The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រជាសហគមន៍​ ៥១ ​គ្រួសារ​ នៅ​តំបន់​រ៉ាមសា​ស្ទឹងសែន ស្នើ​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើត​តំបន់​ការពារ​ធម្មជាតិ




ប្រជាសហគមន៍​ ៥១ ​គ្រួសារ​ នៅ​តំបន់​រ៉ាមសា​ស្ទឹងសែន ស្នើ​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើត​តំបន់​ការពារ​ធម្មជាតិ

Content image - Phnom Penh Post
ពលរដ្ឋ​ផ្តិតមេដៃ​សុំ​បង្កើត​សហគមន៍​ការពារ​ធម្មជាតិ​នៅ​ខេត្តកំពង់ធំ​។ ​រូប National Life

ប្រជាសហគមន៍​ ៥១ ​គ្រួសារ​ នៅ​តំបន់​រ៉ាមសា​ស្ទឹងសែន ស្នើ​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើត​តំបន់​ការពារ​ធម្មជាតិ

កំពង់ធំៈ ប្រជាសហគមន៍​ចំនួន​ ៥១ ​គ្រួសារ​ រស់នៅ​អនុភូមិផ្សោត​នៃ​តំបន់​រ៉ាមសា​ស្ទឹងសែន ស្ថិតក្នុង​ភូមិ​ទួលនាងសាវ ឃុំ​ផាត់សណ្តាយ ស្រុក​កំពង់ស្វាយ តាមរយៈ​ការសម្របសម្រួល ដោយ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​កំពុង​រៀបចំ​ស្នើ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រសួងបរិស្ថាន បង្កើត​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ក្នុង​តំបន់​នេះ​។

លោក​ ប៊ូ វរសក្ស តំណាង​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ នៅ​ថ្ងៃទី​ ២១ កញ្ញាថា អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​-ឃុំ កាលពី​ខែសីហា បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ស្តីអំពី​គោលការណ៍​ណែនាំ​ក្នុង​ការបង្កើត​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​អនុភូមិ​ផ្សោត តំបន់​រ៉ាមសាស្ទឹងសែន តាមរយៈ​ការរៀបចំ​ប្រជុំ​ជា​ក្រុម​តូចៗ​។

លោក​បាន​ថ្លែងថា បន្ទាប់ពី​យល់​សារៈសំខាន់​របស់​សហគមន៍​តំបន់​ការពារធម្មជាតិ ប្រជាសហគមន៍​ចំនួន​ ៥១ ​គ្រួសារ​ស្មើនឹង​ ៨៧% ​នៃ​គ្រួសារ​សរុប​ក្នុង​អនុភូមិផ្សោត ឃុំ​ផាត់សណ្តាយ បានដាក់​ពាក្យ​ស្នើ​បង្កើត​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​នៅក្នុង​តំបន់​នេះ​ដែល​ស្ថិត​លើ​ផ្ទៃដី​ប្រមាណ​ ១ ​ពាន់​ហិកតា​។

លោក​បញ្ជាក់ថា​៖ «​ផែនការ​បន្ត យើង​នឹង​បញ្ជូន​ស្នាម​មេដៃ​ពាក្យស្នើសុំ​បង្កើត​សហគមន៍​ទៅកាន់​ភាគី​ពាក់ព័ន្ធ ដូចជា ឃុំ-ស្រុក-ខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត និងក្រសួងបរិស្ថាន ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការបង្កើត​សហគមន៍​នៅ​តំបន់​ផ្សោត​នៃ​តំបន់​រ៉ាមសាស្ទឹងសែន ឃុំ​ផាត់សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​នេះ​»​។

លោក​ វរសក្ស បានឱ្យដឹងថា​តំបន់​រ៉ាមសា​ស្ទឹងសែន​ជា​តំបន់​សម្បូរ​ទៅដោយ​ត្រី​ពងកូន ត្រី​រាជ ត្រី​គល់រាំង ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ព្រៃ​លិចទឹក​នៃ​បឹង​ទន្លេសាប ស្ថិតនៅ​ស្រុក​កំពង់ស្វាយ​មាន​ទំហំ​ជាង​ ១ ​ម៉ឺន​ហិកតា និង​មាន​ភូមិ​ចំនួន​ ៥​។ ប៉ុន្ដែ​តំបន់​នេះ​ទើបតែ​មាន​សហគមន៍​ការពារ​ធម្មជាតិ​ ១ ​ប៉ុណ្ណោះ គឺ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​នាង​សាវ​។

