ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិងកំពុងចែកលិខិតអញ្ជើញប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២០ ឱ្យទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ ២០២១ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១២ ខែតុលា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១។
លោក នុត សុខុម អនុប្រធាន គ.ជ.ប ថ្លែងនៅក្នុងកិច្ចប្រជុំផ្សាយជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ នេះឱ្យដឹងថា ការចែកលិខិតអញ្ជើញប្រជាពលរដ្ឋត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ១២ ខែកញ្ញា ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ ក្នុងគោលដៅដើម្បីជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២០ ឱ្យពិនិត្យឈ្មោះរបស់ខ្លួននៅតាមឃុំ-សង្កាត់ដែលខ្លួនកំពុងរស់នៅ។
លោក នុត សុខុម បន្តថា គិតត្រឹមថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ នេះ គ.ជ.ប បានចុះចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋបានចំនួន ៥ ៣៥៥ ៩០២ សន្លឹក ស្មើនឹង ៦០,៦៥ ភាគរយនៃចំនួនលិខិតអញ្ជើញដែល គ.ជ.ប បោះពុម្ព។ នេះជាទិន្នន័យបឋម ដែល គ.ជ.ប ទទួលបានប៉ុណ្ណោះ ប៉ុន្តែក៏កំពុងអនុវត្តការងារនេះបន្តទៀត នៅតាមឃុំ-សង្កាត់ រហូតដល់ថ្ងៃទី ១១ ខែតុលា ខាងមុខ។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ ២០២០ ហើយដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ដែលមានសុពលភាពក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមកនេះ សូមអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ប្រសិនបើពិនិត្យឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវ តាមអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ដែលមានសុពលភាព ត្រូវស្នើសុំកែតម្រូវក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ ២០២១ នេះ»។
បើតាមលោក នុត សុខុម កាលពីឆ្នាំ ២០២០ លទ្ធផលនៃការចែកលិខិតអញ្ជើញប្រជាពលរដ្ឋនៅទូទាំងប្រទេស មានចំនួន ៧ ៨៤៥ ៤០៣ សន្លឹក ស្មើនឹង ៩០,៩២ ភាគរយ នៃលិខិតអញ្ជើញសរុប។ ចំពោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក និងប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ ឆ្នាំឡើងក៏ត្រូវទៅចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី ១២ ខែតុលា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា នៅតាមសាលាឃុំ-សង្កាត់ និងទីតាំងមួយចំនួនដែលខ្លួនកំពុងរស់នៅ ដើម្បីមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២១ សម្រាប់យកទៅប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០២២។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ឱ្យដឹងថា ការពិនិត្យបញ្ជី ឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២១ គឺដើម្បីកសាងបាននូវបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដែលនេះ គ.ជ.ប ត្រូវផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ៩០ ថ្ងៃយ៉ាងតិច មុនថ្ងៃបោះឆ្នោត នេះ។ ស្ថិតិប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ-សង្កាត់ តាមការប៉ាន់ស្មានថា ប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំឡើងមានចំនួន ១០ ៨៦៧ ៩៦១ នាក់។ ប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះថ្មីមានចំនួន ១ ៦៣៥ ៩៩០ នាក់ និងលុបចេញពីបញ្ជីបោះឆ្នោត៨៣ ០៤៣ នាក់៕