ភ្នំពេញៈ អង្គការ​ទស្សនៈ​ពិភព​លោក​ប្រចាំ​កម្ពុជា​បាន​រក​ឃើញ​ថា អំឡុ​ងពេលមានវិបត្តិ​ជំងឺ​កូ​វីដ ១៩ ​បាន​និងកំពុង​បង្ក​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅដល់​សុខុមា​លភាព​របស់​កុមារ និង​ការកើន​ឡើង​នូវអំពើ​ហិង្សា​លើ​ពួកគេ​តាម​គ្រប់​រូបភាព ​ហើយអ​ង្គការនេះ​បាន​ផ្តល់​អនុសាសន៍​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​គួរវិនិ​យោគ​ឱ្យ​បាន​ច្រើន​លើ​ប្រព័ន្ធ​សុខុមាល​ភាព​សង្គម និង​កុមារ​។

យោង​តាម​ការសិក្សា​រប​ស់​អង្គការ​ទស្សនៈ​ពិភព​លោក​ទៅ​លើ​ភាព​ងាយ​រងគ្រោះ​ចេ​ញពី​ជំងឺ​កូ​វី ១៩​ នៅក្នុង​ឆ្នាំ​នេះ​បាន​រកឃើញថា​​ ឪពុក​ម្តាយ​ចំនូ​ន ២១ ភាគរយ​ បាន​លើក​ឡើង​ពី​ការ​កើនឡើង​​នៃ​ការប្រើ​ប្រាស់​អំពើ​ហិង្សា​ទៅលើ​​កុមារ។ ក្នុ​ងនោះ​ ៨១​ ភាគ​រយ ជា​អំពើ​ហិង្សា​ផ្លូវ​ចិត្ត និង​ប្រមាណ​ជិត​ ៦០​ ភាគរយ​ជា​អំពើហិ​ង្សា​ផ្លូវ​កាយ​។

កា​រសិក្សា​នេះ​បាន​គូស​បញ្ជាក់​ថា ​នៅពេ​លដែល​កុមារ​មាន​ឥរិយា​បថ​មិន​សមរម្យ ឪពុកម្តាយ​ និង​អាណាព្យា​បាល​បាន​ប្រើប្រា​ស់​វិធី​សាស្ត្រ​ជាក់​លាក់​ ដើម្បី​កែ​ទម្រង់​កូនចៅ​រប​ស់​ពួកគេ។ ក្នុងនោះ​ឪពុក​ម្តាយ​ ៨២ ភា​គរ​យ បាន​ប្រើប្រា​ស់​ការ​អប់រំ​បែប​អវិជ្ជ​មាន​ និង​ហិង្សា​ទៅកាន់​កុមារ​ និង​ ៧៨ ភា​គរយ​ បាន​ប្រើប្រាស់​ហិង្សា​បែប​ផ្លូវចិត្ត។ ហិ​ង្សា​ទាំង​នោះ​រួមមា​ន ៧៤ ភាគ​រយ ទាក់ទិន​ទៅ​នឹង​ការ​ស្រែក​គំហក​ សំឡុត ​និង​គំរាម​ ហើយ ៤៦ ភាគរយ​ ទាក់ទិន​ទៅ​នឹង​ការ​ជេរ​ស្តីបន្ទោសផ្សេ​ងៗ និ​ងជិត​ ៤៨ ​ភាគរយ ទាក់ទិន​ទៅ​នឹង​ការវា​យដំ និង​ទះ​កំផ្លៀង​ផ្សេងៗ។​

របាយកា​រណ៍​​បន្តទៀ​ត​ថា កុមារ​អាយុ​ចន្លោះ ១២ ​ដល់​ ១៨ ឆ្នាំ ​បានលើ​កឡើង​ពីបទ​ពិសោធ​ជាច្រើន​ទាក់ទិន​ទៅ​នឹង​ការរំ​លោភបំ​ពាន​ផ្លូវចិត្ត​ចាប់​តាំងពី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ នេះ។ ក្នុងនោះ​កុមារ​​ជិត ៧៥ ភាគ​រយ ​តែងតែ​មាន​អារម្មណ៍​ភ័យខ្លាច, ​កុមារ​ចំនួន ៦៤​ ភាគរយ​ តែងតែ​​ខឹង ​និង​មិនអាច​គ្រប់គ្រង​ខ្លួនឯងបា​ន និង​កុមារ​ចំនួន​ជិត​ ៤០ ​ភាគរយ មាន​អារម្មណ៍​ថា​អស់ស​ង្ឃឹម ​និង​មិន​ចង់​រស់​តទៅ​ទៀត។​

