ​ព័ត៌មាន និង​តម្លាភាព អំពី​ថវិកា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​សម្បទាន​ដី​សេដ្ឋកិច្ច​។​

លោក មាស សុ​ភ័​ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា រហូតមកដល់​ពេលនេះ សេចក្តីព្រាងច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន បានបញ្ចប់​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​នៅ​កម្រិត​ក្រុមការងារ​បច្ចេកទេស និង​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​នៅ​កម្រិត​អន្តរក្រសួង​រួចរាល់​ហើយ​។

លោក​បន្តថា បច្ចុប្បន្ន សេចក្តីព្រាងច្បាប់​នេះ កំពុងស្ថិត​នៅក្នុង​ដំណើរការ​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​រវាង​ក្រសួង​ព័ត៌មាន និង​ក្រសួងយុត្តិធម៌​លើ​ជំពូក​ទោស​បញ្ញត្តិ និង​ជំពូក​ដែល​ពាក់ព័ន្ធ​នឹង​ជំពូក​ទោស​បញ្ញត្តិ ដែល​នឹង​ឈាន​ដល់ពេល​បញ្ចប់​ក្នុងពេល​ដ៍​ខ្លី​ខាងមុខនេះ​។

លោក មាស សុ​ភ័​ណ្ឌ បាន​អះអាងថា​៖ «​បន្ទាប់ពី​បញ្ចប់​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួងយុត្តិធម៌ ក្រសួង​ព័ត៌មាន​នឹង​រៀបចំ​ដាក់​ស្នើសុំ​ការអនុម័ត​សេចក្តីព្រាងច្បាប់​នេះ​ទៅ​ស្ថាប​ន័​នីតិប្រតិបត្តិ និង​ស្ថាប័ននីតិបញ្ញត្តិ​ឱ្យ​បាន​ឆាប់​បំផុត ហើយ​ក្រសួង​សង្ឃឹមថា​សេចក្តីព្រាងច្បាប់​នេះ​នឹងត្រូវ​អនុម័ត​ក្នុង​ឆ្នាំ​ ២០២១​ នេះ​»​។

យោងតាម​សេចក្តីប្រកាស​រួម​របស់​ក្រុម​អង្គការ​ស៊ី​វី​ល បាន​បង្ហាញថា ការបង្កើន​លទ្ធភាព​ក្នុងការ​ទទួលបាន​នូវ​ព័ត៌មាន​ឯករាជ្យ​ដោយ​ផ្អែកលើ​ភ័ស្តុតាង និង​ការលើកកម្ពស់​សេរីភាព​បញ្ចេញមតិ នឹងចូលរួម​ចំណែក​យ៉ាងស​កម្ម​ក្នុង​ការធ្វើ​ឱ្យប្រជាពលរដ្ឋ ចូលរួមបាន​កាន់តែ​ពេញលេញ​ជា​សាធារណៈ និង​ក្នុង​ជីវិត​សង្គម​របស់​ពួកគេ​។​

ក្រុម​អង្គការ​ទាំងនេះ ក៏បាន​លើកឡើង​ដែរ​ថា​៖«​វា​គឺជា​ការជឿជាក់​យ៉ាង​មុតមាំ​របស់​យើង ដែលថា ប្រជាពលរដ្ឋ​កម្ពុជា ត្រូវមាន​លទ្ធភាព មាន​សំឡេង នៅក្នុង​របៀប​នៃ​ការចំណាយ​ថវិកា​សាធារណៈ ក៏ដូចជា​នៅក្នុង​ការ​សម្រេច​ចិត្ត​នានា ដែល​ប៉ះពាល់​ដល់​ជីវភាប​រស់នៅ​របស់​ពួកគេ​នៅក្នុង​ឃុំ​ស្រុក និង​ក្រុង​»​។​

ជាមួយនឹង​ក្តីសង្ឃឹម​ទាំងនេះ អង្គកា​រ​សង្គម​ស៊ីវិល​ទាំងនេះ ក៏​រំពឹង​ដែរ​ថា ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន ដែល​ធានា​ដល់​សិទ្ធិ​ទាំងនេះ នឹង​ឆាប់​បានអនុម័ត ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​បានជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។​

លោក ឡាំ សុជាតិ លេខាធិការ​នៃ​ក្រុមប្រឹក្សាភិបាល CPDD និង​ជានា​យក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ បាន​ថ្លែងក្នុង​ឱកាស​នោះដែរ​ថា សង្គម​ស៊ីវិល មាន​ក្តី​សប្បាយចិត្ត​ដែល​រដ្ឋាភិបាល បានប្រកាស​ពី​តម្លាភាព​នៃ​ការប្រើប្រាស់​ថវិកានៅ​ថ្នាក់ក្រោម​ជាតិ ហើយ​កញ្ចប់​ថវិកា​ដែល​ឃុំ​សង្កាត់​នីមួយៗ ទទួលបាន ក៏ត្រូវ​បានទទួល​ជា​រៀងរាល់ឆ្នាំ​ផងដែរ​។ ​

