ភ្នំពេញៈ ខណៈ​ប្រទេស​កម្ពុជា​ កំពុង​មាន​ការអភិវឌ្ឍ ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បានលើកឡើង​នូវ​យុទ្ធសាស្ត្រ​កាត់បន្ថយ​ការប្រើប្រាស់​កងកម្លាំង​នគរបាល​ចរាចរណ៍​ឈរ​នៅតាម​ដងផ្លូវ​ដោយ​ជំនួស​មក​នូវ​ការប្រើប្រាស់​សម្ភារ​ឧបករណ៍​បច្ចេកទេស ដូចជា​ប្រព័ន្ធ​​កាមេរ៉ា​គំនូស និង​ស្លាក​សញ្ញា​ចរាចរណ៍​ជំនួស​វិញ​។

លោក ស ខេង លើកឡើង​នូវ​ផែនការ​យុទ្ធសាស្ដ្រ​នេះ​ក្នុងពេល​លោក​ធ្វើជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​ ២០២១ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវគោក (​គ.ស.ច.គ.) ​តាម​ប្រព័ន្ធ​វីដេអូ​ហ្ស៊ូម​ជាមួយ​មន្ដ្រី​ពាក់ព័ន្ធ​តាម​បណ្ដា​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​រាជធានី-ខេត្ដ​សរុប​ប្រមាណ ១៦៤ នាក់​ កាលពី​ថ្ងៃទី​ ២១ កញ្ញា ។

លោក​ថ្លែងថា ផ្អែកលើ​របាយការណ៍​ប្រចាំថ្ងៃ​គិត​ជា​មធ្យម​ក្នុង​ ១ ​ថ្ងៃ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ប្រមាណ​ ៧ លើក​ ធ្វើឱ្យ​មនុស្ស​ស្លាប់​ប្រមាណ ៤ ​នាក់ និង​របួស​ប្រមាណ ១០ នាក់ ដែល​ស្ថានភាព​នេះ​នៅតែ​ជា​ក្ដីបារម្ភ និង​ជា​កម្មវត្ថុ​ដែល​គ្រប់​យន្តការ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​សិក្សា​ដក​ពិសោធ​បន្ថែមទៀត ដើម្បី​ដាក់ចេញ​នូវ​វិធានការ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​សំដៅ​ពង្រឹង​នូវ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឱ្យសម្រេច​បាន​តាម​បំណងប្រាថ្នា​ដែល​បានកំណត់​។

លោក​ថ្លែងថា​៖ «​យើង​មិនអាច​ចេះតែ​រើស​កម្លាំង​ប៉ូលិស​បន្ថែម​ជា​រៀងរហូត អ៊ីចឹង​ទេ​។ យើង​ត្រូវ​មាន​ការគិតគូរ​មួយ​ថា កាត់បន្ថយ​នូវ​ក្របខ័ណ្ឌ​មន្ដ្រីរាជការ មុខងារ​សាធារណៈ ដែល​ក្នុងនោះ​មាន​នគរបាល​ចរាចរណ៍​ផងដែរ​។ អ៊ីចឹង​ដើម្បី​កាត់បន្ថយ​បានការ​ប្រើ​មនុស្ស វា​មាន​ឧបករណ៍​សម្ភារ​បច្ចេកទេស កាមេរ៉ា​សុវត្ថិភាព ហើយ​ផ្លូវ​មាន​គំនូស ប៉ូលិស​យើង​មាន​មធ្យោបាយ​ដើម្បី​នឹងធ្វើ​ការ​។ នេះ​ជា​គោលដៅ​យុទ្ធសាស្ដ្រ​របស់​យើង​ត្រូវ​ក្ដាប់​អាហ្នឹង​ឱ្យ​ជាប់​»​។

លោក ស ខេង លើកឡើង​ថា ប្រជាពលរដ្ឋ​កាលណា​ឃើញ​ប៉ូលិស​ច្រើន​មាន​ការខ្លាច​ប៉ូលិស ទើប​មាន​ការប្រុងប្រយ័ត្ន​។ ប៉ុន្ដែ​ពេល​គ្មាន​ប៉ូលិស​ក៏​នាំគ្នា​មិន​ខ្លាច​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មិន​គោរព​ច្បាប់​។ ដូច្នេះ​បានន័យថា ការភ្ញាក់រឭក​របស់​ប្រជាពលរដ្ឋ គឺ​នៅ​មិនទាន់​មាន​ទេ​។

លោក​បន្ថែមថា ការភ្ញាក់រឭក​របស់​ប្រជាពលរដ្ឋ បើ​គ្រាន់តែ​ផ្សព្វផ្សាយ គ្រាន់តែ​និយាយ​គឺ​មិន​គ្រប់គ្រាន់​ទេ​។ ការធ្វើ​បែបនេះ ពេលខ្លះ​ពលរដ្ឋ​ទទួល​បាន ពេលខ្លះ​ក៏​មិន​ទទួលបាន​។ ប៉ុន្ដែ​សម្រាប់​ការអនុវត្ដ​ច្បាប់ ពលរដ្ឋ​មិនអាច​ឆ្លើយថា មិន​បានឮ មិនបាន​ដឹង​ទេ​។

