​ភ្នំពេញៈ​ តាម​រយៈ​លទ្ធផល​ការ​សិក្សា​វាយ​តម្លៃ​ធន​ធាន​គម្រប​ព្រៃ​ឈើ​កម្ពុជា​ឆ្នាំ​ ២០១៨​ ដែល​ក្រសួង​បរិស្ថាន​ប្រកាស​ឱ្យប្រើ​ប្រាស់ ​និង​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃទី​ ២៣​ ខែ​កញ្ញា ​ឆ្នាំ​នេះ ​បង្ហាញ​ថា​ ផ្ទៃដី​ព្រៃឈើ​កម្ពុជា​មាន​ប្រមាណ ​៨ ៥១០ ៨០៧ ហិកតា​ ស្មើនឹង​ ៤៦​,​៨៦%​ បើ​ធៀប​នឹង​ផ្ទៃដី​សរុប​ទូទាំង​ប្រទេស​ ខណៈ​ក្រុម​ការងារ​ក្រសួង​កំពុង​បន្ត​ធ្វើ​ការ​វាយ​តម្លៃ​ធន​ធាន​គម្រប​ព្រៃ​ឈើ​ក្នុង​ឆ្នាំ ​២០២០​ ដោយ​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​ក្រោយ​។​ នេះ​បើ​តាម​របាយ​ការណ៍​។

បើ​តាម​របាយ​ការ​ដែល​ក្រសួង​បរិស្ថាន​ប្រកាស​ឱ្យ​ប្រើ​ប្រាស់ ​និង​ផ្សព្វផ្សាយ​នេះ ​បាន​ឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ បាន​ធ្វើការ​វាយ​តម្លៃ​ធនធាន​គម្រប​ដីព្រៃ​ឈើ​ថ្នាក់ជាតិ​បាន​ចំនួន​៨​ដង​ចាប់​តាំង​ពី​មុន​ឆ្នាំ​ ១៩៧៣ ​រហូត​ដល់​ឆ្នាំ​ ២០១៨​ និង​កំពុង​បន្ត​ធ្វើ​ការ​វាយ​តម្លៃ​ធនធាន​គម្រប​ព្រៃ​ឈើ​ក្នុង​ឆ្នាំ ​២០២០​ និង​បាន​ធ្វើ​ការវាយ​តម្លៃ​ ការ​ប្រែប្រួល​ធនធាន​ដី​ គម្រប​ព្រៃឈើ​នៃ​ប្រព័ន្ធ​តំបន់​ការ​ពារ​ធម្ម​ជាតិ​ ឆ្នាំ ​២០០៦​-​២០១៦​ ដោយ​ប្រើប្រាស់​បច្ចេក​វិទ្យា​ ប្រព័ន្ធ​ព័ត៌មាន​ ភូមិ​សាស្ត្រ ​និង​រូបភាព​ផ្កាយ​រណប​ (GIS​/​Remote​ Sensing​)​​​។​​

ក្រសួង​បរិស្ថាន​បាន​បង្កើត​ក្រុម​ការងារ​ផលិត​ផែន​ទី​ការ​ប្រើប្រាស់​ដីព្រៃ​ឈើ​និង​គម្រប​ព្រៃឈើ​ទូទាំង​ប្រទេស​ដោយ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយ​អ្នក​ជំនាញ​ការ​ជាតិ​ពី​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ ​ក្រសួង​រៀប​ចំ​ដែន​ដី​នគរូប​នី​យកម្ម​ និង​សំណង់ ​ក្រសួង​អភិ​វឌ្ឍន៍​ជន​ជន ​ក្រសួង​ធន​ធាន​ទឹក​ និង​ឧ​ត្តុ​និយម​ និង​មាន​ការ​គាំទ្រ​បច្ចេក​ទេស​ពី​អ្នក​ជំនាញ​ការ​អន្តរ​ជាតិ​រួមមាន​កម្មវិធី​អភិវឌ្ឍន៍​នៃ​សហ​ប្រជា​ជាតិ​ (UNDP) ​ទីភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ជប៉ុន​ (JICA JAPAN)​ អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហ​ប្រជា​ជាតិ ​(FAO)​ វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ព្រៃ​ឈើ​និង​ផលិ​ត​ផល​ព្រៃ​ឈើ​ជប៉ុន​ (FFPRI)​ និង​សាកល​វិទ្យាល័យ​អន្តរ​ជាតិ​នានា​។​

