បន្ទាយមានជ័យៈ មកទល់​ពេលនេះ ជំនន់​ទឹកភ្លៀង​កំពុង​ជន់លិច​ជា​បន្តបន្ទាប់ នៅ​ស្ទើរ​គ្រប់​ក្រុង ស្រុក នៃ​ខេត្ត​បន្ទាយមានជ័យ ខណៈ​ពលរដ្ឋ​ជាង​ ១០០ ​គ្រួសារ ​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។ ចំណែក បណ្ដា​ខេត្ត​ដែល​ស្ថិត​នៅជាប់​ជួរ​ភ្នំ​ដងរែក ក៏​កំពុង​ទទួលរង​នូវ​ជំនន់​ទឹកភ្លៀង​ផងដែរ​។ នេះ​បើតាម​ការអះអាង​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅ​ថ្ងៃទី​ ២២ ខែកញ្ញា​។

លោក​ ស្វាយ ជា អភិបាល​ស្រុក​ម៉ាឡៃ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅពេលនេះ កម្លាំង​សមត្ថកិច្ច​នៃ​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ចំណុះ​រដ្ឋបាល​ស្រុក​ម៉ាឡៃ​កំពុង​ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ​គ្រួសារ​ពលរដ្ឋ​មួយចំនួន​ទៅកាន់​ទីទួល​សុវត្ថិភាព បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា​ ៣-៤ ​ថ្ងៃ បង្កឱ្យ​មាន​ការជន់លិច​ដាច់​ផ្លូវ​ជាច្រើន​កន្លែង និង​លិច​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៦៨០ ​ខ្នង​ក្នុង​តំបន់​អភិវឌ្ឍន៍​ភូមិ​បឹងជង្រុក​នៃ​ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។

លោក​ថ្លែងថា​៖ «​គិត​ត្រឹម​រសៀល ថ្ងៃទី ២២ ខែកញ្ញា​ ២០២១ ​នេះ​ក្រុមការងារ​យើង​បាន​ជួយ​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ ជាង​ ៣០ ​គ្រួសារ​ទៅកាន់​ទីទួល​សុវត្ថិភាព និង​រៀបចំ​សាងសង់​ជម្រក​តង់កៅស៊ូ ដើម្បីឱ្យ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ស្នាក់នៅ​ជា​បណ្ដោះអាសន្ន​»​។

បើតាម​លោក​ ស្វាយ ជា នៅ​រសៀល​ថ្ងៃ​ពុធ ភ្លៀង​បាន​បន្ត​ធ្លាក់​ខ្លាំង​នៅ​តំបន់​ផ្នែក​ខាងលើ ដែល​ជា​តំបន់​ប្រជុំភ្នំ ពិសេស​នៅ​តំបន់ភ្នំ​ដូនសំ ទឹកភ្លៀង​ដែល​ហូរធ្លាក់​តាម​ជម្រាលភ្នំ​នេះ និង​ប្រជុំភ្នំ​ផ្សេងទៀត​ក្នុង​ភូមិសាស្ត្រ​ស្រុក​ម៉ាឡៃ បាន​ជន់លិច​ហូរកាត់​ផ្លូវ និង​ធ្វើឱ្យ​បាក់​ស្ពានឈើ​ ១ ​កន្លែង នៅតាម​បណ្ដោយ​ផ្លូវលំ​ចូលទៅក្នុង​តំបន់​អភិវឌ្ឍន៍​ភូមិ​បឹងជង្រុក​ទាំងមូល​។

លោក​ថា​ក្រុម​អន្តរាគមន៍​សង្គ្រោះ​របស់​រដ្ឋបាល​ស្រុក​ម៉ាឡៃ និង​ក្រុម​អន្តរាគមន៍​សង្គ្រោះ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ រួមទាំង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​កំពុង​កាយផ្ដាច់​ផ្លូវលំ​ចូលទៅក្នុង​តំបន់​អភិវឌ្ឍន៍​បឹង​ជង្រុក​ចំនួន​ ៥ ​ទីតាំង ដើម្បី​បើកមុខ​ទឹក​ឱ្យ​ហូរ​ចាក់​ទៅតាម​ប្រឡាយ បឹងបួ និង​វាលស្រែ​មួយចំនួន​ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​នៃ​តំបន់​នេះ​។

ចំណែក​លោក​ កែវ តារារស្មី អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេលនេះ ប្រជាពលរដ្ឋ​ចំនួន​ ១០៤ ​គ្រួសារ​ហើយ ត្រូវ​បាន​ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព ខណៈ​ជំនន់​ទឹកភ្លៀង​នៅ​មិនទាន់​ថមថយ​ បើ​ទោះជា​មន្ត្រី​នៃ​អង្គភាព​ជំនាញ​បាន​កាយ​ប្រឡាយ​បើកមុខ​ទឹក​ឱ្យ​ហូរ​ធ្លាក់​ទៅតាម​ប្រឡាយ ស្ទឹង បឹង ព្រែក​មួយចំនួន​ដែល​នៅ​ផ្នែក​ខាងក្រោម​ក៏ដោយ​។ ​

