ភ្នំពេញៈ ក្រុម​សិស្ស​នៃ​វិទ្យាល័យ​ច្បារអំពៅ​បាន​ទទួល​ជយលាភី​លេខ ១ ​ក្នុង​ការប្រកួត​វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​ ឆ្នាំ ២០២១ ​ក្រោយ​ការប្រកួត​ផ្ដាច់​ព្រ័ត្រ ​កាលពី​ថ្ងៃទី ២២ ​ខែកញ្ញា ​ខណៈ​វិទ្យាល័យ​ហ៊ុន សែន ​បូរី​ ១០០ ខ្នង ​ទទួល​បាន​លេខ ២ ​រីឯ​វិទ្យាល័យ​ឫស្សីកែវ ​និង​វិទ្យាល័យ​ ហ៊ុន សែន ​ចាក់អង្រែ ​ទទួលបាន​ជយលាភី​លេខ​ ៣ ស្ទួន។

វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​ឆ្នាំ ២០២១ ​ត្រូវ​បានរៀបចំ​ឡើង​ដោយ​ក្រសួង​បរិស្ថាន ​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា។ សិស្ស​ចំនួន ​៥៦ នាក់ ​មក​ពី​វិទ្យាល័យ​ចំនួន ​៨​ បាន​ចូលរួម​ប្រកួត​សម្រាប់​វេទិកា​ឆ្នាំ​នេះ។ ក្នុង​នោះ​មាន​សិស្ស​មកពី​វិទ្យាល័យ​ ហ៊ុន សែន ​ចាក់អង្រែ ​វិទ្យាល័យ​ច្បារអំពៅ​ វិទ្យាល័យ​ឫស្សីកែវ​ វិទ្យាល័យ​ហ៊ុន សែន​បូរី​ ១០០ ខ្នង​ វិទ្យាល័យ​ហ៊ុន សែន​ជម្ពូវ័ន ​វិទ្យាល័យ​វត្តកោះ​ វិទ្យាល័យ​ជាស៊ីម​សាមគ្គី ​និង​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក។

លោក​ ជួប ប៉ារីស៍ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង ​និង​ព័ត៌មាន​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន ​ឱ្យ​ដឹងថា ​វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​ឆ្នាំ ២០២១ ​ជាលើក​ទី៤១ ​និង​ជា​លើក​ទី១ ​នៃ​ការរៀបចំ​តាម​ប្រព័ន្ធ ​online ​សម្រាប់​ឆ្នាំ​នេះ។ វេទិកា​នេះ​បានចាប់​ផ្ដើម​កាលពី​ខែសីហា ​ឆ្នាំ ២០២១ ​ដោយ​បាន​ចែក​ការប្រកួត​ចេញ​ជា​៣វគ្គ​ គឺ​ វគ្គ​ណែនាំ​ វគ្គ​ប្រកួត​ដំបូង​ និង​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ ​កាលពី​ថ្ងៃ​ទី ២២ ​ខែកញ្ញា។

លោក​ថ្លែងថា​៖ «វេទិកា​នេះ​ដែរ​បាន​ផ្ដល់​ឱកាស​ដល់​យុវជន​សិក្សា​ស្រាវជ្រាវ​ ស្វែងរក​ទឡ្ហីករណ៍​ថ្មីៗ​តាមបែប​វិទ្យាសាស្រ្ត​គាំទ្រ​គោលជំហរ​របស់​ខ្លួន ​ផ្លាស់ប្តូរ​ចំណេះដឹង​ និង​បទពិសោធ​ពី​បណ្តា​វាគ្មិន​ និង​មន្រ្តី​ជំនាញ​ផ្នែក​បរិស្ថាន»។

លោក​បន្តថា​៖ «ព្រមទាំង​បានចែក​រំលែក​នូវ​ចំណេះដឹង​ទាំងនោះ​ទៅកាន់​សាធារណជន​ទូទៅ​ថែមទៀត​ផង ​និង​បាន​ជួយ​ផ្តល់​នូវ​ចំណេះ​ដឹង​បន្ថែម​ទៀត​ដល់​យុវជន ​និង​ក៏ដូចជា​ការជួយ​ឱ្យ​យុវជន​ដទៃទៀត​បានសិក្សា​ស្វែងយល់​ពី​បរិស្ថាន»។