របាយ​ការណ៍​បង្ហាញ​ថា​៖ «​តាម​ការវាយ​តម្លៃ​ធនធាន​គម្រប​ដីព្រៃ​ឈើ​ឆ្នាំ ​២០១៨ ​ជា​លទ្ធផល​បង្ហាញ​ថា ​ផ្ទៃដី​ព្រៃឈើ​​មាន​ប្រមាណ​ ៨ ៥១០ ៨០៧​ ហិកតា​ ស្មើនឹ​ង​​ ៤៦,៨៦%​ ធៀប​នឹង​ផ្ទៃដី​សរុប​ទូទាំង​ប្រទេស​ (​លទ្ធផល​នៃ​ការវាយ​តម្លៃ​នេះ​រួម​បញ្ចូល​ទាំង​ផ្ទៃដី​ចម្ការ​កៅស៊ូ​ចម្ការ​ដូង​ប្រេង ​និង​ដំណាំ​ហូប​ផ្លែ​ដទៃ​ទៀត​​)​»​​។​​

លោក ​នេត្រ ​ភក្ត្រា ​រដ្ឋ​លេខា​ធិ​ការក្រសួង​បរិស្ថាន​ថ្លែង​ក្នុង​ពេល​ធ្វើជា​អធិបតី​ប្រកាស​ឱ្យប្រើ​ប្រាស់ និង​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​ស្តីពី​ស្ថាន​ភាព​បរិស្ថាន​ជាតិ​ លើក​ទី​៤​ និង​លទ្ធផល​នៃ​ការ​វាយតម្លៃ​ធនធាន​គម្រប​ព្រៃឈើ​កម្ពុជា​ឆ្នាំ​ ២០១៨​ នៅ​ទីស្តី​ការ​ក្រសួង​បរិស្ថាន​ នា​ថ្ងៃទី​ ២៣​ កញ្ញា​នេះ​ថា ​ទិន្នន័យ​ធនធាន​គម្រប​ព្រៃ​ឈើ​ពិត​ជា​មាន​សារៈ​សំខាន់​ និង​ចាំបាច់​ប្រើ​ប្រាស់​ជា​ទិន្នន័យ​គោល​សម្រាប់​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ក្នុង​ការ​រៀបចំ​គោល​នយោបាយ​ផែន​ការ​យុទ្ធ​សាស្ត្រ​ផែន​ការ​អភិវឌ្ឍន៍​សម្រាប់​វិស័យ​បរិស្ថាន​រួម​មាន​ ការ​គ្រប់​គ្រងធនធាន​ធម្ម​ជាតិ​ប្រកប​ដោយ​និរន្ត​រ​ភាព​ចូល​រួម​ចំណែក​ក្នុង​ការ​រៀបចំ​ផែន​ការ​គ្រប់​គ្រង​ដី​រដ្ឋ​ និង​រៀបចំ​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ​នានា​។​​

លោក​ថ្លែង​ថា​៖ «​ទិន្នន័យ​ធនធាន​គម្រប​ព្រៃឈើ​គឺជា​ទិន្នន័យ​បច្ចេក​ទេស​ដ៍​សំខាន់​ប្រើប្រាស់​ ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​សកម្ម​ភាព​កម្ម​វិធី​រេ​ដ​បូក ​និង​គ្រប់​គម្រោង​រេ​ដ​បូក​ដែល​កំពុង​អនុវត្ត​នៅ​ទូទាំង​ប្រទេស​ដោយ​ទិន្នន័យ​ទាំង​នេះ​ បាន​ប្រើប្រាស់​ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​បរិមាណ​កាបូន​ស្តុក​ពី​វិស័យ​ព្រៃ​ឈើ​»​។​​

លោក​បាន​ឱ្យ​ដឹង​ថា ​ជាក់​ស្តែង​អត្រា​នៃ​ការ​ប្រែប្រួល​ទិន្នន័យ​ការវាយ​តម្លៃ​គម្រប​ព្រៃ​ឈើ​នៅក្នុង​ដំឡុង​ឆ្នាំ​ ២០១៤-២០១៦​ ទាប​ជាង​អំឡុង​ឆ្នាំ​ ២០១០-១៤​ កន្ល​ង​មក​។​ អគ្គ​នាយក​ដ្ឋាន​ចំណេះ​ដឹង​ និង​ព័ត៌មាន​បរិស្ថាន​ (DGIS)​ នៃ​ក្រសួង​បរិស្ថាន​កំពុង​បន្តធ្វើ​ការ​វាយ​តម្លៃ​ការ​ប្រែប្រួល​ធនធាន​គម្រប​ព្រៃឈើ​ឆ្នាំ​ ២០១៨​-​២០២០​។ ​ទិន្នន័យ​នេះ​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​រៀបចំ​ផែន​ការដាំ​ស្តារ​ព្រៃ​ឡើង​វិញ​រៀ​ប​ចំ​ដី​បម្រុង​ទុក​អចិន្ត្រៃយ៍​ ដើម្បី​ធ្វើ​ផែន​ការ​អភិ​វឌ្ឍ​ឃុំ​/​សង្កាត់ ​ចូល​រួម​ចំណែក​គោល​នយោ​បាយ​កាត់​ឆ្វៀល​ដី ​និង​សម្បទាន​ដី​សង្គមកិច្ច​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រ​ដែល​កំពុង​អាស្រ័យ​ផល​នៅ​លើ​ដីព្រៃ​។​​

