ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ប្រធានរដ្ឋសភា លោក​ ហេង សំរិន នា​ថ្ងៃទី​ ២២ កញ្ញា ស្នើឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​យកចិត្ត​ទុកដាក់​ការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សម្រួល​ចរាចរណ៍ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ និង​អ្នកទេសចរ ក្នុងអំឡុងពេល​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​ ២២ ខែកញ្ញា ដល់​ថ្ងៃទី​ ៦ ខែ តុលា ឆ្នាំ​ ២០២១​។

លោក​ ហ៊ុន សែន បាន​លើកឡើង​តាម​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក​ថា ថ្ងៃទី​ ២២ ខែកញ្ញា ជា​ថ្ងៃ​កាន់បិណ្ឌ​ ១ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែលជា​ពិធីបុណ្យ​ប្រពៃណី​ជាតិ​របស់​ខ្មែរ ដែលមាន​តាំងពី​បុរាណកាល​មក​។ នេះ​ជា​ពេលវេលា​មួយ​ដែល​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ មាន​ឱកាស​ក្នុង​ការធ្វើ​បុណ្យទាន​សន្សំ​កុសល និង​ជួបជុំ​សាច់ញាតិ​បងប្អូន​នៅ​តាម​ទីកន្លែង​ជិត​ឆ្ងាយ ជាពិសេស​តាម​ទីវត្តអារាម​នានា​។

លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​៖ «​សូម​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បង្កើន​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ របៀបរៀបរយ និង​សម្រួល​ចរាចរណ៍​ឱ្យ​បាន​ល្អប្រសើរ​ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ទេសចរ នៅក្នុង​អំឡុងពេល​បុណ្យ​ភ្ជុំ​នេះ​»​។

ទន្ទឹមនឹងនេះ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ដោយ​ត្រូវអនុវត្ត​វិធានការ ៣កុំ និង​៣ការពារ ឱ្យបាន​ខ្ជាប់ខ្ជួន​ជានិច្ច​។

លោក​ ហេង សំរិន ប្រធាន​រដ្ឋសភាជាតិ​ក៏​បាន​លើកឡើង​ដែរ​ថា ដោយសារ​កម្ពុជា​ស្ថិតក្នុង​គ្រា​លំបាក​ពី​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ការប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រព្រឹត្ត​ទៅដោយ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។

លោក​សរសេរ​លើ​ហ្វេសប៊ុក​របស់លោក នា​ថ្ងៃទី​ ២២ កញ្ញា​ថា​៖ «​សូម​បងប្អូន​ជនរួមជាតិ​គោរព​តាម​រាល់​ការណែនាំ និង​វិធានការ​សុខាភិបាល ឬ​រដ្ឋបាល​ឱ្យបាន​ខ្ពស់បំផុត ដោយ​ប្រកាន់​ឱ្យ​ខ្ជាប់​វិធានការ ៣កុំ ៣ការពារ ធ្វើយ៉ាងណា​ឱ្យ​ការប្រារព្ធ​ពិធី​ប្រពៃណីជាតិ​យើង​បាន​ដំណើរការ​ទៅដោយ​រលូន ជ្រះថ្លា និង​ចៀស​ឆ្ងាយ​ពី​ជំងឺ​កូវីដ​ ១៩»​។

ពិធីបុណ្យ​ភ្ជុំបិណ្ឌ ជា​បុណ្យ​ប្រពៃណី​ប្រចាំឆ្នាំ​ដ៏ធំ​របស់​កម្ពុជា ដែល​បាន​ប្រារព្ធ​ធ្វើ​តាំងពី​បុរាណកាល​មក ដើម្បី​តបស្នង​សងគុណ​លោកអ្នក​មានគុណ​មាន​ឪពុកម្តាយ ជីដូន​ជីតា និង​ដើម្បី​ឧទ្ទិស​បុណ្យ​កុសល ដល់​ពពួក​ញាតិ និង​ជីដូន​ជីតា​ទាំងឡាយ ដែល​បាន​ចែក​ស្ថាន​ទៅហើយ តាមរយៈ​ការឧទ្ទិស​កុសល​ផលបុណ្យ​ដោយ​ប្រគេន​នូវ​ចង្ហាន់​ និង​ទេយ្យវត្ថុ​ផ្សេងៗ ចំពោះ​ព្រះសង្ឃ ដែល​បាន​គង់ចាំ​ព្រះវស្សា​តាម​ទីវត្តអារាម​នានា​។

