ភ្នំពេញៈ ក្រសួង​អប់រំ​បានប្រកាស​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ស្វ័យ​សិក្សា​តាម​បែប​អេឡិចត្រូនិក (MoEYS E-Learning Apps) ជា​ផ្លូវ​ការ ក្រោយពី​បាន​ដំណើ​រការ​សាក​ល្បង​អស់​រយៈ​ពេល ៥ ខែ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ខ្វះខាត​ឯកសារ​សិក្សា​របស់​សិស្ស និង​កែលម្អ​កា​ររៀន និង​ការ​បង្រៀន។

លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ថ្លែង​ក្នុង​សន្និសីទ​សារព័​ត៌មាន ​ដើម្បី​ប្រកាស​ដាក់ឱ្យ​ដំណើរកា​រ​ជា​ផ្លូវការ​នូវ​កម្មវិធី​ស្វ័យ​សិក្សា​នេះ​កាលពី​ថ្ងៃទី ២៣ ខែ​កញ្ញាថា ក្នុង​រយៈ​ពេល ៥ ខែ​កន្លង​មក​នេះ កម្មវិធី​នេះ​បាន​ផ្តល់​ឱកាស​ដល់​សិស្ស​បានធ្វើ​ស្វ័យ​សិក្សា ​និង​បាន​ប្រើប្រាស់​ឯកសារ​ដែលមាន​​ក្នុង​កម្មវិធី​នេះ ​ដើម្បី​អាច​បន្ត​ការ​សិក្សា​បាន ​និង​ផ្តល់ឱ​កាស​ដល់​គ្រូបង្រៀ​ន​ក្នុង​ការយក​ឯកសារ​ទាំ​ង​នោះ​មក​បង្រៀន​សិស្ស​ផង​ដែរ។​

លោក​ថ្លែង​ថា៖ «(កម្មវិធី​នេះ) ក៏​ជា​ផ្នែក​មួយ​នៃ​ការ​បង្កើត​ជា​ប្រព័ន្ធ​សិក្សា​តាមបែប​អេឡិច​ត្រូនិក​ដែល​ក្រសួង​អប់រំ​ និង​កីឡា​ បាន​ដាក់​ឱ្យប្រើ​ប្រាស់​ហើយ​ចូល​រួមចំ​ណែក​ធ្វើឱ្យ​ធនធាន​សិក្សា​កាន់តែ​សម្បូរបែប​ឱ្យ​សិ​ស្ស​មានឱ​កាស​នៅក្នុង​ការប្រើប្រាស់​ ដើ​ម្បី​យកទៅ​ពង្រឹង​នូវ​ចំណេះដឹ​ងក៏ដូ​ចជា​ត្រៀមខ្លួន​ឱ្យបាន​រួចជាស្រេ​ច ​ដើម្បី​ប្រឡង​សញ្ញាប​ត្រ ក៏​ដូចជា​ដើម្បី​អាចឱ្យ​លោកគ្រូ​អ្នកគ្រូ​​បាន​យកទៅ​ប្រើប្រាស់​ក្នុងការ​បង្កើន​នូវ​បំ​ណិន​វិ​ជ្ជាជីវៈ​ថែម​ទៀត»។​

ក្រោយពី​ប្រកា​ស​ឱ្យ​ផ្អាក​ដំណើរកា​រ​សាលារៀន​ជា​បណ្តោះអាសន្ន​កាលពី​ខែមីនា ឆ្នាំ​ ២០២០ ​ដើម្បី​ទប់ស្កា​ត់​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ ១៩ ​ក្រសួង​អប់រំ​បានដាក់​ចេញ​ជា​គោលនយោ​បាយ​ក្នុង​គោល​ដៅ​លើកក​ម្ពស់​ការអ​ប់រំ​តាមបែប​ឌីជីថល។

លោក ហង់​ជួន ណា​រ៉ុ​ន ថ្លែងថា កម្មវិធី​នេះ គឺជា​ការ​ចូលរួ​មចំណែក​ក្នុងការ​បង្កើតជា​ធនធា​ននិង​ប្រព័ន្ធ​ឌីជីថល​មួយ​ ដើម្បី​ជួយ​សិស្ស​ឱ្យមាន​បំ​ណិ​ន​ខាង​ផ្នែក​ឌីជីថល និង​ចូលរួម​ដោះស្រាយ​បញ្ហា​ខ្វះខាត​ឯកសារ​របស់​សិស្ស​ផងដែរ។

លោក​ថ្លែងថា៖ «យើ​ងបាន​ជ្រើសរើ​ស​លោកគ្រូ អ្នកគ្រូ​ដែលល្បីៗ ដែលជា​គ្រូ​ល្អ​ដើម្បី​ថត​ជា​វីដេអូ ហើយ​ដាក់ចូល​ទៅក្នុង​កម្មវិធី​ទាំងអស់នេះ។ ដូច្នេះ កម្មវិធី​ដែលមាន​ពី​ថ្នាក់​ទី១ ដល់​ថ្នាក់​ទី១២ ក៏ដូចជា​មាន​ឯកសារ​ដ៏​សម្បូរបែប​ជា​សៀវភៅ​គោល​ផ្សេងៗ​នឹងចូ​លរួម​ចំណែក​ប​ន្ថែ​ម​ទៀត​ នៅក្នុង​ការពង្រឹង​ការសិ​ក្សា​របស់​យើង»។