លោក ស ខេង បញ្ជាក់ថា​៖ «​យើង​ធ្វើ​ម៉េច​ឱ្យ​គាត់​ភ្ញាក់រឭក​ខ្លួនឯង អាហ្នឹង​ជា​មធ្យោបាយ​មួយ ជា​កត្តា​ ១ ​គន្លឹះ​។ អ្នកបើកបរ អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ត្រូវគោរព​ច្បាប់​»​។

លោក​បន្តថា​៖ «​គោលដៅ​របស់​យើង​ធ្វើ​ម៉េច​ដើម្បីឱ្យ​សុវត្ថិភាព​ចរាចរណ៍​វា​ល្អប្រសើរ​។ ខ្ញុំ​មិន​បោះបង់​ទេ​ការប្រើ​កម្លាំង​នគរបាល​ចរាចរណ៍​ ក៏ប៉ុន្ដែ​យើង​មិនត្រូវ​ពឹងផ្អែក​ទៅលើ​កម្លាំង​ចរាចរណ៍​មនុស្ស​ជាក់ស្ដែង​ច្រើនពេក​ទេ​។ ​បើ​មិន​អ៊ីចឹង​ទេ​ក្របខ័ណ្ឌ​នៅ​ភ្នំពេញ​ដាក់​ប៉ុន្មាន​ក៏​មិន​ឈ្នះ​ដែរ​។ ​ណាមួយ​ចរាចរណ៍​ផង ណាមួយ​បញ្ហា​ផ្សេងៗ​ទៀតផង​គឺ​មិនអាច​គ្រប់​ទេ​។ អ៊ីចឹង​ហើយ​មានតែ​ការយក​ចិត្ដ​ទុកដាក់​ដើម្បី​ធ្វើ​អាហ្នឹង (​ដាក់​កាមេរ៉ា​ស្លាក និង​គំនូស​ចរាចរណ៍​) ​ខេត្ដ​ផ្សេងទៀត​ក៏​ដូចគ្នា​ដែរ​»​។

លោក​ស្នើឱ្យ​មាន​ការឯកភាព​គ្នា ជាគោលការណ៍​រួម​ជា​យុទ្ធសាស្ដ្រ​រួម ដើម្បី​ឈានទៅ​កាត់បន្ថយ​នគរបាល​ចរាចរណ៍ ហើយ​ជំនួស​ដោយ​សម្ភារ ឧបករណ៍​បច្ចេកទេស ដូចជា​ប្រព័ន្ធគ្រប់គ្រង​តាមរយៈ កាមេរ៉ា​សុវត្ថិភាព​ជាដើម​។ លោក​ក៏បាន​ស្នើឱ្យ​មាន​ការគិតគូរ​រវាង​ការចំណាយ​ថវិកា​ដើម្បី​នឹង​បំពាក់​ឧបករណ៍ សម្ភារ​បច្ចេកទេស​នៅតាម​ដងផ្លូវ មាន​ស្លាក​សញ្ញា ភ្លើងស្ដុប គំនូស​ចរាចរណ៍ និង​កាមេរ៉ា​ជាដើម​ទៅនឹង​ការចំណាយ​ថវិកា​លើ​ការបង្កើន​កម្លាំង​នគរបាល កម្លាំង​ជាក់ស្ដែង​ ដើម្បី​ធ្វើការ​គ្រប់គ្រង​បញ្ហា​ចរាចរណ៍​នេះ តើ​មួយណា​ជា​យុទ្ធសាស្ដ្រ​ជាង​មួយណា ហើយ​មួយណា​ចំណេញ​ជាង​?

លោក ស ខេង បញ្ជាក់ថា​៖ «​និយាយ​អ៊ីចឹង​មិនមែន​ថា អត់​មាន​ប៉ូលិស​ទេ ប៉ូលិស​ត្រូវតែមាន ក៏ប៉ុន្ដែ​គេ​កាត់បន្ថយ​។ ឧទាហរណ៍​ពីមុនមក​គេ​ប្រើ ១០ ​នាក់ ឥឡូវ​គេ​ប្រើតែ ២ ​នាក់ ដើម្បី​គ្រប់គ្រង​ផ្លូវ ហើយ​ចាប់​ត្រង់ណា​ក៏បាន​ដែរ​។ ប៉ូលិស តែ​កាលណា​ដូរ​មកជា​ក្របខ័ណ្ឌ​មន្ដ្រីរាជការ ចូលមក​គឺ​ ១ ​ជីវិត​ហើយ​។ ចំណាយ​ថវិការដ្ឋ គឺ​ត្រូវ​ដោះស្រាយ​ ១ ​ជីវិត​សម្រាប់​គាត់ ប្រាក់ខែ​ប្រាក់​អី​សម្រាប់​គាត់​។ សម្ភារ​ក៏ត្រូវ​ចំណាយ​ដែរ ប៉ុន្ដែ​ចំណាយ​ធំ ម្ដង​វា​ចប់​។ ប៉ុន្ដែ​យ៉ាងណាក៏ដោយ​យើង​ខិតខំ​អាហ្នឹង​។ ប្រើ​ប៉ូលិស​តិច ប៉ុន្ដែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ចង់បាន​អ៊ីចឹង​»​។