លោក ​ជួប​ ប៉ារីស៍ ​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ចំណេះ​ដឹង ​និង​ព័ត៌មាន​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន​ថ្លែង​ក្នុង​ពិធី​នេះ​ដែរ​ថា ​របាយ​ការណ៍ ​ស្តីពី​ស្ថាន​ភាព​បរិស្ថាន​ជាតិ​ លើក​ទី​៤ ​និង​លទ្ធផល​ការសិក្សា​វាយ​តម្លៃ​ធនធាន​គម្រប​ព្រៃឈើ​កម្ពុជា​ឆ្នាំ​ ២០១៨​ ដែល​ចេញ​ផ្សាយ​ និង​ដាក់​ឱ្យ​ដំណើរការ​នៅ​ថ្ងៃ​នេះ​បាន​បោះពុម្ពផ្សាយ​ជា​ភាសារ​ខ្មែរ ​និង​អង់​គ្លេស​។

លោក​ថ្លែង​ថា​៖ «​​ខ្ញុំ​សូម​ជម្រាប​ជូន​ថា ​បច្ចុប្បន្ន​ក្រុម​ការងារ​នៃ​អគ្គនាយក​ដ្ឋាន​ចំណេះដឹ​ង​ និង​ព័ត៌​មាន​បរិស្ថាន​ នៃ​ក្រសួង​បរិស្ថាន​កំពុង​បន្ត​ធ្វើ​ការ​វាយ​តម្លៃ​ធន​ធាន​គម្រប​ព្រៃឈើ​ក្នុង​ឆ្នាំ​ ២០២០​ ដែល​យើង​នឹង​បាន​លទ្ធផល​នេះ​នៅ​ឆ្នាំ​ក្រោយ (២០​២២)​»​។​

លោក​បន្តថា​៖ «​តាម​រយៈ​របាយ​ការណ៍​ស្ថាន​ភាព​លើក​ទី​៤ និង​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​ធនធាន​គម្រប​ព្រៃឈើ​កម្ពុជា​ឆ្នាំ ២០១៨​ ខ្ញុំ​ជឿជា​ក់​ថា​នឹង​ផ្ដល់​នូវ​ព័ត៌មាន​ទិន្នន័យ ​ផ្លូវ​ការ​រួ​ម​មួយ​សម្រាប់​ជូន​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ក្នុង​ការ​ប្រើ​ប្រាស់​សម្រាប់​ការ​ស្រាវ​ជ្រាវ​ ការ​រៀប​ចំ​គោល​នយោបា​យ​ និង​ការ​ផ្ដល់​ជា​អនុ​សាសន៍​នានា​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ យើង​ប្រកប​ដោយ​និរន្ត​រ​ភាព​»​។​

លោក​ Antonio Schiarone​ តំណាង​អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម​នៃ​សហ​ប្រជា​ជាតិ​ថ្លែងថា ​ក្នុង​ពិធី​នេះ​ដែរ​ថា​ លទ្ធផល​នេះ​ គឺ​ជា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​គ្នា​មួយ​។​ លោក​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​​ក្រសួង​បរិស្ថាន​ និង​ UND​P ​និង ​FAO​ ដែល​បាន​ចូលរួម​សហការ​ធ្វើ​កិច្ច​ការងារ​នេះ​។​​

លោក​ថ្លែង​ថា​៖ «​ការ​ទទួល​ស្គាល់​នូវ​កិច្ចការ​ពារ​ និង​ការ​អភិរក្ស​បរិស្ថាន​ គឺ​ជា​កត្ដា​មួ​យដ៏​មាន​សារៈ​សំខាន់​បំផុត​ ដែ​ល​ជា​ការ​ងារ​អាទិភាព​របស់​យើង​ រួម​នឹង​គោល​នយោបាយ​ និង​យុទ្ធ​សាស្ដ្រ​នៃ​ការ​អភិវឌ្ឍ​ពាក់ព័ន្ធ​ផ្សេង​ទៀត​របស់​កម្ពុជា​»​។

