ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពិចារណា​ក្នុង​ការផ្អាក​នូវ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី​បង្ការ​ការឆ្លង​រាលដាល​នូវ​ជំងឺ​កូវីដ​ ១៩ ​កាន់តែ​ច្រើនឡើង​ម្តងទៀត​ ដោយ​បារម្ភ​ពី​ការផ្ទុះ​ឡើងជា​ថ្មី​ម្តងទៀត​នៃ​វីរុស​កូវីដ ១៩ បន្ទាប់ពី​ពិធីបុណ្យ​កាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​ដោយសារ​នៅតាម​វត្តអារាម​មួយចំនួន​មាន​ការឆ្លង​វីរុស​នេះ​ក្នុង​រយៈពេល​ចាប់ផ្តើម​នៃ​ពិធីបុណ្យ​នេះ ដែល​វា​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេសជាតិ ខណៈ​លោក​បាន​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពិចារណា​ក្នុង​ការផ្អាក​នូវ​ពិធីបុណ្យ​ប្រពៃណី​មួយ​នេះ​ ដើម្បី​បង្ការ​ការឆ្លង​រាលដាល​នូវ​មេរោគ​នេះ​កាន់តែ​ច្រើនឡើង​ម្តងទៀត​។

លោក ហ៊ុន សែន បាន​ថ្លែង​តាមរយៈ​សារ​ជា​សំឡេង​មួយ​នៅ​រសៀល​ថ្ងៃទី​ ២៣ ខែ​កញ្ញាថា ប្រសិន​ការឆ្លង​នេះ​កើតឡើង​ត្រឹម​ ២០ ឬ ​៥០% ​នៃ​វត្ត​ទូទាំង​ប្រទេស​នោះ​នឹងមាន​កន្លែង​ឆ្លង​រហូតដល់​ជាង ២ ០០០ ​វត្ត​ហើយ​ការឆ្លង​នោះ​នឹង​រាលដាល​ធ្ងន់ធ្ងរ​ទៅតាម​សហគមន៍ គ្មាន​ចន្លោះ​នោះទេ​។

លោក​ថ្លែងថា​៖ «​បញ្ហា​នេះ ខ្ញុំ​សុំ​សម្តេចព្រះសង្ឃរាជ​ទាំង​ ២ ​គណៈ​សម្តេចព្រះ​សង្ឃនាយក​សុំ​ព្រះមេត្តា​ពិចារណា​ថា តើ​គួរ​គប្បី​ធ្វើយ៉ាងណា​នៅក្នុង​កាលៈទេសៈ​ដ៏លំបាក​នេះ​? ខ្ញុំ​ព្រះករុណា​ខ្ញុំ សុំ​ស្នើឱ្យ​គណៈសង្ឃ​នាយក​រួម​នឹង​ក្រសួង​ធម្មការ​ និង​សាសនា ធ្វើការ​ពិនិត្យ​ជាបន្ទាន់ ដោយ​គិតគូរ​លើ​វិធានការ​ទាំងឡាយ​ដែល​រៀបចំ​ដោយ​ក្រសួង​សុខាភិបាល​»​។

លោក ហ៊ុន សែន បាន​បន្ថែមថា​៖ «​ប្រសិនបើ​យើង​បន្ត​អាច​ថា​លទ្ធផល​ដែល​យើង​ទទួលបាន​ក្នុងពេល​កន្លងទៅនេះ​នឹង​មាន​ការរីករាលដាល​ធ្ងន់ធ្ងរ​ហួស​ពី​ការគិត ដែល​យើង​បានគិត​នៅមុន​ពេល​បុណ្យ ដោយសារ​ជា​តំបន់​ឆ្លង​ដែល​មនុស្ស​មកពី​គ្រប់កន្លែង​ចូលទៅក្នុង​វត្តអារាម​»​។

ដោយមាន​ការបារម្ភ​ និង​កង្វល់​នៃ​ការផ្ទុះ​ការរាលដាល​នៃ​វីរុស​នេះ លោក ហ៊ុន សែន បាន​អំពាវនាវ​ទៅដល់​ក្រសួង​សុខាភិបាល​ធ្វើការ​ពិចារណា​ថា តើ​គួរ​ផ្អាក​នូវ​ពិធី​នេះ​បានដែរ​ទេ​? ឬក៏​កាត់បន្ថយ​តាមរបៀប​ណាមួយ​ដែល​អាចធ្វើ​ទៅបាន​។

ជាមួយ​គ្នា​នេះដែរ លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​ស្នើឱ្យ​ក្រសួង​សុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ធម្មការ និង​សាសនា រួម​នឹង​ផ្នែក​ពាក់ព័ន្ធ​ដទៃទៀត​ពិនិត្យ​ និង​ពិចារណា​ទាក់ទង​នឹង​បញ្ហា​នេះ​ឱ្យបាន​ហ្មត់ចត់ ដោយសារ​ការប្រឹងប្រែង​ក្នុង​ការទប់ស្កាត់​ឱ្យ​ជំងឺឆ្លង​នេះ​ធ្លាក់ចុះ តែ​ជំងឺ​នេះ​អាច​កើនឡើង​វិញ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​។

លោក ហ៊ុន សែន បានបញ្ជាក់​ផងដែរ​ថា ក្នុងករណី​នៅតាម​វត្តអារាម​មិន​ផ្អាក​ពិធី​បុណ្យ​នេះ​ទេ គឺ​សុំ​ឱ្យមាន​មនុស្ស​តិច​បំផុត​ចូល​ក្នុង​វត្តអារាម​ដែល​មានតែ​មនុស្ស​ ២ ​ឬ​ ៣ ​នាក់​ប៉ុណ្ណោះ ដោយ​នាំយក​ម្ហូបអាហារ​ ឬ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ដោយ​មិន​ចាំបាច់​មាន​ពិធី​វែងឆ្ងាយ​ឡើយ​។

បន្ទាប់ពី​មាន​ការស្នើឱ្យ​មាន​ការពិចារណា​ក្នុងការ​ផ្អាក​ពិធី​កាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​មក ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ​លោក ទេព គង្គា បាន​ធ្វើការ​ប្រកាស​ភ្លាមៗ​ពី​ការផ្អាក​ការជួបជុំ​ផ្សេងៗ និង​ការប្រមូលផ្ដុំ​ថ្វាយបង្គំ​ជា​បណ្តោះអាសន្ន​សិន ចាប់ពី​ថ្ងៃទី​ ២៣ ខែកញ្ញា តទៅ រហូត​មាន​ការជូនដំណឹង​ជាថ្មី​ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ ​១៩​។

លោក​បាន​លើកឡើង​ដោយ​ប្រាប់​ឱ្យ​អ្នកគ្រប់គ្រង​ទីតាំង​ពិធី​សាសនា​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ធ្វើការ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូវីដ​ ១៩ ​នេះ​ដោយ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិធានការ​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​។

លោក ទេព គង្គា បាន​បញ្ជាក់ថា​៖ «​សូម​បន្ត​ផ្អាក​ការជួបជុំ​ផ្សេងៗ និង​ការប្រមូលផ្ដុំ​ថ្វាយបង្គំ​ជា​បណ្តោះអាសន្ន​សិន​ចាប់ពី​ពេលនេះ​តទៅ​រហូត​មាន​ការជូន​ដំណឹង​ជាថ្មី​»៕