លោក​បាន​ថ្លែង​ថា​រាជធានី​ភ្នំពេញ ហើយ​និង​បណ្ដា​ខេត្ដ​ដែល​ធំៗ ត្រូវតែ​រៀបចំ​គំនូស​សញ្ញា​នៅក្នុង​ក្រុង ទីប្រជុំជន​។ ចំណែក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គឺថា​ទទួលខុសត្រូវ​លើ​គំនូស​សញ្ញា​ថ្នល់ជាតិ​។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជាលើកឡើងថា ស្របពេល​ដែលមាន​ការវិវឌ្ឍ​ជា​វិជ្ជមាន​គួរឱ្យ​កត់សម្គាល់​មួយចំនួន​ក្នុង​កិច្ចខិតខំ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​នៅ​កម្ពុជា គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​បញ្ហាប្រឈម​ដ៏ធ្ងន់ធ្ងរ​បំផុត​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដោយ​ក្នុង​ ១ ​ថ្ងៃៗ គ្រោះថ្នាក់​នេះ​បានសម្លាប់​ជីវិត​មនុស្ស និង​បង្កឱ្យមាន​ការរង​របួស​ធ្ងន់​ស្រាល​ជាច្រើន​នាក់ ព្រមទាំង​បន្សល់ទុក​នូវ​ផលវិបាក​ជាច្រើន​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ និង​សង្គមជាតិ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​គាំទ្រ​ប្រសាសន៍​របស់​សម្ដេច​ក្រឡាហោម ស ខេង ដែល​បានលើកឡើង​នេះ ដោយសារ​តែ​យើង​មាន​មន្ដ្រីនគរបាល​របស់​យើង​ច្រើន​ឈរ​នៅតាម​ដងផ្លូវ​នៅ​ក្នុង​ការអនុវត្ដ​ច្បាប់​។ ការដាក់​មន្ដ្រីនគរបាល​ឈរជើង​ច្រើន​បែបនេះ វា​ល្អ​ផង វា​មាន​បញ្ហា​អវិជ្ជមាន​ផង​។ បញ្ហា​អវិជ្ជមាន​គឺ​រូបភាព និង​ងាយ​បង្កើត​បាតុភាព​ផ្សេងៗ​នៅពេល​ធ្វើការ​ពង្រឹង​ការអនុវត្ដ​ច្បាប់ ដែល​កន្លងទៅ​យើង​ក៏​ធ្លាប់​បានឃើញ​កើតមានឡើង​ហើយ​»​។

លោក បញ្ញា ស្នើឱ្យ​រាជរដ្ឋាភិបាល​សិក្សា​បន្ថែម​ពី​ប្រទេស​ជិតខាង ដែល​បាន​អនុវត្ដ​ជោគជ័យ​រួចហើយ ទាក់ទង​នឹង​ការបំពាក់​ប្រព័ន្ធ កាមេរ៉ា ឬ​ឧបករណ៍ សម្ភារ​បច្ចេកទេស​សម្រាប់​គ្រប់គ្រង​បញ្ហា​ចរាចរណ៍​នៅលើ​ដងផ្លូវ​នេះ​។ ការអនុវត្ដ​បច្ចេកទេស​ថ្មី ឬ​វិធីសាស្ដ្រ​ថ្មី​នេះ គួរ​ធ្វើ​ឡើងជា​ជំហានៗ ដើម្បី​ដកស្រង់​នូវ​ចំណុច​ល្អ និង​ចំណុច​ខ្វះខាត សម្រាប់​យកទៅ​អនុវត្ដ​ទូទាំង​ប្រទេស​។

លោក​ថ្លែងថា​៖ «​អាច​យក​ភូមិសាស្ដ្រ​ខណ្ឌ​ណា​ ១ ​ឬ​ ២ ​មក​អនុវត្ដ​សាកល្បង​មើល តើ​ការកាត់បន្ថយ​កម្លាំង​នគរបាល ដោយ​ជំនួស​មកប្រើប្រាស់​ប្រព័ន្ធ​កាមេរ៉ា និង​ឧបករណ៍ សម្ភារ​បច្ចេកទេស​សម្រាប់​ការគ្រប់គ្រង​នេះ​ទទួលបាន​លទ្ធផល​បែបណា​?»៕

វីដេអូ៖