ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​ជំរុញ​ឱ្យ​អភិបាល​រាជធានី​-​ខេត្ត និង​មន្ដ្រី​ពាក់ព័ន្ធ​ត្រូវ​បន្ត​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ក្នុង​ទិសដៅ​ការងារ​ឆមាស​ទី​ ២ ឆ្នាំ​ ២០២១ ​ឱ្យចំ​គោលដៅ​ និង​មុខសញ្ញា ដើម្បី​ទប់ស្កាត់​បទល្មើស​ចរាចរណ៍ ជាពិសេស​ការបើកបរ​លើស​ល្បឿន​ច្បាប់​កំណត់​ និង​ការបើកបរ​មិន​គោរព​សិទ្ធិ​គ្នា នៅតែ​ជា​បញ្ហា​បង្ក​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ​ដែល​ភាគរយ​ខ្ពស់​ជាងគេ​។

លោក ស ខេង ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឆមាស​ទី​ ១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​ ២០២១ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ (​គ.ស.ច.គ.) កាលពី​ថ្ងៃទី​ ២១ ខែកញ្ញា តាម​ប្រព័ន្ធ​វីដេអូ (ZOOM) ដោយបាន​បង្ហាញ​ការគាំទ្រ និង​ឯកភាព​ចំពោះ​ទិសដៅ​ឆមាស​ទី​២ ​ដែល​បាន​ដាក់ចេញ ដូចជា​ត្រូវ​យកចិត្ត​ទុកដាក់​ថែមទៀត​ក្នុង​ការបំពាក់​ភ្លើងស្តុប ស្លាកសញ្ញា និង​គំនូស​សញ្ញា​ចរារណ៍ ដើម្បី​ធានា​ឱ្យ​ផ្លូវថ្នល់​មាន​សុវត្ថិភាព និង​ត្រូវ​បន្ត​គាំទ្រ​ដល់​ការបំពាក់​កាមេរ៉ា​ត្រួតពិនិត្យ​ល្បឿន​អចល័ត​នៅតាម​ផ្លូវជាតិ​នានា​តាមរយៈ​ការបញ្ចូល​គម្រោង​បំពាក់​នេះ​ទៅក្នុង​គម្រោង​កសាង ឬ​ជួសជុល​ផ្លូវ​។

លោករដ្ឋមន្ត្រីបាន​ថ្លែងថា​៖ «​អភិបាល​រាជធានី-ខេត្ត​ត្រូវ​យកចិត្ត​ទុកដាក់​បំពាក់​ភ្លើងស្តុប​ស្លាក​សញ្ញា និង​គំនូស​សញ្ញា​ចរាចរណ៍​ និង​រឹតបន្តឹង​ឱ្យបាន​ម៉ឺងម៉ាត់​លើ​ការដឹកជញ្ជូន​ដីខ្សាច់ ថ្ម ជ្រុះ​រាយប៉ាយ​នៅតាម​ផ្លូវ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​»​។

លោក​បាន​បន្តថា​៖ «​ត្រូវ​បន្ត​ធ្វើការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ដោយ​ប្រើប្រាស់​ឧបករណ៍​បច្ចេកទេស​ទំនើប​ ដើម្បី​ទប់ស្កាត់​បទល្មើស​ចរាចរណ៍ និង​បទល្មើស​ផ្សេងៗ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព តម្លាភាព និង​និរន្តរភាព​។ ជាមួយនេះ​ត្រូវ​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ និង​បទដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​តាម​គ្រប់​រូបភាព​ និង​ជាប្រចាំ​ដោយ​អនុវត្ត​ឱ្យចំ​គោលដៅ និង​មុខសញ្ញា​ងាយ​រងគ្រោះ​ជាដើម​»​។

លោក តូច ចាន់កុសល រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សាធារណការ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍ គ.ស.ច.គ. បានឱ្យដឹងថា ទិសដៅ​សំខាន់ៗ​សម្រាប់​ឆមាស​ទី​ ២ ឆ្នាំនេះ គឺ​បន្ត​អនុវត្ដ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ចែក​ស្ទិកឃ័រ​ចំណាំង​ប្លាត​ និង​មួកសុវត្ថិភាព​ដល់​អ្នក​បើកបរ​ទោចក្រយានយន្ត​។ បន្ត​សិក្សា​ត្រួតពិនិត្យ​តំបន់​ដែលមាន​គ្រោះថ្នាក់​ញឹកញាប់ និង​កែលម្អ​ទីតាំង​ទាំងនោះ​។ បំពាក់​កាមេរ៉ា​សុវត្ថិភាព​ និង​ស្លាក​សញ្ញា​ចរាចរណ៍​សិក្សា​ និង​រៀបចំ​វិធានការ​បំពាក់​ប្រព័ន្ធ​ GPS តាមដាន​លើ​រថយន្ត​ដឹកទំនិញ​។ ជំរុញ​ការដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវដែក​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការខូចខាត​ផ្លូវថ្នល់​ជាដើម​។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ គ.ស.ច.គ. បាន​បង្ហាញថា ក្នុង​ឆមាស ទី​ ១ ​ឆ្នាំ​ ២០២១ ធៀប​ទៅនឹង​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០២០ គ្រោះថ្នាក់ ចរាចរណ៍​ថយចុះ​ ៣៥៨ ​លើក​ស្មើ​ ២២ ​ភាគរយ ឆ្នាំមុន​មាន​គ្រោះថ្នាក់​ចរាចរណ៍ ១ ៦១៩ ​លើក​។