តាមរ​យៈ​ការ​សិក្សា​បង្ហាញថា ​មូលហេតុ​អ្វីដែល​ធ្វើឱ្យមា​ន​អំពើ​ហិង្សា​ទៅលើ​កុមារ​កន្លង​ទៅដោយ​សារ​ប្រព័ន្ធ​ការពារ​កុមារ​ដែល​មិន​ទាន់​មាន​ភាព​រឹងមាំ ធនធាន​ប្រើ​ប្រាស់​ក្នុង​ការស​ម្របស​ម្រួល និង​ផ្តល់​សេវា​នៅ​មាន​កម្រិត ​ការបំពេញ​តួនាទី​និង​ការទទួលខុ​សត្រូវ​រប​ស់​យន្តការ​ការពារ​កុមារ​ក្នុង​តំបន់​នៅមាន​ការឆ​កល្វែង,​ ចំណេះដឹ​ង ទម្លាប់​ និង​ឥរិយាបថ​ក្នុងការ​ប្រើប្រាស់​អំពើ​ហិ​ង្សា​លើ​កុមារ​ ជាពិសេស​ការដាក់​ទណ្ឌកម្ម​លើ​រាងកាយ​កុមារ និង​ការ​គ្មាន​ឆន្ទៈ​ក្នុងការ​រាយការ​ណ៍​អំពី​ការរំ​លោភ​សិទ្ធិ​កុមារ​ឬ​អំពើហិង្សា​លើ​កុមារជា​ដើម។

លោកស្រី​ ផន ផល​កា មន្ត្រី​ជំនាញ​សម្រាប់​កិច្ចការ​ពារ​កុមារ​នៃ World Vision បានឱ្យដឹងថា ទម្រង់​ហិង្សា​លើ​កុមារ​ចែក​ចេញ​ជា ៥ ប្រភេទ គឺ​ហិង្សា​លើ​រាងកាយ​ ផ្លូវភេទ ផ្លូវចិត្ត​ ការមិន​អើពើ និង​អំពើហិង្សា​​បែប​កេ​ងប្រវ័ញ្ច​ជាដើម។

លោកស្រី​បានប​ន្តថា ហិង្សា​លើ​រាងកាយ​រាប់បញ្ចូល​ទាំងការ​ទះកំផ្លៀង ការ​ច្រាន ដាល់ ទាត់​ធាក់ ការ​វាយ​នឹង​រំពាត់ ​ការ​ខ្ទប់​ដង្ហើម ការ​ច្របាច់​ក ការ​ធ្វើឱ្យ​លង់ទឹ​ក ឬ​ការប្រើប្រា​ស់​ឬ​គំរាម​ដោយ​អាវុធ​ជាដើម។

រីឯ​ការ​ប្រើប្រាស់​អំពើហិ​ង្សា​ផ្លូវចិត្ត​​រាប់​បញ្ចូល​គ្រប់​ទម្រង់​នៃ​ការរំលោភបំ​ពាន​ផ្លូវភេទ​ រួមមាន ​ការប៉ះពាល់​ក​ន្លែ​ង​ឯកជន​របស់​កុមារ​ ការប៉ុន​ប៉ង​រំលោ​ភ​សេពសន្ថវៈ ឬ​ការរំលោភ​សេពសន្ថវៈ​ជាដើម។ល។

ពាក់ព័ន្ធ​​អំពើហិ​ង្សា​លើ​កុមារ​នេះដែរ អង្គការ​ទស្សនៈ​ពិភពលោ​ក កន្លងមក​បាន​ដាក់​ចេញ​យុទ្ធនាការ​ «គំរូ​អ​ហិង្សា»​ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​កុមារ រយៈពេល ៥ ឆ្នាំ ចាប់ពី​ឆ្នាំ ២០១៧ ដល់​ឆ្នាំ ២០២១ ក្នុងដំណាក់កា​ល​​ទី១ និង​ដំណាក់​ការ​ទី​២​ ចាប់ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៣។ តាមរ​យៈ​វិធី​សាស្ត្រ​នេះ គឺ​បាន​បណ្តុះ​បណ្តាល​និង​គាំទ្រ​ឪពុក​ម្តាយ ​អ្នក​ថែទាំ និង​សមាជិក​សហគមន៍ ក្នុ​ងការ​ផ្លាស់ប្តូរ​ឥរិយា​បថ ក្នុងការ​ចិញ្ចឹម​បីបាច់​កូន​តាមបែប​វិជ្ជមាន ពង្រឹង​យន្ត​ការផ្តល់សេវា និង​ការគាំ​ទ្រផ្សេងៗ​ដល់​កុមារ ជាពិសេស​កុមារ​ងាយ​រងគ្រោះ​ពី​គ្រប់​ទម្រង់​នៃ​អំពើ​ហិង្សា។

ទន្ទឹមនេះដែ​រ​ world vision បា​នផ្តល់​អនុសា​សន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា​គួរ​វិនិយោគ​ឱ្យបាន​ច្រើន​លើ​ប្រព័ន្ធ​សុខុ​មាលភា​ព​សង្គម និង​កុមារ ដោយ​បង្កើត​ប្រព័ន្ធ​ការពារ​កុមារ ដូចជា ​យន្តការ​ការពា​រ ការទ​ប់ស្កាត់​ និង​ការ​រាយកា​រណ៍ ដើម្បី​ធានាបាន​ថា សុវត្ថិភា​ព និង​សន្តិសុខ​កុមារ​នៅតាម​ផ្ទះ និង​សា​លារៀន​ត្រូវបាន​រិត​បន្តឹង និង​ធានា​។