ប៉ុន្តែ​លោក មើលឃើញថា ក្នុង​រយៈពេល​នៃ​វិបត្តិ​ដោយសារ​ជំងឺ​កូ​វីដ ១៩ ប៉ុន្មាន​ឆ្នាំនេះ ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​ទាំងនេះ ហាក់​មិនមាន​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នោះទេ​នៅក្នុង​ថ្នាក់ក្រោម​ជាតិ ខណៈដែល​លោក បារ​ម្ភ​ថា ថវិកា​ដែលមាន​សារៈសំខាន់​សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន នឹង​ត្រូវបាន​កាត់បន្ថយ​។​

លោក បាន​រៀបរាប់ថា​៖«​យើង​មិនទាន់​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់​ទេពី​​កំណើន​ថវិកា​នេះ ព្រោះ​ដោយសារតែ​បរិបទកូ​វីដ កើត​ឆ្នាំ ២០២០ ដល់ ២០២១​នេះ ហើយ​រាជរដ្ឋាភិបាល បានប្រកាស​ឱ្យ​​កាត់បន្ថយ​ចំណាយ​គ្រប់​ក្រសួង​។ យើង​សុំ​ធ្វើ​ម៉េច កុំ​កាត់លុយ​ឃុំ​សង្កាត់​នេះ ព្រោះ​ឃុំ​សង្កាត់​ត្រូវការ​ជំនួយ​ច្រើនជាង​មុន​»​។

ជាមួយនឹង​ការបារម្ភ​នេះ លោក ឡាំ សុជាតិ ក៏បាន​ស្នើ​ឱ្យមានការ​ផ្សព្វផ្សាយ​នៅតាម​មូលដ្ឋាន អំពី​ព័ត៌មាន​នានា​ទាក់ទង​នឹង​សេវា និង​ព័ត៌មាន​ជុំវិញ​ការអភិវឌ្ឍ​ឃុំ​សង្កាត់​ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត ខណៈដែល​ព័ត៌មាន​ដែល​អាជ្ញាធរ​ឃុំ បាន​ផ្សព្វផ្សាយ​ទៅ គឺមាន​ការខ្វះចន្លោះ ហើយ​ពលរដ្ឋ​តិចតួច​ណាស់ ដែល​ទទួលបាន​។

លោក ឃុ​ត ចាន់​ដា​រ៉ា តំណាង​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធាន​នៃ​រដ្ឋសភា បាន​លើកឡើងថា ថវិកា គឺជា​យុទ្ធសាស្ត្រ​នៃ​ការរក្សាបាន​នូវ​សមិទ្ធផល​សំខាន់ៗ​របស់​ប្រទេសជាតិ ការអភិវឌ្ឍលើគ្រប់​វិស័យ ការកសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ ការអភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព ព្រមទាំង​ការអភិវឌ្ឍប្រកបដោយ​ចីរភាព​។ លោក​ថា ការរៀបចំ​ថវិកា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គឺត្រូវធ្វើ​ការ រួមគ្នា​ជាមួយ​នឹង​ថវិកា​ថ្នាក់ជាតិ ដើម្បី​ធ្វើឱ្យ​សម្រេច​នូវ​ផែនការ​តាម​វិស័យ និង​អាទិភាព​គោលនយោបាយ​ជាតិ​។

លោក​បាន​បញ្ជាក់ថា​៖ «​ទាំង​រដ្ឋបាល​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​រដ្ឋបាល​ទាំង ២ នេះ មាន​គោលបំណង​តែមួយគត់​គឺ សម្រេច​ឱ្យបាន​នូវ​គោលនយោបាយ​អាទិភាព និង​សមិទ្ធផលសំខាន់ៗ​ជូន​ប្រជាជន និង​ប្រទេសជាតិ​។ ការបែងចែក​ដាច់ពីគ្នា​នៃ​ថវិកា​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ក៏ដោយ ក៏​ការរៀបចំ​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ គឺ​ទាមទារ​នូវ​ពេលវេលា និង គោរព​នូវ​សង្គតិភាព​នៃ​គោលការណ៍​នៃ​បរិការណ៍​កែ​ទម្រង់​រដ្ឋ​បាល​​ថ្នាក់​ក្រោម​​ជាតិ ព្រម​ទាំង​​អភិ​ក្រម​​នៃ​​ការ​គ្រប់​គ្រង​​ថវិកា​ជាតិ​»៕

អត្ថបទគួរចាប់អារម្មណ៍