ចំនួន​អ្នកស្លាប់​ថយចុះ​ ១៥២ ​នាក់​ស្មើ​ ១៨ ​ភាគរយ ឆ្នាំមុន​មាន​ចំនួន​អ្នកស្លាប់​ ៨៦១ ​នាក់ និង​ចំនួន​អ្នករបួស​ថយចុះ​ ៦៥៧ ​នាក់​ស្មើ​ ២៧ ​ភាគរយ ឆ្នាំមុន​មាន​ចំនួន​អ្នករបួស​ ២ ៤៤៩ ​នាក់​។ ​

គ្រោះថ្នាក់​បាន​កើតឡើង​ច្រើន​នៅ​រាជធានី​ភ្នំពេញ​ ៣៤០ ​លើក ខេត្តកណ្តាល​ ៨៦ ​លើក និង​ខេត្តស្វាយរៀង​ ៧៧ ​លើក​។ ​ក្នុង​នោះ​រួមមាន​បង្កដោយ ទោចក្រយានយន្ដ ត្រីចក្រយានយន្ត​ចំនួន​ ៧៧ ៧៩៤ ​គ្រឿង​ស្មើ​ ៧៣ ​ភាគរយ និង​រថយន្ដ​ចំនួន​ ២៨ ២០១ ​គ្រឿង​ក្នុង​នោះ​ធុន​ធ្ងន់​ចំនួន​ ៦ ៤៣១ ​គ្រឿង​។

លោកស្រី​ថ្លែងថា​៖ «​មូលហេតុ​បង្ក​គ្រោះថ្នាក់​រួមមាន​ល្មើស​ល្បឿន​ ៣៤ ​ភាគរយ បើកបរ​មិន​គោរព​សិទ្ធិ​ ២៣ ​ភាគរយ​មិន​ប្រកាន់​ស្តាំ​ ១៦ ​ភាគរយ វ៉ាជែង​ ៨ ​ភាគរយ​​បត់​ ៩ ​ភាគរយ កត្តា​យានយន្ត​ ៣ ​ភាគរយ ស្រវឹង​ ៣ ​ភាគរយ និង​ងងុយ​ ១ ​ភាគរយ​»​។

នៅ​ថ្ងៃ​តែមួយ​នោះដែរ​បណ្តាញ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​ដែលមាន​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ស្ថាប័នរដ្ឋ​ប្រមាណ​ជាង ១០០ នាក់ នៅ​ថ្ងៃទី​ ២១ ខែកញ្ញា ដែរ​នេះ​បាន​រួម​គ្នា​ធ្វើ​វេទិកា​ប្រចាំឆ្នាំ​ស្ដីពី​ការលើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​កម្មករនិយោជិត​កម្ពុជា តាម​ប្រព័ន្ធ​វីដេអូ​ហ្ស៊ូម​។

តាមរយៈ​វេទិកា​នេះ​បណ្តាញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​បានធ្វើការ​ពិភាក្សា​អំពី​ដំណោះស្រាយ និង​កំណត់​នូវ​តួនាទី​របស់​អ្នកពាក់ព័ន្ធ​ក្នុង​ការរួមចំណែក​ធ្វើឱ្យ​ការធ្វើដំណើរ​របស់​កម្មករ​និយោជិត​កម្ពុជា​កាន់តែ​មាន​សុវត្ថិភាព​ប្រសើរឡើង​។

ពួកគេ​ថា​ជា​រៀងរាល់ថ្ងៃ​នៅ​ប្រទេស​កម្ពុជា​មាន​កម្មករ​និយោជិត​ប្រមាណ​ជាង​ ៧០ ​ម៉ឺន​នាក់​បានធ្វើ​ដំណើរ​ទៅមក​បំពេញ​ការងារ​។ សកម្មភាព​នេះ កំពុង​ប្រឈម​នឹង​ហានិភ័យ​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​គ្រួសារ​របស់​ពួកគេ​។

