
សត្វត្រដេវវិចទួលដែលគម្រោង USAID ព្រៃឡង់បៃតងកំពុងអភិរក្ស។ រូបថត USAID
ភ្នំពេញៈ គម្រោង USAID ព្រៃឡង់បៃតងកំពុងអភិរក្សត្រដេវវិចទួល តាមរយៈកម្មវិធីថែទាំសម្បុកសត្វ រួមទាំងការសហការជាមួយដៃគូនានា ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីយ៉ាងសម្បូរបែបនៅតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញនោះ។
យោងតាមហ្វេសប៊ុករបស់ USAID ព្រៃឡង់បៃតងពីថ្ងៃទី ២១ ខែកញ្ ញាបានឱ្យដឹងថា ខ្លួនកំពុងអភិរក្សសត្វត្រដេវវិចទួល តាមរយៈកម្មវិធីថែទាំសម្បុករបស់វា រួមទាំងការសហការជាមួយដៃគូនានា ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីយ៉ាងសម្បូរបែបនៅតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញនោះ។
តាមរយៈហ្វេសប៊ុកដដែលបានលើកឡើងថា សម្បុកសត្វប្រភេទនេះមានការពិបាករកជាខ្លាំង ដោយសារតែពងរបស់ពួកវាមានពណ៌លំនាំដូចពណ៌ដី ហើយសម្បុករបស់ត្រដេវវិចទួល ភាគច្រើនត្រូវបានគំរាមកំហែងដោយការធ្វើកសិកម្ម។
បើតាម USAID ព្រៃឡង់បៃតង ត្រដេវវិចទួល គឺជាបក្សីមានទំហំមធ្យម ដែលមានប្រវែង ពី ២៣ ទៅ ២៨ សង់ទីម៉ែត្រ មានស្លាបប្រវែងពី ៤២ ទៅ ៤៩ សង់ទីម៉ែត្រ។ ស្លាប និងខ្នងមានពណ៌ត្នោតខ្ចីជាមួយនឹងពណ៌ស្វាយភ្លឺរលោង ប៉ុន្តែផ្នែកក្បាល និងទ្រូង និងផ្នែកខាងមុខនៃមានពណ៌ខ្មៅ។ គេស្គាល់លក្ខណពិសេសរបស់វាតាមរយៈសំឡេងរោទ៍ឮខ្លាំង។
តាមហ្វេសប៊ុក USAID ព្រៃឡង់បៃតងសរសេរទៀតថា៖ «ជាធម្មតាពួកវាត្រូវបានគេរកឃើញនៅក្នុងហ្វូងតូចៗជុំវិញតំបន់ដែលមានទឹក វាលស្រែកសិកម្ម និងដីស្ងួត។ ការហោះហើររបស់វាមានភាពយឺត ប៉ុន្តែមានសមត្ថភាពហើររហ័សរហួនគួរឱ្យកត់សម្គាល់នៅពេលដែលវាការពារសម្បុករបស់វា ឬនៅពេលដែលត្រូវបានវាយប្រហារដោយសត្វស្ទាំង» ។
ត្រដេវវិចទួល ស៊ីពពួកស្រមោច សត្វកញ្ចែ ដង្កូវ និងសត្វល្អិតដទៃទៀត ខ្យង និងសត្វឥតឆ្អឹងខ្នងដែលភាគច្រើនត្រូវបានរើសពីក្នុងដី។ វាស៊ីអាហារទាំងពេលថ្ងៃ និងពេលយប់។
នេះបើតាមការបញ្ជាក់បន្ថែមរបស់ USAID ព្រៃឡង់បៃតង។
លោក ប៊ូ វរសក្ស នាយកស្តីទីអង្គការជីវិតធម្មជាតិនៅកម្ពុជា និងជានាយកកម្មវិធីប្រចាំកម្ពុជារបស់អង្គការជីវិតសត្វស្លាបអន្តរជាតិ ថ្លែងពីថ្ងៃទី ២១ កញ្ញាថា ការអភិរក្សបក្សីតាមរយៈកម្មវិធីថែទាំសម្បុកសត្វគឺមានបរិបទប្រភេទសត្វមួយចំនួនត្រឹមត្រូវដែលអាចធ្វើទៅទទួលបានជោគជ័យ។
ចំណែកមួយចំនួនទៀតត្រូវការសិក្សាថែមទៀតក្នុងការការពារសម្បុក ព្រោះការដាក់អ្នកការពារត្រូវការចំណាយច្រើន។
លោកថ្លែងថា៖ «ការដាក់អ្នកការពារសម្បុក ប្រសិនបើមានរំខានខ្លាំង វានៅជិតផ្លូវមានមនុស្សចេញចូលច្រើន មានអ្នកលួចវ៉ៃច្រើន អាហ្នឹងយើងលើកទឹកចិត្តឱ្យមានការដាក់ការពារ ប៉ុន្តែបើសត្វវានៅក្នុងតំបន់វាលរហោឋានគ្មានអ្នកទៅដល់អាហ្នឹងគឺមិនចាំបាច់ដាក់អ្នកការពារទេ»។
បើតាម លោក ប៊ូ វរសក្ស អង្គការ BirdLife Cambodia ក៏មានការអភិរក្សសត្វបក្សី ដោយថែទាំសម្បុកសត្វផងដែរ ប៉ុន្តែដាក់តែសម្រាប់សត្វកម្រ ដូចជា សត្វត្រយងយក្ស និងសត្វក្រៀលតែប៉ុណ្ណោះ។
ហ្វេសប៊ុកផេច BirdLife International Cambodia Programme ចេញផ្សាយពីថ្ងៃទី ២១ ខែកញ្ញា បង្ហាញថា នៅថ្ងៃទី ៨ ខែកញ្ញា សម្បុកសត្វត្រដក់តូចចំនួន ១ សម្បុក ត្រូវបានរកឃើញនៅដែនជម្រកសត្វព្រៃលំផាត់ដោយក្រុមការងារអង្គការ BirdLife Cambodia។ នេះគឺជាសម្បុកដំបូងដែលត្រូវបានរកឃើញក្នុងរដូវកាលបន្តពូជឆ្នាំ ២០២១ នេះ។
លោក ប៊ូ វរសក្ស ថ្លែងថា ការរកសម្បុកសត្វកម្រកំពុងរងគ្រោះឃើញ ជាហេតុនាំឱ្យអ្នកអភិរក្សបក្សីអាចស្វែងរកយន្តការ ដើម្បីអង្កេតតាមដានមើលពីភាពបរាជ័យ និងជោគជ័យនៃការរស់នៅរបស់សត្វនោះ។
លោកថ្លែងថា៖ «ប្រសិនបើក្នុងសម្បុកនោះមានកត្តាហានិភ័យខ្ពស់ អ៊ីចឹងយើងអាចបង្កើនចំនួនអង្កេតតាមដាន បង្កើនការល្បាតឱ្យទៅដល់ទីតាំងនោះ ដើម្បីកាត់បន្ថយការរំខានវា ឬក៏កត្តាអីផ្សេងៗទៀត ដែលធ្វើឱ្យសម្បុកសត្វនោះបរាជ័យ»៕