ភ្នំពេញៈ យូនីសេហ្វ​បានចេញ​របាយការណ៍​សកល​ដោយ​អំពាវនាវ​ឱ្យមាន​ការបង្កើន​ថវិកាជាតិ​សម្រាប់​ពង្រីក​វិសាលភាព​នៃ​កម្មវិធី​អាហារូបត្ថម្ភ​សម្រាប់​កុមារ ដោយ​លើកឡើង​ថា​មានតែ ៤០ ​ភាគរយ​នៃ​កុមារ​កម្ពុជា​ដែលមាន​អាយុ ៦ ​ខែ ទៅ​ក្រោម​ ២ ​ឆ្នាំ​ប៉ុណ្ណោះ​ដែល​បានទទួល​ក្រុម​អាហារ​ក្នុង​កម្រិត​អប្បបរមា​។

របាយការណ៍​សកល​នេះ​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២២ ខែកញ្ញា បញ្ជាក់ថា របប​អាហារ​របស់​កុមារ​លើ​ពិភពលោក​នៅ​មិនមាន​ភាពប្រសើរឡើង​នោះទេ នៅ​ទសវត្សរ៍​ចុងក្រោយ​នេះ ហើយ​កុមារ​នឹង​អាច​កាន់តែ​ដុនដាប​ថែមទៀត​នៅក្នុង​អំឡុងពេល​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ដែល​អាច​បង្ក​អន្តរាយ​ដល់​ការលូតលាស់​របស់​កុមារ​។

ក្នុង​ការវិភាគ​ដែល​ធ្វើឡើង​ក្នុងប្រទេស​ចំនួន ៩១ របាយការណ៍​នេះ​ បាន​រកឃើញថា ពាក់កណ្តាល​នៃ​កុមារ​អាយុ​ចាប់ពី ៦ ទៅ ២៣ ខែ​ប៉ុណ្ណោះ ដែល​បានទទួល​នូវ​របប​អាហារ​ក្នុង​កម្រិត​អប្បបរមា​ស្របតាម​ការណែនាំ​ក្នុង​ ១ ​ថ្ងៃៗ ខណៈដែល​កុមារ​ ១ ​ភាគ​ ៣ ​ប៉ុណ្ណោះ​ដែល​បានទទួល​នូវ​ក្រុម​អាហារ​ក្នុង​កម្រិត​អប្បបរមា​ ដើម្បី​ប្រឹងប្រែង​នឹង​លូតលាស់​។

យូនីសេហ្វ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ២២ ខែកញ្ញា ថា​៖ «​ចំពោះ​ប្រទេស​កម្ពុជា​យោងទៅតាម​របាយការណ៍​សកល​មានតែ ៤០% ​នៃ​កុមារ​ដែលមាន​អាយុ ៦ ទៅ ២៣ ​ខែ​ប៉ុណ្ណោះ​ដែល​បានទទួល​ក្រុម​អាហារ​ក្នុង​កម្រិត​អប្បបរមា ប៉ុន្តែ​ជិត ២ ភាគ ៣ នៃ​កុមារ​ទាំងនេះ​មកពី​ក្រុម​ដែល​ស្ថិតនៅ​បញ្ច​ភាគ​ខាងលើ​គេ​»​។

ខណៈដែល​ជំងឺ​កូវីដ​ ១៩ កំពុង​បន្ត​ធ្វើឱ្យ​រអាក់រអួល​ដល់​សេវា​សំខាន់ៗ និង​រុញច្រាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​បណ្តា​ប្រទេស​ជាច្រើន​បន្ថែមទៀត​ឱ្យ​ធ្លាក់ចូល​ទៅក្នុង​ភាពក្រីក្រ របាយការណ៍​សកល​នេះ​បាន​រកឃើញថា ការឆ្លង​រាតត្បាត​នៃ​ជំងឺ​នេះ​កំពុងតែ​បង្ក​ផលប៉ះពាល់​ដល់​របៀប​ផ្តល់​អាហារ​ដល់​កូនៗ​របស់​គ្រួសារ​ទាំងនោះ​។

ក្នុងចំណោម​ឧទាហរណ៍​នៃ​បណ្តា​ប្រទេស​ជាច្រើន ការអង្កេត​ស្រាវជ្រាវ​មួយ​នៅ​កម្ពុជា ដែល​បាន​ធ្វើឡើង​ដោយ​យូនីសេហ្វ កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​ដៃគូ​ផ្សេងទៀត ចាប់ពី​ខែសីហា ឆ្នាំ​ ២០២០ ដល់​ខែកក្កដា ឆ្នាំ​ ២០២១ បាន​រកឃើញថា ចំនួន​ចន្លោះ​ពី​ ៤០% ទៅ​ ៥០% នៃ​គ្រួសារ​ទាំងនោះ​មាន​បញ្ហា​ចំណូល​ថយចុះ ដែលនាំឱ្យ​ពួកគេ​ត្រូវ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ទប់ទល់​កាន់តែ​ច្រើនជាង​មុន​ជុំវិញ​ការបរិភោគ​អាហារ ដែល​បង្ក​ផលប៉ះពាល់​ដល់​គុណភាព​នៃ​របប​អាហារ​របស់​ពួកគេ​។