បើតាម​បណ្តាញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កាលពី​ឆ្នាំ​ ២០២០ កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​សម្លៀង​បំពាក់ និង​ផលិត​ស្បែកជើង​ដែល​ធ្វើដំណើរ​ទៅមក​បំពេញ​ការងារ​​បាន​ជួប​គ្រោះ​ថ្នាក់លើ​ដងផ្លូវ​ចំនួន​ ២ ២០៦ ​លើក​ស្មើនឹង​ជាង​ ១៨៣ ​លើក​ក្នុង ១ ​ខែ ក្នុងនោះ កម្មករនិយោជិត​ចំនួន ៣០ ​នាក់​បាន​ស្លាប់ និង​ ២ ៧១៩ ​នាក់ បាន​រងរបួស​ធ្ងន់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។

តាម​របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម (​ប.ស.ស.) គ្រោះថ្នាក់​ចរាចរណ៍​លើ​កម្មករនិយោជិត​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ កើតឡើង​ចំនួន ១ ៣៣៣ ករណី បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ៣៣ ​នាក់​របួសធ្ងន់ ៣២៨ ករណី និង​របួសស្រាល ១១ ៦៣ ​ករណី​។ ខណៈ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ គ្រោះថ្នាក់​ចរាចរណ៍​លើ​កម្មករនិយោជិត​កើតឡើង ២ ៧៥៣ ​ករណី បណ្ដាលឱ្យ​មនុស្ស​ស្លាប់ ៦៧ នាក់ របួសធ្ងន់ ៦៨៨ និង​របួសស្រាល ២ ៥២៥ ​នាក់​។

លោក គឹម បញ្ញា តំណាង អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​លើកឡើង​ក្នុង​វេទិកា​នេះ​ថា គ្រោះថ្នាក់​ចរាចរណ៍​ក៏​ជា​បញ្ហា​ប្រឈម​ដ៏ចម្បង​គួរឱ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង​មួយ​ដែរ​សម្រាប់​កម្មករនិយោជិត​ ជាពិសេស​អ្នក​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ និង​ផលិត​ស្បែកជើង​ដែលមាន​ប្រមាណ​ជាង​ ៧០ ​ម៉ឺន​នាក់​តែម្តង​។

លោក​ថ្លែងថា បើទោះបីជា​ករណី​គ្រោះថ្នាក់​ភាគច្រើន​កើតមាន​ឡើងលើ​កម្មករ​ដែល​ធ្វើដំណើរ​តាម​យានយន្ត​ផ្ទាល់ខ្លួន ដោយ​ម៉ូតូ កម្មករនិយោជិត​ដែល​ធ្វើដំណើរ​តាម​រថយន្ត​ដឹក​កម្មករ​រួម​នៅតែ​បន្ត​ទទួលរងគ្រោះ​នៅពេល​ធ្វើដំណើរ​ទៅមក​បំពេញការងារ​។

លោក​បានឱ្យ​ដឹង​ថាបើ​គិត​ជា​មធ្យម​ក្នុង ​១ ​ខែៗ​មាន​ករណី​គ្រោះថ្នាក់​លើ​រថយន្ត​ដឹក​កម្មករ​រួម​បែបនេះ​យ៉ាងតិចណាស់​ក៏ ១ ករណី​ដែរ និង​បណ្តាលឱ្យ​កម្មករនិយោជិត​រងរបួស​ធ្ងន់​ និង​ស្រាល​ជាច្រើន​នាក់​ក្នុងករណី​នីមួយៗ និង​ករណីខ្លះ​រហូតដល់​ស្លាប់​ជាច្រើន​នាក់​។

លោក គឹមបញ្ញា បញ្ជាក់ថា​៖ «​ក្នុង​ករណី​ជាច្រើន​កម្មករនិយោជិត​ដែល​រងគ្រោះ​ត្រូវ​សម្រាក​ថែទាំ​នៅ​មន្ទីរពេទ្យ​ និង​ផ្ទះ​របស់ខ្លួន​ជាច្រើន​ថ្ងៃខែ​ ឯ​ខ្លះទៀត​ត្រូវ​ធ្លាក់ខ្លួន​ពិការ​បាត់បង់​សមត្ថភាព​បំពេញ​ការងារ​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​តម្រូវឱ្យ​ឪពុកម្តាយ​ ឬ​បងប្អូន​សាច់ញាតិ​ត្រូវ​ទទួលបន្ទុក​នៅ​មើល​ថែទាំ​ជាប្រចាំ​ជាដើម​»​។

លោក​ថា​៖ «​យើង​ត្រូវខិតខំ​ធ្វើការ​រួមគ្នា​ឱ្យបាន​កាន់តែខ្លាំង​ថែមទៀត​សំដៅ​ឈានទៅ​បញ្ចប់​សោកនាដកម្ម​នៅលើ​ដងផ្លូវ​ទាំងនេះ​ព្រមទាំង​ផ្តល់នូវ​ការការពារ​កាន់តែ​ប្រសើរ​ដល់​កម្មករនិយោជិត​ ជាពិសេស​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ និង​ផលិត​ស្បែកជើង​»៕