ភ្នំពេញ: ការប្រឡង​ប្រជែង​ជ្រើសរើស​ក្រប​ខ័ណ្ឌ​មន្ត្រីរា​ជការ​ស៊ីវិល ២៤ រូប​ នៃ​ក្រសួង​ព័ត៌មាន​ក្នុង​ឆ្នាំ ​២០២០ ​ដែល​ត្រូវ​បាន​ពន្យារ​ពេល​ដោយ​សារ​ការរីក​រាត​ត្បាត​នៃ​ជំងឺ​កូ​វីដ ១៩ ​នឹងត្រូវ​ប្រឡង​នៅ​ថ្ងៃទី​ ១៧ ​ខែ តុលា ឆ្នាំ ២០២១​ នៅ​តាម​មណ្ឌល​ប្រឡង​ដោយ​ផ្ទាល់​។

យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន​ ការ​ប្រឡង​ជ្រើ​សរើស​មន្ត្រី​នៅ​ថ្ងៃទី ១៧ ខែតុលា នឹង​ប្រព្រឹត្តទៅ​រយៈ​ពេល​ ២ ​ម៉ោង​ នៅ​មណ្ឌល​ប្រឡង​វិទ្យា​ល័យ ​ប៊ុនរ៉ានី ហ៊ុន សែន ​វត្តភ្នំ​ សម្រាប់​ផ្នែក​សារព័ត៌មា​ន​ដែល​នឹង​ធ្វើ​ឡើង​លើ​វិញ្ញា​ប្រឡង​ចំណេះដឹ​ង​ទូទៅ​ចាប់ពី​ម៉ោង​ ៨​ ដល់​ម៉ោង ១១:​៣០ ព្រឹក។​ ដោយ​ឡែក​ផ្នែក​ព័ត៌មាន​វិទ្យា​និង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃ​និង​ម៉ោង​ដូចគ្នា​នៅ​ទីស្ដីការ​ក្រសួង​ព័ត៌មាន​ដែល​នឹងធ្វើ​ឡើងលើ​វិញ្ញា​សា​ប្រឡង​ចំណេះ​ដឹង​ផ្នែក​ព័ត៌​មាន​វិទ្យា​។

លោក​ មាស សុ​ភ័​ណ្ឌ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ​ការប្រ​ឡង​ជ្រើសរើស​បុគ្គលិក​ក្រ​បខ័ណ្ឌ​ក្រសួង​ព័ត៌មាន​ក្នុង​កូតា​ឆ្នាំ​ ២០២០​ ដែល​ត្រូវ​លើក​ពេល​មក​ប្រឡង​ក្នុង​ខែតុលា ​ឆ្នាំ ២០២១​ គឺ​នឹងត្រូវ​ជ្រើស​រើស​បេក្ខជន​ចូល​បំពេញ​ជំនាញ​ព័ត៌មាន​វិទ្យា​ចំនួន ៨ រូប ​និង​សារ​ព័ត៌​មាន​ចំនួន ១៦ ​រូប។

លោក​បាន​បញ្ជាក់ថា​ ចំនួន​ជ្រើសរើ​ស​មន្ត្រី​ក្របខ័ណ្ឌ​ក្រសួង​ព័ត៌មាន​មាន​ចំនួន​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​កន្លង​ទៅដោយ​ពុំមាន​ចំនួន​ខុស​ប្លែក​គ្នា​ច្រើន​នោះ​ទេ​។

លោក​បាន​បញ្ជាក់​ថា៖ «ជា​ទូទៅ​ការ​ជ្រើសរើ​ស​មន្ត្រី​ចូល​បម្រើការ​នៅក្នុង​​ក្របខ័​ណ្ឌ​ថ្មី​នៃ​ទីស្ដីកា​រក្រសួង​នីមួយៗ​ក៏ដូចជា​ក្រសួង​ព័ត៌មាន​ហ្នឹង​គឺ​វា​អាស្រ័យទៅ​លើ​ចំនួន​មន្ត្រី​ដែល​បាន​ចូល​និវត្តន៍​នៅតា​ម​ក្រសួ​ង​ស្ថាប័​ននីមួយៗ​ក៏ដូចជា​នៅ​ក្រសួង​ព័ត៌មាន​។អ៊ីចឹង​ហើយ​ចំនួន​ដែល​យើង​ចូលនិវត្តន៍​ប៉ុន្មាន​ក្នុង​មួយ​ឆ្នាំ​អ៊ីចឹង​យើង​ក៏​ស្នើសុំ​នូវ​ចំនួន​ដើម្បី​បំពេញប​ន្ថែម​ឱ្យ​គ្រប់​ទៅតាម​ចំនួន​មន្ត្រី​ដែល​បាន​ចូល​និវត្តន៍​តាម​ឆ្នាំនី​មួយៗអ៊ី​ចឹង​ដែរ»​។