ជាងនេះទៀត លោក​ ហេង សំរិន ក៏បាន​ស្នើឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បង្កើន​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ របៀប​រៀបរយ និង​សម្រួល​ចរាចរណ៍​ឱ្យបាន​ល្អប្រសើរ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ជូន​ដល់​ប្រជាពលរដ្ឋ និង​ទេសចរ​ក្នុង​អំឡុងពេល​បុណ្យ​ភ្ជុំ​នេះ​។

ក្រសួង​ធម្មការ និង​សាសនា​បាន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ប៉ុន្តែ​ត្រូវតែ​អនុវត្តតាម​វិធានការ​សុខាភិបាល ពិសេស​វិធានការ ៣ការពារ និង​៣កុំ ដើម្បី​កុំឱ្យ​មាន​ការឆ្លង​រាលដាល​វីរុស​កូវីដ​ ១៩​។

រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា លោក​ ឈិត សុខុន បាន​លើកឡើងថា ដើម្បី​រៀបចំ​បុណ្យកាន់បិណ្ឌ​ឱ្យ​ដំណើរការ​ និង​ប្រព្រឹត្តទៅ​ស្របតាម​ទំនៀមទម្លាប់ និង​ប្រពៃណី​ព្រះពុទ្ធសាសនា គ្រប់​មន្ទីរ​ធម្មការ និង​សាសនា និង​គ្រប់​វត្តអារាម​ទាំងអស់ ត្រូវ​ចូលរួម​បដិបត្តិ​តាម​សេចក្តី​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​ដែនដី តាម​សភាព​ជាក់ស្តែង​នៃ​ទីកន្លែង​នីមួយៗ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ​នេះ​។

លោក​បញ្ជាក់ថា​៖ «​គ្រប់​មន្ទីរធម្មការ និង​សាសនា រាជធានី​ខេត្ត ត្រូវ​យកចិត្ត​ទុកដាក់​បង្កលក្ខណៈ​ឱ្យបាន​ល្អប្រសើរ​ប្រគេន ព្រះសង្ឃ ជូន​ពុទ្ធបរិស័ទ​ប្រារព្ធ​ពិធី​កាន់បិណ្ឌ ភ្ជុំបិណ្ឌ និង​កឋិនទាន ស្របតាម​ប្រពៃណី ព្រះពុទ្ធ​សាសនា ដោយ​ក្នុង​នោះ​ត្រូវអនុវត្ត​នូវ​វិធានការ​ពាក់​ម៉ាស់ វាស់​កម្ដៅ រក្សា​អនាម័យ លាងដៃ សាប៊ូ ឬ​អាល់កុល ជែល និង​រក្សា គម្លាត​សុវត្ថិភាព​សង្គម​បុគ្គល និង​វិធានការ ៣កុំ ៣ការពារ​»​។

គួរ​បញ្ជាក់ថា សម្រាប់​រាជធានី ភ្នំពេញ ស្នងការដ្ឋាន​នគរបាល​រាជធានី​ក៏បាន​ត្រៀម​កងកម្លាំង​ជិត​ ២ ០០០ ​នាក់ សម្រាប់​ត្រៀម​ការពារ​នៅតាម​ចំណុច​សំខាន់ៗ​មួយចំនួន ពិសេស​នៅតាម​វត្ត​អារាម​ជាង​ ១៥០ ក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​ច្រកចេញ​ចូលក្នុង​ទីក្រុង ដើម្បី​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ក្នុងពេល​ធ្វើដំណើរ​ទៅ​វត្តអារាម​នានា​ផងដែរ​៕