ភ្នំពេញៈ ​វ៉ាក់សាំង​កូ​វីដ​ ១៩ ​ប្រភេទ​ស៊ី​ណូ​វ៉ា​ក់​ចំនួន​ ៣​ លាន​ដូ​ស​ ដែលជា​ការបញ្ជាទិញ​រប​ស់រាជ​រដ្ឋាភិបាល​ម្ពុ​ជា​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​ ២៤ ខែកញ្ញា ស្អែក​នេះ ហើយ​វ៉ាក់សាំង​ជាច្រើន​លាន​ដូ​ស​ទៀត​នឹង​ដឹក​មកដល់​ជា​បន្តបន្ទាប់​ទៀត​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​នា​ព្រឹក​ថ្ងៃទី​ ២៣ ខែកញ្ញា​នេះ​។​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រកាស​កាលពី​ចុង​សប្តាហ៍​មុន​ក្នុង​ពិធី​បើក​យុទ្ធនាការ​ថ្នាក់ជាតិ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ​១៩ ជូន​ដល់​កុមារ​អាយុ​ចាប់ពី ០៦ ​ឆ្នាំ ដល់​អាយុ​ក្រោម ១២ ​ឆ្នាំថា ក្នុង​ខែកញ្ញា​នេះ វ៉ាក់សាំង​ចំនួន ​៩​ លាន​ដូ​សនឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា ទាំង​វ៉ាក់សាំង​បញ្ជា​ទិញ និង​ការផ្តល់ជូន​របស់​ប្រទេស​ចិន​។​

លោក​បាន​បញ្ជាក់ទៀតថា វ៉ាក់សាំង​ចំនួន ៣ ​លាន​ដូ​ស នឹង​ដឹក​មកដល់​ថ្ងៃទី ២៦ ​ឬ​ ២៧ ខែកញ្ញា​នេះ​៕