លោក​បញ្ជាក់ថា​៖ «​ដោយ​មាន​ការសំណូមពរ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគមន៍ ដើម្បី​បង្កើត​ទៅជា​តំបន់​ការពារ តំបន់​ការពារ​ធម្មជាតិ និង​ឱ្យ​ក្លាយ​ទៅ​ជា​តំបន់​ប្រើប្រាស់​ប្រកប​ដោយ​ចីរភាព​នៅក្នុង​តំបន់​រ៉ាមសា​ស្ទឹងសែន ទើប​យើង​ស្វែងរក​ថវិកា​ ដើម្បី​គាំទ្រ​ដល់​ការបង្កើត​តំបន់​សហគមន៍​ការពារ​ធម្មជាតិ​ថ្មី​»​។

លោក​បន្តថា គោលនយោបាយ​នៃ​ការបង្កើត​សហគមន៍​តំបន់​ការពារធម្មជាតិ​ថ្មី​នេះ ក៏​ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ឱ្យមាន​និរន្តរភាព តាមរយៈ​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ក្នុង​សហគន៍​ក្នុង​ការទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ផ្សេងៗ​នៅក្នុង​តំបន់​នេះ​។

លោក​ តុប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​ថ្លែង នៅ​ថ្ងៃទី​ ២១ ខែកញ្ញា ថា ការបង្កើត​សហគមន៍​តំបន់​ការពារធម្មជាតិ​ថ្មី​នេះ គឺ​ត្រូវ​សិក្សា​លម្អិត​បន្ថែមទៀត​ជាមួយ​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​សហគមន៍ និង​សហគមន៍​តំបន់ការពារធម្មជាតិ​ទួល​នាងសាវ​ដែលមាន​ស្រាប់​ដើម្បី​កុំឱ្យ​បង្កើត​ជាន់​តំបន់​គ្នា​។

លោក​ថ្លែងថា​៖ «​ទាក់ទង​នឹង​ការបង្កើត​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ថ្មី​នេះ ខ្ញុំ​មិនទាន់​បានឃើញ​ឯកសារ​ស្នើសុំ​បង្កើត​សហគមន៍​នេះ​ទេ​។ យើង​មាន​សហគមន៍​ទួល​នាង​សាវ​មួយ​ហើយ ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ ៩ ​ពាន់​ហិកតា​ក្នុង​តំបន់​រ៉ាមសា​ស្ទឹងសែន​នេះ​។ ដូច្នេះ​បើ​ចង់​បង្កើត​សហគមន៍​ទៀត ទាល់តែ​មាន​ការពិចារណា​បន្តិច ដើម្បី​កុំឱ្យ​មាន​បញ្ហា​ជាន់​តំបន់​គ្នា​កើតឡើង​»​។

មន្ដ្រី​ឧទ្យានុរក្ស និង​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា និង​អង្គការ Bird Life ក្នុង​រដូវវស្សា​នេះ​បាន​កត់ត្រា​ប្រភេទ​សត្វស្លាប​ពិសេស​សត្វ​ស្លាប ដែល​កំពុង​ឈានទៅរក​ការគំរាមកំហែង​នៅលើ​ពិភពលោក ដែលមាន​វត្ដមាន​ជាង​ ៦០ ​ប្រភេទ នៅ​តំបន់​រ៉ាមសាស្ទឹងសែន និង​បឹង​ឆ្មា​នៃ​ខេត្ដ​កំពង់ធំ​នេះ​ផងដែរ​។

នៅ​រៀងរាល់​ដើម​រដូវវស្សា​មាន​សត្វ​ស្លាប​ជាច្រើន​ប្រភេទ ដូចជា សត្វ​ទុងប្រផេះ ជាដើម តែងតែ​ផ្លាស់​ទី​មក​តំបន់​រ៉ាមសាស្ទឹងសែន​នេះ ដើម្បី​រក​ចំណី​។ បន្ទាប់មក ដល់ពេល​ទឹក​ស្រក វា​ក៏​ផ្លាស់​ទី ទៅរក​ចំណី​នៅ​កន្លែង​ផ្សេង​។ សត្វ​ទុង​ប្រផេះ​បាននិង​កំពុង​បង្ហាញខ្លួន​នៅក្នុង​តំបន់ដីសើម​នេះ​ប្រមាណ​ជា​ ៤០ ​ក្បាល​។ នេះ​បើ​យោងតាម​កំណត់ត្រា ក្នុង​ខែសីហា​កន្លងទៅ​របស់​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​៕

អត្ថបទគួរចាប់អារម្មណ៍