លោក​ នេត្រ ភក្រ្តា ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វេទិកា​នេះ ​ហើយថា​យុវជន​បានចូល​រួម​ គឺ​ពិតជា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ទៅលើ​ការផ្សព្វផ្សាយ​បញ្ហា​បរិស្ថាន។ ពិសេស​ការបណ្តុះ​ស្មារតី​ឱ្យ​ស្រឡាញ់​បរិស្ថាន​ ទៅលើ​ការបង្កើន​ចំណេះ​ដឹង​បរិស្ថាន។

លោក​ថ្លែងថា​៖ «វេទិកា​នេះ​ក៏បាន​រួមចំណែក​ចែក​រំលែក​ដល់​សាធារណជន​ដទៃ​ទៀត​ឱ្យបាន​ទទួល​ចំណេះ​ដឹង​យ៉ាង​ទូលំ​ទូលាយ​ស្តីពី​បរិស្ថាន​នេះ​ផងដែរ​ និង​បណ្តុះ​ស្មារតី​ស្រឡាញ់​បរិស្ថាន​កាន់តែ​ខ្លាំង​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ»។

លោក​ នេត្រ ភក្រ្តា ​បញ្ជាក់ថា​ កម្ពុជាកំពុង​បោះ​ជំហាន​ទៅមុខ​រក​ការរីក​ចម្រើន​ជឿនលឿន​តាម​ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​ដែល​ប្រែក្លាយ​កម្ពុជា​ពី​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ ទៅ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ ​និង​ប្រែក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០។ ​ស្រប​នឹង​ចក្ខុវិស័យ​នេះ​រាជ​រដ្ឋាភិបាល​ក៏បាន​គិតគូរ​ពី​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ​សំដៅ​លើ​ការរីក​ចម្រើន​នៃ​សេដ្ឋកិច្ច ​ការរីកចម្រើន​នៃ​សង្គមជាតិ ​និង​ការយក​ចិត្ត​ទុកដាក់​លើ​សកម្មភាព​មេត្រីភាព​បរិស្ថាន​កាន់តែ​ខ្ពស់​ជាង​មុន។

លោក​ថ្លែងថា​៖ «ដូច្នេះ​វេទិកា​យុវជន​ជជែក​ពិភាក្សា​បរិស្ថាន ​គឺជា​មធ្យោបាយ​មួយ​ក្នុង​ការចែក​រំលែក​ព័ត៌មាន​បរិស្ថាន ​និង​ការស្រឡាញ់​បរិស្ថាន​ទៅកាន់​ពលរដ្ឋ​ដទៃ​ទៀត​បន្ថែម​លើ​យន្តការ​ផ្សេងៗ​ទៀត​ ដែល​ក្រសួង​បរិស្ថាន​បានរៀបចំ​ឡើង​ក្នុង​ការបញ្ជ្រាប​និង​ផ្សព្វផ្សាយ​ចំណេះ​ដឹង​បរិស្ថាន​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ»។

លោក​ភក្រ្តា​លើក​ទឹកចិត្ត​ឱ្យ​យុវជន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​ទៅលើ​វិស័យ​បរិស្ថាន​សំដៅ​ធ្វើយ៉ាង​ណា​ក្លាយ​ជា​អ្នក​មាន​ចំណេះ​ដឹង​ទូលំ​ទូលាយ​ក្នុង​ការចូលរួម​កិច្ចការពារ​ក្នុង​វិស័យ​បរិស្ថាន​របស់​ប្រទេស​កម្ពុជា​ កាន់តែ​ល្អប្រសើរ​នា​ថ្ងៃ​អនាគត។

លោក​ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​ថ្នាក់​ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង ​និង​ព័ត៌មាន​បរិស្ថាន ​ជាពិសេស​នាយកដ្ឋាន​អប់រំ​បរិស្ថាន ​ដែល​បាន​ខិតខំ​បង្កើត​កម្មវិធី​ផ្សព្វផ្សាយ​ចំណេះដឹង​បរិស្ថាន​តាម​គ្រប់​រូបភាព​ ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​យុវជន ​ដែលជា​អ្នបន្ត​វេន​មាន​ការគិតគូរ​ខ្លាំង​លើ​សកម្មភាព​កិច្ចគាំពារ​បរិស្ថាន​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ​ការអភិ​រក្ស​ជីវ​ចម្រុះ ​និង​ការរស់នៅ​ដោយ​ចីរភាព៕