លោក​បញ្ជាក់​ថា​៖ «​នៅពេលនេះ ក្រុមការងារ​យើង​កំពុង​រៀបចំ​សាងសង់​ជម្រក​តង់ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ចំនួន​ ១០៤ ​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ស្នាក់នៅ​ជា​បណ្ដោះអាសន្ន​ក្នុង​ទីតាំង​ចំនួន​ ៣ រួមមាន នៅ​រ៉ារថភ្លើង សាលា​កូរ៉េ និង​បុរី​ KN​។ ក្នុង​កាលៈទេសៈ​នេះ ការជួយ​សង្គ្រោះ​ពលរដ្ឋ​ឱ្យ​រួច​ជីវិត​ពី​គ្រោះមហន្តរាយ​ធម្មជាតិ​ទឹកជំនន់ គឺជា​វិធានការ​ចាំបាច់​បំផុត ប៉ុន្តែ​យើង​ក៏ត្រូវ​តែ​គោរព និង​អនុវត្ត​ឱ្យបាន​ជាប្រចាំ​នូវ​វិធានការ ៣កុំ ៣ការពារ ផងដែរ​»​។

ស្រដៀង​គ្នា​នេះ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុក​មង្គលបុរី ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅពេលនេះ ទឹកស្ទឹង​មង្គលបុរី​បាន​ហក់​ឡើងដល់​ ៨,៣ ​ម៉ែត្រ ដែល​កម្រិត​ប្រកាសអាសន្ន​ ៩,១០ ​ម៉ែត្រ និង​បាន​លិច​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​ ៣០០ ​គ្រួសារ ក្នុង​ឃុំ​ចំនួន​ ៤ គឺ ឃុំ​បត់ត្រង់ ឃុំ​រហាត់ទឹក ឃុំ​ចំណោម និង​ឃុំ​សឿ ព្រមទាំង​ដំណាំ​ស្រូវ​ជាច្រើន​រយ​ហិកតា​ផងដែរ​។

លោក​ ដាស៊ីណង់ បាន​ថ្លែងថា​៖ «​ទោះយ៉ាងណា មកទល់​ពេល​នេះ​មាន​ប្រជាពលរដ្ឋ​ចំនួន​ជាង​ ១០ ​គ្រួសារ​ប៉ុណ្ណោះ ដែល​បាននាំគ្នា​មក​បោះតង់​ស្នាក់នៅ​ជា​បណ្ដោះអាសន្ន​នៅលើ​ទីទួល​សុវត្ថិភាព​ក្នុង​ភូមិ​បត់​ត្រង់​»​។

ទោះយ៉ាងណា ស្ថានភាព​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា ​នាពេល​នេះ ក៏​កំពុង​រង​នូវ​ឥទ្ធិពល​ជា​ប្រព័ន្ធ​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី ដែល​បណ្ដាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​គ្របដណ្ដប់​លើ​ផ្ទៃ​ប្រទេស​។ បើតាម​ការព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ចុងសប្ដាហ៍​នេះ ប្រព័ន្ធ​សម្ពាធ​ទាប​ថ្មី​មួយទៀត នឹង​អូស​កាត់​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ដែលនាំឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់ ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន រហូតដល់​ចុងខែ​កញ្ញា​នេះ​។

ជុំវិញ​ករណីនេះ លោក​ ជា ពិសិដ្ឋ ប្រធាន​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៃ​ខេត្ត​ឧត្តរមានជ័យ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា បណ្ដាញ​ផ្លូវលំ​ជនបទ​ជាច្រើន​ខ្សែ​បាន​រង​ការខូចខាត​ដោយ​អន្លើ​ដោយសារ​ទឹកភ្លៀង​ជន់​លិច និង​ហូរ​ច្រោះ​កាត់​ផ្លូវ​។

លោក​បាន​បញ្ជាក់ថា​៖ «​ភ្លៀង​កាលពី​យប់​ថ្ងៃទី​ ២១ ខែកញ្ញា បាន​ជន់លិច​ផ្លូវ និង​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​ក្នុង​ក្រុង​សំរោង ដែល​ធ្វើឱ្យ​អាជ្ញាធរ​បង្ខំចិត្ត​ប្រើ​គ្រឿងចក្រ​កាយប្រឡាយ​បើកមុខ​ទឹក​ទាំងយប់ ដើម្បី​កាត់បន្ថយ​ការជន់លិច​»​។

ដោយឡែក​នៅ​ខេត្ត​កំពង់ឆ្នាំង​ក៏មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង អាង​ស្ទឹងក្រាំងពន្លៃ​ផងដែរ​។ មកទល់​ពេលនេះ បាន​បណ្តាល​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង ហូរ​កាត់​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៥ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ៣៩-៤០ បង្កឱ្យមាន​ការកកស្ទះ​ចរាចរណ៍​។ នេះ​បើតាម​ការអះអាង​របស់​លោក​ វន ស៊ីផា អភិបាល​ស្រុក​សាមគ្គីមានជ័យ​។

លោក​ ជា ពិសិដ្ឋ បាន​ថ្លែងថា​៖ «​កំណាត់​ផ្លូវជាតិ​លេខ​ ៥ ត្រង់ចំណុច​ភូមិសាស្ត្រ​ខាងលើនេះ​ត្រូវ​បាន​ទឹក​ហូរ​កាត់ ប៉ុន្តែ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ​គឺ​គ្រាន់តែ​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍​បន្តិចបន្តួច​ប៉ុណ្ណោះ​។ នៅពេលនេះ ក្រុមការងារ​យើង​កំពុង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​កំពង់ឆ្នាំង និង​ក្រុមការងារ​ធ្វើ​ផ្លូវជាតិ​លេខ​ ៥ បាននិង​កំពុង​អនុវត្ត​វិធានការ​មួយចំនួន​ ដើម្បី​ជួយ​រំដោះ​ទឹក​នោះ​ឱ្យបាន​ឆាប់​ពី​ចំណុច​ខាងលើ​នេះ​»៕