រ​ដ្ឋាភិបាល​ក៏ត្រូវ​ធានា​បង្កើត​បរិយាកាស​​ដោយ​គ្មាន​ការភ័​យខ្លាច​ ការ​គំរាមកំ​ហែង និង​ហិង្សា​នៅតាម​គ្រឹះស្ថា​ន​សិក្សា​អប់រំ និង​បង្កើត​វិន័យ និង​បទដ្ឋាន ដែល​ធានា​ការមិន​យោគយល់​​រាល់​អំពើហិ​ង្សា​លើ​កុមារ និង​បង្កើត​ក្រុម​គណៈកម្ម​ការ​សាលា​ដើម្បី​គាំទ្រ​ក្នុង​ដំណើរការ​​ការពារ ការរា​យការ​ណ៍ និង​ការឆ្លើយត​ប​ទៅនឹង​ឧប្បត្តិ​ហេតុផ្សេ​ង​។

លោក តូច ចាន់នី អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​បច្ចេក​ទេស​នៃ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជ​ន និង​យុវនី​តិសម្បទា​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២​៣ ​ខែកញ្ញា​​ថា​ លោក​មិន​ឯកភាព​ទាំងស្រុងទៅលើ​របាយការណ៍​ ដែល​អង្គកា​រ​ទស្សនៈ​ពិភពលោក​បាន​រកឃើញ​នោះទេ ខណៈ​រដ្ឋាភិបាល​តាមរ​យៈ​គ្រប់ភាគី​ពាក់ព័ន្ធ​បាន​ដាក់ចេញ​យន្តការ​ជាច្រើន​ដើម្បី​ជួយ​កុមារ​ក្នុងអំឡុងពេល​កូ​វីដ ១៩។

លោក​ថ្លែងថា៖ «អ្វីដែល​គាត់​រកឃើញ​ខ្ញុំ​មិន​ទទួលយក​ទេ មិនដឹង​គាត់​ផ្អែកលើ​អ្វី មែនទែនទៅ​ពាក់ព័ន្ធ​អំពើហិង្សា​លើ​កុមារ យើង​មាន​យន្តការ វិធានការ​ជាក់លាក់​ច្រើនណាស់​សម្រាប់​ទប់ស្កាត់​ហិង្សា​លើ​កុមារ​តាម​គ្រប់​រូបភាព ព្រោះ​គ្រប់​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ​បាន​រួមគ្នា​អនុវត្ត​មិន​ឱ្យមាន​ហិង្សា​លើ​កុមារ​កើត​ឡើងបើទោះជា​មាន​ក៏​មិន​ច្រើន​ដែរ»។

លោក​បាន​បញ្ជា​ក់ ក្នុង​អំឡុ​ងពេល​កូ​វីដ ១៩ ​រាជរដ្ឋា​ភិបាល​កម្ពុជាបាន​​ដាក់ចេញ​យន្តការ​ទាំង​ថ្នាក់ជា​តិ ​និង​ថ្នាក់​ក្រោម​ជាតិ ក៏​ដូច​ផែនការ​ប្រឆាំងនឹ​ង​កុមារ​និង​ស្ត្រី​ផងដែរ។

លោក​ថា៖ «សម្រាប់​ការជួយ​កុមារ​​ក្នុងស្ថានភា​ព​កូ​វីដ ​១៩ នេះ រ​ដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​កម្មវិធី​សំខាន់​មួយចំនួន​ពាក់ព័ន្ធ​ការផ្ទេរ​សាច់ប្រាក់​ជួយ​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ​២ ឆ្នាំ កម្មវិធី​មួយទៀត​ផ្ទេរ​សាច់់ប្រាក់​ជួយ​គ្រួសារ​ក្រីក្រ​ងាយ​រងគ្រោះ ដូចជា​ជនពិការ កុមារ មនុស្ស​ចាស់ ដែល​កម្មវិធី​ទាំងនេះ​ជួយ​ដល់​កុមារ​ឱ្យមាន​ភាព​លំ​នឺង​ផ្នែក​ជីវភាព ឬ​អាហារូបត្ថម្ភ»។

យោងតាម​របាយការណ៍​អង្កេត​របស់​យូ​នី​សេ​ហ្វ​អំពី​អំពើហិង្សា​លើ កុមារ ឆ្នាំ ២០១៣ ​បង្ហាញថា ​កុមារ​ច្រើនជាង ៧៥ ភាគរយ (២ ៥៦០ នាក់​ ដែល​បាន​ចូលរួម​សម្ភាស) បាន​ទទួលរង​ទម្រង់​មួយ​នៃ​អំពើហិង្សា​មុនពេល​ពួកគេ​មាន​អាយុ ១៨ ឆ្នាំ។ អំពើហិ​ង្សា​លើ​រូបរាងកាយ​ត្រូវបាន​រាយការណ៍​ជា​ញឹកញាប់​បំផុតក្នុ​ងនោះ​កុមារ​ជា​ង ៥០​ ភាគរយ បាន​ទទួលរង​អំពើ​ហិង្សា​ផ្លូវកាយ៕