លោក​បន្តថា​ លទ្ធ​ផល​នេះ​ ​គឺ​ជា​សំ​ណុ​ច​ស្នូល​នៅ​ក្នុង​ការ​កែលម្អ​ និង​គ្រប់គ្រង​បរិស្ថាន​ និង​ការ​ការពារ​ធន​ធាន​ធម្ម​ជាតិ​របស់​ប្រទេស​កម្ពុជា​ ដើម្បី​ឱ្យ​ស្រប​ទៅនឹង​យុទ្ធសាស្ដ្រ​អភិវឌ្ឍ​ប្រកប​ដោយ​ចេរភាព​របស់​អង្គការ​សហ​ប្រជា​តិ​ និង​គោល​នយោបាយ​អភិ​វឌ្ឍ​ប្រកប​ដោយ​ចេរ​ភាព​របស់​កម្ពុជា​។​

លោក​ក៏​សង្កេត​ឃើញ​របាយ​ការណ៍​នេះ​ មា​ន​ប្រធា​ន​បទ​សំខាន់​ជា​ច្រើន​ ពិសេស​ពាក់ព័ន្ធ​នឹង​កា​រគ្រប់គ្រង​ធនធាន​ទឹក​សាប​នៅ​លើ​ដី ​ដើម្បី​ទទួ​ល​បាន​សុវត្ថិ​ភាព​។​ លោក​ថា​ ធ​ន​ធាន​ទឹក​សាប​នៅ​លើ​ដី​ គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ប្រកប​ដោយ​និរន្តរ​ភាព​ និង​ជា​មុខងារ​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ ដើម្បី​ធានា​នូវ​សន្តិសុខ​ស្បៀង​ប្រ​កបដោយ​និរន្តរ​ភាព​។​​

ក្រសួង​បរិ​ស​ស្ថាន​នៅ​ថ្ងៃទី​ ២៣ ក​ញ្ញា​នេះ​ ក៏​បាន​ប្រកាស​ឱ្យ​ប្រើ​ប្រាស់​ និង​ផ្សព្វផ្សាយ​របាយ​ការណ៍​ស្តីពី​ស្ថាន​ភាព​បរិស្ថាន​ជាតិ​ លើក​ទី​៤​ ផង​ដែរ​។ ​ក្រសួង​បរិស្ថាន​ដោយ​មាន​កិច្ច​សហការ​ពី​អង្គការ​ UNDP និង​អង្គការ​ FAO បាន​ផលិត​របាយ​ការណ៍​ស្ថាន​ភាព​បរិស្ថាន​ជាតិ​លើក​ទី​៤​ នេះ​ឡើង​។​​

ក្រសួង​បញ្ជាក់​ថា ​របាយ​ការណ៍​ស្ដីពី​ស្ថានភាព​បរិស្ថាន​ជាតិ​ លើក​ទី​៤​ នេះ ​ផលិត​ឡើង​ក្នុង​គោល​បំណង​ដើម្បី​សង្ខេប​អំពី​ស្ថានភាព​បច្ចុប្បន្ន​ និង​និន្នាការ​នៃ​បរិស្ថាន​នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ ដើម្បី​គាំទ្រ​បន្តទៀត​ដល់​ការ​អភិវឌ្ឍ​ក្របខ័ណ្ឌ​ស្ថាប័ន​និង​ក្របខ័ណ្ឌ​គោល​នយោបាយ​ថ្នាក់​ជាតិ​ដ៏​រឹងមាំ​ ដើម្បី​អនុវត្ត​គោលដៅ​អភិ​វឌ្ឍន៍​ដោយ​ចីរភាព ​(SDGs)​ របស់​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។

របាយ​ការណ៍​នេះ​ មាន​និន្នាការ​ផ្ដោត​លើ​ដំណោះ​ស្រាយ​ដោយ​ផ្ដល់​អនុសាសន៍​សំខាន់ៗ​សម្រាប់​គោល​នយោបាយ​នាពេល​អនាគត​ទិន្នន័យ ​និង​អាទិភាព​ស្រាវជ្រាវ​ដើម្បី​ជា​មធ្យោបាយ​ក្នុងការ​ស្វែង​រក​វិធី​ឆ្ពោះទៅ​មុខ​។ ​

របាយ​ការណ៍​នេះ​ពិនិត្យ​ស៊ីជម្រៅ​លើ​វិស័យ​តាម​ប្រធាន​បទ​ចំនួន​ ៧ ​គឺ គុណភាព​ខ្យល់​ការ​ប្រែប្រួល​អាកាស​ធាតុ​ធនធាន​ទឹក​សាប​លើដី​ ធនធាន​ដី​ គុណ​ភាព​ជីវៈ​ចម្រុះ ​សំណល់​ និង​បរិស្ថាន​ និង​សុវត្ថិភាព​ម្ហូប​អាហារ​៕​

វីដេអូ៖