ទិន្នន័យ​ពី​ខែកក្កដា ឆ្នាំ​ ២០២១ ​នៃ​ការអង្កេត​ស្រាវជ្រាវ​នេះ​បាន​បង្ហាញថា មាន​កុមារ​កម្ពុជា​អាយុ​ក្រោម ៥ ឆ្នាំ ត្រឹមតែ ៣៥% ប៉ុណ្ណោះ​ដែល​បានទទួល​ទាន​អាហារ​ក្នុង​កម្រិត​ដែល​អាច​ទទួលយកបាន​ជា​អប្បបរមា​។

យូនីសេហ្វ​ប៉ាន់ប្រមាណ​ថា​នៅ​កម្ពុជា​កុមារ​ម្នាក់​ក្នុងចំណោម ៣ នាក់​ក្រិស​ក្រិន និង​ម្នាក់​ក្នុងចំណោម ១០ ​នាក់​ស្គមស្គាំង​។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ តំណាង​យូនីសេហ្វ​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ២២ ខែកញ្ញា ថា តាងនាម​ឱ្យ​ទីភ្នាក់ងារ​សហប្រជាជាតិ​នានា​ដែល​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា លោកស្រី​វាយតម្លៃ​ខ្ពស់​ដល់​សកម្មភាព​ពង្រីក​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ដើម្បី​កាត់បន្ថយ​ទុក្ខលំបាក​ជាពិសេស​លើ​វិស័យ​គាំពារ​មាតា និង​អាហារូបត្ថម្ភ​របស់​កុមារ​។

លោកស្រី​ថ្លែងថា​៖ «​នាពេល​បច្ចុប្បន្ននេះ យើង​ត្រូវតែ​វិនិយោគ​ដើម្បី​បន្ត​ផ្តល់​ការគាំទ្រ​ដល់​រយៈពេល ១ ០០០ ​ថ្ងៃ​ដំបូង​របស់​ទារក ដែលជា​រយៈពេល​ដ៏សំខាន់បំផុត​នៃ​ជីវិត​របស់​ពួកគេ​។ ការវិនិយោគ​ទាំងនេះ​ក៏​រួមចំណែក​បង្កើន​កម្រិត​ការអប់រំ និង​ផលិតភាព​របស់​កុមារ​ម្នាក់ៗ​សម្រាប់​អនាគត​នៃ​ជីវិត​របស់​ពួកគេ​ផងដែរ​។ ឥឡូវនេះ​គឺជា​ពេល​សំខាន់​ជាង​ពេលណាៗ​ទាំងអស់ ដែល​ចាំបាច់​ត្រូវ​បង្កើន​ថវិកាជាតិ​សម្រាប់​ពង្រីក​វិសាលភាព​នៃ​កម្មវិធី​អាហារូបត្ថម្ភ​»​។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ បន្តថា​៖ «​តាមរយៈ​ការសហការ​ជាមួយនឹង​ដៃគូ​បច្ចុប្បន្ន​របស់​យើង យើង​នឹង​គាំទ្រ​ដល់​ការពន្លឿន​អនុវត្ត​ផែនការ​ជាតិ​បច្ចុប្បន្ន ដូចជា យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​សន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ លើក​ទី​២ គោលនយោបាយ និង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការគាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច ផែនទី​បង្ហាញផ្លូវ​ស្តីពី GAP និង​ផែនទី​បង្ហាញផ្លូវ​ដែល​ត្រូវបាន​រៀបចំឡើង​កាលពីពេល​ថ្មីៗ​នេះ ដើម្បី​ដាក់ជូន​កិច្ចប្រជុំ​កំពូល​ស្តីពី​ប្រព័ន្ធ​ស្បៀង​»​។

លោក តូច ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២២ ខែកញ្ញា​ថា បច្ចុប្បន្ន រដ្ឋាភិបាល​កំពុង​អនុវត្ត​កម្មវិធី​ផ្ទេរ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២ ​ឆ្នាំ​ដែល​លើកកម្ពស់​អាហារូបត្ថម្ភ​សម្រាប់​ទារក និង​កុមារ​ដែល​បាន​អនុវត្ត​ជិត​ ២ ​ឆ្នាំ​មកហើយ និង​ទទួល​បាន​ការអបអរសាទរ និង​ជោគជ័យ​យ៉ាងខ្លាំង​។

លោក​ថ្លែងថា​៖ «​សព្វថ្ងៃនេះ​ស្ត្រី​ដែល​ស្ថិតនៅក្នុង​ស្ថានភាព​ក្រីក្រ​គឺ​គាត់​ត្រូវ​ទៅពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ ហើយ​កុមារ​ក្រោម​ ២ ​ឆ្នាំ​នៅក្នុង​ស្ថានភាព​គ្រួសារ​ក្រីក្រ​ហ្នឹង​គាត់​ត្រូវ​ទៅ​ទទួល​វ៉ាក់សាំង​មិន​អស់​លុយ ហើយ​គាត់​បាន​ថវិកា​ទៀត ...​។ និយាយ​រួម ថវិកា​ហ្នឹង យើង​បាន​ឧបត្ថម្ភ​សម្រាប់​ពួកគាត់​ចាប់ពី​មាន​ផ្ទៃពោះ​រហូតដល់​គាត់​អាយុ​ ២ ​ឆ្នាំ​ហ្នឹង បូក​ទៅ វា​បាន​ម្នាក់​ប្រហែលជា​ ១៩០ ​ដុល្លារ​»៕