ក្រសួង​អប់រំ​បាន​អនុញ្ញា​តឱ្យ​​បើក​ដំណើរការ​សាលា​រៀន​ឡើងវិញ​ជាដំ​ណាក់​កាលៗនៅតាម​រាជធានី​-ខេត្ត​ទូទាំង​ប្រទេស​កាលពី​ជាង ១​ សប្តាហ៍​មុន ដោយ​តម្រូវឱ្យ​គោរព​តាម​លក្ខខណ្ឌ​អនាម័យ ​បរិស្ថា​ន និង​ការអនុវត្ត​នូវ​វិធាន​របស់​ក្រសួង​សុខាភិ​បាល និង​អនុវត្ត​គោលកា​រណ៍​ប្រតិប​ត្តិ​ស្តង់​ដា (SOP) របស់​ក្រសួង​អប់រំ​ ដើម្បី​ទប់​ស្កាត់​ការឆ្លង​រីក​រាល​ដាល​ជំងឺ​កូ​វីដ ១៩​ ។

លោក​ ហង់​ជួន ណា​រ៉ុ​ន ថ្លែង​ថា ទោះបីជា​មាន​ការ​បើក​ឱ្យ​រៀន​តាម​បណ្តុំ និង​ការ​ឈានទៅ​រក​ការបើក​សាលារៀន​ទាំង​អស់​ឡើង​វិញ តែការរៀបចំ​កម្មវិ​ធីសិក្សា​តាមបែប​អេឡិច​ត្រូនិក​នេះ​នឹង​នៅតែ​បន្ត​យកទៅ​ប្រើប្រាស់​ ដើម្បី​ឱ្យ​គ្រូបង្រៀ​ន​អាច​កែលម្អ​ការរៀន​ និង​ការប​ង្រៀន និង​ដើម្បី​អនុវត្ត​វិធី​សាស្ត្រ​តាមបែ​ប​ចម្រុះដែ​លជា​កន្លង​ថ្មី​មួយ​ទៀត​នៅ​ក្នុង​វិស័យ​អប់រំ​។

លោករដ្ឋមន្ត្រី​ថ្លែងថា៖ «យើង​បាន​វាយតម្លៃថា កម្ពុជា​ដើរ​ឈានទៅ​មុខ ១០ ឆ្នាំ​ នៅក្នុង​ការអនុវត្ត​នូវ​បំ​ណិន​ឌីជីថល​នេះ ហើយ​ជា​ទិសដៅ​របស​ក្រសួង​អប់រំ ​គឺ​ដាក់ចេញ​ថានឹងធ្វើ​បន្ត​ការធ្វើ​វិនិយោគ​នូវ​ការអប់រំ​តាមបែប​ឌីជីថល…»។

លោក ហ៊ុន ម៉ា​នី ប្រធា​ន​គណៈកម្មការ​អប់រំ យុវជន និង​កីឡា កិច្ចការ​សាស​នា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា និង​ជា​ប្រធាន​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ថ្លែង​ក្នុង​សន្និសីទកាសែត​នេះ​ថា ក្នុង​រយៈពេល៥ខែ​កន្លងមកនេះ អ្នក​ដែល​បាន​ចុះឈ្មោះ​ប្រើប្រាស់ Appsនេះ មាន​ចំនួន ២៤ ម៉ឺន​នាក់​មកពី ២៥ រាជធានី-ខេត្ត ចំនួន​ចូល​ទស្សនា (View) មាន ២ លាន​ដង ហើយ​អត្រា​នៃ​ការចូលទៅ​សិក្សា​នៅក្នុង Apps នេះ​ ជា​មធ្យម​ក្នុង ​១ ថ្ងៃ​ គឺមាន ៧ ០០០ ដង។

លោក​ថ្លែងថា៖ «ទោះ​ទិដ្ឋភាព​ជាក់ស្តែង​បច្ចុប្បន្ន​គឺ​អ្នក​ដែល​ចុះ​ឈ្នោះ នៅក្នុង ២៤ ម៉ឺន​នាក់​នេះ គឺ​នៅ​ថ្នាក់​ទី៩ និង​ថ្នាក់​ទី១២ ក្តី តែ​យើង​សង្ឃឹមថា ជា​បន្តបន្ទាប់ Apps នេះ​ គឺ​នឹង​ក្លាយទៅជា​វេទិកា​ជា​មធ្យោបាយ​មួយ​ដែល​សិស្សានុស្សិស​របស់​យើង​អាច​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​បន្ថែម​ទៅលើ​អ្វី​ដែលជា​មេរៀន​ដែល​គាត់​ទទួលបាន​តាម​វិធីសាស្ត្រ​រៀន​ដោយ​ផ្ទាល់»។

លោក ហ៊ុន ម៉ា​នី បន្តថា៖ «អ៊ីចឹង ជារួម មិនមែន​បានន័​យថា Apps នេះ​ នឹង​ជំនួស​អ្វី​ទាំងអស់​នោះទេ តែ Apps នេះ ​វា​គ្រាន់តែ​ជា​មធ្យោ​បាយ​មួយ​បន្ថែមទៀត​ ដើម្បីឱ្យប្អូនៗប្រើប្រាស់​តាម​ការ​សម្រេច​ចិត្ត​រប​ស់​ខ្លួនតិច មធ្យម ច្រើន ដើម្បី​ធានា​ជាមួ​យនឹង​មេរៀន​បន្ថែមៗ​ទៀត»៕