លោក​​បាន​បន្ត​ថា៖ «​អ៊ីចឹង​សម្រាប់​ការជ្រើស​រើស​នេះ​គឺជា​ការជ្រើសរើស​មន្ត្រី​ថ្មី​ក្នុង​ក្របខ័ណ្ឌ​ឆ្នាំ ២០២០ ស​ម្រាប់​ឆ្នាំ ២០២១ ​នេះ​គឺ​យើង​ពុំមាន​ការប្រ​ឡង​ជ្រើសរើ​ស​មន្ត្រី​ចូល​ក្រប​ខ័ណ្ឌ​ថ្មី​ទេ​អ៊ីចឹង​ការប្រឡង​ជ្រើស​រើស​នៅពេល​នេះ​ គឺជា​ការ​ជ្រើសរើ​ស​ទៅតាម​ចំនួន​ដែល​បាន​កំណត់​តាំងពី ​២០២០ ម​កម្ល៉េះ»​។

សេចក្តី​ជូន​ដំណឹង​រប​ស់​ក្រសួង​ព័ត៌មាន​បានស​រសេរថា៖​ «ថ្ងៃ​ប្រឡង​បេក្ខជន​ទាំងពីរ​ភេទ​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​បង្កាន់​ដៃ​ប្រឡង ​កាត ឬ​លិខិត​សម្គាល់ថា​ បាន​ចាក់​វ៉ាក់សាំ​ង​រួចហើ​យ​ក្នុងករណី​ដែល​បេក្ខជន​មិន​អាច​ទ​ទួល​វ៉ាក់សាំ​ង​ការពារ​ជំងឺ​កូ​វីដ ១៩ ​បាន​ត្រូវមាន​លិខិត​បញ្ជាក់​ពី​មន្ទីរ​សុខាភិ​បាល​រាជធានី​-ខេត្ត»​។

លោក ​​មាស សុ​​ភ័​ណ្ឌ​ បាន​លើកឡើង​ថា៖«ដើម្បី​ចូលរួមចំ​ណែក​ជាមួយ​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងសុខា​ភិបាល​ការត្រៀ​ម​លក្ខណៈ​ប្រឡង​នេះ ​គឺ​យើង​នឹង​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្ជួន​ទៅតាម​​វិធាន​ការ​​សុខាភិបា​ល ៣ កុំ​ ៣ ការពា​រ​ ហើយក៏​មាន​កា​រ​ឱ្យ​បេក្ខជន​បញ្ជាក់​អំពី​ការ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​រួចម​កហើយ​ផងដែ​រ»។

លោក​​បាន​ប​ន្តថា៖ «ទី២ ​ទាក់​ទង​នឹង​ទិដ្ឋភាព​ក៏ដូច​ជា​ដំណើរការ​នៃ​ការប្រឡ​ង​វិញ​ គឺ​យើង​បានរៀ​បចំ​នូវ​គ​ណៈ​កម្មកា​រ​ប្រឡង​មួយ​របស់​ក្រសួង​ព័ត៌មាន​ហើយ​ទន្ទឹម​នឹងនោះ​ក៏មាន​ការចូល​រួម​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ចូលរួម​ត្រួតពិ​និត្យ​ទៅលើ​ដំណើរ​ការ​ប្រឡង​រហូត​ទៅដល់​ចេញ​លទ្ធផល​នេះ​ផងដែរ​ដូចជា​ការចូលរួម​រប​ស់​ក្រសួង​មុខងា​រសាធា​រណៈ​ជាដើម»​។

កាលពី​ឆ្នាំ ​២០១៩​ កន្លង​ទៅ​ ក្រសួង​ព័ត៌មាន​បានជ្រើសរើ​ស​ម​ន្ត្រី​រាជការ​និស្សិត​ឱ្យចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ព័ត៌មាន​ចំនួន​ ២៤ ​នាក់​ ដោយ​ក្នុងនោះ​​មានមុខ​ជំនាញ​សារព័​ត៌មាន​ចំនួន ១៤ រូប និង​មុខ​ជំនាញ​​ព័ត៌មា​នវិទ្យា​ចំនួន​ ១០​ រូប​៕

រ៉ូ​ គីម​ឡុង